Category Archives: ការអប់រំ

គុណធម៌នៃឈើច្រត់

សន

ជារៀងរាល់ថ្ងៃ ខ្ញុំតែងសង្កេតព្រះតេជព្រះគុណព្រះគ្រូចៅអធិការឥន្ទកេសរោ ពេជ្រ សន ជួនជាថ្ងៃណាខ្លះលោកកាន់ឈើច្រត់ ថ្ងៃណាខ្លះលោកនិមន្ដប្រលែងដៃទទេ។

ខ្ញុំបានទូលពិតលោកថា ថ្ងៃនេះ ហេតុម្ដេចបានជាព្រះតេជព្រះគុណមិនកាន់ឈើច្រត់?

“ខ្មាស់គេ តិចលគេថាឯងចាស់”

លោកតបបែបខ្លី ៗ ដោយបញ្ចេញនូវស្នាមញញឹម។

សន ១

ថ្ងៃមួយមានរឿងអធិករណ៍កើតឡើងក្នុងវត្ដនិងបញ្ហាដទៃទៀតក្នុងកិច្ចការរដ្ឋា   បាលសង្ឃ ដោយភិក្ខុសាមណេរនិងញាតិពុទ្ធបរិស័ទមិនសូវលុះក្នុងឱវាទ លោកមានព្រះ ទ័យហាក់ដូចជាមិនសូវជាសប្បាយចិត្ដហើយបាននិមន្ដមកក្រៅដោយឈើច្រក់តែមួយអង្គឯង។ខ្ញុំបានទូលពិតលោកទៀតថា ថ្ងៃនេះ ព្រះសុខមាលភាពបរិបូរណ៌ទេឬ ហេតុម្ដេចបានជាទឹកព្រះភត្ដ្រមិនសូវជាស្រស់?

លោកតបថា

ឈើច្រត់នេះមានប្រយោជន៍ណាស់ ។វាជួយឲ្យខ្ញុំមានជំហររឹងមាំ។វាជួយទុបខ្ញុំមិនឲ្យដួល។វាជាមិត្ដដ៏ល្អ វានៅជិតខ្ញុំរហូត។វាសាងកំលាំងចិត្ដឲ្យខ្ញុំគ្រប់ពេលវេលា។ខ្ញុំយកវាជាទីពឹងប្រសើជាជាងយកអ្នកទីទៃ។

លោកថេរដិកាហើយក៏និមន្ដដោយមិនមានពាក្យពេជន៍សំដីអ្វីក្រៅពីព្រះហត្ថទាំងទ្វេកាន់ឈើច្រត់សំដៅមកក្រោមដើមឈើធំក្បែស្រះទឹក ព្រះភត្ដ្រឆ្ពោះទៅកាន់ប្រាសាទហើយដកដង្ហើមធំ ៗ។

ទស្សនៈអត្មានិយមនិងការរីកចម្រើននៃលោក

ដោយភិក្ខុយន់ សុធា (១៥ ១/ ២/ ១៦)

បច្ចុប្បន្ន ពិភពលោកនេះមានសេចក្ដីរីកចម្រើនលូតលាស់ស្ទើរគ្រប់វិស័យ។ភាពរីកចម្រើននេះ ពុំមែនមានន័យថាមនុស្សមានសេចក្ដីសុខតែម្យ៉ាង តែសេចក្ដីទុក្ខក៏កើតឡើងលាយឡំនឹងសេចក្ដីសុខ។ លោកកាន់តែរីកចម្រើន សេចក្ដីទុក្ខកាន់តែកើតមាន ទាំងនេះ អាចបណ្ដាលមកពីសេចក្ដីខ្វែងគំនិតគ្នា។ អាចនិយាយបានថា​ លោកនេះ ត្រូវបានគ្រប់គ្រងដោយសេចក្ដីខ្វែងគំនិត ។សេចក្ដីខ្វែងគំនិតកើតឡើងមានពេលណា សេចក្ដីទំនុបចិត្ដ និងភាពជឿជាក់កើតឡើងក្នុងពេលនោះ។

សេចក្ដីខ្វែងគំនិតនេះ អាចនិយាយបានថាកើងឡើងព្រោះទស្សនៈអាត្មានិយម គឺ មានតែអញម្នាក់។ ទស្សនៈមួយនេះ មិនបានបើកចំហឲ្យដៃគួរបស់ខ្លួនមានឱកាសក្នុងការចូលរួមសម្ដែងទស្សនគតិឬសកម្មភាពណាមួយ។ ជាទស្សនៈគតិថា មានតែខ្លួនតែប៉ុណ្ណោះ ។ព្រោះទស្សនៈនេះ បានជាបុគ្គលមួយចំនួនព្យាយាមក្ដោបត្ដាប់នូវធនធាននានារបស់ពិភពលោក។ ពេលណា ទស្សនៈអត្មានិយម គ្រប់គ្រងលោក សេចក្ដីទុក្ខទ្វេដងកើតមានឡើង។

ដូច្នេះ ដើម្បីរំសាយនូវទស្សនៈអត្មានិយមបាន លុះត្រាតែចិត្ដត្រូវបានអប់រំដោយសីលធម៌ដ៏ក្រៃលែង។ ត្រូវអប់រំចិត្ដឲ្យធ្ងន់ដោយសីលធម៌ និងគុណធម៌ ជាពិសេសគឺព្រហ្មវិហារធម៌។សីលធម៌ដ៏ក្រៃលែងក្នុងទីនេះ គឺអប់រំចិត្ដឲ្យកើតបញ្ញាតាមរយៈវិបស្សនាញ្ញាណ។ នៅពេលចិត្ដភ្លឺដោយបញ្ញា ទស្សនៈអត្មានិយមក៏រលាយបាត់ទៅ។ ពេលទស្សនៈអត្មានិយមអស់ទៅ វប្បធម៌នៃការចែករំលែក និងសេចក្ដីស្រលាញ់ក៏កើតមានឡើង។ ដូច្នេះ លោកនេះនឹងរីកចម្រើនដោយសេចក្ដីសុខបានដរាបណា ទស្សនៈបញ្ញានិងសេចក្ដីមេត្ដាកើតមានដល់មនុស្សរាល់គ្នា។

ចុះទឹកក្រពើ ឡើងលើខ្លា ក្នុងទស្សនៈសេចក្ដីកំណាញ់និងមច្ចុរាជ

ខ្លា

ថ្ងៃមួយបុរសម្នាក់បានដើរទៅកាន់ទីឆ្ងាយដោយធុរកិច្ចរបស់ខ្លួនត្រូវឆ្លងកាត់ភាពលំបាកជាច្រើន ដូចជាការខ្វះខាតស្បៀង និងកំដៅថ្ងៃជាដើម ជាហេតុធ្វើឲ្យគាត់អស់កំលាំងយ៉ាងខ្លាំង។សំណាងល្អ បុរសម្នាក់នោះបានមកដល់ដើមឈើធំមួយមានមែកសាខាដ៏ត្រឈឹងត្រឈៃ គាប់ជួនប្រទះឃើញឃ្មុំធំមួយនៅលើមែកឈើ។ គាត់បានឡើងយកឃ្មុំនោះបរិភោគយ៉ាងឆ្ងាញ់ពិសារ។ មានបុរសម្នាក់ទៀតបានមកដល់ដើមឈើនោះ ព្រមទាំងបានសុំទឹកនិងសាច់ឃ្មុំបរិភោគតែត្រូវបានបុរសទី១ បដិសេធ។បន្ទាប់មកក៏មានបុរសទី ៣ ទី៤ មកដល់តែក៏ត្រូវបដិសេធដូចគ្នា។បុរសទី១នោះគាត់មិនចុះចាកពីដើមឈើនោះទេ ខ្លាចមានអ្នកផ្សេងសុំសាច់និងទឹកឃ្មុំរបស់គាត់ ម្លោះហើយសុខចិត្ដបរិភោគនៅលើដើមឈើនោះទោះត្រូវបានបុរសផ្សេង ៗ ប្រាប់ថាខ្សែដែលគាត់តោងនោះមានកន្ដុរពីរកំពុងតែកាត់ហៀបនឹងដាច់ក៏ដោយ។ សំណាងល្អរបស់គាត់មិនកើតមានដល់ មែកឈើកាន់តែកោងទៅ ៗ ហៀបនឹងបាក់ ចំណែកខ្សែតោងក៏ហៀបនឹងដាច់ ហើយក៏គ្មានបុរសណាម្នាក់នៅនឹងដើមឈើនោះដែរ ម្លោះហើយគាត់ខំស្ទុះស្ទាម្នីម្នាគេចឲ្យផុតពីគ្រោះថ្នាក់នៃជីវិត ចៃដន់អី នៅក្រោមដើមឈើមានខ្លាមួយធំកំពុងហារមាត់ចាំ គាត់ខំសម្រូតខ្លួនចុះទៅក្រោមតែជាមហានទីដែលមានហ្វូងក្រពើនិងសត្វនាគកំពុងតែរង់ចាំដូចគ្នា។ទីបំផុតគាត់ក៏ដល់នូវមរណកាល។

ព្រោះសេចក្ដីកំណាញ់ មិនស្ដាប់ការណែនាំពីអ្នកដទៃនិងគ្មានញាតិជាទីរាប់អាន ទោះមានប្រាក់ម៉ឺនលានក៏គ្មានប្រយោជន៍នៅពេលយប់ថ្ងៃកន្លងផុតទៅយ៉ាងឆាប់រហ័ស ជីវិតកាន់តែរុះរយ ទីបំផុតក៏ដល់នូវថ្ងៃអវសាន្ដយ៉ាងគ្មានគុណតំលៃ។
សូមអរគុណក្មួយៗសិស្សសាលាដែលសុំឲ្យបកស្រាយអំពីអត្ថន័យនៃរូបភាពខាងលើ។ ដើមឈើប្រៀបប្រដូចនឹងកន្លែងរកស៊ី សាច់និងទឹកឃ្មុំប្រៀបដូចទ្រព្យសម្បត្ដិ បុរសទី២ ទី៣ ទី៤ ប្រៀបដូចជាអ្នកណែនាំ អ្នកខ្លះមកសុំវិភាគទានសង្គម សាសនា និងផ្សេងទៀត កន្ដុរសនិងខ្មៅតំណាងឲ្យពេលវេលាថ្ងៃនិងយប់ ខ្សែពួរគឺខ្សែជីវិត ចំណែកសត្វខ្លា ឬនាគ តំណាងឲ្យបច្ចុរាជ។

សង្គ្រាមដុំថ្ម (ទស្សនៈសាសនានិងនយោបាយ)

ថ្ម

ថ្ងៃមួយមានថ្មធំធ្លាក់ពីលើមេឃក្នុងតំបន់មួយដែលដាច់ស្រយាល។ មនុស្សម្នាទាំងឡាយនៅតំបន់នោះគិតថាថ្មនោះ ជាអំណោចដ៏ស័ក្ដិសិទ្ធិរបស់ព្រះជាម្ចាស់ដែលបានប្រទានឲ្យ។
ពួកគេបានផ្ដល់សេចក្ដីស្រលាញ់រាប់អាន និងធ្វើការបូជាចំពោះដុំថ្មស័ក្ដិសិទ្ធនោះយ៉ាងពន់ប្រមាណ។

ដោយមហិច្ឆតា ម្នាក់ ៗ គិតតែចង់គ្រប់គ្រងដុំថ្មនោះដោយខ្លួនឯង មិនចង់ឲ្យបុគ្គលណាមួយមកដណ្ដើម ព្រោះជំនឿត្រូវបានជឿថាបុគ្គលណាបានគ្រប់គ្រងវា នឹងនាំមកនូវភាពត្រជាក់ត្រជុំ សេចក្ដីចម្រើនលូតលាស់និងសេចក្ដីស្ងប់សុខ។ ដុំថ្មដែលគេស្គាល់ថាជាវត្ថុស័ក្ដិសិទ្ធក្លាយជាអាវុធសម្លាប់មនុស្ស ពីសម័យមួយទៅសម័យមួយ។

សេចក្ដីខ្វែងគំនិតគ្នាបានកើតឡើងឥតឈប់ឈរគ្រប់ជ្រុងជ្រោយ។ កន្លែងធ្លាប់នៅសុខសាន្ដ ក៏ត្រូវបែកចែកគ្នាដោយធ្វើជារណាំងបិតបាំង ប្រជាជនធ្លាប់ឆ្លើយឆ្លងប្រាស្រ័យគ្នាទៅវិញទៅមកក៏ត្រូវកាត់ផ្ដាច់ចំណងមិត្ដភាព។ ចាប់ពីវត្ដមាននៃដុំថ្មនោះមក ប្រជាជនទាំងសង្ខាងត្រូវក្លាយជាសត្រូវស៊ូពូជនឹងគ្នា ធ្វើសង្គ្រាមបង្ហូរឈាមគ្នាឥតត្រាប្រណីទោះត្រូវប្រើនីតិវិធីណាក៏ដោយ។

ប្រជាជនក្នុងតំបន់នោះតែងស្រមើលស្រមៃនូវអតីតកាលដ៏រុងរឿង និងភាតរភាពនៃបព្វបុរស ពួកគេចង់បានថ្ងៃនោះត្រលប់មកវិញ ព្រមទាំងចង់ឲ្យព្រះជាម្ចាស់យកដុំថ្មនោះត្រលប់ទៅវិញផងដែរ។

បណ្ដាំម្ដាយ “ឧត្ដមភរិយាដែលកូនត្រូវការ”

កូនជាទីស្រលាញ់របស់ម្ដាយ ចូរកូនចាំថាស្ដ្រីជាភរិយារបស់កូន កាលមុននឹងបានរៀបការជាមួយនឹងកូន នាងជាស្រីដែលសុភាពរាបសា ស្គាល់ចាស់ស្គាល់ទុំ ផៅញាត្ដិទាំងពួង។ឪពុកម្ដាយរបស់នាងបានចិញ្ចឹមបីបាច់នាងមកយ៉ាងល្អ ទាំងការអប់រំនិងការសិក្សា។ទឹកមួយកែវ បាយមួយចានក៏យើងមិនដែលធ្លាប់ឲ្យនាងដែរតែព្រោះសេចក្ដីស្រលាញ់ចំពោះកូន ទើបនាងហ៊ានឃ្លាតពីភាពកក់ក្ដៅរបស់គ្រួសារនាងមកនៅជាមួយនឹងយើង។គេក្លាយជាភរិយារបស់កូន ជាកូនប្រសាររបស់ឪពុកម្ដាយ យកឪពុកម្ដាយរបស់កូនធ្វើជាឪពុកម្ដាយរបស់ខ្លួន យកបង ប្អូន និងញាតិសន្ដានរបស់កូនធ្វើជាបង ប្អូន និងញាត្ដិសន្ដានរបស់កូនធ្វើជារបស់ខ្លួន។

 Yan-linda-Yem-Somoun

កូនគិតមើល បើកូនមិនថែរក្សានាងបានល្អទេ តើគួរឲ្យខ្មាស់អៀនឪពុកម្ដាយរបស់នាងទេឬ?

 homebirth-6

នៅពេលដែលបុរសបានបរិភោគនូវអាហារជាទីគាប់ចិត្ដរហូតដល់ឆ្អែតស្កប់ស្កល់ ឬឆ្អល់ពោះ អារម្មណ៍របស់គេរមែងនៅមិនជាទីសប្បាយ គេរមែងតែងដើរទៅនោះដើរទៅនោះ កូនគិតមើល៍ ! ភរិយារបស់កូនត្រូវពរផ្ទៃពោះទៅ ១០ ខែ បើនាងមិនពេញចិត្ដនឹងកូនក្នុងផ្ទៃនោះទេ នាងនឹងទំលាក់ចោល(រំលូត) តែព្រោះសេចក្ដីស្រលាញ់ទើបនាងខំពរផ្ទៃទាំងក្ដីអត់ធន់ សេចក្ដីឈឺចាប់ សេចក្ដីព្រួយចិត្ដនិងសប្បាយចិត្ដលាយឡំក្នុងខ្លួននាង។នាងទទួលនូវសេចក្ដីទុក្ខយ៉ាងក្រៃលែង ហួសនឹងនិយាយជាពាក្យសំដីបានព្រោះតែនាងចង់ផ្ដល់នូវ កំណើតតួច ៗ មួយដែលភាសាមនុស្សហៅថា”កូន។កូនដែលកើតមកនោះក៏មិនបានប្រើត្រកូនរបស់នាងទៀត។កូននិយាយមើល៍ ! បើយើងមិនថែរក្សានាងបានល្អទេ តើគួរឲ្យអាមាស់មុខដែលនាងខំលះបង់គ្រប់យ៉ាងដើម្បីមកនៅផ្ទជាមួយយើងទេ?

 

បុរសនិងស្ដ្រីរមែងមានអារម្មណ៍រំជួលញាប់ញ័រនៅពេលមានអ្វីម្យ៉ាងមកប៉ះទង្គិចផ្លូវចិត្ដ បុរសមានអារម្មណ៍មិនជាទីពេញចិត្ដនៅពេលដែលមានអ្វីម្យ៉ាងមកជំទាស់ចិត្ដ ហើយវាដិតជាប់នឹងចិត្ដ ខួរក្បាលជានិច្ចទោះជារឿងនេះកន្លងទៅយូរថ្ងៃប៉ុន្មានក៏ដោយ។ចំពោះស្ដ្រីវិញ មានអារម្មណ៍ជាទីញាប់ញ័រចំពោះពាក្យសំដី បើស្ដាប់ហើយមិនចូលត្រចៀកទេនោះ ទោះជាកាន់តែស្ដាប់ អារម្មណ៍កាន់តែមោហោទ្វេសិបដង ។

 

ដូច្នេះ កូនមុននឹងនិយាយស្ដីត្រូវគិតជាមុន គិតហើយសឹមគួស ពាក្យគួរឬពុំគួរ ពាក្យណាដែលនាងចូលចិត្ដសា្ដប់ ឬមិនចូលចិត្ដ ត្រូវស្គាល់ចិត្ដគេចិត្ដយើង យកចិត្ដគេមកដាក់ចិត្ដយើង យើងចិត្ដយើងទៅដាក់ចិត្ដគេ។ទាំងនេះ សុទ្ធតែនាំមកនូវសេចក្ដីសុខ ហេតុម្ដេចបានជាកូនមិនព្រមធ្វើមើល៍។

 

លើលោកនេះ ស្រីស្អាតមានច្រើនណាស់ ក្រោយពីរៀបការហើយ នាងមិនអាចនឹងញ៉េះញ៉ោះ អាឡែអាឡ ប៉ោលែប៉ោលោបានទេ ចូរកូនកុំយកនាងទៅប្រៀបធៀននឹងភរិយារបស់អ្នកដទៃ។

 

មនុស្សយើងកើតមកមានសភាវគិតផ្សេងគ្នា ទាំងប្រពៃណី ទំនៀមទំលាប់ ការហូបចុក សំលៀកបំពាក់ ព្រមទាំងចិត្ដនិស្ស័យ តែពេលរៀបការហើយនោះនិស្ស័យចិត្ដគំនិតត្រូវផ្លាស់ប្ដូរ។បុរាណពោលថា”ការរមៀលនូវដុំថ្មឡើងលើភ្នំរាប់ថាជាការលំបាក តែចិត្ដសន្ដានរបស់មនុស្សប្ដូរបានដោយមហាកម្រ”។

 

នៅពេលដែលកូនរៀបការហើយនោះ សូមកូនកុំយកនិស្ស័យចាស់ ៗ របស់កូនទៅសម្រេចចិត្ដភាពផ្សេងរបស់នាងថាមានភាពខ្វះចន្លោះឲ្យសោះ។ការផ្ដាស់ប្ដូរចិត្ដគំនិង និស្ស័យផ្ដើមឡើងពីកូន ម្ដាយសង្ឃឹមថាកូនអាចធ្វើបាន។

 

សង្គមសម័យនេះ បុរសស្ដ្រីមានសិទ្ធស្មើគ្នាក្នុងការចេញទៅធ្វើការក្រៅផ្ទះ កូនត្រូវជួយការងារផ្ទះ ចេះសម្រួលបន្ទុកនាង ពុំមែនបណ្ដោយឲ្យនាងធ្វើការតែម្នាក់ឯង កូនត្រូវចេះស្រលាញ់នាង បើសិនជាថ្ងៃណាមួយនោះ មានអ្នកដទៃស្រលាញ់នាងច្រើជាងកូននោះ ពេលនោះកូនត្រូវត្រៀមចិត្ដឲ្យហើយទៅ!។

 

កែសម្រួលជាភាសាខ្មែរដោយភិក្ខុយន់ សុធា

ស្ដ្រីអភ័ពនិងជំងឺមហារីកដោះ

ដោយភិក្ខុុយន់ សុធា

1

អ្នកស្រីវ៉ាញ ថា ជាស្ដ្រីអភ័ពមួយរូបដែលមានកូនស្រី២ នាក់។គាត់គ្មានផ្ទះសម្បែង និងទ្រព្យសម្បត្ដិយ៉ាងផ្សេងក្រៅពីជីវិត។គាត់កើតជំងឺមហារិកដោះយូរឆ្នាំមកហើយដែរ ការវះកាត់លើកដំបូងគាត់ត្រូវបង្ខំចិត្ដលក់ដីស្រែដើម្បីថ្លៃវះកាត់និងការព្យាបាល ចំណែកការវះកាត់លើកទីពីរនេះ គាត់បានមកសុំជួយពីកម្មវិធីរបស់យើងគ្លីនិចចល័តដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃ

3

កាលពីថ្ងៃទី ១ ខែកក្ដដា ឆ្នាំ ២០១៤ យើងបានជួយកាត់ដោយការផ្ដល់នូវថវិការធ្វើដំណើរមកមន្ទីរពេទ្យហើយនឹងថ្លៃការហូបចុក តែស្ដ្រីអភ័ពនេះមិនអាចនឹងធ្វើការវះកាត់ជាលើកទី២ បានទេ ព្រោះអ្វីគ្រប់យ៉ាងគឺយឹតពេលហើយ។

បច្ចុប្បន្ន ស្ដ្រីអាភ័ពនេះ ស្ថិតក្រោមការមើលខុសត្រូវរបស់យើងទាំងថ្លៃព្យាបាល ការហូមចុក និងផ្សេង ៗ ទៀត។

4

ខ្ញុំសូមអំពាវនាវដល់សប្បុរសជនមេត្ដាចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ ដើម្បីជួយសង្គ្រោះដល់ប្រជាជនដែលមានបញ្ហាសុខភាព។

សូមទាក់ទង

Ven.Sothea Yon, Tel: + 85516401645

  1. Western Union : Sothea Yon, Siem Reap, Cambodia.
  2. ACCOUNT: CANADIA BANK PLC.315, Angduong st. (corner of Monivong Blvd), Phnom Penh, Cambodia.

NAME ON ACCOUNT: Mr.YON SOTHEA

NUMBER:0200000068933

SWIFT CODE: CADIKHPP 

3. email:svakhumtocam@gmail.com

https://www.facebook.com/sothea.yon

https://www.facebook.com/pages/Sothea-Yon-Mobile-Medical-Clinic/425198034289949?ref_type=bookmark

http://mcuubu.wordpress.com/ (English)

https://svakhum.wordpress.com/ (Khmer)

ស្នាមញញឹមតូច ៗ

ដោយភិក្ខុយន់ សុធា  ២២/៥/១៤

១ ២

ពុក ! មើលមេឃស្រលះល្អណាស់,ពុកមើលដើមឈើរត់តាមយើង។ឪពុករបស់យុវកំលាំងនោះបានត្រឹមតែញញឹម ភ្នែកសំលឹងមើលតាមការចង្អុលរបស់កូនតាមកញ្ចក់បង្អួចរថយន្ដដែលធ្វើដំណើរពីក្រុងភ្នំពេញមកកាន់សៀមរាប ចំណែកឯគូសង្សារកំលោះនិងក្រមុំដែលអង្គុយជិតក្បែរនោះហាក់ដូចជាតប់ប្រមល់ មិនពេញចិត្ដចំពោះភាពរវើករវាយនៃយុវកំលោះនោះណាស់។

 

ពុក! មនុស្សច្រើនណាស់ ។ពុកមើលវាលស្រែ។ពុកមើលហ្វូងគោ។ ពុកមើលន៎ភ្នំ។ទឹកថ្លាល្អណាស់ពុក !។ថ្ងៃជិតលិចហើយពុក !។ឪពុកលឺសំលេងដែលកូនរាយរាប់ដូច្នោះហើយ រិតតែសប្បាយចិត្ដលាយអមដោយទឹកភ្នែកស្រក់មិនដឹងខ្លួន និងមានភាពជឿជាក់កាន់តែខ្លាំង តែហាក់ដូចជាប៉ះទង្គិចចិត្ដនឹងគូស្នេហ៍មួយគូនោះ ទ្រាំមិនបានគេបន្លឺថា៖

ម៉េច ពូមិនយកកូនទៅមន្ទីរពេទ្យ?

យើងកំពុងត្រលប់មកពីមន្ទីរពេទ្យ ថ្ងៃនេះជាថ្ងៃដំបូងដែលកូនកំលោះខ្ញុំមើលឃើញ គេមើលមិនឃើញជិតម្ភៃឆ្នាំហើយ។ ឪពុករបស់យុវកំលោះនោះតបដោយសេចក្ដីត្រជាក់ចិត្ដ សោមនស្ស លាយដោយស្នាមញញឹមតូចៗផុះចេញពីក្នុងចិត្ដ។

 

 

សំរាមជីវិតក្មេងអង្គរ

ដោយភិក្ខុយន់ សុធា ២៣/៥/២០១៤

wast paper

ចេញទៅ !

ចោរ !

វាយកទៀតហើយ !

បាត់ទៀតហើយ !

អាសំរាម !

 

ជាពាក្យដែលអ្នកស្រុកសៀមរាបដៀមដាម ប្រទិច ប្រមាថមើលងាយ បញ្ឆិចបញ្ឆាសក្នុងខណៈ ពេលតុលាដើររើសសំរាម អេតចាយ។ទោះបីត្រូវកៀបសង្កត់ទាំងផ្លូវកាយនិងផ្លូវចិត្ដយ៉ាងណាក៏ដោយក៏តុលានៅតែមិនរុញរា ព្រមទាំងផ្ដល់នូវស្នាមញញឹមលើកកំលាំងចិត្ដ ខ្លួនឯង ដើម្បីអ្នកម្ដាយនិងប្អូន ៗ ជាទីស្រលាញ់។

“ធំដូចឃ្លោក ខ្វះបញ្ញា ដើររើសអេតចាយ លក់ខ្លួននឹងបានកំរៃជាងសំរាម​​,អាសំរាម!”។

 

កញ្ញាម្នាក់ឈ្មោះធីតារិះគន់ចំពោះតុលានៅពេលកំពុងរើសសំរាមក្នុងបរិវេណផ្ទះរបស់នាង។ភ្លាមនោះតុលាដើរចេញយ៉ាងប្រញាប់ ចិត្ដញ័រដោយសេចក្ដីក្រោធនិងសេចក្ដីអាក់អន់ស្រពោនចិត្ដគ្របសង្កត់។កំពុងតែដើរទៅកាន់កន្លែងផ្សេងទៀតជាមួយសំរាមជីវិតនៅនឹងថង់របស់គេ បុរសម្នាក់មាឌធំខ្ពស់បានវាយគេយ៉ាងដំណំ និងចោទថាបានយករបស់មានតំលៃពីថ្ងៃមុខ។

“អញចាំបាន ហែងយករបស់មានតំលៃក្រោមផ្ទះអញ !  អាក្មេងពាល !  អាចោរ !”។

 

តុលាមិនអាចនឹងបដិសេធបានចំពោះការចោទប្រកាន់នោះ គេគិតថាយុត្ដិធម៌នឹងមិនកើតមានចំពោះក្មេងរើសសំរាម អេតចាយ ដូច្នេះគេទ្រាំទទួលទារុណកម្មនេះដោយភាពឈឺចិត្ដបំផុត។ មកដល់ផ្ទះ គេមិនមានពាក្យសំដីចំពោះអ្នកម្ដាយនិងប្អូន ៗ ដូចសព្វមួយដងទេ ក្រោយពីលាងជើងហើយ គេដេកគងថ្ងាស ចិត្ដគិតរំពឹងលើហេតុការណ៍ដែលកើតឡើង។គំនិតរបស់គេហោះហើរគ្មានគោលដៅ គេគិតថានឹងបោះបង់ចោលនូវអាជីពរើសសំរាម និងទៅរកការងារធ្វើនៅប្រទេសជិតខាង តែចិត្ដមួយគិតថាក្មេងអង្គរមានឈាមជាខ្មែរបានត្រឹមតែរើសសំរាម អេតចាយឬ?  គ្រប់គ្រាន់ឬ? ។

ឪពុករបស់គេបាននិទានរឿងយុវជនក្លាហានសម័យអង្គរឲ្យស្ដាប់កា្លលពីគេនៅពីតូច។ភាពក្លាហាន សតិ ស្មារតីរបស់គេបានត្រលប់មកវិញ ដោយឧទ្ធរថា៖

ទេ ! ក្មេងអង្គរត្រូវតែរឹងប៉ឹង

ក្មេងអង្គរត្រូវតែក្លាហាន!

ក្មេងបេះដូងខ្មែរអង្គរត្រូវតែស៊ូ!

ថ្ងៃនេះមានឈ្មោះថាក្មេងអង្គររើសសំរាមដើម្បីជីវិត ថ្ងៃទៅមុខខ្ញុំនឹង………..

 

គេតាំងចិត្ដថានឹងរក្សាអាជីពជាអ្នករើសសំរាមបន្ដ ប្រកបដោយសីលធម៌ហើយតាំងចិត្ដថានឹងរៀនឲ្យចប់ថ្នាក់ទុតិយភូមិ និងឧបត្ថម្ភគាំទ្រឲ្យប្អូន ៗ រៀនបានខ្ពស់បំផុត។

 

អណោទ័យនៃព្រះសុរិយាបន្លឺឡើង គេបានស្ពាយថង់ជីវិតរបស់គេដោយជិះកង់កាត់ប្រាសាទបាយ័នជាមួយស្នាមញញឹម និងជំហរចិត្ដយ៉ាងរឹងប៉ឹង បន្ទាប់មកគេមកដល់ប្រាសាទអង្គរវត្ដ ឈរបែរមុខទៅកាន់ប្រាសាទដោយសច្ចអធិដ្ឋានថា “ក្មេងខ្មែរអង្គរមិនអន់ទេ ចាំមើលចុះ ! “។

clean OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA

លេងជ្រុល

 

think

ពុទ្ធសាសនិកជនមួយចំនួនបានមិនពេញចិត្ដយ៉ាងខ្លាំងចំពោះវត្ដមានរបស់យុវតីម្នាក់ធ្វើត្រាប់តាមព្រះពោធិសត្វក្នុងឥរិយាបទធ្វើទុក្ខកិរិយា។

Icon

ចំណែកថ្មី ៗ នេះក៏មានយុវតីជនបរទេសមា្នក់ក្រាបថើបព្រះពុទ្ធរូបក្នុងឥរិយាបទចូលព្រះនិព្វាន ចំណែកឯវេបសាយ ICON SHOE DESIGNS បានយកព្រះពុទ្ធរូបបិតជាប់នឹងស្បែកជើងដើម្បីឃោសនាលក់នូវផលិតផលរបស់ខ្លួន។

kissed buddha

ករណីទាំងបីខាងលើធ្វើឲ្យពុទ្ធសាសនិកជនមិនសប្បាយចិត្ដយ៉ាងខ្លាំង វាជាការប្រមាថ មើលងាយ មិនផ្ដល់សេចក្ដីគោរពដល់វត្ថុដ៏មានតំលៃផ្នែកចិត្ដវិញ្ញាណ។

ដូច្នេះ ដើម្បីចៀសវាងនូវការប៉ះទង្គិចដល់ផ្លូវចិត្ដវិញ្ញាណនេះ សូមមេត្ដាណែនាំ ឬបង្កើតការយល់ដឹងដល់យុវជន ភ្ញៀវបរទេសឲ្យយល់ស៊ីជំរៅលើវត្ថុស័ក្ដិ វត្ថុគោរពបូជា និងធ្វើប៉ាយណែនាំផ្សេង ៗ តាមដែលអាចធ្វើទៅបាន។

សំឡាញ់បែកសឺ

និពន្ធដោយភិក្ខុយន់ សុធា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤។រក្សាសិទ្ធ។

mo-fish

សូមម្ចាស់ទឹកដី            ជួយជាសក្សី                យើងពីរអង្គា

ជាមិត្ដសំឡាញ់                        មិនក្បត់ចិត្ដគ្នា              ទោះរងវេទនា

ជួយគ្នាផុតគ្រោះ។

 

ជាពាក្យសច្ចារបស់ស្វានិងត្រីក្នុងខណៈពេលដែលពួកគេទាំងពីរជួបគ្នានិងបានចងជាមិត្ដភាព។គេទាំងពីរបានបណ្ដុះនូវគុណធម៌ សេចក្ដីស្រលាញ់ និងមិត្ដភាពនឹងគ្នា។ស្វាតែងតែរកចំណីណាល្អ ឲ្យត្រីស៊ី ចំណែកឯត្រីក៏ដូចគ្នាដែរ។ពីមួយថ្ងៃទីមួយថ្ងៃ មិត្ដភាពរបស់គេទាំងពីររិតតែប្រសើរឡើង ៗ ជាហេតុធ្វើឲ្យគេទាំងពីរមិនអាចខ្វះគ្នាបានឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ។

 

សំឡាញ់ ! !  ឯងនៅឯណា ?
ជាសំរែករបស់គេទាំងពីរស្រែករកគ្នា ក្នុងគ្រាទឹកទន្លេឡើងធំ ថែមទាំងមានខ្យល់ព្យុះផងដែរ។ គេទាំងពីរត្រូវខ្យល់បំបែកឲ្យឃ្លាតឆ្ងាយពីគ្នា តែពួកគេមិនដែលភ្លេចនូវពាក្យសំដីដែលបានសច្ចាទុក។

ស្វា

ជួយផង ! ! !

ស្វាស្រែករកជំនួយក្នុងស្ថានភាពអស់កំលាំង និងក្ដីសង្ឃឹម ព្រមទាំងបណ្ដែតខ្លួនលើផ្ទៃទឹក ដែលគ្មានកោះត្រើយជាទីពឹង។ត្រីលឺសំរែកស្វែងរកជំនួយគិតថាពិតជាមិត្ដសំឡាញ់របស់ខ្លួន ទើបរួសរាន់ ម្នីម្នាដោយហែលមករកកន្លែងសំរែក ប្រទះឃើញស្វាកំពុងបណ្ដែតខ្លួន គេត្រេកអរណាស់បានជួបមិត្ដរយឆ្នាំ គេបានយកច្រមុះទូលទ្រូងស្វាឲ្យផុតពីទឹក ហែលដោលនាំមករហូតមកដល់ព្រៃមានដើមឈើធំល្មមជាទីពឹងបាន។

 

អាយុជីវិតរបស់ស្វាត្រូវបានសង្គ្រោះផុតពីមរណភ័យ គេសែនត្រេតអរណាស់ ដើម្បីតបស្នងគុណ មិត្ដសំឡាញ់ គេអញ្ចើញត្រីឡើងដើមឈើជាមួយគេ ចំណែកឯត្រីវិញ ក៏សប្បាយចិត្ដនូវពេលបាន សង្គ្រោះមិត្ដ ព្រមឡើងដោយសុខតែចិត្ដ។

 

សំឡាញ់ឯងសំរាកទីនេះបន្ដិចសិនចុះ !

 

ស្វាគិតថា មិត្ដរបស់គេប្រហែលជាអស់កំលាំងណាស់ហើយមើលទៅ ទើបឲ្យមិត្ដសម្រាកលើទ្រនំ របស់ខ្លួន ដោយខ្លួនចេញទៅស្វែងរកចំណី។ក្នុងខណៈពេល ដើរបេះផ្លែឈើជាចំណីនោះ គេត្រេតអរផង សប្បាយចិត្ដផង ញញឹមផង ក្នុងចិត្ដមានតែមិត្ដសំលាញ់ គេគិតថាចំណីដែលគេរកបាន អាចជួយឲ្យមិត្ដរបស់គេមានកំលាំងឡើងវិញ។

ពុទ្ធោ ! មិត្ដសំឡាញ់របស់គេ បាត់បង់ជីវិតទៅហើយ នៅពេលដែលគេបានត្រលប់មកកាន់ទ្រនំវិញ។ គេសោកស្ដាយណាស់ គេផ្ដល់នូវសំរែកដ៏ទុក្ខក្រៀមក្រំ ទ្រហឹងអឺងកងពេញព្រៃព្រឹក្សា។

 

 

*** តើរឿងខ្លឺនេះចង់និយាយអំពីអ្វី?

សូមជួយបកស្រាយ  ដាក់ចំណងជើងអត្ថបទ  និងកែសម្រួល

 

 

 

 

តាមដាន

Get every new post delivered to your Inbox.

Join 5,063 other followers