Category Archives: ច្បាប់ក្រម

ច្បាប់​អរិយសត្ថា

(បទកាកគតិ)

អរិយសត្ថា—–គំនិតចែងចារ—–ចងទុកជាច្បាប់
ឲ្យអស់សិស្សផង—–ត្រងត្រាប់សណ្តាប់—–យកជាតម្រាប់
តម្រង់អាត្មា។

ឲ្យមានប្រយោជន៍—–ប្រយ័ត្នអសោចិ៍—–រាល់រូបអ្នកណា
អម្បាលមករៀន—–របៀនសាស្ត្រា—–ប្រយ័ត្នអាត្មា
ការកេរ្តិ៍លោកិយ។

ទោះនឹងចេញទៅ—–ប្រយ័ត្ននានៅ—–ផ្គាប់ផ្គុនមន្រ្តី
ឲ្យត្រូវនឹងច្បាប់—–សណ្តាប់សួស្តី—–ដូចលោកស្រដី
ប្រដៅទុកមក។

បើមិនចង់ទេ—–ចង់នៅទំនេរ—–ជួញប្រែរិះរក
ចិញ្ចឹមជីវិត—–គួរគិតរៀនយក—–របៀននោះមក
ទើបរកទ្រព្យបាន។

វាយលេខទាត់ក្បាច់—–សឹងផ្សំសម្រេច—–ឲ្យបានដឹងដាន
ដឹងដើមដឹងចុង—–ដឹងបង់ដឹងបាន—–ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។

ឲ្យបានប្រយោជន៍—–ប្រយ័ត្នអសោចិ៍—–ជាអ្នករកស៊ី
សម្រាប់លោកិយ—–ប្រក្រតីជាទី—–សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ។

គន់គិតប្រយ័ត្ន—–អស់ទ្រព្យសម្បត្តិ—–ឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់—–ឲ្យស្រេចឃើញផ្លូវ—–សឹមថយចេញទៅ
តាមផ្លូវលោកិយ។

ល្មមដឹងតិចច្រើន—–ល្មមដឹងក្រវើន—–ទ្រព្យធនអ្វីៗ
លេខនិងអក្សរ—–កំដរស្មារតី—–សម្រាប់លោកិយ
ឯងនេះទើបត្រូវ។

បើតែវិលវេះ—–ខ្ជិលដេកស្រមេះ—–ស្រមូញស្ញូញស្ញូវ
ស្រទាងលើខ្នើយ—–កន្តើយលក់ទៅ—–នរណានឹងនៅ
ដាស់តឿនឲ្យទៀត។

មិនដឹងឬអ្វី—–ក្នុងរាជ្យលោកិយ—–រាជការចង្អៀត
នរណាទុកឯង—–លេងវាយដៃព្រាត—–ឃើញហើយគេបៀត
តម្រៀតរាជការ។

ហេតុនេះគួរគិត—–គួរកាន់គំនិត—–គួរគិតឧស្សាហ៍
សង្វាតរករៀន—–របៀនសាស្ត្រា—–តម្រិះប្រាជ្ញា
បង្ការទុកទៅ។

បើដោះខ្លួនរួច—–រាប់ជាអ្នកស្រួច—–ដឹងគិតរាក់ជ្រៅ
ក្នុងរាជ្យលោកិយ—–សេចក្តីឥឡូវ—–គិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។

រីត្រង់ឯខ្លៅ—–បើថយចេញទៅ—–រកស៊ីចង្អៀត
គិតគូរម្តេចម្តា—–ប្រវាបែរបៀត—–ពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។

ហេតុតែខ្លួនឯង—–ចេះគិតតាក់តែង—–ឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់—–ស្រេចនូវអាត្មា—–ឯងឲ្យអស់ការ
គិតគូរសព្វសាយ។

បើបានគេកោត—–គេមានចំណោទ—–គេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះ—–ចំណេះលែបខាយ—–ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។

រីត្រង់អ្នកខ្លៅ—–ផ្តេកផ្តិតចិត្តទៅ—–យកគេជាត្រើយ
កាលម្តងគេត្រង់—–គង់ចិត្តនៅឡើយ—–ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។

គេគិតទាយទាត់—–វាយលេខបំភ្លាត់—–បំផ្លាញអាត្មា
ចំណេញទៅគេ—–ទទេអសារ—–ខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។

នេះឯងក្មេងអើយ—–កុំប្រហែសឡើយ—–រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់—–អាស្រ័យនៅខ្លួន—–អក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។

តែចាស់បន្តិច—–វិញ្ញាណភ្លាំងភ្លេច—–គំនិតប្រែផ្សេង
គិតការច្រើនមុខ—–កើតទុក្ខចំបែង—–ប្រាប់អស់ក្មេងៗ
ចាំទុកឲ្យហើយ។

កុំអាងម៉ែឪ—–សម្បត្តិដែលនៅ—–មានច្រើននោះឡើយ
ក្រែងឥតពីម៉ែ—–ពីឪទៅហើយ—–ខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។

ក្រែងអស់ទាំងទ្រព្យនោះវាមិនខ្ជាប់—–នៅនឹងអាត្មា
ខ្លួនឯងឆោតខ្លៅ—–កំឡៅមោហា—–មិនចេះរក្សា
មិនបានគង់ទេ។

ខូចខាតមិនខាន—–គំនិតមិនបាន—–ប្រហែសខ្ញុំគេ
គេវាយគេធាក់—–គេប្រើគេជេរ—–មិនឲ្យទំនេរ
ខ្មាសគេតិចអី។

ដូច្នេះគួរគិត—–គួរឃើញគំនិត—–គួរគិតសេចក្តី
ជាមនុស្សដូចគេ—–គួរតែឃ្មាតខ្មី—–រំឭកស្មារតី
ស្រឡាញ់របៀន។

កុំគិតខ្ជិលពេក—–កុំគិតពួនដេក—–កុំគិតវេះវៀន
កុំគិតមានពុត—–រមត់កិចកៀន—–កុំគិតអៀនប្រៀន
វេះវៀនចិត្តកាច។

ឲ្យរៀនចិត្តល្អ—–ដឹងធម៌អក្សរ—–គួរគិតកោតខ្លាច
ការកេរ្តិ៍ប្រយ័ត្ន—–គួរកាត់ចោលកាច—–គួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។

ពាក្យគ្រូធ្ងន់ណាស់ដំនៀលដល់ចាស់—–ពីព្រេងមុននាយ
ឯត្រង់ពាក្យម្តាយ—–ទំនាយគ្រូទាយ—–នេះឯងមិនងាយ
អាក្រក់ណាស់ណា។

ឲ្យប្រុងប្រយ័ត្ន—–បម្រើប្រណិបតន៍—–កាន់ចិត្តស្នេហា
កុំឲ្យអន់អាក់—–ថ្នាំងថ្នាក់ចិន្តា—–គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។

ឲ្យដឹងបាបបុណ្យ—–ស្គាល់ទោសនិងគុណ—–ជាទុនទៅមុខ
គុណគ្រូបាធ្យាយ—–គុណម្តាយឪពុក—–រៀមច្បងទំនុក
ឲ្យសុខអនុកូល។

គ្រូមួយផងគ្នា—–រួមរ័ក្សចិត្តជា—–ស្នេហាមិត្រមូល
កុំនាំអុជហេតុ—–បំបែកចិត្តចូល—–កាច់កិនត្រកូល
បង្កើតមាត់ក។

កុំធ្វើម៉ាក់ងាយ—–នឹងគ្រូបាធ្យាយ—–រៀនចិត្តឲ្យល្អ
ទោះអ្នកឯណា—–ណែផ្លូវអក្សរ—–អ្នកនោះឯងអរ
ដោយចិត្តមេត្រី។

កុំឲ្យសៅហ្មង—–លើកលោកកន្លង—–ពោលពាក្យស្រដី
រឹងរួសទ្រគោះ—–ឈ្លាសឈ្លោះសេចក្តី—–កើតទោសអប្រិយ
ជេរពោលប្រមាទ។

អ្នកនោះស្មើគ្រូ—–បង្កើតអភិរូហ៍—–គុណគេឱវាទ
គេជួញប្រដៅ—–គេហៅឱហាត—–ដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។

បើឯងចេះហើយកុំភ្លេចគុណឡើយ—–ឲ្យដឹងដោយច្បាប់
គិតគូរឲ្យខ្លាច—–ដើរតាមសណ្តាប់—–គន្លងធម៌ច្បាប់
កុំឲ្យម៉ាក់ងាយ។

នេះឯងគន្លង—–ត្រឹមត្រូវទំនង—–អំពីព្រេងនាយ
ឯករាជ្យឥឡូវ—–ច្រើនតែម៉ាក់ងាយ—–ចេះហើយជេរម្តាយ
ប្រមាទគ្រូវិញ។

ហេតុដូច្នេះឯង—–លោកិយយល់ស្តែង—–តែងឃើញម្តេចមិញ
ហិនហោចសូន្យសុងលិចលង់ទៅវិញ—–ទោសនោះឯងវិញ
កើតពីឯណា។

កើតពីចិត្តឯង—–បង្កើតស្វះស្វែង—–បំផ្លាញអាត្មា
រោលរាលក្នុងពោះ—–ឆេះក្នុងឱរា—–បង្កើតទោសា
ឲ្យទុក្ខរូបឯង។

ចេះតែបន្តិច—–លើកខ្លួនកំប៉ិច—–កំប៉ោងឥតក្រែង
តែងឃើញរៀងមកយ៉ាងដូច្នេះឯង—–ម៉្លោះហើយវាតែង
ខុសនឹងទេព្តា។

រីអ្នកចិត្តល្អ—–ដឹងខ្មៅដឹងស—–ចេះពិចារណា
ស្គាល់គុណនិងទោសសន្តោសអាត្មា—–អត់ឱនចិន្តា
ពុំដែលសៅហ្មង។

អ្នកនោះឯងនៃ—–សោតសឹងប្រពៃ—–សួស្តីកន្លង
បរលោកលោកិយឥតបីសៅហ្មង—–ទាំងទេព្តាផង
ចម្រើនឲ្យសុខ។

ដរាបរៀងទៅ—–សុខពីឥឡូវ—–រៀងទៅឯមុខ
ចៀសចាកប្រាសប្រាណពីឋាននរក—–រៀនរួចបានសុខ
ដល់សួគ៌ាល័យ។

អរិយសត្ថា—–គន់គិតចែងចារ—–ចងជាសេចក្តី
តម្រង់តម្រាប់—–ជាច្បាប់យ៉ាងថ្មី—–ដាស់តឿនស្រដី
សិស្សសព្វប្រការ។

គួរគិតរករៀន—–កិច្ចការរបៀន—–របបសាស្ត្រា
តាមច្បាប់និទាន—–ទូន្មានអាត្មា—–រៀងរាល់រូបា
សូរេចចប់ហោង៕

ច្បាប់​ពាក្យ​ចាស់

(បទព្រហ្មគីតិ)

១- ពាក្យចាស់ពាក្យពីព្រេង—–ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់—–រមិលយល់ប៉ុនទាំងភ្នំ។

២- ចូលព្រៃសត្វសាហាវ—–រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ—–ពួនសម្ងំឆីម្នាក់ឯង។

៣- បានហើយចង់បានទៀត—–ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង—–មិនយល់គេឯទៀតផង។

៤- នឹងស៊ីចង់ពិសា—–ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង—–យល់ឯផងថាជាកួយ។

៥- យល់តាថាជីដូន—–យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ—–យល់ឯព្រួយថាជាសុខ។

៦- យល់ទោសថាជាគុណ—–យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់—–យល់លាមកថាជាផ្កា។

៧- ស្លៀកស្បង់មិនកោរសក់—–ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា—–យល់គជាថាកណ្តុរ។

៨- ពាក្យនេះលោកពីព្រេង—–អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់—–ក្រែងកំហល់កំហុសមាន។

៩- អ្នកប្រាជ្ញកាន់ពាក្យទៀង—–កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន—–ពាក្យអ្នកចាស់លោកដៀលថា។

១០- ពាក្យនេះពីព្រេងព្រឹទ្ធ—–គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា—–ថាចំណេះចំណាំមាន។

១១- ដេកយប់កុំដេកយូរ—–ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន—–គិតប្រមាណគ្រប់គ្នីគ្នា។

១២- លើកដាក់តាមកម្លាំង—–កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា—–កុំស៊ាំស៊នរនចៅរ៉ៅ។

១៣- ទោះគិតកុំរួសរាន់—–គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ—–កើតដំនៀលដល់អាត្មា។

១៤- កុំយកឆ្អិនជាឆៅ—–កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា—–ចោលច្បាប់ក្បួនលោកព្រេងនាយ។

១៥- ស្រដីឲ្យស្រួលស្រេច—–គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ—–យល់លង្វែកពាក្យលោកថា។

១៦- ពាក្យព្រេងលោកស្រដី—–ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា—–គិតត្រង់ណាធ្វើឲ្យបាន។

១៧- កាន់កពស់ឲ្យខ្ជាប់—–ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន—–ទឹកថ្លាសោតកុំឲ្យល្អក់។

១៨- ស្លឹកឈើឥតកម្រើក—–បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់—–ត្បិតរលកខ្លាំងសោះសា។

១៩- យល់តូចកុំខិតខំ—–គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ—–សន្សឹមក្សិណតិចៗទៅ។

២០- អ្នកមានរក្សាខ្សត់—–ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ—–ដូចសំពៅនូវសំប៉ាន។

២១- អ្នកខ្ពស់រក្សាទាប—–ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន—–នាអ្នករុងរក្សាឆ្មារ។

២២- រក្សាទៅមុខរឹង—–ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល—–ដូចរបងស្រាស់បន្លា។

២៣- កុំឆ្អែតពេកតែឯង—–មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា—–ឲ្យឆីរ៉ាបានឆ្អែតផង។

២៤- កុំមានចិត្តលលើ—–ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង—–វាំងចំណារឯអាត្មា។

២៥- មានទូកហើយមានថ្នោល—–មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា—–ក្រជឹងចាប់ដោយនូវគ្រប់។

២៦- ប្រយ័ត្នក្រែងព្យុះខ្យល់—–បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់—–ទើបហៅជាក់មានគំនិត។

២៧- ពាក្យព្រេងគិតគួរចាំ—–ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ—–មុខគួរគិតៗឲ្យគ្រាន់។

២៨- ពាក្យនេះជាសណ្តាប់—–ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់—–កំណត់នៅឥតឃ្លាតឃ្លា។

២៩- សូរេចនូវនិទាន—–ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា—–ចាំទុកកាយគ្រប់គ្រាន់ហោង៕

ច្បាប់​កេរ្តិ៍កាល

(បទព្រះហ្មគីតិ)

កេរ្តិ៍កាលពីព្រេងព្រឹទ្ធ—–សាងសុចរិតទៀងទុកនៅ
សេដ្ឋីផ្តាំប្រដៅ—–បុត្រសង្សារទុកក្រោយហោង។

កូនអើយកេរ្តិ៍មេបា—–ចូររក្សាគន់គិតគ្រង
ថែទាំចាំរួសរង—–ប្រុងប្រយ័ត្នប្រយោជន៍យូរ។

ធម្មតាអ្នកជាជាតិ—–កាលគេអាទិ៍ឲ្យគិតគូរ
កុំខ្ជិលដេកទទូរ—–ដល់ថ្ងៃរះពេញពន្លឺ។

តាក់តែងខ្ញុំកំដរ—–ចេញទៅរកធ្វើស្រែភ្លឺ
ចិញ្ចឹមគោក្របី—–រកខ្សែវល្លិ៍បោះក្រោលឃ្នង។

ធ្វើស្រែទិសទាំងប្រាំបី—–ខ្ញុំប្រុសស្រីចេញជួញផង
មើលផ្ទះស្រាស់របង—–វាំងចំណារគួររក្សា។

ឲ្យមានក្តីបារម្ភ—–ធ្វើស្រែកុំចោលចំការ
ដឹងដែកកាំបិតព្រា—–ទុកឲ្យជាកុំឲ្យបាត់។

ដេកយប់ឲ្យរាំងទ្វារ—–ទ្រាប់សម្រាលរៀបប្រយ័ត្ន
ចងទូកកុំឲ្យសាត់—–ផ្ទះបាក់បែកឆាប់ទល់ទ្រ។

សារពើទ្រព្យអ្វីៗ—–ប្រុងស្មារតីទុកឲ្យល្អ
ឩសទឹកស្រូវអង្ករ—–យកចេញចាយមានកំណត់។

កុំអាងមានទ្រព្យច្រើន—–កុំក្រវើនរកផ្គង់ផ្គត់
យកចាយៗដោយបទ—–ទោះនឹងទុកៗដោយខ្នាត់។

រទេះសេះដំរី—–រាប់បញ្ជីកុំឲ្យឃ្លាត
ខ្ញុំណាមានមារយាទ—–ទុកដាក់ដៃឲ្យរក្សា។

សប្បុរសយល់ដោយមុខស៊ុកគ្រលុកពេកពុំងារ
កំណាញ់ក្រៅតម្រា—–សោតសឹងអាប់ប្រយោជន៍យស។

រក្សាខ្លួនឲ្យរុង——រឿងឧត្តុង្គឧត្តមខ្ពស់
ប្រដាប់ដោយសក្តិយស—–ខ្លួនជាធំឲ្យថែធួន។

ឲ្យទានតាំងចិត្តស្មោះ—–កុំអាលោះអាល័យស្ងួន
ទ្រព្យនេះនឹងនាំខ្លួន—–ទៅបរលោកពុំសោះសូន្យ។

ទ្រព្យធនទោះថោកថ្លៃ—–កុំដាក់ដៃឲ្យថែកូន
នូវអស់ទាំងបងប្អូន—–អ្នកដទៃរក្សាតាង។

ទុកចិត្តខ្ញុំមើលដាក់—–ស្មើភ្នែកខ្វាក់ទាំងសងខាង
ឲ្យកូនគន់មើលតាង—–ស្មើភ្នែកម្ខាងពុំពេញពីរ។

ធ្វើអ្វីធ្វើឲ្យហើយ—–កុំទុកឡើយបង្កើតកិរ
សម្អាតអស់សរិល—–កុំឲ្យមានក្តីនិន្ទា។

ដំណេកដេកជាខ្នាត់—–ឲ្យសម្អាតសម្អាងជា
ទើបទេវតារក្សា—–ចម្រើនសុខស្រីសួស្តី។

គ្រឹះហាឲ្យផ្ចិតផ្ចង់—–កុំឲ្យផង់ផុយធូលី
ជម្រះបារបោសដី—–ឲ្យហ្មត់ហ្មងកើតសុខា។

អញ្ជុលទុកឲ្យគង់—–ប្រាក់ក្នុងថង់ទុកឲ្យជា
ប្រើខ្ញុំមើលមុខវា—–ទោះកាចជាមើលឲ្យស្តែង។

សារពើរួសរៀនរិះ—–ឲ្យចាំចេះៗចារចែង
ចង់គាប់ប្រើស្វះស្វែង—–រករៀនរិះសារពើក្តី។

សប្បុរសពេកចាញ់ធន—–នាទ៌ុជនចាញ់ឥន្រ្ទិយ
ប្រពន្ធល្អច្រើនចាញ់ប្តី—–ពាក្យច្រើនភូតចាញ់អាត្មា។

ឈើផ្លែច្រើនចាញ់ស្លឹក—–ត្រីច្រើនទឹកល្អក់ពុំជា
ទ្រព្យច្រើនព្រួយរក្សា—–ទ្រព្យតិចណាព្រួយរិះគិត។

ដេកយប់កុំដំអក់—–ឲ្យលង់់លក់ក្នុងសុចរិត
ខ្ញុំណាមានគំនិត—–គួរឲ្យគិតប្រណីវា។

ចងទូកបោះបង្គោល—–រិះរកថ្នោលពួរយុថ្កា
ការខ្យល់កាចពុំជា—–ក្រែងពានពារបោកបែកបាត់។

រៀនរិះសារពើក្តី—–ទោះស្រដីកាន់ពាក្យសត្យ
ចាំក្បួនចាំឲ្យស្ទាត់—–កុំអៀនព្រៀនសមពាក្យពោល។

ការក្រកុំគិតងាយ—–ការសម្ទាយជាកម្រោល
សន្សឹមកុំបំបោល—–ក្រែងពុំដល់ដូចប្រាថ្នា។

រៀនរិះរួសរវាំង—–ធ្វើស្រែប្រាំងស្រែវស្សា
ធ្វើស្រែមានចំណារ—–ធ្វើចំការចាររបង។

ផ្លូវវៀចកុំបោះបង់—–ផ្លូវណាត្រង់កុំដើរហោង
ដើរដោយផ្លូវគន្លង—–តម្រាយអ្នកចាស់បុរាណ។

ឆ្កែជាឲ្យបាយឆី—–ដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហាន—–កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ។

យល់តូចកុំអាលខំ—–ទោះយល់ធំកុំអាលស្រាយ
គិតក្តីកុំគិតងាយ—–មើលពិនិត្យពិនិច្ឆ័យ។

កូនអើយកេរ្តិ៍មេបា—–ចូររក្សាចាំសព្វថ្ងៃ
ទ្រព្យធននោះថោកថ្លៃ—–គួររក្សាកុំបីធ្លោយ។

ពាក្យនេះជាត្រកាល—–ជាខ្លឹមសារទៀងទុកឲ្យ
កូនចៅនៅឯក្រោយ—–តែងទូន្មានអង្គអាត្មា។

ថែទាំទើបគង់ទ្រព្យ—–រៀបរណ្តាប់ទុកទើ់បជា
ចាយវាយក្រៅតម្រា—–សឹងវិនាសធនធានផង។

បានមកទុកឲ្យគង់—–កុំឲ្យបង់បាត់បំណង
រៀនរិះរក្សាគ្រង—–យកចេញចាយដោយរដូវ។

ដឹងហាប់ឲ្យដឹងតុល—–ភ្នែកឲ្យយល់ទៀងត្រាជូ
គិតគ្រប់សព្វដោយផ្លូវ—–ក្តីចន្លោះកុំបីមាន។

ពាក្យនេះស្មើខ្លួនហើយ—–កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទាន—–ជាសូរេចបណ្តាំហោង៕

ច្បាប់​កូន​ចៅ​ល្បើក

១ នេះបទកាកគតិ៍ ទើបចងជាបទ ជាច្បាប់ទូន្មាន
តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ អ្នកប្រាជ្ញនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លក ស្ងួនអើយមាសយក បណ្ដាំបិតា
ឳពុកនេះចាស់ ឥតអ្វីអោយបា ស្ងួនអើយរក្សា
ពាក្យឳពុកនៅ។
ឱកូនកំសត់ រៀនអោនរៀនអត់ រៀនគិតក្នុងក្រៅ
រៀនអោនលំទោន កុំអោយហ្មងសៅ ដល់ខ្លួនកូនពៅ
កេរ្ដិ៍ដល់ឳពុក។
ដឹងឆ្លើយត្បិតដង កូនសើចរែងឆ្គង ត្បិតតែឳពុក
ទ្រព្យគង់ត្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥ – ចំណេះទាំងឡាយ កិច្ចកលដោះស្រាយ ត្បិតតែគំនិត
ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខាន ល្មមដើរបំពាន ពុំគិតក្រងាយ
ល្មមឈប់បង្អង់ ល្មមខាននូវអាយ ក្ដីក្រកុំស្រាយ
ក្ដីជាកុំធ្វេស។
សូវដើរកុំដេក សូវថប់កុំត្រេក សេចក្ដីប្រហែស
សូវខានកុំពារ ចចើងចចេស សូវចូលកុំចៀស
វាសរួចសឹមគូរ។
លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំអ៊ូទ្រូ
ស្រាយចេញអោយឆាប់ កុំអោយទុកយូរ សេចក្ដីមូទូ
មិនគិតខុសត្រូវ។
ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន ធ្វើជាអោយគួរ តឹងគិតអោយធូរ
យូរគិតអោយឆាប់។
១០ -សេចក្ដីបំរុង ពាក្យដើមពាក្យចុង ប្រកាន់អោយខ្ជាប់
សូវនឿយអោយខ្លួន កុំអោយបង់ទ្រព្យ សូវបង់ក្ដីគាប់
កុំអោយខ្លួនស្លាប់។
សូវស្លាប់ទៅជា កុំបង់ធម្មា អិរិយាសីលគាប់
អោយគិតជញ្ជឹង រំពឹងអោយសព្វ ពាក្យស្លែងកុំស្អប់
ពាក្យគាប់អោយយក។
ចង់គង់អោយទុក ចង់បានក្ដីសុខ អោយស្វែងដើររក
ឃើញច្បាស់ធម៌ផង អោយយកខ្លួនជ្រក ក្ដីសោកមម៉ោក
អោយជៀសចេញឆ្ងាយ។
កូនអើយលោកិយ នេះអោយរៀនក្ដី រៀនច្បាប់ទាំងឡាយ
រៀនទាំងសំដី កុំបីរាយមាយ ក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម។
ឱកូនពុំងា ធម្មតាអ្នកជា អោយរៀនថែទាំ
រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ
លក់ចេញទិញចូល។
១៥ -មួយសោតអែច្បាប់ បើបានមានទ្រព្យ មនុស្សផងមកមូល
ពឹងពាក់ប្រាណណា បាយកប្រមូល សន្សំផ្សំចូល
យកមកជាគ្នា។
កូនអើយអែម្លប់ មនុស្សផងចូលឈប់ សំរាន្ដអាត្មា
ព្រៃឈើជាម្លប់ ត្រសុំសាខា ម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន។
មនុស្សផងរំលង រកម្លប់ទៀតហោង ចូលចតសំរាន្ដ
ម្លប់នោះត្រជាក់ ត្រសាក់ក្សេមក្សាន្ដ មនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសំណាក់
មច្ឆោមច្ឆា ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោង ឯទឹកនោះផង ម្ដេចប្រែជាក្ដៅ
មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ
ពុំនាក់អាត្មា។
២០ -កូនអើយថាបើ បាឯងអាចធ្វើ ក្ដៅក្ដាត់មហិមា
ព្រៀងលានទាំងឡាយ គេនឹងនិន្ទា ដំនៀលដៀលថា
បាអែងពុំចេះ។
អាប់ឥតប្រាជ្ញា អាប់ទាំងឥរិយា យោបល់ចំណេះ
អាប់ទាំងមារយាទ អាប់ទាំងតំរិះ ត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា
មួយគ្រាន់ពន្លៀក នៅក្នុងគង្គា ពុំរាប់ហៅជា
ប្រសើរឡើយហោង។
មួយសោតអ្នកណា គេមកប្រាប់ថា ត្បិតបាធ្វើឆ្គង
បាគិតជញ្ជឹង រំពឹងដើមទង កុំបាតោតតូង
ក្អេងក្អាងពុំគាប់។
ទូកហួសកំពុង រាចែវបង្អង់ ថយមកចូលចាប់
ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់
ពុំបានឡើយណា។
២៥ -អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា
ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្ដី។
រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតអែងកំលាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក ដកកក្ងក់ អួតអែងអំណាច
នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីឯអណ្ដើក វារឡើងរវើក មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ រាងអញចំប្រប់
ដូចរាជសីហា។
៣០ -ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងប្រាណអាត្មា
សូវអោនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ
សូវគប់កុំជះ។
ឱកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរ ហៅមហាវិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង សប្បាយចង់លេង នេះឯងលោកថា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ ​ ចំការជួញប្រែ នោះមានគេរាប់
សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ
ចេះរៀបចេះចំ ចេះសមចេះគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥ នាងនេះឈ្មោះអ្វី មុខមាត់អប្រិយ សមជាអ្នកមាន
ម្លោះហើយនឹងកើត ទ្រព្យផងពុំខាន ព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងផ្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា លោកមានឧបមា អោយគិតអោយយល់
ពាក្យលោកទំនឹម មិនមានអោយសល់ កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា
កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំអោយនិយាយ ដើមគេនឹងក្លាយ
កើតជាទោសធំ។
៤០ – ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្ងួរអួតផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ ដកកក្ងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រាំ ក្រោកឡើងទន្ទាំ កែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង ផ្អៀងផ្អងទន់ទាប ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់តួទាំងឡាយ
បាគិតរំពឹង ជញ្ជឹងអោយឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភិតភាំង ស្លុតស្លាំងកាយា ប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
៤៥ – រិះរកគំនិត ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ ចាត់ឡើងអោយដឹង ចំណេះមួយនឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគជសារសឹក
កាំភ្លើងដៃដុំ ពុំដែលនឹងក្លឹក ដេញដាលគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល
អោយគិតសញ្ជឹង រំពឹងអោយមូល ប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាង កុំភូតបំព្រាង កុំអោយចែចូវ
កុំកាច់កុំកិន រអែរអូវ កុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀន កុំបៀតកុំបៀន កុំស្ដីអោយមោះ
គ្នាបានជាខុស អោយមានសន្ដោស កុំហាអោយហួស
ជ្រួសពាក្យទៅមុន។
៥០ – ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា កុំអោយលោកអន់ សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងជាធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តំរង់
ក្រែងបង់អិរិយា សក្កាកុំគង់ លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់ ពាក្យមួយមហាគាប់ មានមិត្ដស្នេហា
អោយមើលមារយាទ មើលសព្វអិរិយា អោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួន អោយល្មមនឹងខ្លួន អោយធួននឹងអង្គ
សឹមយកជាមិត្ដ ឋិតថេរដ៏លង់ ទៅមកតំរង់
ចេញចូលស៊ីចុក។
៥៥ – មិត្ដមួយសោតណា ទៅមកកាន់គ្នា បង្កើតអោយសុខ
មិត្ដមួយអោយទោស បង្កើតជាទុក្ខ មិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា
ចុះឡើងមិនអាក់ នឹងហិនអាត្មា កូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសី កូនប្រុសកូនស្រី ស្ងួនអើយបាស្ដាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថា រិកក្នុងអាត្មា មានបីពុំឃ្លាត
មួយស៊ីមួយដេក មួយដើរជាខ្នាត ស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០ – នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនអោយជំនា
អោយកើតតែទុក្ខ អោយបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វ ចង្រៃនូវអព មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី បើមានរិកបី ដូចច្បាប់លោកថា
រិកដេករិកដើរ រិកស៊ីអាហារ ជាអ្នករក្សា
អិរិយាមារយាទ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានអោយឃ្លាត
ទោះបីនឹងសើច នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយល់អិរិយា
គេយល់ចំណេះ ជាអ្នករាបសា គេចង់ចងជា
ពន្ធយកជាញាតិ។
៦៥ – មានខ្សត់ពុំគិត យកតែគំនិត ឥរិយាមារយាទ
អោយចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឳពុក នឹងបានលើកមុខ ដោយកូនពុំងា
អស់ទាំងបងប្អូន ជីដូនជីតា ម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
៦៨ – កូនអើយចូរស្ដាប់ ចូរចាំអោយខ្ជាប់ ទុកក្នុងអាត្មា
ទំនឹមទំនង គន្លងឧបមា ទើបចងប្រែជា
ជាបទព្រហ្មគិតិ។
១ កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត កូនអើយមាសតាំងចិត្ត តាំងចរិតគិតកុំឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង មើលយល់តែខ្លួនឯង មិនយល់គេឯទៀតផង។
៥ នឹងស៊ីចង់ពិសា ខ្ជិលទំពារឲ្យហ្មត់ហ្មង យល់នាមថាជាមង យល់ឯជងថាជាកួយ។
យល់តាថាជីដូន យល់ឯកូនថាជាក្មួយ យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ យល់ឯបុណ្យថានរក យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់ ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
១០ អ្នកប្រាជ្ញកាន់ពាក្យទៀង កុំឲ្យល្អៀងពាក្យបុរាណ កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធ គួរឲ្យគិតពិចារណា កុំអួតអាងអាត្មា ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ ខ្លាចក្តីទូជ៌នដល់ប្រាណ បើស៊ីកុំតាមឃ្លាន មើលប្រមាណអស់គ្នីគ្នា។
លើកដាក់តាមកម្លាំង កុំកើចខ្លាំងឈឺដល់ស្មា ប្រើគេប្រើឲ្យជា កុំសសន់រាន់សៅដៅ។
ទោះដើរកុំរួសរាន់ គិតឲ្យគ្រាន់សឹមដើរទៅ កុំឲ្យអាប់អាស្រូវ កើតដំនៀលដល់អាត្មា។
១៥ កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា កុំអាងតែប្រាជ្ញា ចោលក្បួនច្បាប់លោកព្រេងនាយ។
ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងគិតឲ្តឆ្ងាយ យល់លង្វែកសព្វនានា។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
២០ យល់តូចកុំអាលខំ គួរសន្សំយកជាគ្នា បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ។
អ្នកមានរក្សាខ្សត់ ដូចសម្ពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមកវឹង ឥតកំដឹងអស់អម្បាល ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា។
កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា គេឃ្លានក្នុងផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
២៥ កុំមានចិត្តលលើ ពឹងក្រពើឲ្យចម្លង កុំកាប់ឧសរបង វាំងចំណារឯអាត្មា។
មានទូកឲ្យមានថ្នោល មានបង្គោលមានយុថ្កា ទាំងពួរទាំងច្រវា ជើងចែងណ៎ាឲ្យសព្វគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់ ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំ ដូចបណ្តាំបណ្តៅចិត្ត ពាក្យព្រេងគួរឲ្យគិត គិតរំពឹងឲ្យគ្រប់គ្រាន់។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់ ពាក្យនេះជាកំណាន់ កំណត់នៅពុំឃ្លាតឃ្លា។
៣០ តែងតពាក្យទៅទៀត កុំបៀនបៀតអ្នកព្រឹទ្ធា កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍ពុំគង់ទ្រព្យ។
ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់ ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា។
ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ។
កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់ ខ្ចីទ្រព្យគេកញ្ជប់ រកគេទៀតគេថាគ្មាន។
អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឲ្យពឹងទ្រព្យ។
៣៥ អ្នកខ្លៅរែងស្អប់ចេះ ត្បិតតម្រិះគិតគំនាប់ អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឱវាទទាន ជាសូរេចម្ល៉េះឯងហោង។

ច្បាប់ប្រុស

នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។
ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។
នឹងដើរដូចភុជង្គ ឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។
រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គង​ពាក្យពេចន៍​គេ​ស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំ ជំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។
ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង។
ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា
កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ពារក្សាយើង
ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។
កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ។
ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កម្ដៅអង្គ អុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនចុះ
គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយ សព្វពួច ពាងអាងអុង ធំ។
កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើអុស។
ជួនកាលក្រែងមានបន្លា មុតអាត្មាគ្រាន់ចាក់ជួស
ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។
ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ
កាប់កាន់កុំដៃទេ អង្គុយគន់មើលឆ្វេងស្ដាំ។
ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត។
សោះស្រីស្រដីបាន បើអុសមានមិនព្រួយគិត
សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្ដួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើន ទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យមើលមុខៗ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចម្ការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ។
កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ទោះធ្វើស្រែចម្ការ ឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង។
កុំឲ្យបង់កម្លាំង ទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រង់ផង ឲ្យលូតលាស់មានផ្លាផ្កែ។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ។
ជាងយប់បិតឫស្សី ត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ។
កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម។
ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា។
ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា
គេម៉ៃ មកអាត្មា តាមដំណឹងដំណើរខុស។
កូនអើយបាកុំធ្លោយ កុំធ្លាយឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀរប៉ោធួ កំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងគេនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងដាំក្បាលចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់។
មើលមុខល្អមិនតិចអី មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្ដាប់ មាត់ស្ញេញស្ញាញពេបកូនក្មេង។
ស្រែកថ្ងូរអេះអូយអឺយ អាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។
ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង
កុំលកុំលូកលេង គួរឲ្យវាងឲ្យវៀរសោះ។
កុំឈរកុំឈប់ចិត្ត ក្រែងមិនអត់បង់កេរ្តិ៍កោះ
កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសម្លាញ់
ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ
វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។
ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់
មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា។
ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជា កុំធានាណា៎អ្នកអាយ។
កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណា។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា
វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ។
ភ្លេចទានសីលសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ។
បង្កើតតែទុក្ខទោស បើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយ ឲ្យទាស់តែងខឹងនឹងគ្នា។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូន ម្ដាយនិងកូនគុំធ្វើគ្នា។
រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ
លក់ព្នៃ ខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា។
គេកាប់ដោតទាំងក្បាល មិនចេះចោលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះណា នឹកតែត្រង់សេពសប្បាយ។
រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។
នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា។
អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ។
ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កម្លាំងឯងស្មើនឹងចៃ មិនកោតគេតិចឡើយណា។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា
មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។
បញ្ជោរបញ្ចៀសផ្ដាស ជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។
ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាធាក់ ដោយចិត្តធំបទបានស្រា។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។
គេឃើញអស់ខ្មាសខ្ញុំ ក្មេងជៀវ ជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំងខ្លួន។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ដឹងហើយស្រវឹងបួន ខ្លួនខ្សត់ទេអួតថាមាន។
អ្នកស្លូតទៅជាកាច ឯងអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី។
គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ
នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា។
ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង។
លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ។
នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន
ដោយធម៌បុរាណ លោកឧបមាដូច្នេះនា។
ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូច្នេះនៃ។
កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិត មៃ
គិតចងជាសេចក្ដី ប្រដៅជនចប់ម្ល៉េះហោង៕

ច្បាប់រាជនេតិ ឬច្បាប់ព្រះរាជសម្ពារ

 

                                ច្បាប់រាជនេតិ ឬច្បាប់ព្រះរាជសម្ពារ

                                                បទកាកគតិ

                                                          ទាញយកអត្ថបទខាងក្រោម 

១.ហៃអស់សាធុជនផង       ​​​​​​​នេះគឺចំណង                បទបាលីថា

គម្ពីររសធម៌                    ​អាណាក្រិត្ដិកា            ​​​ ​​​  គួរគប្បីមហា-

                                 ជនផងត្រង់ត្រាប់។

ធម៌នេះដំបូន្មាន                រួមរក្សាប្រាណ               ឱយបានស្ដាប់គាប់

ដ៏លោកបរលោក              ហៅរសពុំស្លាប់              ធម៌នេះជាច្បាប់

                                  ក្ដីគាប់បរិយាយ។

កុំទុកចិត្តបរទេស               កុំទុកចិត្តអភិនេស្ដ្រម៍         កុំទុកចិត្តអភិប្រាយ

ស្រើស្ទុំសែងខ្ពស់               រំពឹងឱយឆ្ងាយ                ស្គាល់ពាក្យបរិយាយ

                                  បណ្ដិបមេជី។

កុំងឿងដោយខ្យល់             កុំឱយពាក្យពល              កុំខ្វល់ដោយស្រី

កុំកាន់ពិសយង់                  គប់នឹងស្ដ្រី                   សមណៈជនជី

                                   កុំឱយក្ដីត្រូវ។

   អានត 

 

 

បុរាណសុភាសិត

 

បុរាណសុភាសិត

ដោយវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ

វិស័យចិត្តល្អនឹងក្រខ្លួន                   មើលក្បួនលំអានបុរាណប្រាម
ការខុសចោលទៅការត្រូវតាម           ឯតាមគួរកាត់រំលត់ខ្លះ ។
កុំទៅបណ្ដោយឲ្យវាឆេះ                 ក្រែងទាល់ចំណេះលត់មិនឈ្នះ
នឹងបង់របស់អស់តបះ                   កាន់មានៈគង់មនុស្សគេនិន្ទា ។
គិតអ្វីឲ្យវែងកុំបែងខ្លី                      វិស័យចង់ស្រីមើលឫកពា
ផ្គាប់ស្ដេចតោងមើលព្រះទ័យា          ផ្គាប់រាស្រ្តដូចគ្នាតោងមើលចិត្ត ។
ភ្ញៀវមកតោងមើលអាការចេញ          ពោលពាក្យម្ដេចមិញគង់ឃើញពិត
ពាក្យស្លែងរែងស្លូតជួនជាមិត្រ           ពាក្យពិតជួនពាលមមាលវិញ ។
ពាក្យលេងជួនឡកលប្រាជ្ញា             ពាក្យព្រាងមុសាការគេដេញ
អួតខ្លួនតោងឃ្លាតពីខ្លៅចេញ            ស្រឡាញ់តោងថ្នមលោមមើលចិត្ត ។
គេលើកកុំឡើងទៅតាមយស            ឡើងខ្ពស់មើលទាបរក្សាមិត្រ
ដើរមុខទុកក្រោយកុំឲ្យជិត               លោកប្រែតោងប្រព្រឹត្តចិត្តកុំប្រែ ។
កាន់ប្រាជ្ញកុំប្របសម្របតាម             ហួសហើយកុំហាមឲ្យតាមកែ
បទខ្លីតោងវៀរវៀសបែរ                  រៀនស្នេហ៍តោងស្និទ្ធចិត្តឲ្យស្ងួន ។
ប្រាក់មានលើកឲ្យគេខ្ចីទៅ               ចំណេះចេះនៅតែក្នុងក្បួន
ប្រពន្ធនៅឆ្ងាយអំពីខ្លួន                   ដល់ជួនត្រូវការរអារចិត្ត ។
ចេះច្រើនលំបាកយ៉ាតនឹងគេច          ចេះតិចព្រួយប្រាណរំខានគិត
ល្ងង់ល្ងើប្រើការដូចងងឹត                 ឥតបើគិតមិនកើតការនោះបាន ។
តាំងខ្លួនតោងឃ្លាតពីខ្លៅចេញ           វែងណាស់លលេញហួសប្រមាណ
លក់ដូរមើលដើមឲ្យដឹងដាន             គិតអានសឹមធ្វើតាមប្រាជ្ញា ។
ទូកលឿនជិះលុបអុំឲ្យលិច              ត្បូងពេជ្ររឹងម្ដេចគង់ប្រេះឆា
ទីស្ងាត់ប្រយ័ត្នចេញវាចា                 គិតអាថ៌ឯណាកុំអាងជិត ។
ភ្លាត់មាត់មិនទប់កំពប់ប្រាក់               ភ្លាត់ជើង ៗ បាក់មានថ្នាំបិទ
ភ្លាត់ការគង់កែបំបែរគិត                   ភ្លាត់ចិត្តគង់ចាប់ទៅតាមចេះ ។
យល់ញាតិឃ្លាតច្បាប់ចាប់រវាត          យល់ការគង់ឃ្លាតឃ្លៀងចំណេះ
ដំរីជើងបួនគង់ភ្លាត់អេះ                    អ្នកប្រាជ្ញដែលចេះគង់ភ្លាត់ខ្លះ ។
ចាប់ត្រីដៃពីរតម្រាហាម                   ចាក់អង្ករយកអង្កាមហាមមិនឈ្នះ
អុំទូកឡើងភ្នំខំមានៈ                       បង់ព្រះទៅសំពះឯបាយាប ។
ស្លៀកសសាងព្រឹតចិត្តនៅខ្មៅ            ចោលប្រាជ្ញតាមខ្លៅចង់ចៀសបាប
លូកវែកឲ្យដឹងរសប្រៃសាប               យកខ្សាច់មកគាបបានប្រេងឬ ។
ឫស្សីធ្វើក្លាក់ដាក់គ្មានថ្នាំង                គងស្គររគាំងវាយមិនឮ
សុរិយាមិនយកជាពន្លឺ                     កាន់ជឿអំពិលអំពែកសត្វ ។
ចងអ្វីមិនខ្ជាប់ស្មើសង្សារ                  ការអ្វីមិនស្មើការប្រតិបត្តិ
ស្ងាត់អ្វីមិនស្មើចិត្តដែលស្ងាត់            កាចអ្វីមិនស្មើជនពាលា ។
រោគអ្វីមិនស្មើឃ្លាន                        ទានអ្វីមិនស្មើទានទេសនា
មានអ្វីមិនស្មើមានប្រាជ្ញា                  ជាអ្វីមិនស្មើចិត្តជាបុណ្យ ។
រហ័សអ្វីមិនស្មើចិត្តដែលនឹក              មុតអ្វីមិនស្មើទឹកហូរជោរជន់
ធ្ងន់អ្វីមិនស្មើព្រះគុណធ្ងន់                ធន់អ្វីមិនស្មើប្រពន្ធប្រើ ។
មើលមេឃតោងមើលទៅទេវតា          ចូលព្រៃព្រឹក្សាតោងមើលលើ
យកមិត្រមើលចិត្តឲ្យស្មោះស្នើ           យកក្លើតោងមើលឲ្យសមប្រាណ ។
ធ្វើស្រែចំការឲ្យមើលស្មៅ                 ទុកដាក់កូនចៅមើលសន្ដាន
ធ្វើទីលំនៅមើលភូមិឋាន                  បរិភោគប្រមាណមើលអាហារ ។
ដាវ មុត ៗ មែននៅក្នុងស្រោម ។​

 

 

ទំនួញមាតាបិតា

 

                                         ទំនូញមាតាបិតា                                                            

                                                                          ទាញយកអត្ថបទ  ស្ដាប់សំលេងស្មូត

កូនអើយកាលម្ដាយនៅពីក្មេង                          ​               និងឪពុកឯងសែនវេទនា

ខំប្រឹងចិញ្ចឹមកូនពុំងា                                                   ឥឡូវក្លាយជាមនុស្សឥតន័យ។

ចិត្តចង់រៀនសូត្រនូវធម៌អាថ៌                                           រក្សាសីលប្រាំសីលប្រាំបី

ជាប់ចិត្តនឹងកូនស្ងួនពិសី                                               រៀនធម៌វិន័យមិនចេះចាំ។

កម្មក្រាស់ណាស់នឹងតណ្ហា                                           មាតាបិតាប្រាថ្នាចេះខ្លាំង

ចង់បានភោគទ្រព្យដោយកម្លាំង                                       ទុកគ្រាន់ចែកកេរ្ដិ៍កូនប្រុសស្រី។

អោយកូនរៀនសូត្របានចេះដឹង                                       មិនអោយល្ងិចល្ងង់ក្នុងលោកីយ៍

រៀបគូភរិយានិងស្វាមី                                                  តាមច្បាប់វិន័យពីបុរាណ។

នឹកសង្ឃឹមថាខ្លួនចាស់ទៅ                                              រំពឹងទៅលើកូនកល្យាណ

ថាមុននឹងជួយខ្លួនវិញបាន                                             ក៏សម្រាណប្រាណភ្លេចអាត្មា។

លុះដល់ខ្លួនចាស់កម្លាំងស្រុត                                         ទើបបានតក់ស្លុតនឹងសង្ខារ

ក៏ចាប់តាំងរៀនសូត្រធម៌អាថ៌                                          ឯរូបកាយាដេកដួលហើយ។

រំពឹងទៅលើកូនប្រុសស្រី                                               បានប្រពន្ធប្ដីធ្វើព្រងើយ

គេខំរកស៊ីធ្វើកន្ដើយ                                                    ព្រះអើយនេះហើយគួរអនិច្ចា។​

កូនអើយនេះហើយកម្មឪពុកម្ដាយ                                    ស្មានថារូបកាយមានខ្លឹមសារ

គ្មានធម៌អនិច្ចំនិងទុក្ខា                                                 ឥឡូវនេះណាជរាហើយ។

ព្យាធិចុកចាប់សព្វរាងកាយ                                           ធ្វើអោយរូបម្ដាយចុកគ្រាំគ្រា

ពុំមានធម៌ណាមកភាវនា                                              កាលខ្លួននៅជាធ្វេសប្រហែស។

រំពឹងអាចារ្យអោយពុទ្ធោ                                                ត្រចៀកក៏ហឹងស្ដាប់មិនច្បាស់

ខ្លួនឯងមិនដែលយល់ធម៌ព្រះ                                         ទោះជាលឺច្បាស់ថាមិនត្រូវ។

មិនបានហាត់កាយវាចាចិត្ត                                           អោយបានសុចរិតទៅតាមផ្លូវ

មុននឹងមរណៈខ្ញុំសូមផ្ដាំ                                               ប្រុសស្រីចងចាំស្ដាប់អោយច្បាស់

ជរាព្យាធិនិងមរណៈ                                                   គេមិនបញ្ចាក់សូរចិត្តឡើយ។

រុករាណទន្ទ្រានយករាល់ថ្ងៃ                                           គួរខំកែខៃពុំពង្រើយ

ធ្មេញបាក់សក់ស្កូវអស់ទៅហើយ                                      ម្ដេចឡើយនៅតែមិនដឹងខ្លួន។​

គួរតែធ្វើទានរក្សាសីល                                                 ភាវនាកុំខ្ជិលអោយមាំមួន

កុំធ្វើដូចខ្ញុំៗខុសខ្លួន                                                   ព្រោះតែកូនស្ងួនទាំងស្រីប្រុស។

ខ្ញុំសូមផ្ដែផ្ដាំចាំអោយច្បាស់                                           នូវធម៌ត្រៃលក្ខណ៍ជាវិន័យ

អនិច្ចំមិនទៀងរៀងរាល់ថ្ងៃ                                            ទុក្ខអ្វីៗទុក្ខឥតស្បើយ។

អនត្តាប្រែថាមិនមែនខ្លួន                                              ពិតជាមិនមែនខ្លួនយើងឡើយ

បើរបស់ខ្លួនឃាត់បានហើយ                                          ម្ដេចឡើយមិនស្ដាប់បង្គាប់យើង។

ថាតែប៉ុណ្ណោះបាត់ស្មារតី                                             ធាតុក្ដៅចេញផុតដល់ចុងជើង

ឯកូនប្រុសស្រីឆោឡោឡើង                                         ឪពុកម្ដាយយើងគាត់ស្លាប់ហើយ។

ស្ដាយអើយសែនស្ដាយគាត់ស្លាប់ទៅ                               កូនចៅមិនទាន់បានដឹងគុណ

មាតាបិតាមានគុណធ្ងន់                                              រកអ្វីប្រៀបផ្ទឹម ស្មើពុំបាន។​

នេះៗកូនចៅជួបជុំគ្នា                                                កូនសូមវន្ទាលាទោសហើយ

កាលលោកនៅរស់ខ្ញុំកន្ដើយ                                         ពោលពាក្យសំដីមិនសមរម្យ។

អញ្ជើញងួតទឹកណាអ្នកម្ដាយ                                        កូនសំអាតកាយដោយដៃខ្លួន

ឡើងព្រះស្ថានបានសមសួន                                        កូនសូមធ្វើទានជួនទៅអ្នក។

មានភ្លេងពិណពាទ្យដូរ្យតន្ដ្រី                                         សាដកសង្ឃាដីនិងភេសជ្ជៈ

បង្អែមចង្អាបលើកឡើងដាក់                                       ចំពោះព្រះភក្ដ្រព្រះសង្ឃត្រៀបត្រា។

នេះហើយថាអ្នកចេះធ្វើបុណ្យ                                         តបគុណមាតានិងបិតា

មាននំចំណីម្ហូបអាហារ                                                 ជួនគាត់ពិសាទាន់នៅរស់។

ឥឡូវគាត់ស្លាប់បាត់ហើយ                                              កូនចៅខាងក្រោយធ្វើផ្ញើទៅ

មិនដឹងកន្លែងដែលគាត់នៅ                                              មិនដឹងថាដល់ឬមិនដល់។

ឥឡូវនេះខ្ញុំខុសហើយ                                                   បងប្អូនខាងក្រោយកុំងឿងឆ្ងល់

មា្ដយឪពុកនៅរស់ត្រូវផ្ដល់                                              នេះជាកុសលយើងឃើញពិត។

ខ្ញុំនេះជាកូនអកតញ្ញូ                                                     តស៊ូត្រាម្ដាយអស់ជីវិត

កាលគាត់នៅរស់ខ្ញុំឥតគិត                                               ញាតិមិត្តកុំយកតម្រាប់ខ្ញុំ។​

 *******

ស្មូតដោយលោកយាយពាន់ នៅវត្តស្លាត ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។​

តំណភ្ជាប់ បណ្ដាញពត៌មានវប្បធម៌ខ្មែរ

ច្បាប់ស្រី

ទាញយកឯកសារ

ច្បាប់ស្រីត្រូវបានតែងនិពន្ធឡើងដោយបណ្ឌិត ម៉ឺន មៃ ជាបទភុជង្គលីលា

នេះបទកំណត់ចងជា ភុជង្គលីលា ចងជាច្បាប់ស្រី។
កាលនាងឥរន្ទវតី ចរចាកតាមប្ដី គឺបុណ្យកយក្សា[១]
នាងវិមលាជាព្រះមាតា បើកបន្ទូលថា ហៃកូនពិសី។
នាងនឹងត្រាច់ត្រង់តាមប្ដី ចេញចាកអំពី ពិភពនាគនេះ។
ទៅឋានមនុស្សលោកនាយអេះ ចូរនាងចាំចេះ បម្រើស្វាមី។
ធ្វើវត្តប្រតិបត្តិប្រក្រតី កុំឲ្យស្វាមី អាក់អន់ចិន្ដា។
នាងអើយគម្ដែង[២]ក្រឡា ជាម្ចាស់សិរសា កូនកុំមាក់ងាយ។
ហៃកូនស្រីមាសម្ដាយ ក្រណាស់នាងអាយ តាមដោយច្បាប់ស្រី។
ក្រមួយមិនបានសម្ដី ពាក្យទន់តិចនៃ ឲ្យញាតិចូលចិត្ត។
ក្រមួយមិនចេះរិះគិត ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា។
ទោះមានមិនមានក្ដីណា ពាក្យផ្អែមចរចា ទើបគេស្រឡាញ់។
កុំជួចិត្តស្មូរកំណាញ់ មិនមានអស់អញ នឹងញាតិសន្ដាន។
កើតយសរបស់ផងបាន កើតសុខក្សេមក្សាន្ដ ពីព្រោះកូនស្រី។
ទោះនឹងនិយាយស្រដី ការកេរជាស្រី កុំស្ដីឡេះឡោះ។
ថាលេងដូចក្មេងញ៉េះញ៉ោះ ឃើញប្រុសកម្លោះ សសៀរចូលជិត។
សើចព្រៀងកញ្ឆៀងមិនគិត ប្រុសព្រើលបានចិត្ត វាហ៊ានដោយសារ។
ហៅស្រីអប្រិយឥតការ ឥតមានឥរិយា មារយាទក្នុងខ្លួន។
សើរើពុំធ្វើនឹងនួន ស្រដីមិនមួន មិនមានអៀនអន់។
ឃើញគេបៀតបែរគយគន់ សើចសួរចំអន់ ចំអកឲ្យប្រុស។
ហៅស្រីអប្រិយទុយ៌ស មិនខ្លាចខ្លួនខុស មារយាទក្រឹត្យក្រម។
ធ្វើការអង្គុយច្រឡំ នឹងសមពុំសម ថាឯងជាស្រី។
មិនកោតមិនខ្លាចចិត្តប្ដី ឲ្យប្រុសដទៃ មាក់ងាយប្ដីណា។
ហៅស្រីឥតលក្ខណា ឥតមានកិរិយា មារយាទពុំសម។
ធ្វើការផងណាប្រើខំ ទោះត្បាញចាក់ដំ នាងខំឲ្យហើយ។
កុំទុកទៅមុខទៀតឡើយ ថាចាំបង្ហើយ កម្រណាស់ណា។
ទោះធ្វើហូលគោមព្រែ[៣]ផ្កា ដាក់ត្បាញហើយណា បានស្រេចសឹមធ្វើ។
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ ហើយកុំឲ្យដើរ លេងផ្ទះគេណា។
ឱស្ងួនខ្លឹមខ្លួនរក្សា នាងខំធ្វើការ ទាន់ខ្លួនក្រមុំ។
មានប្ដីបានអ្វីជាខំ រវល់កូនយំ កម្រចេះឆ្លាត។
ព្រួយចិត្តគំនិតចង្អៀត មួយហើយមួយទៀត យំទារតែឆី។
រីងព្រួយទាំងមួយទាំងពីរ រកបានឲ្យឆី ទើបបានបាត់មាត់។
ទៅកាន់ការធ្វើឲ្យស្ទាត់ ហូលគោមគាត់កាត់ អន្ទងត្បាញទៅ។
កុំទុកក្នុងស្មុគស្មាញនូវ ក្រែងដល់យូរទៅ ខាតខូចអសារ។
ហៃកូនស្រីស្ងួនមាតា ចូរចាំរក្សា កុំភ្លេចស្មារតី។
ចូររករៀនយកច្បាប់ស្រី ឲ្យកោតខ្លាចប្ដី គម្ដែងក្រឡា។
ធ្វើវត្តប្រតិបត្តិសោតណា ឲ្យនាងរក្សា ភ្នក់ភ្លើងទាំងបី។
ឲ្យកាត់ឲ្យគង់ប្រក្រតី សព្វថ្ងៃកុំឲ្យបី ភ្លេចផ្លុំឲ្យឆេះ។
ក្រែងរាលដូចដាលព្រាយប្រេះ កើតក្ដៅរលេះ រលាយអស់អង្គ។
ភ្លើងក្រៅកុំនាំទៅក្នុង ឲ្យឆេះបំផ្លុង ឬផ្លុំបង្កាត់។
ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ ឲ្យឆេះឯក្រៅ។
អុជអាលបណ្ដាលឲ្យក្ដៅ ដាលដល់កូនចៅ អសោចអប្រិយ។
ឲ្យនាងខំប្រុងស្មារតី មើលភ្លើងទាំងបី រក្សាឲ្យគង់។
ភ្លើងនោះឲ្យកូនពុំលង់ នឹងឲ្យឧត្ដុង ឧត្ដមកន្លង។
កើតយសរបស់ទ្រព្យផង បរិបូរឥតហ្មង ប្រសើរក្ដាត់ណា។
ភ្លើងមួយនោះឲ្យរក្សា គឺគុណមាតា បិតាស្ងូនគ្រង។
ឲ្យនាងធ្វើដោយគន្លង ប្រណិប័តន៍កុំឆ្គង នឹងម្ដាយឪពុក។
ឲ្យខំថែទាំញ៉ឹកញ៉ុក ចំណីចំណុក ចំណង់អាត្មា។
កុំឃ្លានទុកឆីឡើយណា ឆ្ងាញ់ឈ្ងុយពិសា ជូនជាប្រក្រតី។
ពាក្យពេចន៍ការកិច្ចអ្វីៗ អត់ឱនកុំបី ឲ្យអាក់ចិន្ដា។
ភ្លើងមួយគម្ដែងក្រឡា គឺប្ដីអាត្មា ឋិនថេររួមរ័ក្ស។
ឲ្យនាងប្រណិប័តន៍ជឿជាក់ កុំធ្វើឲ្យអាក់ ឲ្យអន់ចិត្តប្ដី។
អត់ឱនខ្លាចខ្លួនជាស្រី កុំឲ្យស្រដី ទុកគេជាស្មើ។
ទោះកើតហេតុភេទសារពើ ពាក្យពុំប្រសើរ ជញ្ជឹងចាំស្ដាប់។
ទោះប្ដីស្រដីពុំគាប់ ពុំគួរឲ្យប្រាប់ បានដឹងដល់ម្ដាយ។
កើតខឹងរែងរីងខ្ចរខ្ចាយ ឮពាក្យពីម្ដាយ ខ្សឹបខ្សៀវប្រាប់ប្ដី។
មិនក្សាន្តបែកបានពីប្ដី កើតជាសម្ដី សួរចុះសួរឡើង។
ពុំស្ងាត់ស្ងៀមមាត់ចចើង ជជែកនាំឡើង ចចើងមិនបាត់។
តតាំងពាក្យខ្លាំងមិនស្ងាត់ មិនស្ងៀមឲ្យបាត់ ឲ្យបានទីសុខ។
ជជែកស្ទើរបែកទាំងស្រុក មិនមានហៅសុខ យូរលង់ឡើយនៃ។
នេះហៅភ្លក់ភ្លើងទាំងបី ម្ដាយផ្ដាំកូនស្រី ឲ្យខំរក្សា។
នាងគម្ដែងក្រឡា ខុសឆ្គងម្ដេចម្ដា ម្ដាយផ្ដាំកូនស្រី។
ឲ្យអត់សង្កត់ហឫទ័យ កូនកុំស្រដី ដើមប្ដីកំបាំង។
កុំជេរកុំចេញជាខ្លាំង ខ្សត់ខ្សោយខ្លៅខ្លាំង នាងកុំមើលងាយ។
ល្ងង់ខ្សោយប្រើឲ្យនិយាយ ណែនាំលេងលាយ ឲ្យស្រួលវាចា។
ទោះប្ដីស្រដីម្ដេចម្ដា ខេខឹងជេរថា បោះពាក្យទម្ងន់។
ក្រោធក្រេវឆុលឆេវមិនអន់ មិនអាក់ស្រោកស្រន់ ដោយចិត្តគ្នាន់ក្នាញ់។
រអ៊ូរទាំទន្ទេញ ជេរថាជន្លេញ ត្បិតទាស់នឹងចិត្ត។
ឲ្យកូនស្រីស្ងួនខំអត់ ឲ្យបានរលត់ រលាយកំហឹង។
កុំកូនកាន់ខ្លួនប្រែប្រឹង តតបទៅនឹង អ្នកជាស្វាមី។
ខេខឹងក្រញឹង[៤]សម្ដី មិនគិតខ្លួនស្រី ស្រដីទ្រគោះ។
ប្រកែកស្ដីពាក្យគំរោះ គំរាមបញ្ឆេះ បញ្ជោរឲ្យខឹង។
រឹងរូសមើលមុខសម្លឹង សម្លក់ទៅរឹង ចចឹងចង់ឈ្លោះ។
រឹងឆ្លងឆ្លើយពាក្យបញ្ឆេះ បំបែកជាឈ្លោះ បំបែរពុំទៀង។
ជេរថាឆ្កែឆ្មាបំព្រៀង ដៀលត្មះបញ្ឆៀង បញ្ឈឺចិត្តប្ដី។
បោះបោកប្រទះអ្វីៗ ចាប់ចោលទៅដី បែកបាក់ពុំគិត។
មិនស្រួលទទួលបាត់មាត់ ម្នះម្នាក្នុងចិត្ត ឲ្យបានប្ដីចាញ់។
ទើបបានសុខចិត្តជាវិញ ហៅស្រីម្នះម្នេញ អាប់កេរ្តិ៍យសឆ្ងាយ។
ហៅកូនស្រីស្ងួនមាសម្ដាយ ខុសណាស់នាងអាយ កុំធ្វើដូចគេ។
ទោះបីបើប្ដីនាងជេរ នាងចូលទៅឯ ដំណេកគិតសិន។
ចេញមកនាងយកពាក្យទន់ ស្រដីឲ្យអន់ ស្រាយទោសនោះទៅ។
ទោះបីបើប្ដីប្រដៅ ចូរនាងចាំនៅ ទុកក្នុងអាត្មា។
ពាក្យពេចន៍កុំភ្លេចឡើយណា ក្រែងឆ្គងម្ដេងម្ដា ត្បិតបានផ្ដាំស្រាប់។
ព្រោះឯងមិនក្រែងមិនស្ដាប់ ពាក្យគេបង្កាច់ បង្កើតតែឈ្លោះ។
ឥតសុខអាក្រក់តែឈ្មោះ ឮគេប្រឈ្លោះ មិនចេះហៅល្ហែ។
នេះពុំរាប់ជាស្ត្រីទេ ជាអ្នកប៉ោឡែ ចិត្តចោរដកទង។
ឲ្យមាត់បង្គ្របប្ដីផង ឲ្យគេស្ដាប់ហោង ថាឯងគ្រាន់បើ។
គឺមោះនាងនោះមិនប្រើ មិនបើកឲ្យដើរ បញ្ចើឲ្យទេ។
ទោះបីប្ដីប្រើមាសមេ កុំកូនចំអែ[៥] ចំអៀកមិនទៅ។
ឆ្ងាយជិតកុំគិតរង់នៅ ក្រោកក្រេសដើរទៅ កុំឲ្យប្ដីជេរ។
កុំទៅនៅយូរផ្ទះគេ រវល់ទំនេរ រវៀសមកណា។
ហៃកូនខ្លឹមខ្លួនមាតា ជាស្រីនេះណា កម្រណាស់នាង។
មិនថាត្បិតល្អរូបរាង មិនរើសត្បិតជាង ចេះការទាំងគ្រប់។
មិនបានស្គាល់ទិគោរព ស្គាល់ទេឧបទ្រព ទាំងដប់ប្រការ។
ហៅតែនឹងល្អរូបា ពិតហើយចេះការ គួរកោតដោយយ៉ាង។
មួយរូបល្អសសន្លាង[៦] ឥតគេផ្ទឹមខាង ច្បាប់ផងមិនចេះ។
ល្អពិតគំនិតមិនផេះ ទោះខ្មៅក្រងេះ ការសោតសមគួរ។
គឺមោះនាងនោះមិនជួ ចេះដឹងសមគួរ ស្គាល់អស់ឥរិយា។
នេះឯងពីព្រេងលោកថា ហៅល្អរូបា កបកល្យាណី។
ហៃកូនស្រីស្ងួនពិសី ម្ដាយប្រាប់អំពី ឧបទ្រពចង្រៃ។
កាន់ក្បាលប្ដីហើយរកចៃ មិនបានលើកដៃ បិទទូលសំពះ។
លោកទុកស្មើកុកទំផ្ទះ រង្គំរង្គះ នឹងបង់អស់ទ្រព្យ។
កន្លងជើងប្ដីពុំគាប់ ព្រោះចិត្តចង់ឆាប់ រំលងជើងប្ដី។
ស្មើសត្វលលកស៊ីខ្មោចខ្មី ហើយច្រាលអប្រិយ កើតព្យាធិរោគា។
ចង្រៃមួយនៃរាល់គ្នា ចេញចូលមាត់ទ្វារ ពុំបានបិទបាំង។
ធ្វេសប្រាណខុសខានមិនរាំង មិនរុញបំបាំង មើលយល់សាយសុស។
ទុកស្មើគេអុជចន្លុះ ឲ្យចោរចូលផ្ទះ យកទ្រព្យទាំងឡាយ។
ស្រីមួយសើចលេងក្អាកក្អាយ ឮលេខចម្ងាយ រំលងផ្ទះបី។
ស្មើសត្វចចាត[៧]បក្សី ចូលភូមិផងក្ដី ចង្រៃក្ដាត់ណា។
ស្រីមួយដេកដាក់កាយា ប្រះប្រែអាត្មា ឲ្យខ្នងទៅប្ដី។
ទុកស្មើពស់ក្រាយ[៨]អប្រិយ ឡើងផ្ទះឥតបី ឥតបើគណនា។
ចង្រៃកាចក្រៃពុំជា នឹងព្រាត់ប្រាសគ្នា ពុំបានវែងឆ្ងាយ។
ស្រីមួយសក់វែងអន្លាយ រំសុសរំសាយ សក់សោតរេរា។
នៅមាត់អណ្ដូងមាត់ទ្វារ បីដូចមជ្ជរា ឆ្មាលាក់ក្រចក។
ចង្រៃឥតបីបើរក រេរាសំកក មិនចុកសក់ងាយ។
ស្រីមួយដើរទៅទាត់ជាយ ឮលាន់ស្ទើរធ្លាយ ប្រថពីសន្ធឹក។
សំពត់ដាច់ដាចមិននឹក ដើរឮគគឹក ស្មើសូររន្ទះ។
ញ៉ាំញើសំណើរលះ ដាក់ជើងលើផ្ទះ គគ្រាំងគគ្រេង។
កក្រើកផ្ទះទាំងបីល្វែង ដូចកលគេសែង របស់ចេញទៅ។
ស្រីមួយឃើញទ្រព្យនៅផ្លូវ កន្លងហួសទៅ មិនចាប់ចេញទុក។
ពុំចេរចំណេរទៅមុខ ពុំចេះដាក់ទុក រាយរាល់តែល្វែង។
ទ្រព្យនោះរលោះចេញឯង ចង្រៃទាស់ទែង ធ្វើឲ្យអន្តរាយ។
ទោះឆីចំណីនូវបាយ លបលូកកកាយ ពម[៩]ពុំសណ្ដាប់។
កូនអើយនេះហើយចូរស្ដាប់ ហៅក្ដីឧបទ្រព ទាំងដប់ប្រការ។
ឲ្យចៀសអស់ទាំងនេះណា ឲ្យរៀនលក្ខណា ទាំងប្រាំពីរផង។
គឺព្រះមានបុណ្យកន្លង ទេសនាចែងចង ជាបទគាថា។
មួយមាតុមួយមិត្តភរិយា កាតុភរិយាជាតិ ទាសភរិយាផង។
ទាំងបួនប្រសើរឥតហ្មង គួរឲ្យចាំចង ទុកក្នុងអង្គា។
រីឯហៅមាតុភរិយា ប្រពន្ធនោះជា លោកទុកស្មើម្ដាយ។
ចរិតបីប្រការក្នុងកាយ មួយចង់ខ្វល់ខ្វាយ ប្រយោជន៍ឲ្យប្ដី។
បានថ្កើងរុងរឿងឮល្បី មិនឲ្យអាប់ប្ដី ឲ្យបានសក្តិយស។
មួយបើប្ដីស្លៀកពាក់ចាស់ យកថ្មីឲ្យផ្លាស់ ចាស់ស្លៀកខ្លួនឯង។
ចេះរៀបរណ្ដាប់តាក់តែង ចំណីផងស្វែង រកមកឲ្យប្ដី។
មួយបើប្ដីឈឺថ្កាត់អ្វី ព្រួយប្រឹងមើលប្ដី រកថ្នាំសង្កូវ។
រកពេទ្យមេមត់នូវគ្រូ គ្រោះយាមគន់គូរ មើលប្ដីឲ្យជា។
រីឯហៅកាតុភរិយា ប្រសើរសោភា ប្រពន្ធស្មើបង។
នោះមានចរិតពីរផង ដូចប្អូននិងបង ចិត្តមូលមួយប្រាណ។
មួយធ្វើឲ្យប្ដីក្សេមក្សាន្ត របស់ប្ដីបាន ចេះទុករក្សា។
មួយទោះឮពាក្យអ្នកណា គេតិះដៀលថា ស្រដីពីប្ដី។
ពុំត្រូវអាស្រូវអប្រិយ ចេះការកេរ្តិ៍ប្ដី បែរបានជាសុខ។
ទោះបីបើប្ដីមានទុក្ខ គិតឲ្យបានសុខ យកខ្លួនធានា។
មួយសោតឯមិត្តភរិយា មានចរិតជា បីប្រការមិញ។
បីដូចកលមិត្តសម្លាញ់ មានចិត្តអស់អញ មិនឲ្យមានហ្មង។
បីដូចកលប្អូននិងបង ប្រាសយូរលង់ហោង ទើបមកជួបគ្នា។
មានចិត្តប្រតិព័ទ្ធមហិមា ត្បិតបានជួបគ្នា មិនឲ្យមានហ្មង។
មួយមានមារយាទកន្លង ទោះឃើញប្រុសផង មិនល្អៀងចិត្តទៅ។
រីទាសភរិយានោះកូវ ក្នុងមាត្រាត្រូវ ប្រពន្ធខ្ញុំប្ដី។
ចរិតប្រាំបីប្រការខ្មី មួយចិត្តខ្លាចប្ដី ក្រែងប្ដីវាយជេរ។
ប្រុងចិត្តការគិតខ្មាសគេ មិនឲ្យប្ដីជេរ បន្ទោសខ្លួនបាន។
ទោះខឹងប្ដីក្រៃប៉ុន្មាន មិនចេះហៅហាន ឆ្លើយឈ្លោះតមាត់។
មួយទោះប្ដីនោះកាចក្ដាត់ ខឹងដល់វាយវាត់ ជេរចោរដកទង។
មិនហ៊ានឆ្លើយឈ្លោះរំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ។
មួយចេះប្រដាប់រៀបបាយ ប្ដីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។
អត់ចាំទម្រាំប្ដីមក ជួបជុំទើបយក បរិភោគផងគ្នា។
នេះឯងហៅទាសភរិយា សម្ដេចភគវា ទេសនាប្រោសប្រាប់។
បើអស់ស្រីណាបានស្ដាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។
លុះអស់អាយុក្សិណក្ស័យ បានទៅកើតឰ តុសិតសួគ៌នាយ។
នឹងបានក្សេមក្សាន្តពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកយា។
រីឯប្រពន្ធពុំជា ពេជ្ឈឃាតភរិយា ចរិតមានបួន។
កុំឲ្យយកទុក្ខក្នុងខ្លួន ឲ្យចៀសចេញជួន កើតកម្មវេរា។
មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឲ្យប្ដី។
ប្រទូសរឹងរូសខ្ញូវខ្ញី មិនចេះចាញ់ប្ដី ថាឯងគ្រាន់បើ។
ឆ្លើយឆ្លងសូរសងបណ្ដើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្ដីវិញ។
មួយមិនចង់ធ្វើបំពេញ បង្អាប់ប្ដីវិញ ឲ្យថ្កើងខ្លួនឯង។
អាងចេះដៀលតិះពុំក្រែង ឲ្យប្ដីស្ដាប់ឯង ដោយចិត្តអន្ធពាល។
មួយមានចិត្តនោះស្រើបស្រាល ចង់ត្រេកត្រអាល ចោលពេញមុខប្ដី។
មួយចិត្តទ្រឹស្ដិទ្រុស្ដអប្រិយ ចង់សម្លាប់ប្ដី ស្រឡាញ់ប្រុសទៀត។
គិតកាប់សម្លាប់បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្ដីមរណា។
រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ។
មួយមិនខ្លាចប្ដីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។
មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ ប្ដីសួរបីម៉ាត់ ពុំស្រដីផង។
មួយប្ដីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្ដាប់។
មួយមិនចង់ឲ្យប្ដីគាប់ មិនចង់ប្រដាប់ ឲ្យប្ដីថ្កុំថ្កើង។
មួយទោះនឹងស្រដីឡើង ពាក្យធំចចើង ចចេសនឹងប្ដី។
មួយទោះប្ដីលោះខ្ញុំស្រី វាបម្រើប្ដី មិនឲ្យអាក់អន់។
ឃើញគាប់រីងស្អប់ក្នាញ់គ្នាន់ ក្នុងចិត្តប្រច័ណ្ឌ ជេរថានាយអាយ។
មួយត្បិតប្ដីមានសាហាយ ហួរហែកសុសសាយ ឲ្យប្ដីអាស្រូវ។
រីចោរភរិយានោះកូវ ចរិតពុំត្រូវ មានបីប្រការ។
មួយចង់ចាយទ្រព្យប្ដីណា ឲ្យខូចអសារ មិនគង់ជាល្អ។
មួយប្ដីឃ្មាតខ្មីខំរក៍ របស់បានមក៍ មិនថែទាំទុក។
លួចឲ្យទៅម្ដាយឪពុក ប្ដីសួររកមុខ មិនប្រាប់ឡើយណា។
មួយខ្ជិលមិនចង់ធ្វើការ កុហកមុសា ថាឯងរវល់។
ដេកលេងចំខែងអស់កល លុះប្ដីគេយល់ ពុតធ្វើជាឈឺ។
ទទូរដេកថ្ងូរហ៊ឺៗ ប្ដីហៅមិនឮ ពុតចង់តែស្លាប់។
នេះហៅប្រពន្ធពុំគាប់ ស្រីណាកាន់ខ្ជាប់ ពុំដែលរសាយ។
លុះអស់អាយុក្ល័យក្លាយ ធ្លាក់ទៅអបាយ ទាំងបួនចំពូក។
តែងនឹងរងទុក្ខរងសោក រំដោះរួចមក កើតជាមនុស្សខ្ទើយ។
ហេតុអកុសលនេះហើយ ត្បិតខ្លួនឥតត្រើយ ធ្វើខុសគន្លង។
ខុសវត្តប្រតិបត្តិឆ្គាំឆ្គង មិនរៀងមិនរង ខុសនឹងច្បាប់ស្រី។
មាក់ងាយនោះមានប្រាំបី មានក្នុងបាលី ព្រះធម៌លោកថា។
មាក់ងាយមួយនោះឯងណា ត្បិតប្ដីពិការ មិនបានមាំមួន។
ខឹងស្អប់ធុញថប់មិនទ្រាំ មិនមានរកថ្នាំ គ្រូគ្រោះមេមត់។
មើលប្ដីឲ្យជាឆាប់ផុត ខឹងវិញមិនអត់ បន់ឲ្យប្ដីស្លាប់។
មាក់ងាយមួយប្ដីខ្សត់ទ្រព្យ គ្មានកេរកោះគាប់ ស្មើនឹងអាត្មា។
ដៀលត្មះថាច្រាសដោយសារ ព្រោះខ្ជិលធ្វើការ ទើបគ្មានរបស់។
មាក់ងាយត្បិតប្ដីអប្បយស ឯងត្រកូលខ្ពស់ ពូជពង្សពុំស្មើ។
ឆ្មើងខ្លួនឲ្យប្ដីបម្រើ ឈ្លោះឡើងហើយដើរ ដៀលត្មះពូជពង្ស។
មាក់ងាយមួយត្បិតប្ដីល្ងង់ ខ្លៅខ្លួនទ្រមង់ ទ្រមក់យឺតយូរ។
ដៀលត្មះពុំចេះអាសូរ សម្ដីខ្មោះខ្មូរ មិនក្រែងប៉ុនសក់។
មាក់ងាយមួយប្ដីអាក្រក់ សាច់ខ្មៅប៉ប៉ក់ មុខអុតស៊ីសុស។
កន្ទ្រល រោងរលក្រអុះ សក់ស្កាញស្កូវសុស ពោះធំប៉ុនពាង។
ខ្លួនឯងចិញ្ចែងរូបរាង ខ្លួនសល្អជាង ថាប្ដីមិនសម។
មាក់ងាយមួយប្ដីមិនខំ ធ្វើការលេលាំ ឡែឡដើរលេង។
ឆ្លៀតឆ្លើយបោះពាក្យគគ្រេង ឈ្លោះជេរមិនឈ្វេង គិតខុសមាត្រា។
មាក់ងាយមួយប្ដីផឹកស្រា ស្រវឹងចោលការ ដើរលេងតែតោ។
ពាក្យក្អេងរាំច្រៀងឡោៗ ឲ្យឆ្កែព្រុសឆោ ផ្អើលភ្ញាក់កូនចៅ។
ឮមាត់ប្ដីហើយខឹងក្ដៅ ប្រទេចជេរទៅ តាមដោយចិត្តក្នាញ់។
មាក់ងាយមួយទៀតនោះមិញ ត្បិតប្ដីស្រឡាញ់ លលូកប្រឡែង។
មួលបិចចាក់ចុចជាល្បែង មិនមានកោតក្រែង បានចិត្តជេរវិញ។
ត្បិតតែយល់គេស្រឡាញ់ ស្រដីផងមិញ គំរោះគំរើយ។
ធ្វើក្នាញ់បែរចេញព្រងើយ គេនឹងកន្តើយ ក្និចក្នក់មាយា។
ពុំបានក្សេមក្សាន្តនឹងគ្នា មាក់ងាយនេះជា គំរប់ប្រាំពីរ។
កូនអើយនេះហើយច្បាប់ស្រី ឲ្យកូនពិសី រករៀនរក្សា។
យកទុកក្នុងអង្គអាត្មា ប្រសើរក្ដាត់ណា កើតសុខសួស្ដី។
ប្រសើរទាំងនាលោកិយ ទោះបរលោកក្ដី សឹងលុះប្រាថ្នា។
ទោះចិត្តគន់គិតសច្ចា ជាពុទ្ធមាតា សឹងបានបរិបូរណ៍។
ដូចចិត្តឆុតឆាប់ពុំយូរ កបកើតសម្បូរ សម្បត្តិទ្រព្យផង។
កើតយសខ្ពង់ខ្ពស់កន្លង យឺនយូរឥតហ្មង ដូចក្ដីប្រាថ្នា។
ច្បាប់នេះឧត្តមថ្លៃថ្លា ទោះស្រីឯណា ឮហើយមានភ័ព្វ។
ជាល្អកម្របានស្ដាប់ ស្ដាប់ហើយចូរចាប់ ចូរចាំគ្រប់គ្នា។
បានដល់មគ្គផលសួគ៌ា ប្រសើរសោភា ចូរចាំកុំភ្លេច។
ចរចាអស់អាថ៌ពាក្យពេចន៍ ពាក្យពិតកាព្យកិច្ច បរិបូរណ៍ប្រពៃ។
ប្រាជ្ញាប្រែរីឯនាមនៃ ខ្ញុំឈ្មោះម៉ឺន មៃ មែនមានសទ្ធា។
មានចិត្តកួចគិតកាព្យា កបកើតជ្រះថ្លា ត្រេកត្រង់កុសល។
សច្ចាប្រាថ្នាមគ្គផល ផុរផុសយោបល់ លេចលើកទុកនៅ។
ទោះបីសេចក្ដីខុសត្រូវ សូមទានតម្រូវ តម្រង់ឲ្យផង។
កុំត្មះតិះដៀលឡើយហោង សូមសាងផលផង ទុកតសាសនា។
សម្រាប់ជាច្បាប់មាត្រា សូរេចបការា បរិបូរណ៍ចែងចប់៕

ពន្យល់ពាក្យ

 

  • តាមទម្លាប់ គេអានថា ប៉ុន-ណក់-យក្សា
  • គម្ដែង គំម្ដែង ជើង ដ ឬ គំ-ម៉ៈ ដែង ( ន. ) (ក្លាយឃ្លាតមកពីពាក្យខ្មែរ ក្នុងសម័យបុរាណព្រេងនាយថា ក្រម្រតាង > ក្រម្រតេង > ក្រម្រតែង) មានន័យថា ព្រះតេជព្រះគុណ; លោកជាម្ចាស់ ។ លុះចំណេរកាលតៗមក ខ្មែរយើងប្រើពាក្យនេះ សំដៅសេចក្ដីថា លោកអ្នកមានបុណ្យច្រើនគួរជាទីគោរព គួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្តិយសខ្ពង់ខ្ពស់ ។ គម្ដែងក្រឡា ស្វាមី, ប្ដី ។ គម្ដែងផ្ទៃក្រោម ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ (មើលក្នុងពាក្យ ផ្ទៃ ទៀតផង) ។ គម្ដែងសង្ឃ ព្រះភិក្ខុសង្ឃជាទីគោរព : បពិត្រព្រះគម្ដែងសង្ឃ…. ។
  • ព្រែ ( ន. ) សំពត់សូត្រដោយបែប : ព្រែលាត, ព្រែផ្កា ។ សំពត់អំបោះដោយបែបក៏ហៅ ព្រែ ខ្លះដែរ ព្រែអំបោះ ។
  • ក្រញឹង ( កិ. វិ. ) ពាក្យសម្រាប់ចម្រើនពាក្យខឹងឲ្យឃើញប្លែកឡើង : ខឹងក្រញឹង ។
  • ចំអែ ( កិ. ) បំពើងទ្រូងទៅមុខ : អង្គុយចំអែ, ឈរចំអែ ។ ចំអៀកចំអែ ចំអែដោយចំអៀក ។
  • សន្លាង សន់-ល៉ាង ( គុ. ) សជ្រះស្អាត: សសន្លាង ។ ថ្មីទែង, ថ្មីស្អាត : ថ្មីសន្លាង ។ ដែលល្អសមរម្យមិនឆ្គង : ល្អសន្លាង, រូបល្អសន្លាង ។
  • ចចាត ( ន. ) សត្វបក្សីមួយប្រភេទ សម្បុរខៀវខាងខ្នង ខាងក្បាល ឯខាងពោះក្រហម ក្បាលធំចំពុះក្រហម បរិភោគត្រីជាអាហារ ជាសត្វដេញធ្នាក់ : ចចាតធ្នាក់, ទាក់ចចាត, ហ្មចចាត ។
  • ក្រាយ ( ន. ) ឈ្មោះពស់មួយប្រភេទមានពិសខ្លាំងមានទ្រនុងខ្នងជាអាវុធ អាចច្រាសឲ្យមុតបាន : ពស់ក្រាយ ។

ពម ( កិ. ) ចាប់អាហារដោយដៃដាក់ក្នុងមាត់ខ្លួនឯង : ពមបាយ ។ ពមញាត់ៗ (ពមញាត់-ពមញាត់) ពមដោយចាប់ញាត់ៗប្រញាប់ប្រញាល់ឲ្យបានឆាប់ឆ្អែត : ស៊ីឆាប់ឡើងពមញាត់ៗទៅ ! (ព. សា., ព. ស្ន.)

 

 

 

 

ច្បាប់ប្រុស

 

ច្បាប់ប្រុស

បណ្ឌិត មៃ រៀបរៀង

បទព្រហ្មគិតិ

 

​​​​​​​​​​​​                        ១.នេះបទព្រហ្មគីតិ                               ពីព្រេងព្រឹទ្ធទុកទូន្មាន

                        ចែងចងជានិទាន                                  ទុកគ្រាន់មើលជាច្បាប់ថ្មី។

                        ឲ្យអស់កូនចៅក្រោយ                             ស្ដាប់កុំឲ្យភ្លេចស្មារតី

                        ប្រដៅទាំងប្រុសស្រី                               យកទុកខ្លួនគ្រប់អាត្មា។

                        ធម្មតាកើតជាមនុស្ស                             ទោះស្រីប្រុសក្រណាស់ណា

                        ក្រគិតក្នុងចិន្ដា                                      ឲ្យបានដឹងសមនិងគួរ។

                        នឹងអស់ញាតិសន្ដាន                               សោះគេមានពាក្យថាជួ

                        កុំឆ្មើងកុំតែងតួ                                      ធ្វើកំប៉ោងកុំពាក្យធំ។

                        ៥.នឹងដើរដូចភុជង្គ                                 ឲ្យឱនអង្គអាចបារម្ភ

                        ឲ្យត្រូវនឹងច្បាប់ក្រម                                គួរប្រតិបត្តិកុំឲ្យឆ្គង។

                        រៀនបទរៀនបាទចាស៎                             កុំច្រឡាសលើរៀមច្បង

                        ស្រដីនឹងអ្នកផង                                     ពាក្យឲ្យគួរកុំឯងវ៉ី។

                        អឺអើអញដាច់សាច់                                  ឆ្គងពាក្យគេស្រដី

                        ដើមដៀលឲ្យអប្រិយ                                ស្រដីថាកូនអត់ពូជ។

                        ចាស់ទុំមិនប្រដៅ                                    ជេរកូនចៅទើបវាខូច

                        គេថាកូនឥតពូជ                                     មិនដឹងច្បាប់នឹងចាស់ទុំ។

                        គេដៀលដល់ម៉ែឪ                                   កេរ្តិ៍អាស្រូវស្អុយរហ៊ុំ

                        គេស្ដីដើមជៀវជុំ                                   ជំនៀលនោះដល់មកចាស់។

                        ចុចទីនេះដើម្បីអានបន្ដ

តាមដាន

Get every new post delivered to your Inbox.

Join 5,064 other followers