Category Archives: ស្រាវជ្រាវ

សង្ឃបាលោ សង្ឃបណ្ឌិតខ្មែរក្នុងសម័យហ្វូណន

Sanghapalo : Scholastic Khmer Monk in Funan

ទាញយកឯកសារទីនេះ

ហ្វូណនត្រូវបានគេហៅថាអាណាចក្រភ្នំឬនគរភ្នំតាមសំនៀងជនជាតិចិន ហើយត្រូវបានគេស្គាល់ផងដែរថាជាអាណាចក្រដែលឧត្ដមសម្បូណ៌ដោយធនធានធម្មជាតិ និងវប្បធម៌។មានទំនងទំនងជាមួយនឹងបរទេស ដូចជា ឥណ្ឌា ស្រីលង្កា និងចិន យ៉ាងជិតស្និទ្ធខាងផ្នែកនយោបាយ ជំនឿនិងសាសនា និងការវិនយោគទុន។ ឥទ្ធិពលពីទំនាក់ទំនងនេះជាហេតុធ្វើឲ្យទទួលនូវវប្បធម៌បរទេស ជាពិសេសគឺជំនឿសាសនា ដូចព្រាហ្មណ៍សាសនានិង ព្រះពុទ្ធសាសនា តែត្រូវបានធ្វើជាខ្មែរូបនីយកម្មយ៉ាងឈ្លាសវៃបំផុត។កំណត់ហេតុចិន ជាច្រើនបានស្ងើចសរសើរនូវឧត្ដមភាពដ៏អស្ចារ្យនៃប្រទេសនេះដែលមានព្រះរាជាគ្របគ្រងប្រកប​ដោយធម៌ ដូចជា ព្រះបាទហ្វាន់ ចេ ម៉័ន ឬស្រីមារៈ ជាដើម។ ព្រះអង្គមានព្រះសែន្យានុភាពផ្សាយដល់ប្រទេសជិតខាង។ជាហេតុធ្វើឲ្យអាណាចក្រនេះធំទូលាយបានចំនួន ៥ ទៅ ៦ ដងលីលើសដើម។

ព្រះពុទ្ធសាសនា

 buddha.jpg 600 A.D.

ហ្វូណនជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា។ ព្រះរាជាទ្រង់ព្រះនាមព្រះបាទស្រីមារៈ​​ ទ្រង់មានសទ្ធាជឿជាក់ខ្លាំងណាស់ចំពោះព្រះរតនត្រៃយ៍ ។ទ្រង់បានចំណាយពេលដើម្បីសិក្សានិងបដិបត្ដិព្រះធម៌។ទ្រង់បានឃើញនូវវដ្ដចក្រនៃជីវិតដោយបញ្ញាញាណ។ទ្រង់ប្រកបដោយមហាករុណាចំពោះសព្វសត្វរកប្រមាណមិនបាន។ ទ្រង់បានបរិចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គដើម្បីសាធារណៈប្រយោជន៍។ទ្រង់បានព្រះរាជបន្ទូលក្នុងទីកណ្ដាលជំនុំនៃព្រះញាតិវង្សានុវង្សនិងមន្ដ្រីរាជការថា អំណេះតទៅ សូមព្រះរាជាសោយរាជ្យជាតំណទៅអនាគតប្រតិបត្ដិតាមព្រះរាជប្រកាសនេះ ដើម្បីជាប្រយោជន៍ធំដល់សត្វលោក។ ព្រះរាជប្រកាសនោះ ដោយខ្លីគឺ ចូរប្រជាជនក្រេបផឹកនូវទឹកអម្រឹត គឺព្រះធម៌ សូមឲ្យព្រះរាជាយករាជសម្បត្ដិនេះដើម្បីជាប្រយោជន៍ដល់មហាជន។

ពីសេចក្ដីខាងលើ យើងអាចសន្និដ្ឋានថាបានថា​ព្រះពុទ្ធសាសនាត្រូវបានជ្រួតជ្រាបក្នុងហឫទ័យទាំងព្រះមហាក្សត្រនិងមហាប្រជានុរាស្ដ្រ។ក្រៅពីព្រះអង្គ យើងបានសិក្សាឃើញថាមានព្រះរាជាមួយអង្គទៀតដែលធ្លាប់គោរព សទ្ធាចំពោះព្រាហ្មណ៍សាសនា ក្រោយមកបានប្ដូរជាព្រះពុទ្ធសាសនា ព្រះអង្គនោះគឺព្រះបាទកៅណ្ឌិន្យជយវរ្ម័ន (ឆ្នាំគ.ស. ៤៨៤)។ ទ្រង់បានបញ្ជូនព្រះភិក្ខុណា គា ស៊ាង ជាតិឥណ្ឌាជាទូតនាំនូវគ្រឿងបណ្ណាការទៅថ្វាយព្រះចៅក្រុងចិន ព្រះនាម វ៉ូ ទី។ ព្រះភិក្ខុអង្គនេះបានទូលព្រះចៅក្រុងចិនថា អាណាចក្រហ្វូណន ព្រះពុទ្ធសាសនារីកចំរើនណាស់ មានសមណៈច្រើនក្រៃលែង ប្រតិបត្ដិព្រះពុទ្ធវចនៈយ៉ាងតឹងរឹងតាមពុទ្ធប្រពេណី។ បន្ទាប់មក ទ្រង់បានបញ្ជូនព្រះពុទ្ធរូបធ្វើពីផ្កាថ្មសមុទ្រនិងវត្ថុដទៃទៀតច្រើនដល់ព្រះចៅក្រុងចិន។

ព្រះសង្ឃបណ្ឌិតក្នុងសម័យហ្វូណន

angkor burei

ព្រះពុទ្ធរូបរចនាបទអង្គរបុរី សម័យហ្វូណន

          ក្នុងសម័យហ្វូណន មានព្រះសង្ឃបណ្ឌិតជាច្រើនអង្គព្រមទាំងមានបត្ដិបទាគួរឲ្យជ្រះថ្លាក្រៃពេក។ក្នុងចំណោមសង្ឃបណ្ឌិតទាំងនោះ គឺព្រះសង្ឃបាលោ ឬសេង គា ប៉ូឡូ។ ព្រះអង្គប្រសូត្រនៅឆ្នាំ គ.ស. ៤៦០ ក្នុងអាណាចក្រហ្វូណន ឬអាណាចក្រភ្នំ។សុគតនៅឆ្នាំ គ.ស.៥២៥ ក្នុងព្រះជន្មាយុ ៦៥ វស្សា នៅធម្មនិវេសន៍ហ្សូក្វានជិ ប្រទេសចិន។កាលក្មេង វ័យ កុមារសេងមាសតិបញ្ញាឈ្លាសវៃណាស់ មានចិត្ដគ្រង់និងអប់រំដោយព្រះសទ្ធម្មយ៉ាងល្អ បរិសុទ្ធ ពុំដែលបានបង្កសេចក្ដីទុក្ខលំបាកដល់មាតាបិតាដោយប្រការណាមួយ។

ព្រះភិក្ខុរូបនេះ មានរូបនិងគុណសម្បត្ដិដ៏អស្ចារ្យ ខ្ពស់សង្ហារ ញញឹមស្រស់ ព្រះទ័យពេញដោយមហាករុណា។ មានសីលាចារិកប្រកបដោយសតិនិងនាំមកនូវសទ្ធាជ្រះថ្លា។ សតិបញ្ញាពេញទៅដោយបញ្ញាណាណ។ ព្រះអង្គប្រៀបដូចជាព្រះពោធិសត្វមកសង្គ្រោះសត្វលោកឲ្យផុតពីអន្លង់នៃសេចក្ដីទុក្ខ។ ព្រះអង្គបានទេសន៍សម្ដែងប្រោសពុទ្ធបរិស័ទឲ្យបានឃើញនូវពន្លឺនៃឥស្សរភាពផ្លូវចិត្ដ។ គ្រប់ពាក្យសម្ដីចេញពីព្រះឱស្ឋធ្ងន់ទៅដោយអត្ថន័យ ជ្រៅទៅដោយមហាបញ្ញា។ ជាភិក្ខុដែលពេញទៅដោយមហាកតញ្ញូកត្ដវេទីចំពោះព្រះឧបជ្ឈាយ៍ និងគ្រូបាអាចារ្យដែលបានប្រទាននូវចំណេះចេះដឹងនិងដឹកនាំបដិបត្ដិនូវព្រះសទ្ធម្ម​។ ជាភិក្ខុខ្មែរមួយអង្គក្នុងសម័យនោះ ដែលចេះចាំនូវព្រះត្រៃបិដកយ៉ាងស្ទាត់ជំនាញមិនមិនត្រឹមតែព្រះអភិធម៌ប៉ុណ្ណោះទេ ព្រោះហេតុនេះទើបត្រូវបានចារិកក្នុងប្រត្ដិសាស្ដ្រ​លោកនូវកិត្ដិនាមថា តិបិតកៈ សង្ឃបាលថេរៈនៃហ្វូណន (Tipitaka Sanghapala Thera of Funa)។ ក្រៅពីនេះ គឺមានសមត្ថភាពខ្ពស់អាចនិយាយបានច្រើនភាសាយ៉ាងជំនាញ ក្រៅពីភាសាកំណើត មានដូចជា ភាសាបាលី សំស្ក្រឹត ភាសាសិង្ហលៈ(ស្រីលង្កា) និងភាសាចិន ជាដើម។ ព្រោះហេតុនោះ ត្រូវបានគេប្រទានងារថាបានសម្រេចនូវវិជ្ជាជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ក្នុងវិជ្ជាណាមួយនៃវិជ្ជា ៣ និងវិជ្ជា ៨ ជាពិសេសគឺនិរុត្ដិសមាបត្ដិ។

ព្រះភិក្ខុរូបនេះ ជាទីសទ្ធាជ្រះថ្លាចំពោះព្រះបាទកៅណ្ឌិន្យជយវរ្ម័នណាស់។បាន   សង្គ្រោះរាជញាតិវង្សានុវង្ស និងមហាប្រជានុរាស្ដ្រឲ្យភ្លឺដោយបញ្ញា ឃើញនូវវដ្ដចក្រសង្សារដែលអន្ទោលគ្មានទីបញ្ជប់។បានដឹកនាំឲ្យមហាជនបដិបត្ដិនូវសីល សមាធិនិងបញ្ញា។ ព្រោះហេតុនេះ ទើបព្រះបាទកៅណ្ឌិន្យជយវរ្ម័នប្ដូរសាសនាពីព្រាហ្មណ៍មកព្រះពុទ្ធសាសនាដោយគ្មានបន្ទិលសង្ស័យ ស្ទាក់ស្ទើរសូម្បីតិចតូច។ ព្រះអង្គបានចងក្រង ប្រែ រៀបរៀង និពន្ធនូវពុទ្ធវចនៈ ជាច្រើន ទុកជារតនសម្បត្ដិក្នុងព្រះពុទ្ធសាសនានិងអាណា   ចក្រ។

​          ព្រោះបញ្ញាដ៏អច្ឆរិយៈ គ្មានគូប្រៀប ទើបព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ននិងព្រះឧបជ្ឈាយ៍បានបញ្ជូនព្រះអង្គនិងសហធម្មិកមួយចំនួនទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសចិន ក្នុងរាជសម័យនៃចក្រពត្ដិវ៉ូ តី។

ក្នុងរយៈវេលា ១៧ ឆ្នាំ នៅប្រទេសចិន សង្ឃបាលោភិក្ខុ បានញ៉ាំងសទ្ធានិងសតិបញ្ញាឲ្យកើតឡើងចំពោះចក្រពត្ដិនិងញាតិវង្សានុវង្ស ព្រមទាំងប្រជានុរាស្ដ្រគ្រប់ស្រទាប់ ថ្នាក់។ ដើម្បីជាទីសិក្សានិងបដិបត្ដិនូវព្រះសទ្ធម្មដ៏បរិសុទ្ធ ដល់នូវបញ្ញាញាណនៃពុទ្ធៈ ព្រះអង្គនិងសហធម្មិកបានធ្វើការប្រែគម្ពីរព្រះត្រៃបិដកពីភាសាសំស្ក្រឹតមកជាភាសាចិន ព្រមទាំងគម្ពីរផ្សេង ៗ ទៀតជាច្រើន រាប់មិនអស់។ គម្ពីរទាំងនោះ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីព្រះត្រៃបិដក យើងបានឃើញមានគម្ពីរវិមុត្ដិមគ្គ ដែលនិពន្ធដោយព្រះអរហត្ដឧប្បតិស្សៈ។ ជាគម្ពីរនាំមកនូវប្រទីប បំភ្លឺនូវសតិបញ្ញាដល់ទ្វីបលោកចាប់ពីសម័យនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ដោយមហាករុណាទិគុណចំពោះប្រជាជនចិន ចក្រពត្ដិវ៉ូ ទីបានកសាងនូវរាជធម្មនិវេសន៍ សម្រាប់ជាទីគង់នូវចម្រើនធម៌ និងការិយាល័យប្រែគម្ពីរចំនួន ៥ កន្លែង។កន្លែងទាំងនោះ ដូចជា ជូគូឌិន ការិនឌិន ហ្សូក្វានជិ សេនានក្វាន់និងហ្វូណនក្វាង។

គម្ពីរវិមុត្ដិមគ្គនោះ បច្ចុប្បន្នត្រូវបានប្រែពីភាសាចិន មកជាភាសាអង់គ្លេសដោយ Rev.N.R.M.Ehara, Soma Thera,និង Kheminda Thera និងត្រូវបានប្រែពីភាសាមួយទៅភាសាមួយទៀតគ្មានទីបញ្ចប់។ ជាភព្វសំណាងនៃប្រទេសកម្ពុជា គម្ពីរនេះ ត្រូវបានប្រែជាភាសាខ្មែរដោយធម្មបណ្ឌិត ហេង មណីចិន្ដា។ ពន្លឺនៃសន្ដិភាព បញ្ញា និងមហាករុណាចំពោះសត្វលោកបានកើតឡើងហើយតាមរយៈគម្ពីរនេះ។

គម្ពីរនេះ ត្រូវបានផ្ដើមដោយគាថាថា

សីលំ សមាធិ បញ្ញា ច វិមុត្ដិ ច អនុត្ដារា

          អនុពុទ្ធា ឥមេ ធម្មា គោតាមេន យាសាស្សិនា។

ប្រែថា

   សីល សមាធិ បញ្ញា និងវិមុត្ដិ

គុណធម៌ទាំងនេះ បានកើតឡើងហើយ ពីព្រះពុទ្ធដ៏ឧត្ដម។

                        Virtue, concentration, wisdom and the peerless freedom,

                        To these verities awoke, Illustrious Gotama.

           ក្រៅពីសង្ឃបាលោភិក្ខុ នៅមានភិក្ខុមន្ដ្រសេនៈ និងភិក្ខុជាច្រើនអង្គទៀត ជាបន្ដបន្ទាប់ចូលទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសចិន។ ភិក្ខុទាំងនោះ ក្លាយជាធម្មទូតនាំនូវសន្ដិភាពរវាងពីប្រទេសគឺហ្វូណន និងចក្រពត្ដិវ៉ូ ទី។

នៅហ្វូណន ឬអាណាចក្រភ្នំ ព្រះបាទរុទ្រវរ្ម័ន ព្រះរាជបុត្រនៃព្រះបាទកៅណ្ឌិន្យវរ្ម័ន ទ្រង់មានព្រះទ័យប្រោសប្រណីចំពោះអាណាប្រជានុរាស្ដ្រដោយមហាករុណាដ៏បរិសុទ្ធ។ទ្រង់បាននាំមកនូវទឹកអម្រិតចំពោះមហាជនតាមរយៈព្រះសទ្ធម្មនៃសង្ឃបណ្ឌិត។ទ្រង់បាន​​បូជាកាយ ថ្វាយជីវិតចំពោះព្រះរតនត្រៃយ៍ ។ចិត្ដស្ថិតនៅក្នុងសីល សមាធិនិងបញ្ញា ។ទ្រង់សទ្ធាជ្រះថ្លាពេកក្រៃនូវព្រះបរមសារីរិកធាតុ(ព្រះកេសា ប្រវែង ៣ ម៉ែត្រ)នៃអង្គព្រះសម្មា សម្ពុទ្ធ។ តែអកុសល ព្រះបរមសារីរិកធាតុនេះ ត្រូវបានចក្រពត្ដិចិនសុំទៅប្រដិស្ថាននៅឯប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាក្នុងហ្វូណន ឬអាណាចក្រភ្នំនេះ ចម្រើនរុងរឿងណាស់ មានព្រះពុទ្ធរូបច្រើនអង្គ ធ្វើអំពីថ្ម សំរិទ្ធ ឈើ ជាដើម តាមរចនាបទនិងមុទ្រា នីមួយ ៗ ។ លោកអ៊ិត សុធា បានដកស្រង់ពាក្យរបស់លោកអៀន ហ៊ែរីស ថា ព្រះពុទ្ធរូប ៤០ អង្គ ត្រូវបានគេរកឃើញនូវភាគខាងក្រោមនៃទន្លេមេគង្គ និងតំបន់ជាច្រើនទៀតនៅប្រទេសសៀម។ តាមភស្ដុតាងមួយចំនួននៅក្បែរអង្គរបុរីវិញ យើងអាចដឹងថា ទីនេះ ជាទីកន្លែងដែលគេបានប្រារឰពិធីផ្សេង ៗ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា។

ពីការសិក្សាខាងលើ យើងអាចសរុបបានថា ហ្វូណនឬអាណាចក្រភ្នំ ជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា ផ្សាយភាយនូវសន្ដិភាពនិងចំណងមិត្ដភាពរវាងប្រទេស។ព្រះភិក្ខុ សាមណេរ និងពុទ្ធបរិស័ទស្ថិតក្នុងត្រៃសិក្ខាយ៉ាងខ្ជាប់ខ្ជួន។

ឯកសារយោង

ព្រះពុទ្ធសាសនា ២៥០០ ,វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ,២៥៤៥

អ៊ិត សុធា, វប្បធម៌និងសង្គមខ្មែរ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,២០១៤

Arahant Upatissa, The Path of Freedom (Vimuttimagga),tran. By Rev.N.R.M. Ehara, Soma Thera, Khmeminda Thera, Buddhist Publication Society, Sri Lanka,1995.

ស្រាវជ្រាវដោយភិក្ខុយន់ សុធា

ចុះផ្សាយថ្ងៃទី​២ ខែមិនា ឆ្នាំ ២០១៦។ សូមសាសនាពុទ្ធរីកចំរើន សូមសុខសន្ដិភាពកើតមានដល់កម្ពុជរដ្ឋ។សូមបុណ្យកុសលកើតមានដល់ញាតិការទាំង ៧ សន្ដាន និងសព្វសត្វទូទាំងចក្រវាឡ។

ការគ្រប់គ្រងព្រះសង្ឃក្នុងសម័យពុទ្ធកាល

buddha

សង្ឃាភិបាលក្នុងសម័យពុទ្ធកាល Sangha Administration in Buddha time

ក្រោយពីត្រាស់ដឹងរយៈ ២ ខែមក ព្រះពុទ្ធជាម្ចាស់បានត្រាស់សម្ដែងនូវបឋមទេសនាដំបូងដល់បញ្ចវគ្គីភិក្ខុ។ ពេលនោះ អញ្ញាកោណ្ឌិញ្ញៈបានសម្រេចនូវធម៌ជាន់ខ្ពស់។ ទ្រង់បានផ្ដល់នូវភិក្ខុឧប្បសម្បទាដល់អញ្ញាកោណ្ឌិញ្ញៈដំបូងគេថា អ្នកចូរជាភិក្ខុមកចុះ ធម៌ដែលយើងសម្ដែងល្អមកហើយ ចូរអ្នកបដិបត្ដិព្រហ្មចារីយ៍ដើម្បីធ្វើទីបំផុតនៃទុក្ខ

ពីមួយថ្ងៃទៅមួយថ្ងៃចំនួនសមាជិកកាន់តែកើតឡើងច្រើនៗ ទាំងព្រះសង្ឃនិងគ្រហស្ថ ទាំងនេះ ព្រោះអ្វីដែលទ្រង់សម្ដែងមានទស្សនៈវិស័យច្បាស់លាស់ ដែលភាសាបាលីហៅថា ចក្ខុមា ដោយទិសដៅគឺធ្វើទីបំផុតនៃទុក្ខ ភាសាបាលីហៅថាចិត្ដោវិមុត្ដិ។

៩ ខែមកដល់ ព្រះអង្គបានត្រាស់សម្ដែងនូវធម្មនុញ្ញ (ឱវាទបាតិមោក្ខ) ដល់បរិស័ទរបស់ព្រះអង្គ នៅខែមាឃ ដោយមានព្រះអរហន្ដចំនួន ១២៥០ អង្គចូលរួម។ ក្រោមពីមហាសមាជនេះ ព្រះអង្គបានប្រគល់តួនាទីឲ្យព្រះសង្ឃមើលការខុសត្រូវទាំងពួងទាក់ទងនឹងព្រះពុទ្ធសាសនា ទាំងការផ្ដល់សេវាកម្មសង្គម ការគ្រប់គ្រង និងការដោះស្រាយអធិករណ៍(បញ្ហា)។ ការប្រគល់តួនាទីដល់សង្ឃមើលការខុសត្រូវនេះហៅថាសង្ឃាធិបតេយ្យ។ព្រះសង្ឃទាំងនោះសុទ្ធតែជំនាញ(ឯកទគ្គកម្ម) លើតួនាទីរបស់ខ្លួន ដូចជា ព្រះសារីបុត្រ ជាអនុប្រធានទី១ បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ (ប្រៀបបានទៅនឹងឧបនាយករដ្ឋមន្ដ្រីទី១ ក្នុងប្រទេសដែលគ្រប់គ្រងដោយមានប្រព័ន្ធព្រះមហាក្សត្រ) មើលការខុសត្រូវផ្នែកសិក្សាធិការ (ក្រសួងអប់រំ) គឺអប់រំដោយយកធម្មវិន័យជាគោលការណ៍ ព្រះមោគ្គលាន ជាអនុប្រធានទី២ (ឧបនាយករដ្ឋមន្ដ្រីទី២ ) មើលការខុសត្រូវផ្នែកគ្រប់គ្រង (ក្រសួងមហាផ្ទៃ) ចំណែកព្រះអានន្ទ ជាលេខាផ្ទាល់របស់ព្រះពុទ្ធអង្គ។ទិន្នន័យទាំងឡាយទាំងពួងត្រូវបានកត់ត្រាទុកយ៉ាងល្អ រួមទាំងឯកសារចេញនិងឯកសារចូល។ ព្រោះសមាជិកកើតឡើងទ្វេដង បញ្ហាកើតឡើងកាន់តែច្រើន ព្រះពុទ្ធអង្គបានប្រគល់តួនាទីឲ្យព្រះសង្ឃនិងគ្រហស្ថចូលរួមដោះស្រាយបញ្ហារួមគ្នា គឺពុទ្ធបរិស័ទទាំង ៤ មានភិក្ខុ ភិក្ខុណី ឧបាសកនិងឧបាសិកា។ ការប្រគល់តួនាទីឲ្យមើលការខុសត្រូវនេះ ហៅថាវិមជ្ឈការ ដោយព្រះពុទ្ធអង្គផ្ទេរអំណាចឲ្យពុទ្ធបរិស័ទមើលការខុសត្រូវទាំងពួង ដោយឲ្យការងារទាំងនោះមានតម្លាភាព គណនេយ្យភាព កាត់បន្ថយនូវអធិករណ៍លើគោលការទាំង ៧ ចំនុច។ ជាឧទាហរណ៍ ពីការសិក្សាយើងឃើញថា ព្រះមហាកស្សប្បៈ មើលការខុសត្រូវធុតង្គ ដោយប្រៀបធៀងក្នុងសម័យនេះ តំណែងស្មើនឹងរដ្ឋមន្ដ្រីប្រចាំក្រសួងបរិស្ថាន ហើយព្រះអង្គក៏ជាឧត្ដមប្រឹក្សាជាន់ខ្ពស់មានឋានៈធៀបស្មើនឹងព្រះពុទ្ធអង្គក្នុងនាមជាព្រះមហាថេរដែលក្រិតក្រមដោយធម្មវិន័យ។ ក្រៅពីនេះ យើងឃើញមានព្រះឧប្បលៃយ៍និងភិក្ខុណីបដាចារាមើលការខុសត្រូវផ្នែកព្រះ វិន័យគឺរបៀបសណ្ដាប់ធ្លាប់ ព្រះបុណ្ណមន្ដានីនិងចិត្ដគហបតីឧបាសកជាមើលការខុសត្រូវផ្នែកអប់រំ (សម្ដែងធម៌) ជាដើម។ ដើម្បីសម្រិតសម្រាងក្នុងការជ្រើសរើសបុគ្គលិក ឬសមាជិកចូលមកថ្មី ទ្រង់បានប្រគល់តួនាទីនេះឲ្យព្រះសង្ឃមើលការខុសត្រូវទាំងថ្នាក់កណ្ដាល(មជ្ឈការ)និងថ្នាក់តំបន់ (វិមជ្ឈការ) តាមរយៈញ្ញត្ដិចតុត្ថកម្ម តាមរយៈព្រះឧបជ្ឈាយ៍។សមាជិកមកថ្មីត្រូវបានអប់រំលើគោលការណ៍ត្រៃសិក្ខា គឺសីល សមាធិនិងបញ្ញា។ ព្រះសង្ឃនិងគ្រហស្ថដែលទទួលបានអប់រំ អ្នកខ្លះបានសម្រេចជាព្រះអរហន្ដ ជាសិក្ខបុគ្គល អ្នកខ្លះជាអសិក្ខបុគ្គល ជាបថុជនធម្មតា។

បញ្ហានិងដំណោះស្រាយ

        ក្នុងសម័យពុទ្ធកាល យើងសិក្សាសង្កេតឃើញមានបញ្ហានិងដំណោះស្រាយក្នុងកិច្ចការសង្ឃាភិបាល ទាំងនេះគឺ៖

បញ្ហា

តាមរយៈការសិក្សា យើងសង្កេតឃើញបញ្ហាជាច្រើនបានកើតឡើង ដោយបញ្ហាទាំងនោះ រួមមាន៖

វិវាទាធិករណ៍ គឺបញ្ហាឬវិវាទកើតឡើងការប្រព្រឹត្ដិធម្មវិន័យ ដូចជាចោទថា នោះមិនមែនជាធម្មវិន័យ ព្រះពុទ្ធទ្រង់មិនបានបញ្ញតិឬអនុញ្ញាតិ ជាអាបត្ដិតូចធំ ការឈ្លោះគ្នា ការប្រើពាក្យសម្ដីមិនសមរម្យដាក់គ្នា ការប្រើសំពាធផ្សេង ៗ ជាដើម។ ក្រៅពីនេះ គឺអកុសលកម្មទាំងពួង ដូចជាការមិនគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានសេចក្ដីក្រោធ លោភ រង្វង់ រមិលគុណ កំណាស់ ឫស្យា អម្នួត មាយា ការយល់ខុស ជាដើម។

អនុវាទាធិករណ៍គឺ ការចោទបញ្ហាដោយសីលវិបត្ដិ។ ការចោទប្រកាន់នោះ ទាក់ទងនឹងការប្រព្រឹត្ដិរបស់សង្ឃសមាជិក ដូចជាសីលវិបត្ដិ អាចារវិបត្ដិ ទិដ្ឋិវិបត្ដិ ឬអាជីវវិបត្ដិ ជាដើម។ ក្រៅពីនេះ គឺអកុសលកម្មទាំងពួងដែលបានពោលមកហើយក្នុងវិវាទាធិករណ៍ ដោយរួមផ្សំនឹងការប្រកាន់ពូជពង្សវង្សត្រកូល (ពូជសាសន៍) រូបសម្បត្ដិនិងពណ៌សម្បុរ ជាដើម។

អាបត្ដាធិករណ៍គឺការចោទបញ្ហាដោយអាបត្ដិតូចធំទាំងពួង។ជាការចោទប្រកាន់ទាំងទងនឹងអាបត្ដិ(សេចក្ដីប្រព្រឹត្ដិខុស)នូវអាបត្ដិទាំង ៥ កង (អាបត្ដាធិករណ៍) និងអាបត្ដិទាំង ៧ កង (អាបត្ដាធិករណ៍) ជាដើម។ ក្រៅពីនេះ គឺសុមដ្ឋានាបត្ដិ ទាំង ៦ ដែលជាមូលហេតុនៃអាបត្ដិ ដូចជា អាបត្ដិដែលកើតឡើងដោយផ្លូវកាយ តែមិនកើតឡើងដោយផ្លូវវាចានិងចិត្ដ អាបត្ដិដែលកើតឡើងដោយផ្លូវវាចា តែមិនដោយផ្លូវកាយនិងចិត្ដ អាបត្ដិដែលកើតឡើងដោយកាយនិងវាចាតែមិនដោយចិត្ដ អាបត្ដិកើតឡើងដោយកាយនិងចិត្ដតែមិនកើតឡើងដោយវាចា អាបត្ដិដែលកើតឡើងដោយវាចានិងចិត្ដតែមិនដោយផ្លូវកាយ និងអាបត្ដិដែលកើតឡើងដោយផ្លូវកាយ វាចា និងចិត្ដ។

កិច្ចាធិករណ៍ គឺការចោទបញ្ហាដោយកិច្ចការសង្ឃ។ជាការចោទប្រកាន់ទៅលើការបដិបត្ដិតាមតួនាទីរបស់សង្ឃដែលជាករណីយកិច្ច ដោយប្រើអបលោកនកម្ម ញត្ដិកម្ម ញត្ដិទុតិយកម្ម និងញត្ដិចត្តុត្ថកម្ម។

ដំណោះស្រាយ

ដើម្បីដោះស្រាយបញ្ហា ឬរម្ងាប់អធិករណ៍ដែលកើតឡើងឲ្យមានប្រសិទ្ធភាព ព្រះអង្គបានកំណត់គោលការណ៍ក្នុងវិន័យមហាវគ្គ ដូចជា៖

សម្មុខាវិន័យ គឺរម្ងាប់បញ្ហាដោយព្រះសង្ឃ ប្រជុំដោះស្រាយ ពិចារណាលើពាក្យបណ្ដឹងទាំងដើមចោទនិងចុងចោទតាមរយៈធម្មនុញ្ញ(ធម្មវិន័យ)។

យេភុយ្យសិកា គឺដោះស្រាយបញ្ហាដោយព្រះសង្ឃ ខាងណាទទួលសម្លេងបានច្រើន ខាងនោះឈ្នះ វិធីនេះហៅម្យ៉ាងទៀតថាសង្ឃាធិបតេយ្យ។

តិណវត្ថារកៈ គឺដោះស្រាយបញ្ហាដោយឲ្យគូករណីទាំងពីរ សម្រុះសម្រួលគ្នា ដោយប្រគល់ឲ្យអ្វីម្យ៉ាង(សំណង) ទាំងនេះដើម្បីមិនឲ្យបញ្ហាកាន់តែចលាចលទ្វេដង។

ក្រៅពីនេះ គឺនៅមាន ដូចជា៖

សតិវិន័យ ដោយដើមចោទជាក្រុមអសិក្ខបុគ្គល អាចជាភិក្ខុឬភិក្ខុណី ឬជាឧបាសក ឧបាសិកាចោទលើព្រះអរហត្ដដែលជាចុងចោទ។ ដោយសង្ឃឃើញថាដើមចោទពុំមានមូលគ្រប់គ្រាន់ក្នុងការចោទប្រកាន់ដូច្នោះ ទើបការចោទនោះត្រូវបានរម្ងាប់ដោយសង្ឃប្រកាស។

អមូឡ្ហវិន័យ គឺរម្ងាប់បញ្ហាសម្រាប់អ្នកដែលជាសះស្បើយពីរោគឆ្កួត។ដោយសមាជិកសង្ឃណាមួយឆ្កួតបានប្រព្រឹត្ដិនូវអាបត្ដិណាមួយដោយពុំមានសតិគ្រប់គ្រង ក្រោយពីជាសះស្បើយ សង្ឃប្រកាសការចោទប្រកាន់របស់ដើមចោទជាមោឃៈ។

តស្សបាបិយសិកា ដាក់ទណ្ឌកម្មលើសមាជិកណាមួយដែលមិនព្រមទទួលកំហុសក្រោយពីកាត់សេចក្ដីយ៉ាងយុត្ដិធម៌។សមាជិកសង្ឃដែលប្រពឹត្ដអសីលធម៌ ផ្ដល់ចម្លើយមិនត្រឹមត្រូវ យកខុសជាត្រូវ យកត្រូវជាខុស ឲ្យសេចក្ដីត្រលប់ទៅត្រលប់មក ព្យាយាមយករួចខ្លួន ទោះត្រូវដាស់តឿនច្រើនដងក៏មិនព្រមកែខ្លួន។

បដិញ្ញាណករណៈ សារភាពតាមកំហុស។ ដោយសមាជិកសង្ឃដែលបានប្រព្រឹត្ដខុស ក្រោយពីវិនិច្ឆ័យហើយ ឃើញនូវមូលដោយចុងចោទព្រមទទួលកំហុស ហើយព្រមកសាងខ្លួន(កែខ្លួន)ឡើងវិញ។

ឆ្លងតាមរយៈការសិក្សាខាងលើ យើងអាចសរុបបានថា ការគ្រប់គ្រងក្នុងសម័យពុទ្ធកាល ព្រះពុទ្ធអង្គដឹកនាំគណៈសង្ឃដោយខ្លួនព្រះអង្គឯងក្នុងនាមជាធម្មរាជា។ក្នុងដំណាក់ដំបូងនៃការគ្រប់គ្រងនេះ ព្រះសង្ឃជាសមាជិសុទ្ធតែបានសម្រេចនូវវិជ្ជាជាន់ខ្ពស់ពោលយ៉ាងហោចណាស់គឺសោតាបដិមគ្គ។ការគ្រប់គ្រងបែបនេះ ហៅថាអត្ដាធិបតេយ្យ តែក្នុងន័យសីលធម៌និយម​(Moralism) ឬវិជ្ជមានដែលផ្ទុញពីការគ្រប់គ្រងដោយប្រព័ន្ធគុម្មុយនិស្ដ(Communism) ឬអំណាចនិយម(Authorizenism) ឬជាធររាជ (Tyrannism)។ ក្នុងដំណាក់កាលទី ២ ចំនួនព្រះសង្ឃបានកើតឡើងច្រើន ទាំងសិក្ខនិងអសិក្ខបុគ្គល ដើម្បីឲ្យព្រះសង្ឃជាចំណែកមួយនៃការដោះស្រាយបញ្ហានិងការផ្សព្វផ្សាយនូវព្រះធម៌ដែលជាគោលសន្ដិភាព ព្រះពុទ្ធអង្គបានប្រគល់តួនាទីឲ្យសង្ឃគ្រប់គ្រងតាមបែបសង្ឃាធិបតេយ្យ។ការ​គ្រប់ គ្រងបែបនេះ អាចចាត់ទុកថាលោកាធិបតេយ្យ(Worldly ruling) ដែលយើងសម័យនេះហៅថាប្រជាធិបតេយ្យ (Democracy)ដោយរំពឹងទៅលើគោលការណ៍ផ្សេង ៗ ដោយពិចារណាលើអំណាចជារបស់ប្រជាជន(Popular sovereignty) សិទ្ធិសេរីភាព(Liberty) សមធម៌(Equality) និតិរដ្ឋ(Rule of law) និងសម្លេងភាគច្រើន(Majority rule) ។ ទោះទ្រង់សរសើរការគ្រប់គ្រងបែបលោកាធិបត្យយ៉ាងណាក៏ដោយ ក៏ទ្រង់បន្ថែមគោលការណ៍គ្រប់គ្រងមួយទៀតដើម្បីចៀសវាងនូវសេចក្ដីប្រមាទដោយអំណាចនៃលោកធម៌គ្របសង្កត់។គោលការណ៍​គ្រប់គ្រងថ្មីនេះ ហៅថាធម្មាធិបតេយ្យ ដោយកំណត់យកធម្មវិន័យដែលជាធម្មនុញ្ញមកជាត្រីវិស័យក្នុងការអនុវត្ដបដិបត្ដិ ព្រោះហេតុនោះ មុននឹងបរិព្វាន ព្រះអង្គឆ្លើយតបនឹងព្រះអានន្ទឲ្យគោរពបដិបត្ដិនូវព្រះធម៌ដែលជាធម្មនុញ្ញ។

សូមអានបន្ដប្រព័ន្ធការគ្រប់គ្រងព្រះសង្ឃកម្ពុជាក្នុងសម័យផ្សេង ៗ

ស្រាវជ្រាវដោយភិក្ខុយន់ សុធា អនុបណ្ឌិតព្រះពុទ្ធសាសនា

អ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា ថូមាស វិលៀម រិហ្ស ដេវិត្ស

Scholars in Buddhism : Thomas William Rhys Davids

ហ្លួងថូមាស វិលៀមរិហ្ស ដេវិត្ស កើតនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៨៤៣ និងមរណកាលនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩២២។ គាត់ជាអ្នកប្រាជ្ញជនជាតិអង់គ្លេសផ្នែកភាសាបាលី។ជាស្ថាបនិកនៃសមាគម Pali Text Society.​។

Thomas_William_Rhys_Davids

ជីវិតនិងការសិក្សា

លោកថូមាស វិលៀម រិហ្ស ដេវិត្សកើតនៅប្រទេសអង់គ្លេស ក្នុងក្រុង Colchester ខេត្ដ Essex, ។គាត់ជាបុត្រច្បងនៃអាចារ្យគ្រិស្ដសាសនាម្នាក់មកពីវេល្សដែលមកប្រចាំការក្នុង Essex។ ម្ដាយត្រូវបានស្លាប់ក្នុងអាយុ ៣៧ ឆ្នាំក្រោយពីសម្រាលបុត្រ។គាត់មើលការខុសត្រូវសាលារៀនដែលបើកបង្រៀននៅថ្ងៃអាទិត្យឯព្រះវិហាររបស់ឪពុករបស់លោក។

គាត់សម្រេចចិត្ដជាអ្នកប្រកបអាជីពជាភ្នាក់ងារស៊ីវិល។ ហើយសិក្សាភាសាសំស្ក្រិត ក្រោមការមើលខុសត្រូវរបស់លោក A.F. Stenzler,ដែលជាអ្នកប្រាជ្ញល្បីល្បាញម្នាក់នៅសាកលវិទ្យាល័យ University of Breslau ។ គាត់រកប្រាក់ដោយការបង្រៀនភាសាអង់គ្លេសនៅ Breslau​។

 

ភ្នាក់ងារស៊ីវិលនៅប្រទេសស្រីលង្កា

ឆ្នាំ ១៨៦៣ រិហ្ស ដេវិត្សបានត្រលប់ទៅប្រទេសអង់គ្លេសវិញ ហើយបានបានប្រលងជាប់ជាមន្ដ្រីស៊ីវិល ដែលត្រូវទៅប្រចាំការនៅប្រទេសស្រីលង្កា ។នៅទីនោះគាត់មានតួនាទីជាចៅក្រម មុននឹងគាត់មានទំនាក់ទំនងនឹងសាសនា។គាត់បានសិក្សាភាសាបាលីនៅទីនោះ ព្រោះឯកសារជាភស្ដុតាងភាគច្រើនជាភាសាបាលី។

នៅឆ្នាំ១៨៧១ គាត់ទទួលនាទីជាភ្នាក់ងារជំនួយការរបស់រដ្ឋាភិបាលប្រចាំនៅNuwarakalaviya, ដែល Anuradhapura ជាកន្លែងរដ្ឋបាលកណ្ដាល។ហ្លួង Sir Hercules Robinson, ជាអភិបាលខេត្ដ ហើយជាស្ថាបនិកបេសកកម្មបុរាណវិទ្យាក្នុងឆ្នាំ ១៨៦៨។​

រិស្ស ដេវិត្ស ផ្ដោតអារម្មណ៍លើកិច្ចការស្រាវជ្រាវផ្នែកបុរាណវិទ្យាកាន់តែខ្លាំងឡើង ជាពិសេសគឺតំបន់ Anuradhapura ដែលត្រូវបានបោះបង់ចោលដោយសារការរុករានរបស់សត្រូវនៅឆ្នាំ ៩៩៣។គាត់ចាប់ផ្ដើមប្រមូល ចងក្រងឯកសារដែលជាសិលាចារិក និងស្លឹករិត ។ឆ្នាំ ១៨៧០ ដល់ ១៨៧២ គាត់សរសេរអត្ថបទបោះពុម្ភក្នុងទស្សនាវដី Royal Asiatic Society ។ក្នុងការបំពេញបេសកកម្ម គាត់ត្រូវ សិក្សាភាសាតំបន់ និងចំណាយពេលវេលានៅជាមួយនឹងប្រជាជន។

 

អាជីពជាអ្នកស្រាវជ្រាវ(ប្រាជ្ញ)

ក្នុងការសិក្សា ស្រាវជ្រាវគាត់ក៏បានបដិបត្ដិធម៌ហើយបន្ដបោះពុម្ពអត្ថបទរបស់គាត់ទាក់ទងនឹងសិលាចារិកនិងការបកប្រែដែលត្រូវបានកត់សំគាល់ ដោយការចងចាំរបស់លោក Max Müller ក្នុង Sacred Books of the East.។​

ពីឆ្នាំ ១៨៨២ ដល់ ១៩០៤ គាត់បានក្លាយជាសាស្ដ្រចារ្យភាសាបាលីនៅUniversity of London, តែមិនទទួលប្រាក់បៀវត្សក្រៅពីតំណែងជាគ្រូបង្រៀន។ក្នុងឆ្នាំ ១៩០៥ គាត់ជាប្រធានសាសនាប្រៀបធៀបនៅសកលវិទ្យាល័យUniversity of Manchester.។គាត់បានចំណាយពេលវេលាដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាថេរវាទនិងផ្ដល់អាហារូបករណ៍ផ្នែកភាសាបាលីនៅអង់គ្លេស។គាត់បានស្នើឲ្យរដ្ឋាភិបាលផ្ដល់ឋវិកាដើម្បីឧបត្ថម្ភដល់កិច្ចការសិក្សាស្រាវជ្រាវភាសានៅឥណ្ឌា និងវណ្ណកម្ម។

 

ជីវិតឯកជន

ក្នុងឆ្នាំ ១៨៩៤ រិហ្ស ដេវិត្សបានរៀបការជាមួយនិងអ្នកស្រី Caroline Augusta Foleyដែលជាអ្នកប្រាជ្ញភាលាបាលី។គាត់មានបុត្រ ៣ រូប ។កូនច្បងចាប់អារម្មណ៍លើចលនាស្ដ្រី ចំណែកកូនបន្ទាប់ជាយុទ្ធពល បានស្លាប់ក្នុងសង្គ្រាមលោកលើកទី១។ រីហ្ស ដេវិត្ស មរណកាលនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩២២ នៅChipstead, Surrey.។​

 

សមិទ្ធផល

គាត់បានផលិតនូវសមិទ្ធផលផ្នែកស្រាវជ្រាវជាច្រើនទាក់ទងនឹងព្រះពុទ្ធសាសនា ជាពិសេសគឺការប្រែព្រះត្រៃបិដកជាភាសាអង់គ្លេសតាមរយៈបង្កើតនូវសមាគម Pali Text Society.។ក្រៅពីនេះគឺឯកសារមួយចំនួនដូចជា៖

១. រឿងជាតក

Rhys Davids, T. W. (1880). Buddhist Birth Stories (Jataka Tales), London

២. បកប្រែមលិនបញ្ហា

  • Rhys Davids, T. W., trans. (1890–94). Questions of King Milinda, Sacred Books of the East, volumes XXXV & XXXVI, Clarendon/Oxford, reprinted by Motilal Banarsidass, Delhi Vol. 1, Vol. 2

៣. ព្រះពុទ្ធសាសនានៅឥណ្ឌា

  • Rhys Davids, T. W. (1903). Buddhist India. New York: G.P. Putnam’s Sons.

៤. វចនានុក្រមភាសាបាលី អង់គ្លេស

Rhys Davids, T. W., Stede, William (eds.) (1921-5). The Pali Text Society’s Pali–English Dictionary. Chipstead: Pali Text Society. Search inside the Pali–English Dictionary, University of Chicago

៥. ប្រវត្ដិព្រះពុទ្ធសាសនានិងវណ្ណកម្ម

Rhys Davids, T. W. (1907). Buddhism Its History And Literature, G. P. Putnam’s Sons . New York, Second Edition.

៦. ធម្មបទកថា

Rhys Davids, T. W. & C. A., trans. (1899–1921). Dialogues of the Buddha, 3 volumes, Pali Text Society, Vol. 1, Vol. 2, Vol. 3

៧. ព្រះវិន័យ

  • Rhys Davids, T. W.; Oldenberg, Hermann, trans. (1881–85). Vinaya Texts, Sacred Books of the East, volumes XIII, XVII & XX,

៨. មហាវគ្គនិងកុល្លវគ្គ

Delhi (Dover, New York) Vol. XIII, Mahavagga I-IV, Vol. XVII, Mahavagga V-X, Kullavagga I-III, Vol. XX, Kullavagga IV-XII

៩. និកាយក្នុងព្រះពុទ្ធសាសនា

  • Rhys Davids, T. W. (1891). The Sects of the Buddhists By T. W. Rhys Davids. The Journal of the Royal Asiatic Society, pp. 409–422

១០. ព្រះបាទអសោកនិងពុទ្ធសរីរិកធាតុ

Rhys Davids, T. W. (1901). Asoka and the Buddha-relics By T. W. Rhys Davids. Journal of the Royal Asiatic Society, pp. 397–410

 

កែសម្រួលពី Wikipedia, the free encyclopedia ដោយភិក្ខុយន់ សុធា អនុបណ្ឌិតព្រះពុទ្ធសាសនា។

សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមសុខសន្ដិភាពកើតមានដល់ពិភពលោក។

កំណើតនៃព្រះវិស្ណុ ឬព្រះនារាយណ៍

ដោយ ម.ត្រាណេ

visnu

ការគោរពបូជាព្រះវិស្ណុ ឬព្រះនារាយណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ខ្មែរតាំងពីដើមសតវត្សទី១នៃគ.ស.។ តើព្រះអាទិទេពចម្បងនៃលទ្ធិត្រីម៌ូតិ មានប្រភពចេញពីណាមក?
ចំពោះប្រវត្តិរបស់ព្រះអាទិទេពអង្គនេះ លោកស្រី ហ្គី តូ បានពិពណ៌នាយ៉ាងក្បោះក្បាយក្នុងអត្ថបទមួយមានចំណងជើងថា “Khmer Sculpture and the Khmer Civilization” ដែលកន្លងមក ប្រែ និងរៀបរៀងឡើងវិញដោយលោក ធន់ ហ៊ីង។ ទិន្នន័យថ្មីនេះ ដែលបានមកពីការអានគម្ពីរ ឫគវេទ របស់ឥណ្ឌា បានឲ្យយើងដឹងថា ក្នុងវប្បធម៌ខ្មែរបុរាណព្រះអាទិទេពអង្គនេះមិនមែនជាព្រះអាទិទេពធំជាងគេបង្អស់នោះទេ ព្រោះថា ទ្រង់គឺ ៖
“ការសម្តែងចេញឲ្យមានរូបរាងនៃឋាមពលព្រះអាទិត្យ ពោលគឺព្រះអង្គមានកំណើតមកពីឋាមពលព្រះអាទិត្យ។ មានការពណ៌នាពីព្រះអង្គថា ទ្រង់ឈានតែបីជំហានវែងៗ កាត់តំបន់ទាំង៧ នៃលោកសន្និវាសនេះ ហើយព្រះអង្គទ្រង់គ្របដណ្តប់លើវត្ថុទាំងឡាយនឹងពន្លឺរបស់ព្រះអង្គ។ ជំហានទាំងបីត្រូវគេវិភាគថា ជាការសម្តែងឲ្យឃើញជាពន្លឺបីយ៉ាង ដែលចែកចេញជាភ្លើង ផ្លេកបន្ទោរ និងព្រះអាទិត្យ ឬមួយវិញទៀត គឺជាទីសម្គាល់ទាំងបីនៃព្រះអាទិត្យ ក្នុងវេលាថ្ងៃរះ វេលាថ្ងៃកំពុងចែងចាំងពន្លឺ និងវេលាថ្ងៃលិច។ មានពេលខ្លះ ព្រះអង្គត្រូវចូលរួមគ្នាជាមួយនឹងព្រះឥន្ទ្រ។ គេតែងហៅព្រះអង្គថាជា “អ្នកគ្រប់គ្រងរក្សា ដែលមានជោគជ័យជារហូត”។ នេះគឺជាលក្ខណៈពិសេស ដែលបង្ហាញថា ព្រះអង្គមានមហាតេជានុភាពខាងថែរក្សា។ នៅក្នុងគម្ពីរមនុ គេឃើញមានការនិយាយទៅដល់ព្រះវិស្ណុដែរ ក៏ប៉ុន្តែ គេដូចជាពុំឃើញមានការចាត់ទុកព្រះអង្គថា ជាព្រះអាទិទេពដ៏ជាកំពូលដូចនៅក្នុងគម្ពីរឫគវេទនោះទេ។

ប្រភពនៃអក្សរសាស្ត្រខ្លះថ្លែងថា “ព្រះវិស្ណុគឺជាព្រះអាទិទេពថ្នាក់ទីពីរ ក្នុងចំណោមអាទិទេពធំៗទាំងបីព្រះអង្គ ជាតំណាងនៃសត្វគុណ គឺមេត្តាធម៌ និងសេចក្តីល្អ ឬអំពើល្អ ដែលបង្ហាញចេញមកជាអនុភាពនៃការថែរក្សា ការពារជាស្វយម្ភព (គឺការកើតមានឡើងដោយឯងៗ) និងជាវិញ្ញាណដែលតែងតែចូលជ្រួតជ្រាប សាយភាយគ្រប់ទីទាំងអស់។ គឺក្នុងន័យនេះ ដែលអ្នកធ្វើសក្ការៈចំពោះព្រះអង្គ គេតែងភ្ជាប់ព្រះអង្គទៅនឹងសារធាតុនៃទឹក ដែលសាយគ្រប់ទិសទីទាំងអស់ មុនពេលការកើតឡើងនៃលោកនេះឡើង”។ ពាក់ព័ន្ធនឹងន័យរបស់ពាក្យនារាយណ៍ យើងដឹងទៀតថា នៅក្នុងលក្ខណៈនេះ គេហៅព្រះអង្គថា “ព្រះនារាយណ៍” បានន័យថា “ដែលត្រាច់ចរលើទឹក” ហើយត្រូវគេតំណាងតួព្រះអង្គដោយរូបរាងជាមនុស្សដេកលក់ នៅលើពស់មួយ ឈ្មោះសេសៈ (ឬអាទិសេសះ) អណ្តែតនៅលើទឹក។ កាលណាលោកសន្និវាសត្រូវរលាយ ព្រះអង្គនឹងសន្មតយករូបភាពបែបនេះដែរ។ ជនទាំងឡាយ ដែលគោរពព្រះវិស្ណុ តែងតែទទួលស្គាល់ថា ព្រះអង្គគឺបុគ្គលដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត ព្រោះគេជឿថា អ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះអង្គ។
មានប្រភពខ្លះនិយាយថា ព្រះអង្គជាព្រះប្រជាបតិ (អ្នកបង្កើត) និងជាព្រះអាទិទេពដ៏កំពូលតែមួយព្រះអង្គគត់។ ក្នុងន័យនេះ ព្រះអង្គត្រូវមានលក្ខខណ្ឌបី គឺទី១ លក្ខខណ្ឌជាព្រះព្រហ្មា ឬអ្នកបង្កើតលោកដ៏សកម្ម ដែលត្រូវតំណាងដោយការសន្មតថា ព្រះអង្គប្រសូតចេញមកពីផ្កាឈូក ដែលដុះលើផ្ចិតព្រះវិស្ណុ ក្នុងពេលដែលព្រះអង្គកំពុងសឹងលក់ ហើយអណ្តែតនៅលើទឹក។ ទី២ ព្រះវិស្ណុផ្ទាល់របស់ព្រះអង្គ គឺជាអ្នករក្សាការពារ ក្នុងរូបរាងជាអវតារ ដូចជាព្រះក្រឹស្ណា។ ទី៣ ព្រះសិវៈដែលមានព្រះនាមមួយទៀតថា ព្រះរុទ្រៈ គឺជាអ្នកមានអានុភាពខាងបំផ្លាញ ដែលតាមប្រភពខ្លះថា ប្រសូតចេញមកពីព្រះនលាដ (ថ្ងាស) របស់ព្រះព្រហ្ម។ អំពីការរក្សាការពារ និងការផ្តល់ឲ្យមានឡើងវិញ នូវអានុភាពរបស់ព្រះវិស្ណុនោះ មានករណីស្តែងចេញឲ្យឃើញនៅលើលោកយើងនេះ នូវរូបរាងនានា ដែលគេតែងហៅថាអវតារ។ នៅក្នុងអវតាររបស់អាទិទេពនោះ ត្រូវមានចំណែកណាមួយ ដែលប្រកបដោយខ្លឹមសារជាអាទិទេពចូលទៅ ជាតំណាងរូបមនុស្ស ឬជាអធិធម្មជាតិ ហើយមានអានុភាពផុតវិស័យនៃមនុស្សធម្មតា។” (Cf. ឆន់ ហ៊ីន, ព្រះវិស្ណុ, ប្រតិប័ត្រកម្ពុជសុរិយា, លេខ៤, ឆ្នាំ ២០០០)
ដូចនេះ ការដែលវិចិត្រករខ្មែរនាសម័យនគរភ្នំ និងចេនឡា ឬក៏សម័យអង្គរបានឆ្លាក់រូបរបស់ព្រះអាទិទេព លើក្បាច់ផ្តែរ ឬក៏នៅលើជើងសសរផ្អោប ពិតជាមានអត្ថន័យច្បាស់លាស់ក្រៃលែ និងបានទទួលនូវការវាយតម្លៃយ៉ាងខ្ពស់ពីមតិមហាជននាសម័យបុរាណ។ ព្រោះវាគឺជា ការសម្តែងនូវមហិទ្ធិឫទ្ធិបង្កើតលោករបស់ព្រះអាទិទេពអង្គនេះ៕

ប្រភពៈគេហទំព័រប្រវត្តិសាស្ត្រ គ្មានដែនកំណត់

ព្រះជីវប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៧

ដោយ ម.ត្រាណេ

jayavarman 7
នៅក្នុងអារម្មណ៍មនុស្សខ្មែរគ្រប់រូប គ្មានអ្នកណាម្នាក់អាចបំភ្លេចបានឡើយនូវព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលលេចត្រដែតគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ (គ.ស ១១៦២-១២០១)។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើលោកថែមទៀត។

ព្រះជីវប្រវត្តិសង្ខេប
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទ្រវរ្ម័នទី២ (១១៥០-១១៦០) ព្រះមាតាព្រះនាម ចុឌាមុនី ដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គបានរៀបអភិសេកជាមួយនិងព្រះនាងជ័យរាជទេវីជាព្រះអគ្គមហេសី ហើយមានព្រះព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្រិន្ទ្រវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះជ័យធន ប្រសូតប្រមាណឆ្នាំ ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ.ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់និងប្រទេសចាម ខាងត្បូងទល់និងសមុទ្រ ខាងលិចទល់និងភូមា ខាងជើងទល់និងប្រទេសចិន ពោលគឺប្រទេសយើងពុំទាន់បែកបាក់នៅឡើយ។ ភាពធំធេងនៃនគរខ្មែរ នាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបនន់នានា ដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះ។

ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានចាត់ឲ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ ដែលនៅក្រោមការត្រូតត្រារបស់ព្រះអង្គ អោយដើរផ្លូវតែមួយតាមដង្ហែព្រះអង្គ។ ក្រោយពីការបង្ក្រាបពួកបះបោរ និងបង្រួបបង្រួមជាតិបានហើយ ព្រះអង្គបានបញ្ជាឲ្យលើកទ័ពទៅវាយចម្ប៉ានៅវិជ័យ ក្នុងការវាយបកសងវិញ ដែលចាមបានវាយឈ្លានពានក្នុងរាជ្យរបស់បិតាព្រះអង្គ។
នៅពេលដែលព្រះអង្គកំពុងជាប់ដៃច្បាំងនៅប្រទេសចម្ប៉ានោះ បិតារបស់ព្រះអង្គក៏សុគតទៅ។ នៅឆ្នាំ ១១៦៥ ពេលដែលព្រះបាទយសោវរ្ម័នទី២ ត្រូវមន្ត្រីម្នាក់ធ្វើគុត នោះព្រះអង្គក៏ទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយសង្គ្រោះព្រះបាទទ័យវរ្ម័នទី២។ ប៉ុន្តែជាការឥតប្រយោជន៍ ព្រោះព្រះបាទត្រីភូវនាទិត្យវរ្ម័នបានឡើងគ្រងរាជ្យផុតទៅហើយ។ ដូច្នេះហើយបានជាព្រះអង្គត្រូវសម្ងំមួយរយៈសិន ដើម្បីរង់ចាំឱកាសល្អប្រហែល១២ឆ្នាំ គឺរហូតមកដល់ឆ្នាំ១១៧៧ ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងដុតបំផ្លាញរាជធានីអង្គរ ហើយបានធ្វើគុតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ពេលនោះរាជបល្ល័ង្គនៅទំនេរ ព្រះអង្គយល់ថា ជាឱកាសល្អមកដល់ហើយ ដើម្បីព្រះអង្គ ឡើងគ្រងរាជ្យ។ ប៉ុន្តែមុននឹងប្រកាសព្រះអង្គជា ព្រះចៅក្រុងកម្ពុជា ព្រះអង្គត្រូវកំចាត់ទ័ពចាមឈ្លានពានឲ្យអស់ពីទឹកដីជាមុនសិន។ ដូចនេះហើយ ទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយ ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញ ព្រះអង្គបានអំពាវនាវ និងប្រមូលខេមរជន ដើម្បីវាយទៅលើប្រទេសចាមវិញ។

ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧

ការកសាងអង្គរធំ ឬអង្គរទី៣ : ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដីអោយផុតពីការត្រួតត្រារបស់បរទេស ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ទ្រង់ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធិផលច្រើនជាងគេបំផុត ជាពិសេសគឺអង្គរទី៣ ឬអង្គរធំ។ សិលាចារឹកមួយនៅសាយហ្វុង (ទល់មុខវៀងចាន់ ប្រទេសលាវ) ក៏បានបង្ហាញអោយឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា “ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត”។
នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទឹកដីមានទំហំធំទូលាយជាងក្សត្រអង្គណាៗទាំងអស់។ ក្រោយពីព្រះនាងជ័យរាជទេវីសុគតទៅព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងឥន្ទ្រទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ព្រះនាងឥន្ទ្រទេវី ជាក្សត្រីដែលសម្បូរដោយតំរិះវិជ្ជាការ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ។
កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រអង្គ គ.ស ១១៨១ គឺការកសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។
បាយ័នគឺជាប្រាសាទភ្នំ ដែលសាងនៅក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងប្រាង្គកណ្តាល មានតម្កល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គដែលមានកំពស់ជិត ៩ម៉ែត្រ។ ត្រង់នេះសរឲ្យឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ (ប្រាសាទភ្នំ) អោយទៅជារបស់ថ្មី (ពុទ្ធរាជ) ដើម្បីជាកម្លាំងចិត្តដល់ពួកព្រាហ្មណ៍ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា (លោកេស្វរៈ) បន្តអំពីព្រះបិតារបស់ព្រះអង្គ។ គេពុំដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រះអង្គក៏បាត់បង់ដំណឹងពីអង្គរនៅរវាងឆ្នាំ ១២០២ និង១២០៨។ ក្រៅពីព្រះអង្គជាស្តេចសឹកដ៏ខ្លាំងពូកែនោះ ព្រះអង្គក៏ជាស្តេចដែលសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រ ដោយព្រះអង្គបានសាងនូវមន្ទីរពេទ្យព្យាបាលរោគជាច្រើនពាសពេញនគរ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនោះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។

នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។ ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាប័ថ្មសម្បូរណ៍ព្រៃគុក។ ប្រាសាទនីមួយៗមានវត្ថុប្រើប្រាស់ដ៏មានតម្លៃជាច្រើនដូចជា នៅប្រាសាទតាព្រហ្ម មានចានមាសមួយដែលមានទម្ងន់ជាងប្រាំរយគីឡូក្រាម ចានប្រាក់ចំនួន ៣៥គ្រាប់គជ់ចំនួន ៤០៦២០គ្រាប់ ត្បូងចំនួន ៤៥៤០គ្រាប់ ផ្តិលមាសរនាំងពីស្រុកចិនចំនួន ៨៧៦ ក្លស់ ៥២៣ និងគ្រែសូត្រចំនួន ៥១២។
ដើម្បីការពារ និងថែរក្សាប្រាសាទទាំងអស់នេះ ព្រះអង្គបានបង្កើតឲ្យមានភូមិចំណុះជាច្រើន និងចាត់ឲ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិក ប្រចាំការជាច្រើននាក់ទៀតដូចជាមាន អធិការមានអ្នកចាំគាល់បំរើ និងមានស្រីរបាំផង។ ក្រៅពីការកសាងប្រាសាទ ព្រះអង្គបានយកចិត្តទុកដាក់ចំពោះប្រជានុរាស្ត្រ ដោយបានសាងសាលាសំណាក់ ១២១ សម្រាប់អ្នកដំណើរ វត្តអារ៉ាមសម្រាប់ទុកទទួលនិស្សិត សាសនិកជនឲ្យចូលរៀនវិជ្ជាផ្សេងៗ។
ក្រៅពីនេះ ព្រះអង្គបានរៀបចំឲ្យមានក្រសួងសុខាភិបាលដោយបង្កើតអោយមានមន្ទីរពេទ្យចំនួន ១០២ នៅពាសពេញនគរមានបុគ្គលិក មានគ្រូពេទ្យ បង្កើតឲ្យមានគ្រឿងបរិភោគ និងមានឱសថគ្រប់យ៉ាង មនុស្សគ្រប់វណ្ណៈ អាចចូលព្យាបាលបាននៅក្នុងមន្ទីរពេទ្យដូចគ្នា។ ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គ បានចាយវាយស្រូវ អង្ករ អស់ ១១១៩២តោន ល្ងអស់ ២១២៤គ.ក្រ ក្រវ៉ាញ ១០៥គ.ក្រ ខ្លឹមច័ន្ទន៍ ៣៤០២គ.ក្រ ថ្នាំគ្រុន ៤០០០គ្រាប់ ថ្នាំឫសដូងបាត ១៩៦០ប្រអប់។

ក្រៅពីនេះ ឃ្លាំងព្រះរាជទ្រព្យ បានបើកឲ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួនជាដើម ចំនួនបីលើកក្នុងមួយឆ្នាំៗ។ ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៧ សុគតទៅ សំណងប្រាសាទនានាត្រូវបានបញ្ឈប់ ប៉ុន្តែអានុភាពរបស់ខ្មែរ នៅតែរុងរឿងនៅឡើយ រហូតដល់ចុងសតវត្សទី១៣ មុនការបែកបាក់មហានគរខ្មែរដោយសារភ្លើងសង្គ្រាមវាតទីនិយម៕

ប្រភពៈ គេហទំព័រប្រវត្តិសាស្ត្រ គ្មានដែនកំណត់

ប្រវត្តិ កវីម្ចាស់ស្ទឹងសង្កែគង្គ ប៊ុនឈឿន

ដោយគេហទំព័រប្រវត្តិសាស្ត្រ គ្មានដែនកំណត់

Kung Buncheurn

កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន(ស្រុកកំណើតនៅ ខេត្តតាកែវ) ម្តាយឈ្មោះ ម៉រ ភឹង(បាត់ដំបង) ។

លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។

លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។

នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។

លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។
សព្វថ្ងៃ កវី គង្គ ប៊ុនឈឿន បាននិរទេសខ្លួន និង កំពង់រស់នៅប្រទេសន័រវេស្ស

សង្ឃស័ព្ទៈពាក្យថា អាត្មា

By យន់ សុធា /Sothea Yon/พระสุเธีย สุวณฺณเถโร /


អាត្មា (ន) ស្មើនឹង អត្ដា (មកពីពាក្យថាអត្ដ) មានន័យថាខ្លួន ប្រើសម្រាប់ព្រះសង្ឃគឺស្មើនឹងពាក្យថា«ខ្ញុំ» ដោយភាសាខ្មែរចូលចិត្ដប្រើភ្ជាប់នាមនឹងសព្វនាម គឺ«ខ្លួនខ្ញុំ»។ មនុស្សទូទៅប្រើក្នុងនាមអត្ដទត្ថបុគ្គលគឺយករួចតែខ្លួន ដូចពាក្យថា «យកអត្មាមិនរួចផង ទៅជួយអ្នកម្ដេចកើត» ជួនកាលឧទានស័ព្ទ «អាត្មាអញអើយ ម្ដេចក៏កម្មម្លេះ !»។


អត្ដន័យ
១.«អត្មា» សំដៅលើការមានខ្លួនជាទីពឹង ដូចពាក្យថា«អត្ដាហិ អត្ដនោ នាថោ»។ ពឹងលើសមត្ថភាពខ្លួនឯង ចំណេះចេះដឹង នឹងទង្វើគ្រប់ប្រភេទដើម្បីនឹងបានផលគាប់ប្រសើរ។
២. «អត្មា» ដោយមកពីពាក្យថា«អត្ដា» ខ្មែរចូលចិត្ដប្រើពាក្យថា«អញ» ដែលអាចមានន័យក្នុងពួកកិលេសមួយក្រុម គឺពួកមានៈ ស្មើនឹងភាសា បរទេសថា Ego ។ ព្រះសំដែងថាការប្រកាន់«អត្ដាថាខ្លួន»នេះ មានតែនាំមកនូវទុក្ខ ការបោះចោល ឬទម្លាក់ចោលនូវអត្ដា នាំមកនូវសុខ។

ដូច្នេះ តាមការសង្កេត ព្រះសង្ឃថ្នាក់ជាន់ខ្ពស់ និងអស់លោកអ្នកធំមួយចំនួន មិនចូលចិត្ដស្ដាប់ការចូលរួមមតិរបស់ផងគ្នាព្រោះត្រូវមានៈមកបិតបាំង«អញ»។ ព្រោះតែ«អញ» ទើបជាតិ សាសនាត្រូវប្រឈម មុខនឹងគ្រោះថ្នាក់ គឺសេចក្ដីទុក្ខ។ ដើម្បីដោះស្រាយបញ្ហា យើងចាំបាច់រំលត់នូវពាក្យថា«អត្មា ,អញ» ដោយការ បណ្ដុះមេត្ដាធម៌នឹងគ្នា មិនយូរនឹងឆាប់ ប្រទេសយើងនឹងបានសុខសាន្ដ ដូចក្នុងន័យទី១ គឺមានខ្លួនជាទីពឹង។ ពឹងលើការចូលរួមទាំងអស់គ្នាក្នុងការបញ្ចេញនូវសមត្ថភាព ចំណេះចេះដឹងដោយគុណភាព និងគុណធម៌។

 

 

នវត្ដកម្មរតនៈបញ្ញាព្រះពុទ្ធសាសនាមហាយាន

By យន់ សុធា /Sothea Yon/ พระสุเธีย สุวณฺณเถโร (ยนต์)

FB: https://www.facebook.com/sothea.yon

Download Awake Vol.I

Download Awake Vol. II

Download Awake Vol.III

ជាច្រើនសតវស្សមកហើយដែលព្រះពុទ្ធសាសនាមហាយានបានផ្សាយឥទ្ធិពលចូលមកក្នុងដែនដីនៃអាណាចក្រកម្ពុជា។ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់បានសិក្សានិងបដិបត្ដិតាមយ៉ាងយកចិត្ដទុកដាក់ដោយសេចក្ដីជ្រះថ្លា និងបរិសុទ្ធចិត្ដ ពេលនោះឯងដែលប្រទេសកម្ពុជាបាននូវសន្ដិភាព និងភាពឧត្ដមសម្បុណ៌ ដូចដែលព្រះរាជាគ្រប់ជំនាន់ចាប់តាំងពីសម័យហ្វូណន ចេនឡា និងមហាសម័យអង្គរបាន ប្រកាសថា«បតិបត្ដិតាមនិងគាំទ្រដោយរាជូបត្ថម្ភ​ទាំងកំលាំងកាយ​និង​សតិបញ្ញា»។​

បណ្ឌិត អ្នកប្រាជ្ញ និងជំនាញផ្នែកសាសនានិងសង្គមហាក់បីដូចមានសេចក្ដីរួមសាមគ្គីជាធ្លុង ផលិតនូវមហារតនសម្បតិដ៏អស្ចារ្យទុកអោយកូនខ្មែរជំនាន់ក្រោយបានសិក្សា បតិបត្ដិតាម មានប្រស្នា ដែលបន្សល់ទុករាប់ម៉ឺនជំពូក មិនត្រូវ​តែប៉ុណ្ណោះបាន​សាង​នូវមហាសតិ​បញ្ញា​យ៉ាង​ច្រើន​​​​ក្រាស់ក្រៃលើសលប់ដើម្បីជាចង្កៀង​បំភ្លឺនូវអន្ធការក្នុងសង្គមខ្មែរ ដូចជាករណី​ព្រះសង្ឃ​បាលោ​​ជាដើម។​

IMG_2720

នេះគ្រាន់តែជាសេចក្ដីក្រើនរំលឹកខ្លះ ៗ តែប៉ុណ្ណោះ ដែលព្រះពុទ្ធសាសនាមហាយាន​បានផ្ដល់អោយ​សង្គមខ្មែរ ដែលខ្ញុំបានដាក់ចំណងជើង​ថា«នវត្ដកម្មរតនៈបញ្ញា​នៃព្រះពុទ្ធ​សាសានា​មហាយាន» តែគួរអោយសោកស្ដាយណាស់ដែលអនុជនជំនាក់ក្រោយហាក់បីដូច មានសេចក្ដីចេះដឹង និងយល់អំពីព្រះពុទ្ធសាសនាមហាយានតិចតូចណាស់ ចំណែកអ្នកប្រាជ្ញ និងជំនាញវិញសរសេរនូវអ្វីដែលមានហើយដែលបព្វជនបានបន្សល់ទុកយ៉ាងតិចតួច ។  អត្ថបទ គម្ពីរជាភាសាខ្មែរក៏មានតិចតូចណាស់ដែរ បើប្រៀបផ្ទឹមទៅនឹងសម័យហ្វូណននិងសម័យចេនឡា នោះវិញ។ បើមានបុគ្គលណាត្រូវការយល់ដឹងអោយបានច្រើននោះត្រូវសិក្សាភាសាបរទេសជា​ពិសេសគឺភាសាអង្គគ្លេសនេះតែម្ដង។ ដូចក្នុងករណីដែលខ្ញុំនឹងលើកយកមកបង្ហាញជូន ហើយក៏ចាត់ទុកជាសំណាងណាស់ដែលលោកបណ្ឌិតវីរៈ អលោកិតិស្ថេរៈ(https://www.facebook.com/vira.avalokita)បានរៀបរៀងចងក្រង នូវអត្ថបទ«Humanity Awake»​។អត្ថបទនេះបានកែប្រែនិងបង្រួមសេចក្ដីអោយខ្លឺដើម្បីងាយស្រួល ដល់ការសិក្សា ដោយលោកបណ្ឌិតបានបញ្ជូនអោយខ្ញុំតាមការស្នើសុំដើម្បីផ្សព្វផ្សាយតាមគេហ​ទំព័រទាំង ៗ មិនទាន់បាននឹងបោះពុទ្ធផង តែលោកមានសេចក្ដីមេត្ដាចំពោះខ្ញុំនឹងប្រជាជនកម្ពុជា ។ តាមពិតទៅខ្ញុំមានទំនាក់ទំនងល្អជាមួយលោកបណ្ឌិតរូបនេះតាំងតែបានចូលសិក្ខាសាលាជាមួយគ្នានៅប្រទេសថៃមក។​

ចំណែកឯអត្ថបទនេះវិញ លោកបណ្ឌិតបែងចែកជាបីភាគ ដោយភាគទី១ អោយសេចក្ដី​សំខាន់លើចំនុចរួមនៃព្រះធម៌របស់អ្នកប្រាជ្ញជប៉ុនឈ្មោះបូបូដៃសិក្នុងសតវស្សទី៩ និងស្ថាបនិកពុទ្ធិកសាកលវិទ្យាល័យសវាស្ដិវាដាន  មិនត្រឹមតែប៉ុណ្ណោះក្នុងភាគទីមួយនេះ ដែលបានផ្ដោតអារម្មណ៍លើជីវសាស្ដ្រ និងរូបសាស្ដ្រ​តាមទស្សនៈអរិសច្ចបួន រូមផ្សំនឹង​មហា​បារមី​តាផងដែរ។ ភាគទីពីរផ្ដោយអារម្មណ៍សំខាន់ទាក់ទងនឹងពុទ្ធិចិត្ដ។ ពុទ្ធិចិត្ដនេះ ក្នុងសង្គមខ្មែរ ស្ទើរតែពុំសូវបានលឺប៉ុន្មានទេ តែមានប្រជាប្រិយភាពសម្រាប់លទ្ធិ​មហាយាន និងអ្នកប្រាជ្ញ​មួយ​ចំនួន ពាក្យនេះចេញពីស្ថាបនឹកដំបូងឈ្មោះនាគរជុន ជាព្រះអហរន្ដ ជាសម្ដេច​ព្រះសង្ឃ​រាជ​ដំបូង​នៃ លទ្ធិមហាយាន បើមិនរាប់បញ្ចូលព្រះមហាកស្សបនិងអានន្ទផងនោះ។ ក្រៅពីនោះ គេអាចស្គាល់ពុទ្ធិចិត្ដដោយលក្ខណៈបរិសុទ្ធចិត្ដ (វិសុទ្ធិចិត្ដ) ឬសុញ្ញតាចិត្ដ ឬអាចហៅថា លទ្ធិសញ្ញតាក៏បានដែរ ។(ពាក្យថាសុញ្ញតាក្នុងទីនេះមានន័យថាមិនប្រកាន់យកដោយអំណាចនៃ​សីលវ័ទនិងទិដ្ឋិ តែថ្លាបរិសុទ្ធពុំមាននូវមន្ទិលនៃកិលេសដិតដាមនៅ)។​ក្នុងភាគទីពីរនេះ បានបង្ហាញផងដែរនូវពុទ្ធិចិត្ដ​ , សមាធិនិងប្រាជ្ញាបរិមីតាញាណសូត្រ ដែលផ្ដោត​អារម្មណ៍​លើព្រឹត្ដិ​កម្មចិត្ដវិទ្យា។ ចំនែកភាគទីបីវិញគ្រាន់តែនិយាយទាក់ទងនឹងទំនៀមទំលាប់បដិបត្ដិតែ​ប៉ុណ្ណោះ តែមានសេចក្ដីសំខាន់ណាស់ផងដែរ។​

ដូចដែលបានជម្រាបជូនខាងលើ អត្ថបទនេះពិតជានវត្ដកម្មរតនៈបញ្ញារបស់ព្រះពុទ្ធសាស​នាមហាយានយ៉ាងពិតប្រាកដ ហើយសង្ឃឹមថានឹងកើតប្រយោជន៍ចំពោះអស់លោកអ្នកអាន ក៏សូមអភ័យទោសទុកជាមុខបើជាមានវិបត្ដិដោយប្រការណាមួយដោយចេតនាចិត្ដឬអចេតនាក្ដីទាំងរូបខ្ញុំនឹងលោកបណ្ឌិតផងដែរ។

សូមទាញយកអត្ថបទខាងលើដោយមេត្រី។​

 

ចលនាថ្មីរបស់ព្រះសង្ឃនិងនយោបាយៈ មុននិងក្រោយពេលបោះឆ្នោតឆ្នាំ ២០១៣

Neo- Movement of Buddhism and Politic: Before – Post National Election 2013.

ដោយភិក្ខុ យន់ សុធា (Sothea Yon) พระสุเธีย สุวณฺณเถโร

https://www.facebook.com/sothea.yon

ក្នុងរយះមុន ក្នុងខណៈពេល និងក្រោយពេលបោះឆ្នោតមក យើងបានសង្កេត​ឃើញនូវចលនានិងវប្បធម៌ថ្មីកើតឡើង ជាពិសេសគឺចលនារបស់ព្រះសង្ឃទាក់​ទងនិង​នយោ    បាយ។

មានសំនួរនឹងចំលើយជាច្រើនបានកើតឡើងពីបណ្ដាសង្គម ដោយសំនួរ​ចំលើយ​​​​​​ទាំង​នោះ ដោយសរុបទៅគឺមានតែពីរពាក្យតែប៉ុណ្ណោះ «គួរនឹងមិនគួរ»​។​ពាក្យទាំងពីរនេះ ទោះបីជាសម្រេចចិត្ដយកមួយណាក៏ដោយ ក៏គិតថា​ប្រហែល​ជាយឺតពេលទៅហើយ ព្រោះព្រះសង្ឃពេលនេះ​កំពុងដើរ​តួនាទី​សំខាន់ក្នុងនយោបាយ។

3F17C69B-D114-4188-B6B0-520896EB9782_w443_r1_cy2

១› ចលនាមុនពេលបោះឆ្នោត

ចលនាថ្មី(Neo-Movement) យើងបានឃើញជាក់ស្ដែងមួយពេលបោះឆ្នោត មានព្រះសង្ឃមួយចំនួនតូច (អាចធំ) បានចូលរួមដើរក្បួនដង្ហើគណៈបក្ស ដែលខ្លួនចូលចិត្ដ មួយចំនួនទោះបីមិនបានចូលរួម ប៉ុន្ដែគាំទ្រ និងបញ្ចេញ​យោបល់​ដោយ​ទាក់ទងគ្នាតាមបណ្ដាញហ្វេសប៊ុក ស្កាយ ទូរស័ព្ទ និងវិទ្យុ មួយចំនួន។ អ្វីគួរអោយភ្ញាក់ផ្អើលនោះ គឺព្រះសង្ឃមួយ​ចំនួនបានសន្ទនាក្រុមក្នុង​ហ្វេស​ប៊ុកដោយលើកយកនូវគោលនយោបាយរបស់គណៈបក្សរបស់ខ្លួន ព្រមទាំង​ទាក​ទាញ​នូវមិត្ដភក្ដិអោយចូលរួមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះសង្ឃដែល​មានសិស្សគណនិងមានអំណាចបានបង្កើតគណៈបក្សដោយខ្លួនឯង ដូចករណី គណៈបក្ស សញ្ជាតិខ្មែរ គឺមានព្រះសង្ឃមួយរូបជាប្រធានបក្ស។

ព្រះសង្ឃមួយចំនួនដើម្បីចូលរួមសកម្មក្នុងក្បួរដង្ហែរប្រកាសរកសំលេងគាំទ្រនេះ ក្រៅពីរួមក្បួនដង្ហែរ បានប្រើវិទ្យុ ទូរទស្សន៍ និងហ្វេសប៊ុកទាញយកប្រជាប្រិយភាព ដូចករណី ប្រើសញ្ញាគណៈបក្ស លេខបួន គឺតំណែងអោយទិសទាំងបួន ឬ អរិសច្ចទាំងបួន ឬព្រហ្មវិហារធម៌ទាំងបួន ចំណែកលេខ ប្រាំពីរ មិនដឹងថាចង់មានន័យដូចម្ដេច? ផ្ទុយទៅវិញ ចំណែកលេខប្រាំពីរ ព្រះសង្ឃខ្លះ ថា ជានិមិត្ដរូបនៃការត្រាស់ដឹង បានដល់ពោជ្ឃង្គទាំងប្រាំពីរ ចំពោះលេខបួនបានដល់ អបាយមុខ និងអគតិធម៌ទាំងបួន។ នេះជាចនលា​ដែល​កើត​ឡើង​ក្នុង​ខេត្ដសៀមរាប។

តើនេះជាចលនាថ្មីទេ ?  ចំលើយ ប្រហែលជាមែន ហើយក៏មិនមែន វាជាចលនា​មួយ​ស្ថិតនៅលើដានចាស់ ព្រោះចលនាបែបនេះធ្លាប់កើតមកយូរហើយ ៗ មាន​ព្រះសង្ឃមួយចំនួនតួចត្រូវបានលើកតំកើងថាជាកំពូលនៃមហាវីរជនផ្នែកចលនា។ បើវិភាគតាមទស្សនទាននានា យើងអាចហៅព្រះសង្ឃ​ក្នុងសម័យនោះ​ថា«ព្រះសង្ឃជាតិនិយម» ព្រោះចលនានោះគឺដើម្បីប្រទេសជាតិ តែក្រោយ​ពីរដ្ឋប្រហារសម្ដេចព្រះនរោត្ដម សីហនុ មក ចលនាមួយបានកើតឡើង ដែលគួរ​អោយកត់សំគាល់ នោះគឺចលនាបក្សនិយម។ ព្រះសង្ឃត្រូវបានក្រុមអ្នកនយោ​បាយទាញយកប្រជាប្រិយភាព ជាឧបករណ៍ ជាឈ្នាន់ផ្នែកនយោបាយ។ចលនាបែបនេះបានរីកសាយមកដល់សម័យក្រឡាប់ចក្រ សប្រែជាខ្មៅ «ខ្មែរក្រហម» ហើយកំពុងជះឥន្ធិពលយ៉ាងខ្លាំងមកបច្ចុប្បន្ននេះ។

តើអាចហៅបានទេថាការចូលរួមដង្ហែរគណៈបក្សជាការដើមតាមគន្លងនៃព្រះពុទ្ធជាម្ចាស់?

វប្បធម៌របស់ព្រះពុទ្ធសាសនាគឺការដើរធម្មយាត្រាដើម្បីប្រកាសនយោបាយសន្ដិភាព ដល់អស់មនុស្សបានយល់ដឹង នឹងនាំយកនូវគោលនយោបាយសន្ដិភាពនេះមកអនុវត្ដអោយកើត​ប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។​ ហើយម្យ៉ាងទៀតសោត វប្បធម៌នេះបានបង្ហាញផងដែរអំពីការ​ផ្សព្វផ្សាយសាសនា ឬអាចហៅបានថា«សាសនាផ្សារភ្ជាប់នឹងសង្គម»។

ផ្ទុយទៅវិញ ការដើរក្បួនដង្ហែរគណៈបក្ស ដើម្បីប្រកាសនិងបង្ហាញអំពី​គោលនយោបាយ ដើម្បីបានសំលេងការគាំទ្រអំពីសំណាក់ប្រជាជនតាមលក្ខណៈ​ប្រជាធិបតេយ្យ។ តើព្រះសង្ឃចាំបាច់ចូលរួមទេ? រវាងធម៌វិន័យនិងសិទ្ធិជាជម្រើសសម្រាប់ព្រះ សង្ឃ និងអ្នកគាំទ្រព្រះសង្ឃអោយចូលរួម។ ទោះជាយ៉ាងណាក៏ដោយរាល់ការចូលរួម ព្រះសង្ឃ នឹងបាត់បង់នូវការសង្រួមឥន្ទ្រីយ៍ ហើយអកុសលមូលទាំងឡាយនឹងកើតមានឡើង មិនត្រឹមតែ​ប៉ុណ្ណោះអគតិបានកើតឡើងព្រម ៗ គ្នាផងដែរ។

នេះជាចំនុចមួយ ដែលមានចរន្ដញ័រ ហើយពិបាកនឹងរេរាំង ឬទប់ស្កាត់ ព្រោះគ្រប់ ចនលាតែងតែមានផលប៉ះទង្គិច គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។ សំនួរសួរបន្ដទៀតថា​ តើព្រះសង្ឃគួរនៅស្ងៀមនឹងចលនាសង្គមនយោបាយទេ? យើងនឹងធ្វើការវិភាគនៅពេល​ក្រោយ​ចំពោះ​បញ្ហានេះ។

២.ចលនាក្នុងពេលបោះឆ្នោត

ក្នុងពេលបោះឆ្នោត តាមការសង្កេត និងការសន្ទនាបានឃើញថា ព្រះសង្ឃ មានសេចក្ដីសោមនស្សរីករាយក្នុងពេលចូលរួមបោះឆ្នោតនាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០១៣។ ព្រះសង្ឃមួយចំនួនបានធ្វើដំណើរទៅកាន់ស្រុកកំណើររបស់ខ្លួនដើម្បីប្រើសិទ្ធរបស់គេ តែមួយចំនួនខកចិត្ដមិនអាចប្រើសិទ្ធិរបស់គេព្រោះតែពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។​ ព្រះសង្ឃដែលខកចិត្ដពុំបានប្រើសិទ្ធក្នុងការបោះ​ឆ្នោត មានសេចក្ដីសោកស្ដាយ មិនត្រឹម​តែ​ប៉ុណ្ណោះ បានរអ៊ូមិនពេញចិត្ដនឹងការរៀបចំរបស់គណៈកម្មការជាតិរៀបចំបោះឆ្នោត។ មួយចំនួន បានបង្ករអោយមានរឿងអាស្រូវកើតឡើងដូចករណីក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ ខ័ណ្ទមានជ័យ រាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃក្នុងខេត្ដសៀមរាប និងបាត់ដំបង វិញ បាន​ត្រឹម​តែ​ខ្សិបខ្សៀវគ្នាថាត្រូវតែ«ប្ដូរ» នោះមានន័យថា គេបានផ្ដល់​សញ្ញា​ក្នុង​ការ​សម្រេច​ចិត្ដ​រួម​គ្នា ហើយ​ជ្រើសរើសយកនូវគណៈបក្ស​ដែលខ្លួនពេញចិត្ដ។

ព្រះសង្ឃក្នុងខេត្ដសៀមរាប ហាក់ដូចជាមានសេចក្ដីចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះហេតុការណ៍កើតឡើងក្នុងថ្ងៃបោះឆ្នោត ជាពិសេសចំនុចទាំងឡាយរួមមានៈ

១.ការបន្លំឈ្មោះបោះឆ្នោត

២.ជនបរទេសចូលមកបោះឆ្នោត

៣.បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត

៤.ទឹកថ្នាំសម្រាប់ផ្ដិតម្រាមដៃអាចលាងបានក្នុងរយះពេលមិនដល់ប្រាំនាទី។

ទោះជាយ៉ាងណាក៏ដោយ ចលនាតាមវត្ដនីមួយ ៗ ហាក់ដូចជាស្ងាត់ ទៅវិញ ពុំមានព្រឹត្ដិកម្មអ្វីគួរអោយកត់សំគាល់ ក្រៅពីសង្ងំស្ដាប់សំលេង​ការ​ប្រកាស់​លទ្ធផល​បណ្ដោះ​អាសន្ន​តាមវិទ្យុ និងទូរទស្សន៍។

៣.ក្រោយពីបោះឆ្នោត

ការិយាល័យបោះឆ្នោតមួយចំនួនត្រូវបានប្រកាសលទ្ធផលការបោះឆ្នោត តាមការកំណត់របសគណៈកម្មការជាតិរៀបចំបោះឆ្នោត។ ព្រះសង្ឃទាំងក្នុងខេត្ដសៀមរាប និងខេត្ដបាត់ ក៏ដូចជាព្រះសង្ឃទូទាំងប្រទេស​ ហាក់បីដូចជាមានភាពរសាំរសុះ ។ មួយចំនួនចូល​មើល​លទ្ធផល​និងការបញ្ចេញយោបល់​តាមបណ្ដាញហ្វេសប៊ុក មួយចំនួនទៀតប្រើទូ​រស័ព្ទ​សួរ​រក​គ្នា ខ្លះទៀត ចាំស្ដាប់ការប្រកាសតាមវិទ្យុអាស៊ីសេរី។

ព្រះសង្ឃក្នុងក្រុងសៀមរាប បានឈរមើលគណៈកម្មការ​រាប់សន្លឹកឆ្នោត​ដោយ​សេចក្ដី​ចាប់​អារម្មណ៍ខ្លាំងបំផុត មួយចំនួនបានបញ្ចេញសំលេងអប់អរ​នូវ​គណៈបក្ស​ដែល​ខ្លួន​បានពេញ​ចិត្ដទទួលនូវសំលេងពីប្រជាពលរដ្ឋ។

ក្រោយពីរាប់សន្លឹកឆ្នោត តាមពាក្យសំដីរបស់ព្រះសង្ឃមួយចំនួន បានដឹងថា គណ់ៈបក្សលេខប្រាំពីរទទួលសន្លឹកឆ្នោតច្រើន ហើយនឹងឈ្នះក្នុងអាណ័ត្ដិនេះ តែត្រូវខកចិត្ដ ព្រោះលទ្ធផលត្រូវផ្សាយជាបណ្ដោះអាសន្នពីសំណាក់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់មន្ដ្រីជាន់ខ្ពស់មួយ រូបថាគណៈបក្សប្រជាជនកម្ពុជាបានទទួលសំលេង ៦៨ អាសនៈ ចំណែកសង្គ្រោះជាតិបានត្រឹម តែ ៥៥ អាសនៈ។

លទ្ធផលមិនជាផ្លូវការនេះ ធ្វើអោយចលនាព្រះសង្ឃបានកើតឡើងជាថ្មី នោះគឺព្រះសង្ឃមួយចំនួនត្រូវបានចេញទៅក្រៅវត្ដដើម្បីពិភាក្សាគ្នារាល់ជុំវិញការបោះឆ្នោត និងលទ្ធផលបោះឆ្នោត។មួយចំនួនបានបញ្ចេញយោបល់ទាក់ទងនឹងការបង្កើតរដ្ឋាភិបាលចំរុះ ដោយបែងចែកតំណែងរដ្ឋមន្ដ្រី និងតំណែងផ្សេង ៗ ទៀត។ មួយចំនួនបានបញ្ចេញ យោបល់ ទាក់ទងនឹងការសរសេររបាយការណ៍ជួនថ្នាក់លើអោយដឹងអំពីវត្ដមានព្រះសង្ឃក្នុងការបោះ ឆ្នោត ចំណែកមួយចំនួនទៀត ត្រូវទទួលគំនាបអោយស្រង់ឈ្មោះព្រះសង្ឃដែលបោះឆ្នោតអោយ គណៈបក្សរបស់ខ្លួន និងគណៈបក្សផ្សេងទៀត។

ចំនុចត្រង់នេះ ធ្វើអោយព្រះសង្ឃមួយចំនួនបានព្យាករណ៍ទុកថា «តទៅអនាគត ការអនុញ្ញាតិអោយព្រះសង្ឃចូលរួមប្រើសិទ្ធបោះឆ្នោត នឹងមិនមាន» ព្រោះព្រះសង្ឃវ័យក្មេងមាន ជំរើសរបស់ខ្លួនហើយ។

៤.ព្រះសង្ឃគួរនឹងមិនគួរចូលរួមបោះឆ្នោត

1095073_429626430484364_1228828368_n

ចំនុចពីរមានទំងំរៀងខ្លួន ។ទស្សនទាននានាបានផ្ដល់យោបល់ថា«ព្រះសង្ឃគួរ» ព្រោះអាស្រ័យច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងថា«ប្រជាជនខ្មែរទាំងពីរភេទមានសិទ្ធិស្មើរគ្នា»។អ្នកខ្លះថា ព្រះសង្ឃក៍ជាមនុស្សដូចជាប្រជាជនទូទៅដែរ ត្រូវប្រើសិទ្ធរបស់ខ្លួនក្នុងនាមជា​ប្រជាពល​រដ្ខ។អ្នកខ្លះថា ព្រះសង្ឃមិនគួរនឹងចូលរួមទេ គួរជាកណ្ដាល មិនប្រកាន់បក្សនិយម  គួរដើរតាម គោលនយោបាយ(ធម៌វិន័យ)របស់សាសនា។

ក្នុងចំនុចនេះ យើងអាចវាយតំលៃថា៖

១. ព្រះសង្ឃក្នុងនាមប្រជាពលរដ្ឋក្នុងប្រទេសត្រូវតែប្រើសិទ្ធរបស់ខ្លួន។

២. ព្រះសង្ឃត្រូវប្រកាន់ខ្ជាប់តាមធម៌វិន័យ គឺជាកណ្ដាល មិនលំអៀង បក្សនិយម ។

នេះជាបញ្ហាស្មុគស្មាញពីរក្នុងពេលតែមួយ ហើយត្រូវអោយសម្រេចចិត្ដកាន់យក​តែម្ខាង។

បញ្ហាបែបនេះ ពុំមែនទើបតែកើតឡើងទេ តាមពិតបានកើតឡើងហើយក្នុងសម័យ​ពុទ្ធកាល ដូចក្នុងករណីការវិវាទគ្នារវាងព្រះសង្ឃ ចលនារបស់ភិក្ខុទេវត្ដ និងការឈ្លោះ​គ្នារវាង​ព្រះញាតិ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។​​

ចលនាទាំងនេះ សុទ្ធនាំមកនូវផលប៉ះទង្គិចយ៉ាងខ្លាំងដល់សង្គម និងសាសនា។ តែទីបំផុត ព្រះពុទ្ធជាម្ចាស់បានសម្រេចចិត្ដជ្រើសរើសផ្លូវកណ្ដាលក្នុងការដោះស្រាយ​បញ្ហា​ទាំង​នេះ ដោយ​សន្ដិវិធីបំផុត។

គោលនយោបាយដោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ផ្អែកទៅលើចំនុច ៣ យ៉ាង គឺ

១ អោយសិទ្ធិស្មើរគ្នា មិនប្រកាន់បក្សពួក តែមានសេចក្ដីសុចរិត ស្មោះត្រង់ បង្ហាញ នូវឆន្ទះនិងសមត្ថភាពរបស់ខ្លួន ចំនុចនេះ ហៅថា «សីល»។​

២. ត្រូវមានចិត្ដអំណត់អត់ធន់ មានភាពសុក្រិត ចិត្ដនឹងថ្កល់មិនលំអៀងព្រោះអគតិ ណាមួយ ចិត្ដឆ្ពោះទៅរកសេចក្ដីបរិសុទ្ធ ចំនុចនេះហៅថា«សមាធិ»។

៣. រាល់បញ្ហាកើតឡើង ត្រូវមានសុភវិនិច្ឆ័យ ,​ហេតុផលច្បាស់លាស់ ចំនុចនេះហៅថា «បញ្ញា»។

ម្យ៉ាងទៀត រាល់ការសម្រេចចិត្ដរបស់ព្រះអង្គ ឈរលើចំនុចសំខាន់ ៗ ដូចជា៖

១.ដើម្បីប្រយោជន៍សុខដល់សព្វសត្វទាំងបច្ចុប្បន្ននិងអនាគត

២.ដើម្បីប្រយោជន៍សុខដល់ព្រះញាតិ

៣.ទ្រង់បំពេញប្រយោជន៍តាមតួនាទីរបស់ព្រះអង្គ។

ការសម្រេចចិត្ដខាងលើ បើផ្អៀងទៅលើចំនុចណាមួយហើយនោះ ផលប៉ះទង្គិចនឹង​កើត​ឡើង​ជាមិនខាន ហើយចលនាផ្សេងនឹងកើតតាមមានដែរ។ ​

តើព្រះសង្ឃគួរមានជំរើសបែបណា គួរដើរតាមអណាចក្រ ឬពុទ្ធចក្រ?

ការសម្រេចចិត្ដរបស់ព្រះសង្ឃគួរឈរលើផ្លូវកណ្ដាល មិនប្រកាន់បក្សពួកនិយម ហើយ តួនាទីសំខាន់របស់ព្រះសង្ឃគឺផ្ដល់សតិនិងបញ្ញាដល់បរិស័ទ្ធរបស់ខ្លួនអោយស្គាល់អំពី​តំលៃ​ជីវិតរស់នៅ ដែលប្រាសចាកការប្រើអំពើហិង្សា ផ្សព្វផ្សាយនូវមេត្ដាធម៌​និង​សន្ដិភាព​អោយកើតមានក្នុងសង្គម។

ដូច្នេះ និមិត្ដរូបព្រះសង្ឃបានបញ្ជាក់អោយឃើញច្បាស់ហើយថា«ជាកណ្ដាល» «សាមគ្គី»«សតិនិងបញ្ញា» មិនត្រឹមតែប៉ុណ្ណោះក្នុងបារចនាជាតិថា«ជាតិ សាសនា ព្រះមហាក្សត្រ»។

សាសនានៅចំនុចកណ្ដាលរវាង «ជាតិ» និង«សាសនា»។ ដូច្នេះ មិនចាំបាច់លើកយក​ហេតុផលផ្សេងមកអធិប្បាយ ព្រោះហេតុផលតែប៉ុណ្ណេះក៏គ្រប់គ្រាន់ណាស់ទៅហើយ។

សូមថ្លែងអំណរគុណចំពោះព្រះសង្ឃច្រើនរូបដែលបានផ្ដល់ពត៌មាននិងសូមអភ័យទោសចំពោះការមិនអាចនឹងបញ្ចេញឈ្មោះបាន។​

An Analysis of the Khmer Novel “The Last Mission”

សិក្សាវិភាគវណ្ណកម្មខ្មែររឿងភារកិច្ចចុងក្រោយ

By Siriwan Prasobsuk.

The Result of this research can be summarized that ” The Last Mission” indicates the mission to be responsible to his family and country. The novel also shows Khmer ways of life,namely drama and music, food and ways to behave oneself in Khmer culture. A part of this novel,dealing with the Khmer Rouge period reflects the Khmer people ‘s hardships and instills in the readers a sense of gratitude towards the country readers who provide the Khmer people with the independence and genuine happiness.

Download ទាញយកអត្ថបទ

តាមដាន

Get every new post delivered to your Inbox.

Join 5,063 other followers