អច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ(អជ្ជៈ)


The Miracle of Buddhist Prayer Beads

ដោយយន់ សុធា (Sothea Yon) FB:https://www.facebook.com/sothea.yon

អជ្ជ២

 មួយរយៈធំនេះ ទៅណាមកណី ខ្ញុំតែងតែភ្ជាប់មកជាមួយនឹងគ្រាប់អជ្ជៈ ឬហៅម្យ៉ាងទៀតថា គ្រាប់អង្កាំ។វាជាមិត្ដដ៏មហាប្រសើរដែលជួយផ្ដល់កំលាំងចិត្ដ និងសតិឲ្យស្ងប់។ មិនត្រឹមប៉ុណ្ណោះ វាក៏ផ្ដល់នូវពោធិចិត្ដនិងបញ្ញាឲ្យកើតឡើងផងដែរ។អ្នកដទៃគេប្រើក្នុងផ្លូវផ្សេងក្នុងន័យសក្ដិសិទ្ធអាចជួយការពារខ្លួនឲ្យឆ្ងាយពីសត្រូវ គ្រោះចង្រៃ ឬហេតុឧបទ្រពផ្សេង ៗ ជាយថាហេតុ ចំណែកខ្ញុំប្រើដើម្បីអប់រំចិត្ដ ចម្រើនភាវនាចិត្ដ។គ្រាប់អជ្ជៈឬអង្កាំនេះ ត្រូវបានគេសង្កេតឃើញនិយមប្រើចំនួន ១៨ គ្រាប់ខ្លះ ២៧ គ្រាប់ខ្លះ ៥៤ គ្រាប់ខ្លះ តែនិយមច្រើបំផុតគឺ ១០៨ គ្រាប់ ព្រោះគេគិតថាជាលេខមង្គល។

 

អត្ថន័យ

ដោយសារខ្មែរយើងនិយមប្រើពាក្យថាគ្រាប់អជ្ជៈ ជួនកាលប្រើថាគ្រាប់អង្កាំ ជាហេតុមួយត្រូវធ្វើការយល់ដឹងបន្ថែម។ទោះបីផ្សេងគ្នាដោយព្យញ្ជនៈ និងអត្ថន័យនៃពាក្យតែទិសដៅក្នុងការប្រើប្រាស់តែមួយគឺភាវនាអប់រំចិត្ដ។

អជ្ជៈ ជាភាសាបាលី ប្រែថាថ្ងៃនេះ គ្រាប់អជ្ជៈគឺសំដៅលើឧបករណ៍សម្រាប់យកមកចម្រើនភាវនាឲ្យចិត្ដស្ងប់កើតក្នុងថ្ងៃនេះ ក្នុងខណៈបច្ចុប្បន្ននេះក្នុងន័យដូចគ្នានឹងគ្រាប់អង្កាំ ឬជាឧបករណ៍តែមួយ ចំណែកគ្រាប់អង្កាំ គឺជាគ្រាប់ល្អិត តូចមូលមានប្រហោងដោតដោយខ្សែបាន។គ្រាប់អង្កាំឬអជ្ជៈនេះ ធ្វើអំពើកែវ ពីឈើ ឬពីមាសឬពីឧបករណ៍ផ្សេងទៀត ។វត្ថុទាំងនោះក្រៅពីឈើ ភាគច្រើនគេប្រើក្នុងន័យប្រដាប់លំអរកាយ ដូចជាខ្សែក ខ្សែដៃ ជាដើម។

គ្រាប់អង្កាំឬអជ្ជៈ ជាភាសាអង់គ្លេសថា sacred beads, rosary , mala ។

 

ប្រវត្ដិ

គ្រាប់អង្កាំឬអជ្ជៈនេះ ត្រូវបានគេយកមកប្រើក្នុងសាសនាដោយប្រយោជន៍និងទិសដៅស្រដៀងនឹងគ្នា។ក្នុងពុទ្ធសាសនាយើង គេសង្កេតឃើញស្ទើរគ្រប់និកាយប្រើឧបករណ៍ជាគ្រឿងអប់រំចិត្ដ។ក្នុងប្រទេសនីមួយ ៗ មានប្រវត្ដិដើមទោងផ្សេងពីគ្នា។ប្រទេសទីបេ អាចចាត់ទុកថាជាប្រទេសដំបូងដែលប្រើគ្រាប់អង្កាំនេះ។ ព្រះបទុបសម្ភារៈដែលគង់នៅគុហារមួយឈ្មោះថុងហ្សុនតាន់ដា នៃរដ្ឋកហូរេផ្លេកជោក ប្រទេសទីបេត្រូវបានពុទ្ធបរិស័ទផ្ដល់នូវសេចក្ដីគោរពនិងសទ្ធាយ៉ាងក្រៃលែង។ព្រះអង្គមានបំណងនឹងត្រាច់ចរទៅទីផ្សេង ដោយសេចក្ដីដឹងគុណនឹងញាតិធម៌ ព្រះអង្គពុំបានឃើញអ្វីក្រៃលែងក្នុងការអប់រំចិត្ដដល់ពុទ្ធបរិស័ទក្រៅពីគ្រាប់អង្កាំនេះ។ព្រះអង្គចំណាយពេលមួយរដូវធំដើម្បីអប់រំពុទ្ធបរិស័ទឲ្យចេះប្រើគ្រាប់អង្កាំក្នុងការចម្រើនភាវនាចិត្ដ។ក្នុងព្រះសូត្រពុទ្ធសាសនាមហាយានឈ្មោះថាមូកុហ្គិនជិ (Mokugenji sutra) ថាព្រះពុទ្ធជាម្ចាស់បានណែនាំព្រះមហាក្សត្រនាមវិរុឌណ្កៈ( Virudhaka) ឲ្យចម្រើនពុទ្ធគុណ ធម្មគុណនិងសង្ឃគុណដោយរាប់គ្រាប់អង្កាំនេះ តែពុំបានណែនាំថាឲ្យបានប៉ុន្មានចប់ទេ។

ចំណែកក្នុងស្រុកខ្មែរយើង មិនដឹងពិតប្រាកដទេថាចាប់ផ្ដើមប្រើនៅក្នុងរាជសម័យក្សត្រអង្គណា តែតាមការប៉ានស្មានថា ប្រហែលក្នុងសម័យដែលខ្មែរទទួលយកព្រះពុទ្ធសាសនាមហាយាន និងលទ្ធិតន្រ្ដៈមកជាគោលទ្រឹស្ដីបដិបត្ដិ នាសម័យមុនអង្គរ ចំណេរក្រោយមក យើងឃើញភិក្ខុសាមណេរប្រើប្រោងព្រាត់គ្រប់ទិសទីក្នុងព្រះរាជអាណាចក្រនេះ។

 

របៀបប្រើគ្រាប់អជ្ជៈឬអង្កាំ

អជ្ជ១

ការប្រើគ្រាប់អង្កាំឬអជ្ជៈនេះ ពុំមានច្បាប់ណាមួយកំណត់បានច្បាស់លាស់ទេ មិនថានៅក្នុងប្រទេសកម្ពុជាឬប្រទេសក្រៅពីនេះ។វិធីការប្រើប្រាស់គឺអាស្រ័យទៅលើអ្នកប្រើចេះច្នៃប្រឌិតនូវកលឧបាយដើម្បីធ្វើចិត្ដឲ្យស្ងប់ដោយខ្លួនឯង។ការប្រើឧបករណ៍នេះ ហៅម្យ៉ាងទៀតថាជាវិធីចម្រើនសមថកម្មដ្ឋាន ពុំមែនជាវិបស្សនាកម្មដ្ឋានទេ។ ការប្រើរបស់ខ្មែរយើងនិយមប្រើរំដោះកម្ម ដោយចម្រើនភាសាបាលី ដូចជា បដិសង្ខាយោនិសោ ឬអជ្ជមាយា ជាដើម សូត្ររហូតដល់ចប់ ជួនកាលភាវនាតាមការណែនាំរបស់គ្រូអប់រំ។

ជាទូទៅ គេប្រើគ្រាប់អជ្ជៈឬអង្កាំនេះ ដោយប្រើគថាពុទ្ធគុណ ៥៦ ព្យញ្ជនៈ ធម្មគុណ ៣៨ ព្យញ្ជនៈ និងសង្ឃគុណ ១៤ ព្យញ្ជនៈ បូករួមផ្សំទៅជា ១០៨ ព្យញ្ជនៈ។

ពុទ្ធគុណទាំង ៥៦ តួនោះ រួមមាន ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្ដរោ បរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ

ពុទ្ធគុណទាំង ៣៨ នោះរួមមាន ស្វាខាតោ ភគវតា ធម្មោ សន្ធិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្ដំ វេទិតព្វោ វិញ្ញូហីតិ

សង្ឃគុណទាំង ១៤ នោះ រួមមាន សុបដិបន្នោ ភគវតោ សាវកសង្ឃោ

អ្នកដែលចម្រើននូវគុណទាំង ១០៨ តួ(ព្យញ្ជនៈ)នេះ គឺសូត្រទាំង ១០៨ (ពុទ្ធគុណ ធម្មគុណ សង្ឃគុណ) ចប់ រាប់គ្រាប់អង្កាំឬអជ្ជៈម្ដង ១០៨ ចប់ រាប់ម្ដង សូត្ររាប់ សូត្ររាប់ រហូតបានគ្រប់ ១០៨ ។បើសរុបទាំងអស់គឺ ១១៦៦៤ តួ ដោយយក ១០៨ X ១០៨។ ខ្ញុំធ្លាប់ចម្រើនតែពុទ្ធគុណ ធម្មគុណ សង្ឃគុណ ចាប់ពីម៉ោង ១០ ០០ ន. យប់ រហូតដល់ម៉ោង ៥ ០០ ន.ទៀបភ្លឺ ទើបបាន ១០៨ ចប់។ និកាយព្រះពុទ្ធសាសនាខ្លះនៅប្រទេសជប៉ុន ដូចជា Jōdo-shū ចម្រើនបានរហូតទៅដល់ ១២០,០០០ ចប់។

ចំពោះអ្នកដទៃវិញ មិនថាខ្ញុំនៅពេលនេះ ក៏ចម្រើនដោយជ្រើសរើសយកតែពាក្យថាពុទ្ធោ រាប់គ្រាប់អង្កាំម្ដង ពុទ្ធោ រាប់ម្ដង ! ពុទ្ធោ រាប់ម្ដង ! ជួនកាល ភាវនាថា អរហំ រាប់គ្រាប់អង្កាំម្ដង អរហំ រាប់គ្រាប់អង្កាំម្ដង ភាវនាក្នុងចិត្ដទៅរឿយ ៗ  ដោយមិនកំណត់ថាបានប៉ុន្មានចប់ទេ ។ខ្ញុំនិយមចម្រើនភាវនា ពុទ្ធោនៅពេលថ្ងៃ ចំណែកពេលរាត្រីវិញចម្រើនថា អរហំ ។ការពិតជ្រើសរើយយកមួយណាក៏បានដែរតាមសទ្ធារបស់អ្នកដែលចម្រើន។

 ការត្រៀមចម្រើនគ្រាប់អជ្ជៈឬអង្កាំ

ចំពោះរូបខ្ញុំ ពុំបានត្រៀមតាមកល្ខណៈដែលត្រូវបានណែនាំទេ ខ្ញុំតែងតែចម្រើននៅពេលទំនេរ ជួនកាលនៅលើឡាន ជួនកាលកំពុងធ្វើដំណើរ ជួនកាលក្រោយពីធ្វើការងារហើយ ជួនកាលពេលកំពុងចូលដំណេរ ចម្រើនទាំងដោយឥរិយាបទដើរ ឈរ អង្គុយនិងដេក(សឹង)ដោយពុំបានជ្រើសរើសទីកន្លែងសមរម្យទេ។

តាមគោលការណ៍ មុននឹងចម្រើនគេត្រូវ៖

១.តម្រង់កាយនិងសតិឲ្យត្រង់

២. សម្អាតសំលៀកបំពាក់

៣. ជ្រើសរើសពេលវេលានិងទីកន្លែងដ៏សមរម្យណាមួយ

៤. សមាទានសីល ៥

៥. តាំងចិត្ដឧទ្ទិសកុសលដល់មាតាបិតា គ្រូបាអាចារ្យនិងសព្វសត្វទាំងអស់

៦. ផ្សាយនូវមេត្ដាចិត្ដដល់ពពួកសត្វគ្រប់ទិសទាំងពួង

៧. អង្គុយឬឈរឲ្យបានសមរម្យក្នុងការចម្រើន

 

អានិសង្សការចម្រើនអជ្ជៈ

ក្នុងការចម្រើនធម៌ដោយរាប់គ្រាប់អជ្ជៈនេះ បាននូវប្រយោជន៍ច្រើនយ៉ាងណាស់ ៖

១. ញ៉ាំងចិត្ដឲ្យស្ងប់ មិនត្រូវបានអារម្មណ៍(នីវរណធម៌) មករំខានឬវង្វេងដោយប្រការណាមួយ

២. មានសេចក្ដីព្យាយាម សទ្ធា សេចក្ដីមិនប្រមាទ និងសតិកើតមាន

៣. ធ្វើឲ្យសតិបញ្ញាភ្លឺថ្លា មានកំលាំងចិត្ដអ្វីម្យ៉ាងកើតឡើង

៤. ជាការបណ្ដុះនូវពោធិចិត្ដឲ្យកើតឡើង

៥. ជាញាតិនៃព្រះរតនត្រៃយ៍គ្រប់ ៗ ជាតិ

៦. ដល់នូវការរំលឹកជាតិបាន

៧. បានសម្រេចនូវឧបចារសមាធិ

៨. សម្រេចបាននូវឈានទាំង ៤

៩. ទីបំផុតនៃការរំលាយខ័ន្ធសង្ខារ រមែងមិនជាទីទៅនៃទុគតិ។

 

ដោយសេចក្ដីព្យាយាមចែករំលែកនេះ ខ្ញុំសូមឧទ្ទិសកុសលដល់ញោមប្រុសស្រី ញាតិការ គ្រូបាអាចារ្យ និងអស់កល្យាណមិត្ដ សព្វសត្វទាំងអស់បានតែសេចក្ដីសុខ និងប្រាសចាកទុក្ខ ។សូមសន្ដិភាពកើតមាន។

 

ឯកសារយោង

វចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត ច្បាប់អេឡិចត្រូនិច

គម្ពីរវិមុត្ដិមគ្គ ច្បាប់ភាសាថៃ

 

https://en.wikipedia.org/wiki/Buddhist_prayer_beads

http://www.usamyanmar.net/Buddha/Article/Praying%20beads1.pdf

 


 

Save

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 28, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. មតិ​មួយ​.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: