ដើមកំណើតនៃពាក្យថា នមោពុទ្ធាយៈ


ដោយយន់ សុធា Sothea Yon FB: https://www.facebook.com/sothea.yon

namo

 ជារឿយ ៗ យើងធ្លាប់បានស្ដាប់បានលឺព្រះសង្ឃឬព្រឹទ្ធាចារ្យតែងសូត្រពាក្យថា នមោពុទ្ធាយៈ តែមិនដឹងឬមិនយល់ន័យ។ព្រះសង្ឃនិងព្រឹទ្ធាចារ្យខ្លះយកពាក្យនេះទៅប្រើក្នុងពិធីកម្មដូចជាចាក់ទឹក លើករាសី ដេញខ្មោចព្រាយបិសាច ស្ដោះគ្រោះឬអ្វីម្យ៉ាងក្នុងន័យថាជាបាលីសក្ដិសិទ្ធិ បញ្ចៀសគ្រោះចង្រៃ ដោយសូត្រថា នមោពុទ្ធាយៈ មៈអឧ ជាដើម។ចំណែកកងយុទ្ធពលខ្មែរ តែងសូត្របទនេះ ដើម្បីការពារសត្រូវ ឬបញ្ចៀសគ្រាប់ក្នុងពេលចូលសមរភូមិ ។សិស្សសាលាក្ដី ក្មេងវត្ដក្ដីចាប់ពីសតវត្សរ៍ទី ១៣ (អាចមុនជាងនេះ) មកដល់ទសវត្សរ៍ទី៥០ បានសូត្របទនេះ មុនពេលចូលរៀន ដោយគិតថាជាការរំលឹកគុណគ្រូ។ចំណែកអ្នកសរសេរតម្រាសាស្ដ្រា គម្ភីរស្លឹករិតក្ដី ជាសៀវភៅក្ដីតាំងផ្ដើមដោយពាក្យនេះ ក្នុងន័យរំលឹកគុណអក្ខរៈ(អក្សរ) ឬរំលឹកគុណព្រះពុទ្ធ។អ្នកដែលចូលចិត្ដសាក់ចារដោយគំនូរលើក្រណាត់យន្ដក្ដីលើដងខ្លួនក្ដីតែងនិយមពាក្យនេះ ដោយជឿថា ជាការកាប់មិនមុតដុតមិនចេះ មិនខុសពីអ្នកដែលជំនឿផ្នែឱសថបូរាណរមែងសូត្រដាស់ពាក្យបាលីនេះ ក្នុងការថែរក្សាជំងឺ ដោយជឿថាមន្ដអាគមផ្សំនឹងថ្នាំបុរាណនឹងធ្វើឲ្យអ្នកជំងឺបានធូរស្រាល ឬជាសះស្បើយក្នុងរយៈពេលខ្លី (អាគមផ្សំអាយុ)។ អ្នកដែលធ្វើវិនិយោគទុន ពាណិជ្ជករ ប្រើក្នុងន័យនាំមកនូវលាភសក្ការៈគឺទ្រព្យហូរចូលមកដូចទឹក មិនត្រឹមតែប៉ុណ្ណោះ ពាក្យនេះត្រូវបានចារិកទុកតាមវត្ថុស័ក្ដិសិទ្ធនិងគោរពបូជាផ្សេង ៗ ដូចជាដាវ កំបិត ខ្សែគាថា ព្រះពុទ្ធរូបជាដើម។

ក្នុងន័យខាងលើ នមោពុទ្ធាយៈ ត្រូវបានយកមកប្រើក្នុងន័យរំលឹកគុណនិងមន្ដគាថា អាគមសក្ដិសិទ្ធផ្សេង ៗ ។

តើពាក្យនេះមានន័យថាដូចម្ដេច?

តពីអត្ថបទមុនអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ ខ្ញុំសូមបទស្រាយតាមរយៈជំនឿក្នុងព្រះពុទ្ធសាសនា។ទាំងសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនាគឺមានជំនឿដូចគ្នាទៅនឹងលេខ ១០៨ ដោយគិតថាជាលេខមង្គល ជាលេខសិរីសួស្ដី នាំមកនូវជោគនិងជ័យក្នុងគ្រួសារ ការងារចម្រើនលូតលាស់ ជាដើម។ (សូមសិក្សាផងដែរអំពីប្រាសាទភ្នំបាខែង ព្រោះមានលេខ ១០៨ នៅទីនោះ)។

នមោ រីកិរិយារំលឹកនូវគុណព្រះត្រៃរតន៍ ដោយបូរាណាចារ្យចងក្រងអំពីគុណថា ៖

នមោ ពុទ្ធាយៈ ឆបញ្ញាសៈ ពុទ្ធគុណំ ព្រះពុទ្ធជាម្ចាស់ ជាបរមគ្រូមានគុណ ៥៦ តួ

នមោ អដ្ឋតឹសៈ ធម្មគុណំ ព្រះធម៌ជាម្ចាស់មាន ៣៨ តួ

នមោ ចុទ្ទស្ស សង្ឃគុណំ ព្រះសង្ឃជាម្ចាស់មានគុណ ១៤ តួ

សរុបទៅជា ១០៨ តួ ។តើ ១០៨ តួមានអ្វីខ្លះ? សូមមេត្ដាទៅកាន់អត្ថបទអច្ឆរិយភាពនៃភាវនាចិត្ដតាមរយៈគ្រាប់អង្កាំ។លេខមង្គលទាំង១០៨ តួនោះ កើតចេញពីអក្ខរៈទាំង ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។

លោកនេះ ឬកប្បនីមួយៗ ធ្វើចលនាទៅមុខឥតងាក់រេ ឈប់ឈរ ពីចម្រើនទៅវិនាស ពីវិនាសទៅចម្រើន ។លោកចម្រើនដោយគុណធម និងវិនាសទៅវិញដោយ បាបធម៌។ គ្រាមួយលោកនេះត្រូវវិនាសដោយទឹកជំនន់ លិចលង់អស់មនុស្សសត្វ និងសព្វវត្ថុផ្សេង ៗ ។រាប់លានសិបឆ្នាំក្រោយមក លោកនេះត្រូវបានកកំណើតជាថ្មី ផ្កាឈូក ៥ បានផុសចេញមកដោយមានអក្ខរៈ ៥ តួ គឺ នៈ មោ ពុ ទ្ធា យៈ។ ទេវព្រហ្មបានព្យាករណ៍ថា តទៅនេះ លោកនេះនឹងមានព្រះមហាសាស្ដាលោកកើតឡើងដើម្បីរំលត់ទុក្ខសោករោគភ័យផ្សេង ៗ នាំមកនូវឥស្សរៈភាពផ្លូវចិត្ដពីបាបកុសលទាំងពួង។ ព្រោះហេតុនេះ ទើបភទ្រកប្បនេះ មានព្រះពុទ្ធទាំង ៥ ព្រះអង្គកើតឡើង។

នៈ     គឺព្រះពុទ្ធនាមកកុសន្ធោ       គង់ស្ថិតនៅខាងស្ដាំរបស់សត្វលោក

មោ    គឺព្រះពុទ្ធគោនាគមនោ        គង់ស្ថិតនៅខាងឆ្វេងរបស់សត្វលោក

ពុ       គឺព្រះពុទ្ធកស្សោ                គង់នៅសោតាឆ្វេងស្ដាំរបស់សត្វលោក

ទ្ធា      គឺព្រះពុទ្ធគោត្ដម                គង់នៅត្រង់កណ្ដាល(ផ្ចិត)របស់សត្វលោក

យៈ    គឺព្រះពុទ្ធអរិយមេត្រី            គង់នៅខាងមុខរបស់សត្វលោក

មែនពិត មនុស្សយើងសំណាងល្អណាស់ដែលមានអក្ខរៈទាំង ៥ តួដែលជានាមរបស់ព្រះពុទ្ធទាំង ៥ ព្រះអង្គនៅជុំវិញខ្លួន ទាំងការពារសត្រូវមិនឲ្យចូលមកបៀតបៀន អប់រំដាស់តឿនសតិបង្កើតបញ្ញាយល់ឃើញត្រូវ និងផ្ដល់នូវសេចក្ដីស្រលាញ់រាប់អាន ជួយសង្គ្រោះគ្នា។ ដើម្បីឲ្យគាថាទាំង ៥ នេះរិតតែស័ក្ដិសិទ្ធនោះត្រូវភាវនាបន្ថែមអក្ខរៈ ៣ តួទៀត គឺ សុ វិ អ (នឹងបានសិក្សាបន្ដទៀតក្នុងអត្ថបទថ្មី)។

បុគ្គលណាមួយបានចម្រើនភាវនាគាថាអក្ខរៈទាំង ៥ តួនេះហើយនឹងបាននូវសិរីសួស្ដី កើតមង្គល ត្រជាក់ត្រជុំក្នុងគ្រួសារ ផុតចាកគ្រោះភ័យ បានសម្រេចនូវឧបចារសមាធិ និងឈានទាំង ៤ ទីបំផុតនៃជាតិបច្ចុប្បន្ននឹងបានផុតចាកទុក្ខ កើតក្នុងបរមសុខភព។

សូមថ្លែងអំណរគុណចំពោះកល្យាណមិត្ដ នូ រចនា បានផ្ដល់សំណួរនេះដល់ខ្ញុំ ជាហេតុនាំមកនូវអត្ថបទដ៏ខ្លីនេះ។ សូមបុណ្យកុសលកើតមាន។

សូមឧទ្ទិសអត្ថបទនេះចំពោះប្អូនស្រីដែលបានអនិច្ចកម្មទៅ និងមាតាបិតាគ្រូបាអាចារ្យ កល្យាណមិត្ដគ្រូ សព្វសត្វទាំងអស់ក្នុងដែនចក្រវាឡនេះ។

ឯកសារយោង

Arahant Upatisssa, The Path of Freedom (Vimuttimagga) (វិមុត្ដិមគ្គ), Sri lanka: Buddhist Publication Society,  1995. (ភាសាអង់គ្លេស)

F. Bizot ,F.Lagirade , Le Purete par les mots (សទ្ធវិមលៈ), Ecole Francaise D ‘Extreme-Orient ,1996. (ភាសាបារាំង)

 

Save

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកញ្ញា 2, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: