ព្រះអរហន្តលាក់មុខ


 

ដោយYon Seng Yeath

ឃោសន្ន

សម្រែកបាក់ទ័ពរបស់រដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនជាមួយខ្មែរក្រហមលាន់ពេញព្រៃ សាកសពច្រើនឥតគណនាត្រូវបានគេដឹកជញ្ជូនឆ្ពោះទៅកាន់ទីរួមខេត្តបាត់ដំបង ទឹកមុខទាហ៊ានមានសភាពក្រៀមក្រំ អ្នកខ្លះបានស្រែកពីលើរថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា« កូណាចាញ់ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ២០០០នាក់បានទៅដល់ចំណុចគីឡូ៣៨ក្នុងស្រុករតនៈមណ្ឌលនាខេត្តបាត់ដំបងម៉ោងប្រហែលជាង១១ជិតត្រង់ ដែលជាចំណុចប្រយុទ្ឋដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិងរដ្ឋាភិបាលចម្រុះរបស់សហនាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៩៤។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយះ ដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់សមរភូមិឆ្ពោះទៅកាន់តំបន់ប៉ៃលិន នាយទាហ៊ានម្នាក់បានមកទូថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណាឈប់បាញ់បាន តែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។មនុស្សប្រមាណ២០០០នាក់ ដោយមានព្រះសង្ឃជិត១០០០អង្គ បានឈរត្រៀបត្រានៅតាមបណ្ដោយផ្លូវ រងចាំការសម្រេចព្រះទ័យរបស់សម្ដេច។ នៅក្រោមគ្រាប់ភ្នែកប្រហែល៤០០០គ្រាប់របស់អ្នកដង្ហែរសម្ដេច យើងឃើញព្រះអង្គនិមន្តឡើងឡានម៉ាកតូយូតាតែមួយអង្គឯងជាមួយអ្នកបើកបរម្នាក់បើកចូលទៅក្នុងសមរភូមិដែលអមទៅដោយគ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គ បានអង្រួនដួងចិត្តមនុស្សរាប់ពាន់នាក់ ឲ្យឈរយ៉ាងស្ងាត់ស្ងៀម សម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី«សន្តិភាព និងអហិង្សា»នៅកម្ពុជា។ ជនបរទេសខ្លះ បានលើកដៃរប្រណម្យលាយឡំដោយទឹកភ្នែកហូរសស្រក់ ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេចនិង អ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់ សម្លឹងមើលឡានដឹកសម្ដេចរំកិលខ្លួនចាកចេញពីពួកគេបន្តិចម្ដងៗ។ ចំណែកទាហ៊ានម្នាក់បាននិយាយខ្សាវៗថា« សម្ដេច អាចសុគតក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លី
ជិតមួយម៉ោងកន្លងទៅហើយ នៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀត មនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា«សម្ដេចអាចសុគតឬរបួសហើយ សម្ដេចអាចខ្មែរក្រហមចាប់ហើយ» ។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។ សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញ សម្ដេចមកវិញហើយ !!!» មិនដល់៥នាទីផង ឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រាស្ទើរបាត់ស្រមើលឡានមើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាល ព្រមដោយហត្ថាប្រណម្យទាំងទ្វេរ តែមិននិយាយសូម្បីតែមួយម៉ាត់ទៅកាន់អ្នកណាម្នាក់ឡើយ ក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយនៅជិតគុម្ពព្រៃហើយគង់យ៉ាងស្រគត់ស្រគំ។ សម្ដេចគង់មិនទាន់បាន២នាទីផង សម្លេងឧគ្ឃោសនស័ព្ទបានបន្លឺឡើងថា«សូមអ្នកដើរធម្មយាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។
សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។ សម្ដេចសម្ដែងព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែង ចំណែកអ្នកស្ដាប់វិញក៏ហាក់ដូចជាស្ងប់ជាមួយសម្ដេចដែរ ដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។ សម្ដេចសម្ដែងបញ្ជាក់ថា«ម្ដងមួយជំហ៊ាន ម្ដងមួយជំហ៊ាន ជំហ៊ាននីមួយៗគឺសមាធិ ជំហ៊ាននីមួយៗគឺសន្តិភាព ជំហ៊ាននីមួយៗគឺអហិង្សា បុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។
ចប់ធម្មទេសនាភ្លាម គណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា« ធម្មយាត្រាមិនអាចបន្តដំណើរទៅប៉ៃលិនទៀតទេ បើទុកណាភាគីខ្មែរក្រហមនិងភាគីរដ្ឋាភិបាលព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយ តែបញ្ហាចម្បងគឺយើងត្រូវប្រើពេល២ឬ៣ថ្ងៃបានដល់គោលដៅ ដោយនៅតាមផ្លូវគ្មានមនុស្ស គ្មានអាហារ និងប្រឈមនិងការជាន់មីនគ្រប់ពេល តែបើយើងសម្រេចទៅមុខទៀតគឺមានមនុស្សយ៉ាងតិចពី២០០ទៅ៣០០នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ៤ឬ៥ អង្គបានក្រោកឈរឡើងហើយស្រែកថា«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។ សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗ ដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយបន្ទោរដ៏ដែលៗថា«ស្ម័គ្រស្លាប់បញ្ចប់សង្រ្គាម»។ ពេលនោះ សម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយ ក៏ដឹកនាំក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀត ដោយមិនចាប់អារម្មណ៌ និងអ្នកស្ម័គ្រស្លាប់ឬស្ម័គ្ររស់។
ធម្មទេសនាថ្ងៃនោះ គឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់បំផុតបន្ទាប់ពីធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី២៥៦០មុននៅស្ទឹងរូហិនីនៅជម្ពូទ្វី(ឥណ្ឌា) ព្រោះហេតុដូច្នោះហើយ ខ្ញុំសូមឯកភាពជាមួយព្រះតេជគុណសន្តិធម្មោ (សញ្ជាតិអាមេរិកាំង) ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ» និង លោកធម្មបណ្ឌិត ហេង មណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ»។
(ក្នុងរូបភាពនេះ ខ្ុំអង្គុយជាប់ជើងគ្រែទេសន៍)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 23, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: