កន្ទយគោនឹងឱកាស

ដោយយន់ សុធា %e0%b8%ab%e0%b9%88%e0%b8%a7%e0%b8%87%e0%b8%a7%e0%b8%b1%e0%b8%a7

គ្រាន់តែឃើញនាងភ្លាម បុរសកំសត់ចិញ្ចឹមគោម្នាក់មានសេចក្ដីប្រតិព័ន្ធនឹងនាងយ៉ាងក្រៃលែង ។ប្រាថ្នារៀបការជាមួយនឹងនាង។ គាត់បានទៅសុំស្ដីដណ្ដឹងនាងពីឪពុកដែលជាសេដ្ឋីស្ដុកស្ដម។ សេដ្ឋី

នោះមិនជាកំណាត់កូនក្រមុំឡើយ គ្រាន់តែផ្ដល់លក្ខន្ដិកៈឲ្យចាប់កន្ទុយគោឲ្យបាន១ ក្នុងចំណោមគោ ៣ ក្បាល។

បុរសកំសត់គិតថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារនេះ ហើយសង្ឃឹមថានឹងបានរៀបការជាមួយនឹងនាងជាមិនខាន។ដើរទៅកាន់ក្រោលគោដោយក្នុងចិត្ដញញឹម សង្ឃឹមនិងជឿជាក់។ បើកក្រោលភ្លាម គោទី១មាឌធំល្មម កំលាំងមធ្យមបានសំរុកមកបុកបុរសកំសត់នោះយ៉ាងមួយទំហឹង។ បុរសកំសត់នោះគិតថាខ្លួនមិនអាចនឹងចាប់កន្ទុយគោនោះបានក៏បើកឲ្យគោនោះចេញទៅ ដោយគិតថាគោទី២នឹងមានមាឌតួចជាងនេះ។បន្ទាប់មកគោទី២ បានមកដល់ ទាំងមាឌ ទាំងកំលាំងមាំជាងមុនទ្វេដង រត់សំដៅមកបុកបុរសកំសត់នោះយ៉ាងមួយទំហឹងកំលាំង ធ្វើឲ្យខ្ទាត់ទៅម្ខាង។ទោះខំទប់ទល់ ព្យាយាមចាប់កន្ទុយវាយ៉ាងណាក៏ឥតប្រយោជន៍ បុរសនោះទើបប្រលែងគោនោះរត់ចេញទៅដោយសង្ឃឹមថាគោទី៣នឹងមានមាឌតូច ពុំសូវមានកំលាំង។ បន្ទាប់មក គោទីបីមាឌតូច មិនសូវមានកំលាំង ហើយស្លូតផងបានដើរមកដល់ បុរសកំសត់នោះឃើញហើយក៏មានសេចក្ដីត្រេតអរខ្លាំង។គេបានរត់ទៅចាប់កន្ទុយរបស់វាភ្លាម តែសំណាងមិនល្អ គោនោះពុំមានកន្ទុយ។

ឱកាសរបស់មនុស្សពុំមានច្រើនដងទេ សូមព្យាយាមបង្កើតវាដោយសតិបញ្ញា សេចក្ដីតស៊ូ អត់ធន់ និងព្យាយាមឲ្យបានដល់ទីបំផុត សេចក្ដីសម្រេចនិងជោគជ័យនឹងកើតមាន។

សូមសរសេររឿងនេះជួនដល់មនុស្សម្នាក់ដែលចូលចិត្ដនិងស្រលាញ់គោ។

ចង្កៀងទិព្វនឹងបុរសពិការភ្នែក

%e1%9e%85%e1%9e%84%e1%9f%92%e1%9e%80%e1%9f%80%e1%9e%84

ដោយកល្យាណមិត្ដនូ រចនា

មានបុរសពិការភ្នែកម្នាក់ គាត់តែងតែកាន់ចង្កៀងគោមបំភ្លឺផ្លូវពេលគាត់ធ្វើដំណើរ

ហើយមានមនុស្សជាច្រើនតែងតែឆ្ងល់និងទង្វើរបស់គាត់រាល់ថ្ងៃ។

រហូតថ្ងៃមួយមានបុរសម្នាក់សួរថា…ហេតុអីអ្នកកាន់ចង្កៀងគោមធ្វើអី បើអ្នកមើលមិនឃើញ ?

ដឹងថាគាត់ឆ្លើយថាម៉េចទេ?

គាត់ឆ្លើយថា

កាលដែលខ្ញុំកាន់ចង្កៀងគឺដើម្បីឲ្យអ្នកដទៃមើលផ្លូវបានច្បាស់ផង និងមើលឃើញខ្ញុំច្បាស់ផង ហើយនឹងមិនដើរបុក។ទាំងនេះគឺដើម្បីអ្នកដទៃផង និងដើម្បីខ្លួនឯងផង។

បរិច្ចាគឈាម… សន្សំឧបបារមី

ឈាម

បទពាក្យ ៨ ៖ បរិច្ចាគឈាម… សន្សំឧបបារមី บริจาคเลือด สั่งสมอุปบารมี
១. ឈាមអើយឈាមល្អ ! អ្នកឈឺត្រូវការ បើឈាមនោះណា៎មានមេរោគវិញ
មិនត្រូវការទេទោះប្រើប្រាក់ទិញ បើឈាមល្អវិញបន្ទាន់ត្រូវការ ។
២. ព្រោះមិនអាចទិញនៅទីណាបាន ទោះប្រាក់រាប់លានគ្មានលក់ទីផ្សារ
មានតែបរិច្ចាគដោយចិត្តជ្រះថ្លា ដល់បងប្អូនណាជំងឺទាមទារ ។
៣. អានិសង្សជាឧបបារមី អ្នកយល់ឃ្មាតខ្មីអនុវត្តគ្រប់គ្រា
មិនមែនដើម្បីតែបក្សពួកគ្នា ជំងឺទាមទារសូមយកទៅចុះ ។
៤. សូមឲ្យអ្នកបានជាសះស្បើយទៅ ! កុំឡើយត្រូវនៅសម្រាន្តពេទ្យនោះ
បើឈាមអាចជួយបានខ្ញុំមិនខុស ត្រេកអរផងនោះដោយក្តីសោមនស្ស ។
៥. រូបអ្នកបានស្បើយពីជំងឺហ្នឹង ទោះអ្នកមិនដឹងឈាមមានសម្រស់
របស់អ្នកណាជាស្រីឬប្រុស ? បរិច្ចាគទៅនោះក៏មិនអីដែរ ។
៦. ឈាមអើយឈាមល្អ ! ក្រហមឆ្អិនឆ្អៅ ឈាមអ្នកត្រូវទៅជួយគេហូរហែ
ក្មេងចាស់ប្រុសស្រីខ្ញុំមិនគិតទេ ខ្ញុំគិតថាតើជួយបានដែរអត់ ? ។
៧. គ្រោះថ្នាក់ចរាចរណ៍ឧប្បត្តិហេតុ មានជាព្រោងព្រាតមិនមានកំណត់
រាល់ថ្ងៃមិនលោះជំងឺមិនខ្សត់ ទាមទារកំណត់ឈាមល្អមកជួយ ។
៨. ទោះមិនជាប់ញាតិមិនមែនបងប្អូន ក៏មិនសណ្តូនឲ្យអន់ជំនួយ
យកចុះ! យកចុះ! បើឈាមអាចជួយ ចិត្តឥតភ័យព្រួយមានតែត្រេកអរ ។
៩. ១០ ប្លោកជូនទៅកាកបាទកម្ពុជា ចិត្តឥតរុញរាដោយចិត្តអំណរ
៨ ប្លោកកាកបាទថៃសាទរ ជូនមេដៃមកអនុស្សាវរីយ៍ ។
១០. ជិត ៥ លីត្រហើយឈាមបរិច្ចាគ សូមខ្ញុំស្រាន្តស្រាកពីរោគជំងឺ
បានជាបច្ច័យការត្រាស់ធម៌ភ្លឺ សូមជាពន្លឺនៃការត្រាស់ដឹង ។
១១. សូមជូនកុសលដល់មិត្តគ្រប់គ្នា សូមសុខជ័យានៅក្នុងធម៌ហ្នឹង
រួចផុតចាកទុក្ខដោយការត្រាស់ដឹង កុសលរំពឹងឧបបារមី ៕

អមរាទេវី – อมราเทวี
ថ្ងៃ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦
ត្រូវនឹងថ្ងៃអាទិត្យ ទី ០២ ខែកញ្ញា ឆ្នាំ ២០១២

ខ្ញុំយន់ សុធា បានបរិចាគមិនតិចជាង ២០ ដងហើយ ។ដោយអានិសង្សនៃការបរិចាគ សូមឧទ្ទិសដល់អ្នកមានគុណនិងសព្វសត្វទាំងអស់ដោយមិនរើសមុខ។សូមអភ័យទោស មិនមានដាក់រូបម្ចាស់អត្ថបទព្រោះពុំទាន់បានអនុញ្ញាតិលើកលែងតែអត្ថបទ។

ដើមកំណើតនៃពាក្យថា នមោពុទ្ធាយៈ

ដោយយន់ សុធា Sothea Yon FB: https://www.facebook.com/sothea.yon

namo

 ជារឿយ ៗ យើងធ្លាប់បានស្ដាប់បានលឺព្រះសង្ឃឬព្រឹទ្ធាចារ្យតែងសូត្រពាក្យថា នមោពុទ្ធាយៈ តែមិនដឹងឬមិនយល់ន័យ។ព្រះសង្ឃនិងព្រឹទ្ធាចារ្យខ្លះយកពាក្យនេះទៅប្រើក្នុងពិធីកម្មដូចជាចាក់ទឹក លើករាសី ដេញខ្មោចព្រាយបិសាច ស្ដោះគ្រោះឬអ្វីម្យ៉ាងក្នុងន័យថាជាបាលីសក្ដិសិទ្ធិ បញ្ចៀសគ្រោះចង្រៃ ដោយសូត្រថា នមោពុទ្ធាយៈ មៈអឧ ជាដើម។ចំណែកកងយុទ្ធពលខ្មែរ តែងសូត្របទនេះ ដើម្បីការពារសត្រូវ ឬបញ្ចៀសគ្រាប់ក្នុងពេលចូលសមរភូមិ ។សិស្សសាលាក្ដី ក្មេងវត្ដក្ដីចាប់ពីសតវត្សរ៍ទី ១៣ (អាចមុនជាងនេះ) មកដល់ទសវត្សរ៍ទី៥០ បានសូត្របទនេះ មុនពេលចូលរៀន ដោយគិតថាជាការរំលឹកគុណគ្រូ។ចំណែកអ្នកសរសេរតម្រាសាស្ដ្រា គម្ភីរស្លឹករិតក្ដី ជាសៀវភៅក្ដីតាំងផ្ដើមដោយពាក្យនេះ ក្នុងន័យរំលឹកគុណអក្ខរៈ(អក្សរ) ឬរំលឹកគុណព្រះពុទ្ធ។អ្នកដែលចូលចិត្ដសាក់ចារដោយគំនូរលើក្រណាត់យន្ដក្ដីលើដងខ្លួនក្ដីតែងនិយមពាក្យនេះ ដោយជឿថា ជាការកាប់មិនមុតដុតមិនចេះ មិនខុសពីអ្នកដែលជំនឿផ្នែឱសថបូរាណរមែងសូត្រដាស់ពាក្យបាលីនេះ ក្នុងការថែរក្សាជំងឺ ដោយជឿថាមន្ដអាគមផ្សំនឹងថ្នាំបុរាណនឹងធ្វើឲ្យអ្នកជំងឺបានធូរស្រាល ឬជាសះស្បើយក្នុងរយៈពេលខ្លី (អាគមផ្សំអាយុ)។ អ្នកដែលធ្វើវិនិយោគទុន ពាណិជ្ជករ ប្រើក្នុងន័យនាំមកនូវលាភសក្ការៈគឺទ្រព្យហូរចូលមកដូចទឹក មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះត្រូវបានចារិកទុកតាមវត្ថុស័ក្ដិសិទ្ធនិងគោរពបូជាផ្សេង ៗ ដូចជាដាវ កំបិត ខ្សែគាថា ព្រះពុទ្ធរូបជាដើម។

ក្នុងន័យខាងលើ នមោពុទ្ធាយៈ ត្រូវបានយកមកប្រើក្នុងន័យរំលឹកគុណនិងមន្ដគាថា អាគមសក្ដិសិទ្ធផ្សេង ៗ ។

តើពាក្យនេះមានន័យថាដូចម្ដេច?

តពីអត្ថបទមុនអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ ខ្ញុំសូមបទស្រាយតាមរយៈជំនឿក្នុងព្រះពុទ្ធសាសនា។ទាំងសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនាគឺមានជំនឿដូចគ្នាទៅនឹងលេខ ១០៨ ដោយគិតថាជាលេខមង្គល ជាលេខសិរីសួស្ដី នាំមកនូវជោគនិងជ័យក្នុងគ្រួសារ ការងារចម្រើនលូតលាស់ ជាដើម។ (សូមសិក្សាផងដែរអំពីប្រាសាទភ្នំបាខែង ព្រោះមានលេខ ១០៨ នៅទីនោះ)។

នមោ រីកិរិយារំលឹកនូវគុណព្រះត្រៃរតន៍ ដោយបូរាណាចារ្យចងក្រងអំពីគុណថា ៖

នមោ ពុទ្ធាយៈ ឆបញ្ញាសៈ ពុទ្ធគុណំ ព្រះពុទ្ធជាម្ចាស់ ជាបរមគ្រូមានគុណ ៥៦ តួ

នមោ អដ្ឋតឹសៈ ធម្មគុណំ ព្រះធម៌ជាម្ចាស់មាន ៣៨ តួ

នមោ ចុទ្ទស្ស សង្ឃគុណំ ព្រះសង្ឃជាម្ចាស់មានគុណ ១៤ តួ

សរុបទៅជា ១០៨ តួ ។តើ ១០៨ តួមានអ្វីខ្លះ? សូមមេត្ដាទៅកាន់អត្ថបទអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ។លេខមង្គលទាំង១០៨ តួនោះ កើតចេញពីអក្ខរៈទាំង ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។

លោកនេះ ឬកប្បនីមួយៗ ធ្វើចលនាទៅមុខឥតងាក់រេ ឈប់ឈរ ពីចម្រើនទៅវិនាស ពីវិនាសទៅចម្រើន ។លោកចម្រើនដោយគុណធម និងវិនាសទៅវិញដោយ បាបធម៌។ គ្រាមួយលោកនេះត្រូវវិនាសដោយទឹកជំនន់ លិចលង់អស់មនុស្សសត្វ និងសព្វវត្ថុផ្សេង ៗ ។រាប់លានសិបឆ្នាំក្រោយមក លោកនេះត្រូវបានកកំណើតជាថ្មី ផ្កាឈូក ៥ បានផុសចេញមកដោយមានអក្ខរៈ ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។ ទេវព្រហ្មបានព្យាករណ៍ថា តទៅនេះ លោកនេះនឹងមានព្រះមហាសាស្ដាលោកកើតឡើងដើម្បីរំលត់ទុក្ខសោករោគភ័យផ្សេង ៗ នាំមកនូវឥស្សរៈភាពផ្លូវចិត្ដពីបាបកុសលទាំងពួង។ ព្រោះហេតុនេះ ទើបភទ្រកប្បនេះ មានព្រះពុទ្ធទាំង ៥ ព្រះអង្គកើតឡើង។

នៈ     គឺព្រះពុទ្ធនាមកកុសន្ធោ       គង់ស្ថិតនៅខាងស្ដាំរបស់សត្វលោក

មោ    គឺព្រះពុទ្ធគោនាគមនោ        គង់ស្ថិតនៅខាងឆ្វេងរបស់សត្វលោក

ពុ       គឺព្រះពុទ្ធកស្សោ                គង់នៅសោតាឆ្វេងស្ដាំរបស់សត្វលោក

ទ្ធា      គឺព្រះពុទ្ធគោត្ដម                គង់នៅត្រង់កណ្ដាល(ផ្ចិត)របស់សត្វលោក

យៈ    គឺព្រះពុទ្ធអរិយមេត្រី            គង់នៅខាងមុខរបស់សត្វលោក

មែនពិត មនុស្សយើងសំណាងល្អណាស់ដែលមានអក្ខរៈទាំង ៥ តួដែលជានាមរបស់ព្រះពុទ្ធទាំង ៥ ព្រះអង្គនៅជុំវិញខ្លួន ទាំងការពារសត្រូវមិនឲ្យចូលមកបៀតបៀន អប់រំដាស់តឿនសតិបង្កើតបញ្ញាយល់ឃើញត្រូវ និងផ្ដល់នូវសេចក្ដីស្រលាញ់រាប់អាន ជួយសង្គ្រោះគ្នា។ ដើម្បីឲ្យគាថាទាំង ៥ នេះរិតតែស័ក្ដិសិទ្ធនោះត្រូវភាវនាបន្ថែមអក្ខរៈ ៣ តួទៀត គឺ សុ វិ អ (នឹងបានសិក្សាបន្ដទៀតក្នុងអត្ថបទថ្មី)។

បុគ្គលណាមួយបានចម្រើនភាវនាគាថាអក្ខរៈទាំង ៥ តួនេះហើយនឹងបាននូវសិរីសួស្ដី កើតមង្គល ត្រជាក់ត្រជុំក្នុងគ្រួសារ ផុតចាកគ្រោះភ័យ បានសម្រេចនូវឧបចារសមាធិ និងឈានទាំង ៤ ទីបំផុតនៃជាតិបច្ចុប្បន្ននឹងបានផុតចាកទុក្ខ កើតក្នុងបរមសុខភព។

សូមថ្លែងអំណរគុណចំពោះកល្យាណមិត្ដ នូ រចនា បានផ្ដល់សំណួរនេះដល់ខ្ញុំ ជាហេតុនាំមកនូវអត្ថបទដ៏ខ្លីនេះ។ សូមបុណ្យកុសលកើតមាន។

សូមឧទ្ទិសអត្ថបទនេះចំពោះប្អូនស្រីដែលបានអនិច្ចកម្មទៅ និងមាតាបិតាគ្រូបាអាចារ្យ កល្យាណមិត្ដគ្រូ សព្វសត្វទាំងអស់ក្នុងដែនចក្រវាឡនេះ។

ឯកសារយោង

Arahant Upatisssa, The Path of Freedom (Vimuttimagga) (វិមុត្ដិមគ្គ), Sri lanka: Buddhist Publication Society,  1995. (ភាសាអង់គ្លេស)

F. Bizot ,F.Lagirade , Le Purete par les mots (សទ្ធវិមលៈ), Ecole Francaise D ‘Extreme-Orient ,1996. (ភាសាបារាំង)

 

Save

ធ្វើបុណ្យពុំបានបុណ្យ

បុណ្យ

ព្រះភិក្ខុមួយអង្គត្រូវបាននិមន្ដមកសំដែងធម៌ក្នុងព្រះរាជវាំង មានក្សត្រ ព្រះរាជវង្សានុវង្ស មន្ដ្រីរាជការ អ្នកមុខអ្នកការ រាជបណ្ឌិត ចំនួនច្រើនចូលរួមស្ដាប់ព្រះធម៌។សំលៀកបំពាក់(ចីវរ)របស់លោកមិនសមប្រកប ដាច់ដោចដោយច្រើនប្រការ ពុំសូវមានពណ៌ឆើតឆាយដូចអង្គដទៃ សូម្បីតែស្បែកជើងក៏ដាច់ដែរ។លោកពុំសូវជាមានថេរដីកាច្រើន តែមានសតិសង្រួមនិងអប់រំមកល្អ។
ព្រះរាជាមួយព្រះអង្គទ្រង់ត្រាស់ថា តាំងពីខ្ញុំបានសោយរាជសម្បតិ្ដនេះមក ខ្ញុំបានថ្វាយបង្គំព្រះព្រឹកល្ងាច បានកសាងវត្ដវាអារាមរាប់មិនអស់ កសាងព្រះត្រៃបិដក ឧបត្ថម្ភព្រះភិក្ខុសាមណេរ សូមទូលសួរព្រះតេជព្រះគុណថាតើខ្ញុំបានបុណ្យកុសលអ្វីខ្លះទេ?
ព្រះភិក្ខុនោះតបថា ពុំបានទេ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ឃើញថាមាន តែតាមពិតពុំមាន ។ព្រះរាជាទ្រង់សួរតទៀតថា តើធ្វើដូចម្ដេចដើម្បីនឹងបានបុណ្យកុសល?
ភិក្ខុនោះតបថា អ្នកសម្រេចដែលស្អាត បរិសុទ្ធហើយនោះទើបបានបុណ្យ។បុណ្យកុសលនេះ រកពុំបានក្នុងលោកនេះ។ ព្រះរាជាសួរថាព្រះពុទ្ធមានពិតទេ នៅកន្លែងណា? ភិក្ខុនោះតបថា ព្រះពុទ្ធពុំមាន។
ព្រះរាជាទ្រង់ស្ដាប់នូវចម្លើយហើយឃើញថាមិនប្រក្រតី ទើបនិមន្ដលោកចេញពីព្រះរាជវាំង។
ហេតុអ្វី?

អ្នកខ្លះធ្វើបុណ្យ យកបុណ្យមកអួត ធ្វើបុណ្យដូចទីផ្សារភាគហ៊ុន ជាប់ជំពាក់នឹងបុណ្យ យកចំនេញផលប្រយោជន៍ពីបុណ្យ  ធ្វើបុណ្យជំពាក់លុយធនាគារ ធ្វើបុណ្យឲ្យក្ដៅក្រហាយកូនចៅ ធ្វើបុណ្យដើម្បីឲ្យគេអួតសរសើរ ធ្វើបុណ្យដើម្បីបង្កើតទិដ្ឋិ មានៈ និងលាភយសសក្ដិ។ ធ្វើបុណ្យពុំមានបំណងដើម្បីលះលើកបាប អកុសល តំកល់ចិត្ដឲ្យស្ថិតក្នុងភាវនាធម៌ តើការធ្វើបែបនេះបានបុណ្យទេ?

 

Save

នៅគិតនឹកគុណ(អង្គរ)

ដោយកញ្ញាឈន់ ភ្លី FB: https://www.facebook.com/ammpozz.sinpc?pnref=story

MonkAWat_445

ឱ.វត្តអង្គរនាទិសខាងជេីង
ប្រៀបដូចបេះដូងមាតានៃខ្ញុំ
លោកផ្តល់ជម្រកទីឋានសុខុម
មកដល់រូបខ្ញុំនិងមិត្តទាំងឡាយ។

មែនហេីយគឺអ្នកជាម្តាយឧត្តម
ផ្តល់ឲ្យរូបខ្ញុំរស់ស្នាកអាស្រ័យ
សិស្សារៀនសូត្របានប្រាំពីរថ្ងៃ
ខ្ញុំត្រូវវិលវៃទាំងក្តីស្រណោះ។

ខ្ញុំនៅចងចាំហេីយនឹកស្រមៃ
ទោះឃ្លាតម្តេចក្តីក៍នៅអាឡោះ
គ្រាដែលបានជួបមិនដែលភ្លេចសោះ
ចងចាំកត់ឈ្មោះអ្នកជាប់ដួងចិត្ត។

ឱ.វត្តអង្គរនាទិសខាងត្បូង
ប្រៀបដូចបេះដូងឪពុកដ៍ស្មោះ
មេីលថែបុត្រាបុត្រីទាំងអស់
ដោយចិត្តស្ម័គ្រស្មោះត្រង់ចំពោះកូន។

ផ្តល់ទីសំណាក់ស្នាកស្រូបចំណេះ
ខិតខំត្រិះរិះសណ្តោសសណ្តូន
ព្រមធ្វេីជាយានចំលងកូនស្ងួន
រក្សាថែថួនគ្រប់ពេលវេលា។

ឱ.ប្រាង្គប្រាសាទស្អាងស្អាតសមសួន
ប្រៀបដូចជីដូនហេីយនិងជីតា
លោកពិតមានគុណខ្ពង់ខ្ពស់អស្ចារ្យ
កូនចៅគ្រប់គ្នាខ្វះលោកមិនបាន។

លោកពិតមានចិត្តគិតដល់ប្រជា
កូនចៅខេមរារាល់រូបអង្គប្រាណ
ចង់ឃេីញកូនខ្មែររុងរឿងថ្កេីងថ្កាន
កាន់យកឲ្យបានប្រពៃណីជាតិ។

ឱ.គ្រូឧបជ្ឈាគ្រប់ៗព្រះអង្គ
ព្រះទ័យផូរផង់ដូចព្រះអាទិត្យ
រះបំភ្លឺផ្លូវឲ្យបាត់ងងិត
ឲ្យសិស្សឃេីញពិតគឺផ្លូវវិជ្ជា។

លោករះបង្ហាញតម្រង់ជីវិត
កុំឲ្យសិស្សឋិតផ្លូវមិនប្រសេីរ
ក្រែងលលុងលិចភ្លេចខ្លួនល្ងីល្ងេី
ភ្លាំងភ្លាត់ភ្លឺភ្លេីភ្លេចជាតិជាខ្មែរ។

លោកផ្តល់ចំណេះឲ្យចេះហាត់ធ្វេី
កុំល្ងង់លីលាឡេះឡោះឡប់ឡែ
យ៉ាងណាបានស្គាល់ពូជខ្ពស់គឺខ្មែរ
មិនដែលអត់ទេខេមរៈអង្គរ។

សរុបនឹកគុណរៀបរាប់ហូរហែ
ទាំងអស់ផងដែរគឺសុទ្ធតែគុណ
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃស្រែបុណ្យ
គុណខ្ពស់មហាធ្ងន់មាតាបិតា។

គុណគ្រូឧបជ្ឈាដ៍ធំលេីសលន់
រៀបរៀងរួមគុណវិបស្សនាចារ្យ
ដែលលោកបង្រៀនដោយក្តីមេត្តា
នឿយហត់យ៉ាងណាក៍លោកមិនគិត។

ករុណាថ្លាថ្លែងជាកាព្យអក្ខរា
ខុសត្រូវយ៉ាងណាសូមលោកអាណិត
ព្រោះអីវិជ្ជាខ្ញុំនៅខ្ចីពិត
តែចិត្តនៅគិតមិនបំភ្លេចគុណ។

ខ្ញុំព្រះករុណានាងខ្ញុំសូមអរព្រះគុណនិងអរគុណដល់
គណៈកម្មាពិការដែលបានរៀបចំកម្មពិធីបុណ្យវិសាខបូជា
និងព្រឹត្តិការអង្គរបំបួសកុលបុត្រកុលធីតាដែលបានកន្លងផុត
ទៅនោះ។

គួរពុំគួរសូមខន្តីអធ្យាស្រ័យដល់ខ្ញុំព្រះករុណានាងខ្ញុំផង
បេីសិនជាមានពាក្យពេជន៍ខុសឆ្គងដោយអចេតនា។

សៀមរាបថ្ងៃទី២៩/៨/២០១៦
សរសេរសាជាថ្មីដោយខ្ញុំព្រះករុណានាងខ្ញុំ { ឈន់ ភ្លី }

ព្រះសទ្ធម្មនិងភាពឯកោ

sorn

ដោយយន់ សុធា (Sothea Yon) FB: https://www.facebook.com/sothea.yon
ជារៀងរាល់ល្ងាច ខ្ញុំតែងតែសង្កេតឃើញលោកគ្រូរបស់ខ្ញុំគង់នៅមួយអង្គឯង ជួនជាមានព្រះភក្រ្ដញញឹម ជួនជាទឹកមុខស្ងួតស្រពោន។ ខ្ញុំបានថ្វាយបង្គំទូលសួរនូវដំណើររឿងរាវ។លោកមានព្រះថេរដីកាថា
ខ្ញុំមិនបាននៅឯកាទេ គឺខ្ញុំនៅជាមួយនឹងគុណព្រះរតនត្រ័យ ព្រមដោយត្រៃសិក្ខា គឺសីល សមាធិ និងបញ្ញា។ខ្ញុំមានទឹកមុខស្រស់ញញឹមនេះ ព្រោះនឹកដល់បុណ្យដែលខ្លួន បានធ្វើពេលណាក៏មានកំលាំងចិត្ដ សប្បាយចិត្ដនឹងបុណ្យ។នរណាធ្វើ បុគ្គលនោះទទួលបាន។ហេតុដែលខ្ញុំទឹកមុខស្ងួតនោះ ព្រោះខ្ញុំពេលនេះមានព្រះជន្មាយុច្រើនណាស់ទៅ ហើយ ម្នាក់ ៗ គិតតែចង់បានប្រយោជន៍ពីខ្ញុំ។ បុគ្គលចាស់ជរាដូចខ្ញុំនេះនឹងមានអ្វីឲ្យគេទៀត បញ្ហាអធិករណ៍ជាច្រើននៅមិនទាន់នឹងដោះស្រាយបាន តែខ្ញុំជឿជាក់ថាសិស្សគណ ទាំងនោះនឹងភ្ញាក់រលឹក ប្រកាន់យកនូវភាពត្រឹមត្រូវជាវិថីក្នុងការដើរនិងដំណោះស្រាយល្អ។ ខ្ញុំសោកស្ដាយណាស់ដល់វ័យថ្មើរណេះ ពុំបានធ្វើប្រយោជន៍ឲ្យបានច្រើនដូចអ្វីដែលខ្លួនបានតាំងចិត្ដប្រាថ្នានោះទេ។ ពេលនេះដង្ហើមចេញចូលគឺពិចារណានូវសង្ខារ មានត្រៃ សារណគមន៍និងត្រៃសិក្ខាជាផ្លូវ។សូមឲ្យខេត្ដសៀមរាបមានសុខសន្ដិភាព សូមឲ្យពុទ្ធបរិស័ទទាំងព្រះសង្ឃនិងញាតិញោមមានសាមគ្គីគ្នាដើម្បីសង្គមនិងសាសនា។

ដោយអត្ថបទខ្លីនេះ ខ្ញុំសូមឧទ្ទិសដល់ព្រះគ្រូរបស់ខ្ញុំ ព្រះនាម ឥន្ទកេសរោ ពេជ្រ សន អតីចចៅអធិការវត្ដព្រះឥន្ទកោសីយ៍ ដែលលោកលះសង្ខារទៅយ៉ាងស្ងប់សុខ។សូមបរមសុខជាទីគង់នៅរបស់ព្រះអង្គ។

អច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ(អជ្ជៈ)

The Miracle of Buddhist Prayer Beads

ដោយយន់ សុធា (Sothea Yon) FB:https://www.facebook.com/sothea.yon

អជ្ជ២

 មួយរយៈធំនេះ ទៅណាមកណី ខ្ញុំតែងតែភ្ជាប់មកជាមួយនឹងគ្រាប់អជ្ជៈ ឬហៅម្យ៉ាងទៀតថា គ្រាប់អង្កាំ។វាជាមិត្ដដ៏មហាប្រសើរដែលជួយផ្ដល់កំលាំងចិត្ដ និងសតិឲ្យស្ងប់។ មិនត្រឹមប៉ុណ្ណោះ វាក៏ផ្ដល់នូវពោធិចិត្ដនិងបញ្ញាឲ្យកើតឡើងផងដែរ។អ្នកដទៃគេប្រើក្នុងផ្លូវផ្សេងក្នុងន័យសក្ដិសិទ្ធអាចជួយការពារខ្លួនឲ្យឆ្ងាយពីសត្រូវ គ្រោះចង្រៃ ឬហេតុឧបទ្រពផ្សេង ៗ ជាយថាហេតុ ចំណែកខ្ញុំប្រើដើម្បីអប់រំចិត្ដ ចម្រើនភាវនាចិត្ដ។គ្រាប់អជ្ជៈឬអង្កាំនេះ ត្រូវបានគេសង្កេតឃើញនិយមប្រើចំនួន ១៨ គ្រាប់ខ្លះ ២៧ គ្រាប់ខ្លះ ៥៤ គ្រាប់ខ្លះ តែនិយមច្រើបំផុតគឺ ១០៨ គ្រាប់ ព្រោះគេគិតថាជាលេខមង្គល។

 

អត្ថន័យ

ដោយសារខ្មែរយើងនិយមប្រើពាក្យថាគ្រាប់អជ្ជៈ ជួនកាលប្រើថាគ្រាប់អង្កាំ ជាហេតុមួយត្រូវធ្វើការយល់ដឹងបន្ថែម។ទោះបីផ្សេងគ្នាដោយព្យញ្ជនៈ និងអត្ថន័យនៃពាក្យតែទិសដៅក្នុងការប្រើប្រាស់តែមួយគឺភាវនាអប់រំចិត្ដ។

អជ្ជៈ ជាភាសាបាលី ប្រែថាថ្ងៃនេះ គ្រាប់អជ្ជៈគឺសំដៅលើឧបករណ៍សម្រាប់យកមកចម្រើនភាវនាឲ្យចិត្ដស្ងប់កើតក្នុងថ្ងៃនេះ ក្នុងខណៈបច្ចុប្បន្ននេះក្នុងន័យដូចគ្នានឹងគ្រាប់អង្កាំ ឬជាឧបករណ៍តែមួយ ចំណែកគ្រាប់អង្កាំ គឺជាគ្រាប់ល្អិត តូចមូលមានប្រហោងដោតដោយខ្សែបាន។គ្រាប់អង្កាំឬអជ្ជៈនេះ ធ្វើអំពើកែវ ពីឈើ ឬពីមាសឬពីឧបករណ៍ផ្សេងទៀត ។វត្ថុទាំងនោះក្រៅពីឈើ ភាគច្រើនគេប្រើក្នុងន័យប្រដាប់លំអរកាយ ដូចជាខ្សែក ខ្សែដៃ ជាដើម។

គ្រាប់អង្កាំឬអជ្ជៈ ជាភាសាអង់គ្លេសថា sacred beads, rosary , mala ។

 

ប្រវត្ដិ

គ្រាប់អង្កាំឬអជ្ជៈនេះ ត្រូវបានគេយកមកប្រើក្នុងសាសនាដោយប្រយោជន៍និងទិសដៅស្រដៀងនឹងគ្នា។ក្នុងពុទ្ធសាសនាយើង គេសង្កេតឃើញស្ទើរគ្រប់និកាយប្រើឧបករណ៍ជាគ្រឿងអប់រំចិត្ដ។ក្នុងប្រទេសនីមួយ ៗ មានប្រវត្ដិដើមទោងផ្សេងពីគ្នា។ប្រទេសទីបេ អាចចាត់ទុកថាជាប្រទេសដំបូងដែលប្រើគ្រាប់អង្កាំនេះ។ ព្រះបទុបសម្ភារៈដែលគង់នៅគុហារមួយឈ្មោះថុងហ្សុនតាន់ដា នៃរដ្ឋកហូរេផ្លេកជោក ប្រទេសទីបេត្រូវបានពុទ្ធបរិស័ទផ្ដល់នូវសេចក្ដីគោរពនិងសទ្ធាយ៉ាងក្រៃលែង។ព្រះអង្គមានបំណងនឹងត្រាច់ចរទៅទីផ្សេង ដោយសេចក្ដីដឹងគុណនឹងញាតិធម៌ ព្រះអង្គពុំបានឃើញអ្វីក្រៃលែងក្នុងការអប់រំចិត្ដដល់ពុទ្ធបរិស័ទក្រៅពីគ្រាប់អង្កាំនេះ។ព្រះអង្គចំណាយពេលមួយរដូវធំដើម្បីអប់រំពុទ្ធបរិស័ទឲ្យចេះប្រើគ្រាប់អង្កាំក្នុងការចម្រើនភាវនាចិត្ដ។ក្នុងព្រះសូត្រពុទ្ធសាសនាមហាយានឈ្មោះថាមូកុហ្គិនជិ (Mokugenji sutra) ថាព្រះពុទ្ធជាម្ចាស់បានណែនាំព្រះមហាក្សត្រនាមវិរុឌណ្កៈ( Virudhaka) ឲ្យចម្រើនពុទ្ធគុណ ធម្មគុណនិងសង្ឃគុណដោយរាប់គ្រាប់អង្កាំនេះ តែពុំបានណែនាំថាឲ្យបានប៉ុន្មានចប់ទេ។

ចំណែកក្នុងស្រុកខ្មែរយើង មិនដឹងពិតប្រាកដទេថាចាប់ផ្ដើមប្រើនៅក្នុងរាជសម័យក្សត្រអង្គណា តែតាមការប៉ានស្មានថា ប្រហែលក្នុងសម័យដែលខ្មែរទទួលយកព្រះពុទ្ធសាសនាមហាយាន និងលទ្ធិតន្រ្ដៈមកជាគោលទ្រឹស្ដីបដិបត្ដិ នាសម័យមុនអង្គរ ចំណេរក្រោយមក យើងឃើញភិក្ខុសាមណេរប្រើប្រោងព្រាត់គ្រប់ទិសទីក្នុងព្រះរាជអាណាចក្រនេះ។

 

របៀបប្រើគ្រាប់អជ្ជៈឬអង្កាំ

អជ្ជ១

ការប្រើគ្រាប់អង្កាំឬអជ្ជៈនេះ ពុំមានច្បាប់ណាមួយកំណត់បានច្បាស់លាស់ទេ មិនថានៅក្នុងប្រទេសកម្ពុជាឬប្រទេសក្រៅពីនេះ។វិធីការប្រើប្រាស់គឺអាស្រ័យទៅលើអ្នកប្រើចេះច្នៃប្រឌិតនូវកលឧបាយដើម្បីធ្វើចិត្ដឲ្យស្ងប់ដោយខ្លួនឯង។ការប្រើឧបករណ៍នេះ ហៅម្យ៉ាងទៀតថាជាវិធីចម្រើនសមថកម្មដ្ឋាន ពុំមែនជាវិបស្សនាកម្មដ្ឋានទេ។ ការប្រើរបស់ខ្មែរយើងនិយមប្រើរំដោះកម្ម ដោយចម្រើនភាសាបាលី ដូចជា បដិសង្ខាយោនិសោ ឬអជ្ជមាយា ជាដើម សូត្ររហូតដល់ចប់ ជួនកាលភាវនាតាមការណែនាំរបស់គ្រូអប់រំ។

ជាទូទៅ គេប្រើគ្រាប់អជ្ជៈឬអង្កាំនេះ ដោយប្រើគថាពុទ្ធគុណ ៥៦ ព្យញ្ជនៈ ធម្មគុណ ៣៨ ព្យញ្ជនៈ និងសង្ឃគុណ ១៤ ព្យញ្ជនៈ បូករួមផ្សំទៅជា ១០៨ ព្យញ្ជនៈ។

ពុទ្ធគុណទាំង ៥៦ តួនោះ រួមមាន ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្ដរោ បរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ

ពុទ្ធគុណទាំង ៣៨ នោះរួមមាន ស្វាខាតោ ភគវតា ធម្មោ សន្ធិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្ដំ វេទិតព្វោ វិញ្ញូហីតិ

សង្ឃគុណទាំង ១៤ នោះ រួមមាន សុបដិបន្នោ ភគវតោ សាវកសង្ឃោ

អ្នកដែលចម្រើននូវគុណទាំង ១០៨ តួ(ព្យញ្ជនៈ)នេះ គឺសូត្រទាំង ១០៨ (ពុទ្ធគុណ ធម្មគុណ សង្ឃគុណ) ចប់ រាប់គ្រាប់អង្កាំឬអជ្ជៈម្ដង ១០៨ ចប់ រាប់ម្ដង សូត្ររាប់ សូត្ររាប់ រហូតបានគ្រប់ ១០៨ ។បើសរុបទាំងអស់គឺ ១១៦៦៤ តួ ដោយយក ១០៨ X ១០៨។ ខ្ញុំធ្លាប់ចម្រើនតែពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចាប់ពីម៉ោង ១០ ០០ ន. យប់ រហូតដល់ម៉ោង ៥ ០០ ន.ទៀបភ្លឺ ទើបបាន ១០៨ ចប់។ និកាយព្រះពុទ្ធសាសនាខ្លះនៅប្រទេសជប៉ុន ដូចជា Jōdo-shū ចម្រើនបានរហូតទៅដល់ ១២០,០០០ ចប់។

ចំពោះអ្នកដទៃវិញ មិនថាខ្ញុំនៅពេលនេះ ក៏ចម្រើនដោយជ្រើសរើសយកតែពាក្យថាពុទ្ធោ រាប់គ្រាប់អង្កាំម្ដង ពុទ្ធោ រាប់ម្ដង ! ពុទ្ធោ រាប់ម្ដង ! ជួនកាល ភាវនាថា អរហំ រាប់គ្រាប់អង្កាំម្ដង អរហំ រាប់គ្រាប់អង្កាំម្ដង ភាវនាក្នុងចិត្ដទៅរឿយ ៗ  ដោយមិនកំណត់ថាបានប៉ុន្មានចប់ទេ ។ខ្ញុំនិយមចម្រើនភាវនា ពុទ្ធោនៅពេលថ្ងៃ ចំណែកពេលរាត្រីវិញចម្រើនថា អរហំ ។ការពិតជ្រើសរើយយកមួយណាក៏បានដែរតាមសទ្ធារបស់អ្នកដែលចម្រើន។

 ការត្រៀមចម្រើនគ្រាប់អជ្ជៈឬអង្កាំ

ចំពោះរូបខ្ញុំ ពុំបានត្រៀមតាមកល្ខណៈដែលត្រូវបានណែនាំទេ ខ្ញុំតែងតែចម្រើននៅពេលទំនេរ ជួនកាលនៅលើឡាន ជួនកាលកំពុងធ្វើដំណើរ ជួនកាលក្រោយពីធ្វើការងារហើយ ជួនកាលពេលកំពុងចូលដំណេរ ចម្រើនទាំងដោយឥរិយាបទដើរ ឈរ អង្គុយនិងដេក(សឹង)ដោយពុំបានជ្រើសរើសទីកន្លែងសមរម្យទេ។

តាមគោលការណ៍ មុននឹងចម្រើនគេត្រូវ៖

១.តម្រង់កាយនិងសតិឲ្យត្រង់

២. សម្អាតសំលៀកបំពាក់

៣. ជ្រើសរើសពេលវេលានិងទីកន្លែងដ៏សមរម្យណាមួយ

៤. សមាទានសីល ៥

៥. តាំងចិត្ដឧទ្ទិសកុសលដល់មាតាបិតា គ្រូបាអាចារ្យនិងសព្វសត្វទាំងអស់

៦. ផ្សាយនូវមេត្ដាចិត្ដដល់ពពួកសត្វគ្រប់ទិសទាំងពួង

៧. អង្គុយឬឈរឲ្យបានសមរម្យក្នុងការចម្រើន

 

អានិសង្សការចម្រើនអជ្ជៈ

ក្នុងការចម្រើនធម៌ដោយរាប់គ្រាប់អជ្ជៈនេះ បាននូវប្រយោជន៍ច្រើនយ៉ាងណាស់ ៖

១. ញ៉ាំងចិត្ដឲ្យស្ងប់ មិនត្រូវបានអារម្មណ៍(នីវរណធម៌) មករំខានឬវង្វេងដោយប្រការណាមួយ

២. មានសេចក្ដីព្យាយាម សទ្ធា សេចក្ដីមិនប្រមាទ និងសតិកើតមាន

៣. ធ្វើឲ្យសតិបញ្ញាភ្លឺថ្លា មានកំលាំងចិត្ដអ្វីម្យ៉ាងកើតឡើង

៤. ជាការបណ្ដុះនូវពោធិចិត្ដឲ្យកើតឡើង

៥. ជាញាតិនៃព្រះរតនត្រៃយ៍គ្រប់ ៗ ជាតិ

៦. ដល់នូវការរំលឹកជាតិបាន

៧. បានសម្រេចនូវឧបចារសមាធិ

៨. សម្រេចបាននូវឈានទាំង ៤

៩. ទីបំផុតនៃការរំលាយខ័ន្ធសង្ខារ រមែងមិនជាទីទៅនៃទុគតិ។

 

ដោយសេចក្ដីព្យាយាមចែករំលែកនេះ ខ្ញុំសូមឧទ្ទិសកុសលដល់ញោមប្រុសស្រី ញាតិការ គ្រូបាអាចារ្យ និងអស់កល្យាណមិត្ដ សព្វសត្វទាំងអស់បានតែសេចក្ដីសុខ និងប្រាសចាកទុក្ខ ។សូមសន្ដិភាពកើតមាន។

 

ឯកសារយោង

វចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត ច្បាប់អេឡិចត្រូនិច

គម្ពីរវិមុត្ដិមគ្គ ច្បាប់ភាសាថៃ

 

https://en.wikipedia.org/wiki/Buddhist_prayer_beads

http://www.usamyanmar.net/Buddha/Article/Praying%20beads1.pdf

 


 

Save

កំពង់ឃ្លាំង ទីប្រជុំនៃវប្បធម៌ទេសចរណ៍

ទិដ្ឋភាពទូទៅ

កំពង់ឃ្លាំង មានទីតាំងស្ថិតនៅភាគជើងនៃទន្លេសាប មានចម្ងាយ ៥៥ គ.ម ពីក្រុងសៀមរាបហើយក៏ជាកន្លែងដែលមានការចាប់អារម្មណ៍ផ្នែកទេសចរធម្មជាតិផងដែរ។ ក្នុងមួយរយៈនេះ កំពុងឃ្លាំងបានកែប្រែមុខមាត់របស់ខ្លួនប្លែកជាងមុខផ្នែកការអភិវឌ្ឍន៍ភូមិឃុំ។ប្រជាជននៅកំពង់ឃ្លាំងប្រកបអាជីពជាអ្នកនេសាទទាំងនៅរដូវវស្សានិងរដូវប្រាំង ចំណែកការដាំដុះត្រូវបានប្រកបនៅរដូវខែប្រាំង។  ដោយភាពប្រែប្រួល ប្រជាជននៅកំពង់ឃ្លាំងបានធ្វើដំណើរមករកការងារធ្វើនៅតំបន់គោក ទីក្រុងនិងបណ្ដាប្រទេសជិតខាង ទាំងនេះដើម្បីជីវភាពការរស់នៅ។កំពង់ឃ្លាំងជាឈ្មោះឃុំផង និងជាឈ្មោះភូមិផងដែរ តែភាគច្រើនត្រូវបានគេហៅឈ្មោះកំពុងឃ្លាំងទាំងអស់ តាមពិតទៅគឺត្រូវបានបែងចែកជាភូមិតូច ធំ ចំនួន ១០ ភូមិ ដូចជាភូមិព្រែកស្រមោច ដូនត្ដី ស្ពានវែង ត្អួរសរ ផ្សារកំពង់ឃ្លាំងក្រោម ផ្សារកំពង់ឃ្លាំងលើ ភូមិរទាំង ចំការយួន ទូលតាចេត្រនិងភូមិចុងស្រុក (ចុងប្រឡាយ)។

មណ្ឌលអប់រំ

14064052_10206871262685985_4644282380659572789_n

ផ្នែកបណ្ដុះបណ្ដាលសតិបញ្ញា ការសិក្សា កំពង់ឃ្លាំងមានសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យស្ថិតនៅវត្ដកំពង់ឃ្លាំង ហើយក៏មានសាលារៀនបឋមសិក្សាបណ្ដែកទឹកសម្រាប់អប់រំកូនចៅរបស់ប្រជាជននៅទីនោះផងដែរ។សាលារៀននោះហៅឈ្មោះថាសាលារៀនបឋមចុងប្រឡាយកើតឡើងដោយគំនិតផ្ដួចផ្ដើមរបស់កល្យាណមិត្ដសូវ៉ាត និងគឹមរដ្ឋា និស្សិតនិងព្រះសង្ឃ។សាលារៀននោះទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៧។

14080059_10206871450210673_7484719203139041921_n

មណ្ឌលវប្បធម៌

នៅទីនេះ យើងនិយាយអំពីវត្ដកំពង់ឃ្លាំង។ដោយសារវត្ដមានតួនាទីច្រើនយ៉ាង ដោយខ្លីគឺវត្ដជាកន្លែងមជ្ឈមណ្ឌលអប់រំ ១ ជាមណ្ឌលថែរក្សាសុខភាពផ្លូវចិត្ដ ១ ជាទីជំនួបប្រជុំរវាងពុទ្ធបរិស័ទមកពីគ្រប់ទិសទី ១ ជារមណីយដ្ឋានសម្រានកាយនិងផ្លូវចិត្ដ ១ និងជាមណ្ឌលវប្បធម៌ ១ ជាកន្លែងស្វែងរកបុណ្យ សួគ៌និព្វាន។

14117980_10206871259805913_8875079384230662273_n

វត្ដកំពុងឃ្លាំងក៏ដើរតួនាទីដូចបានពោលខាងលើ។ព្រះវិហារត្រូវបានកសាងយូរមកហើយ ព្រះគ្រូចៅអធិការបានថេរដិកាប្រាប់យើងថាតាំងពីក្មេងមកធ្លាប់បួសនៅទីនេះ មានន័យថាវត្ដនេះ ព្រះវិហារនេះត្រូវបានកសាងយូរជាងអាយុរបស់ចៅអធិការដែលព្រះមានព្រះជន្មជាង ៧០ ព្រះវស្សា។

14067655_10206871217524856_7380823895936849886_n

ក្នុងបរិវេណវត្ដ យើងសង្កេតឃើញមានសាលាអនុវិទ្យាល័យ បឋមសិក្សា ព្រះវិហារ កុដិតូចធំ ចេតិយ បណ្ណាល័យ និងសំណង់ផ្សេង ៗ ទៀត។ ក្នុងរយៈ ២ ទៅ ៣ ឆ្នាំនេះ ព្រះសង្ឃនិងពុទ្ធបរិស័ទចំនុះជើងវត្ដបានពង្រីកដីវត្ដកាន់តែធំជាងមុខជាហេតុធ្វើឲ្យមានកន្លែងសម្រាប់ហាត់ប្រាណ លេងកីឡា និងជាទីសំចតរបស់អ្នកទេសចរណ៍មកទស្សនាមើលនូវផ្ទៃទស្សនីយភាពផ្សេង ៗ ដែលមានចលនាលើផ្ទៃទឹកនិងការរស់នៅរបស់ប្រជាជននៅទីនោះ។

ទេសចរណ៍ធម្មជាតិ

14022196_10206871428810138_5018344959382165334_n

យើងអាចចាត់បានថា កំពង់ឃ្លាំងជាកន្លែងទេសចរណ៍ធម្មជាតិដ៏សំខាន់ មិនចាញ់ជាងកំពង់ផ្លុក និងរមណីយដ្ឋានបុរាណផ្សេង ៗ ក្នុងទឹកដីសៀមរាប។ អ្នកទេសចរណ៍ជាតិ និងអន្ដរជាតិ មកទីនេះ អាចស្វែងយល់ដឹងអំពី៖

14067630_10206871284166522_6088036485555217151_n

១. ការរស់នៅរបស់ប្រជាជននៅទី ដែលមានផ្ទះតូចធំនៅតាមមាត់ទឹក ឬបណ្ដែតទឹក ។ភាគច្រើន អាជីពរបស់ប្រជាជននៅទីនេះគឺនេសាទត្រីក្នុងរដូវវស្សានិងរដូវប្រាំងផងដែរ ចំណែកការដាំដុះដំណាំដូចជាសណ្ដែក ពោតល្ង ត្រសក់ ត្រឡាច ល្ពៅជាដើម ត្រូវបានដាំក្នុងរដូវទឹកទន្លេស្រក។ ដោយភាពប្រែប្រួលនៃអកាសធាតុ ធ្វើឲ្យប្រជាជន នៅទីនេះប្រឈមមុខនឹងបញ្ហាការរស់នៅ ជាហេតុធ្វើឲ្យអ្នកខ្លះត្រូវធ្វើការបន្លាស់ទីទៅរកការងារធ្វើនៅតាមបណ្ដាខេត្ដក្រុង និងប្រទេសជិតខាង។

14089087_10206871287206598_5688286761613211536_n

២. អ្នកទេសចរអាចគយគនមើលនូវផ្ទាំងទស្សនីយភាពសំខាន់ ៗ ដូចជា សំណង់នៃផ្ទះ ការធ្វើដំណើរប្រកបអាជីពរបស់ប្រជាជនតាមដងទន្លេដោយប្រើទូក កាណូត។ មិនត្រឹមតែប៉ុណ្ណោះ អាចទស្សនាមើលដើមព្រៃប្រឹក្សានិងសត្វទឹកផងដែរ។ការយល់ដឹងអំពីជីវិតតាមដងទន្លេសាប ជាផ្នែកមួយសំខាន់ដែលមិនអាចរំលងបាន ហើយអាចប្រើឧបករណ៍ថតយកផ្ទាំងទស្សនីយភាពទាំងនោះដើម្បីទុកជាអនុស្សាវរីយ។

៣. អ្នកទេសចរអាចចូលរួមជាចំណែកនៃការលើកកំពស់គុណភាពជីវិតរបស់ប្រជាជននៅទីនោះ ដោយការទិញវត្ថុអនុស្សាវរីយ៍ របស់ហូបចុក និងចូលរួមបរិចាគដើម្បីឧបត្ថម្ភសាលារៀនបណ្ដែតទឹក។

ក្នុងដំណើរទស្សនកិច្ចរបស់យើង ក្រុមយុវជនយើងនិងព្រះសង្ឃបានចូលរួមបង្កើតសាលារៀនបណ្ដែតទឹកមួយខ្នង ឈ្មោះថាសាលារៀនបឋមសិក្សាចុងប្រឡាយ។ សាលារៀនចូលរួមចំណែកសំខាន់ក្នុងការអប់រំដល់កូនចៅប្រជាជននៅចុងប្រឡាយ ក៏ដូចជាភូមិដែលនៅក្បែរនោះផងដែរ ជាការកាត់បន្ថយភាពមិនចេះអក្សរ និងបង្កើតការយល់ដឹងដ៏ត្រឹមត្រូវ។

14080087_10206871453930766_3921844048894568992_n

 

 

 

ព្រះអរហន្តលាក់មុខ

 

ដោយYon Seng Yeath

ឃោសន្ន

សម្រែកបាក់ទ័ពរបស់រដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនជាមួយខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបានគេដឹកជញ្ជូនឆ្ពោះទៅកាន់ទីរួមខេត្តបាត់ដំបង ទឹកមុខទាហ៊ានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែកពីលើរថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ២០០០នាក់បានទៅដល់ចំណុចគីឡូ៣៨ក្នុងស្រុករតនៈមណ្ឌលនាខេត្តបាត់ដំបងម៉ោងប្រហែលជាង១១ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិងរដ្ឋាភិបាលចម្រុះរបស់សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយះ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់សមរភូមិឆ្ពោះទៅកាន់តំបន់ប៉ៃលិន នាយទាហ៊ានម្នាក់បានមកទូថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណាឈប់បាញ់បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។មនុស្សប្រមាណ២០០០នាក់ ដោយមានព្រះសង្ឃជិត១០០០អង្គ បានឈរត្រៀបត្រានៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែកប្រហែល៤០០០គ្រាប់របស់អ្នកដង្ហែរសម្ដេច យើងឃើញព្រះអង្គនិមន្តឡើងឡានម៉ាកតូយូតាតែមួយអង្គឯងជាមួយអ្នកបើកបរម្នាក់បើកចូលទៅក្នុងសមរភូមិដែលអមទៅដោយគ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់ពាន់នាក់ ឲ្យឈរយ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី«សន្តិភាព និងអហិង្សា»នៅកម្ពុជា។ ជនបរទេសខ្លះ បានលើកដៃរប្រណម្យលាយឡំដោយទឹកភ្នែកហូរសស្រក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេចនិង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹកសម្ដេចរំកិលខ្លួនចាកចេញពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហ៊ានម្នាក់បាននិយាយខ្សាវៗថា« សម្ដេច អាចសុគតក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី
ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់៥នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រាស្ទើរបាត់ស្រមើលឡានមើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេរ តែមិននិយាយសូម្បីតែមួយម៉ាត់ទៅកាន់អ្នកណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយនៅជិតគុម្ពព្រៃហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន២នាទីផង សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងថា«សូមអ្នកដើរធម្មយាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។
សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែងព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នកស្ដាប់វិញក៏ហាក់ដូចជាស្ងប់ជាមួយសម្ដេចដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា«ម្ដងមួយជំហ៊ាន ម្ដងមួយជំហ៊ាន ជំហ៊ាននីមួយៗគឺសមាធិ ជំហ៊ាននីមួយៗគឺសន្តិភាព ជំហ៊ាននីមួយៗគឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។
ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិនអាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើទុកណាភាគីខ្មែរក្រហមនិងភាគីរដ្ឋាភិបាលព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល២ឬ៣ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និងប្រឈមនិងការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀតគឺមានមនុស្សយ៉ាងតិចពី២០០ទៅ៣០០នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ៤ឬ៥ អង្គបានក្រោកឈរឡើងហើយស្រែកថា«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយបន្ទោរដ៏ដែលៗថា«ស្ម័គ្រស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និងអ្នកស្ម័គ្រស្លាប់ឬស្ម័គ្ររស់។
ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុតបន្ទាប់ពីធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី២៥៦០មុននៅស្ទឹងរូហិនីនៅជម្ពូទ្វី(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណសន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ»។
(ក្នុងរូបភាពនេះ ខ្ុំអង្គុយជាប់ជើងគ្រែទេសន៍)