សង្ឃបាលោ សង្ឃបណ្ឌិតខ្មែរក្នុងសម័យហ្វូណន


Sanghapalo : Scholastic Khmer Monk in Funan

ទាញយកឯកសារទីនេះ

ហ្វូណនត្រូវបានគេហៅថាអាណាចក្រភ្នំឬនគរភ្នំតាមសំនៀងជនជាតិចិន ហើយត្រូវបានគេស្គាល់ផងដែរថាជាអាណាចក្រដែលឧត្ដមសម្បូណ៌ដោយធនធានធម្មជាតិ និងវប្បធម៌។មានទំនងទំនងជាមួយនឹងបរទេស ដូចជា ឥណ្ឌា ស្រីលង្កា និងចិន យ៉ាងជិតស្និទ្ធខាងផ្នែកនយោបាយ ជំនឿនិងសាសនា និងការវិនយោគទុន។ ឥទ្ធិពលពីទំនាក់ទំនងនេះជាហេតុធ្វើឲ្យទទួលនូវវប្បធម៌បរទេស ជាពិសេសគឺជំនឿសាសនា ដូចព្រាហ្មណ៍សាសនានិង ព្រះពុទ្ធសាសនា តែត្រូវបានធ្វើជាខ្មែរូបនីយកម្មយ៉ាងឈ្លាសវៃបំផុត។កំណត់ហេតុចិន ជាច្រើនបានស្ងើចសរសើរនូវឧត្ដមភាពដ៏អស្ចារ្យនៃប្រទេសនេះដែលមានព្រះរាជាគ្របគ្រងប្រកប​ដោយធម៌ ដូចជា ព្រះបាទហ្វាន់ ចេ ម៉័ន ឬស្រីមារៈ ជាដើម។ ព្រះអង្គមានព្រះសែន្យានុភាពផ្សាយដល់ប្រទេសជិតខាង។ជាហេតុធ្វើឲ្យអាណាចក្រនេះធំទូលាយបានចំនួន ៥ ទៅ ៦ ដងលីលើសដើម។

ព្រះពុទ្ធសាសនា

 buddha.jpg 600 A.D.

ហ្វូណនជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា។ ព្រះរាជាទ្រង់ព្រះនាមព្រះបាទស្រីមារៈ​​ ទ្រង់មានសទ្ធាជឿជាក់ខ្លាំងណាស់ចំពោះព្រះរតនត្រៃយ៍ ។ទ្រង់បានចំណាយពេលដើម្បីសិក្សានិងបដិបត្ដិព្រះធម៌។ទ្រង់បានឃើញនូវវដ្ដចក្រនៃជីវិតដោយបញ្ញាញាណ។ទ្រង់ប្រកបដោយមហាករុណាចំពោះសព្វសត្វរកប្រមាណមិនបាន។ ទ្រង់បានបរិចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គដើម្បីសាធារណៈប្រយោជន៍។ទ្រង់បានព្រះរាជបន្ទូលក្នុងទីកណ្ដាលជំនុំនៃព្រះញាតិវង្សានុវង្សនិងមន្ដ្រីរាជការថា អំណេះតទៅ សូមព្រះរាជាសោយរាជ្យជាតំណទៅអនាគតប្រតិបត្ដិតាមព្រះរាជប្រកាសនេះ ដើម្បីជាប្រយោជន៍ធំដល់សត្វលោក។ ព្រះរាជប្រកាសនោះ ដោយខ្លីគឺ ចូរប្រជាជនក្រេបផឹកនូវទឹកអម្រឹត គឺព្រះធម៌ សូមឲ្យព្រះរាជាយករាជសម្បត្ដិនេះដើម្បីជាប្រយោជន៍ដល់មហាជន។

ពីសេចក្ដីខាងលើ យើងអាចសន្និដ្ឋានថាបានថា​ព្រះពុទ្ធសាសនាត្រូវបានជ្រួតជ្រាបក្នុងហឫទ័យទាំងព្រះមហាក្សត្រនិងមហាប្រជានុរាស្ដ្រ។ក្រៅពីព្រះអង្គ យើងបានសិក្សាឃើញថាមានព្រះរាជាមួយអង្គទៀតដែលធ្លាប់គោរព សទ្ធាចំពោះព្រាហ្មណ៍សាសនា ក្រោយមកបានប្ដូរជាព្រះពុទ្ធសាសនា ព្រះអង្គនោះគឺព្រះបាទកៅណ្ឌិន្យជយវរ្ម័ន (ឆ្នាំគ.ស. ៤៨៤)។ ទ្រង់បានបញ្ជូនព្រះភិក្ខុណា គា ស៊ាង ជាតិឥណ្ឌាជាទូតនាំនូវគ្រឿងបណ្ណាការទៅថ្វាយព្រះចៅក្រុងចិន ព្រះនាម វ៉ូ ទី។ ព្រះភិក្ខុអង្គនេះបានទូលព្រះចៅក្រុងចិនថា អាណាចក្រហ្វូណន ព្រះពុទ្ធសាសនារីកចំរើនណាស់ មានសមណៈច្រើនក្រៃលែង ប្រតិបត្ដិព្រះពុទ្ធវចនៈយ៉ាងតឹងរឹងតាមពុទ្ធប្រពេណី។ បន្ទាប់មក ទ្រង់បានបញ្ជូនព្រះពុទ្ធរូបធ្វើពីផ្កាថ្មសមុទ្រនិងវត្ថុដទៃទៀតច្រើនដល់ព្រះចៅក្រុងចិន។

ព្រះសង្ឃបណ្ឌិតក្នុងសម័យហ្វូណន

angkor burei

ព្រះពុទ្ធរូបរចនាបទអង្គរបុរី សម័យហ្វូណន

          ក្នុងសម័យហ្វូណន មានព្រះសង្ឃបណ្ឌិតជាច្រើនអង្គព្រមទាំងមានបត្ដិបទាគួរឲ្យជ្រះថ្លាក្រៃពេក។ក្នុងចំណោមសង្ឃបណ្ឌិតទាំងនោះ គឺព្រះសង្ឃបាលោ ឬសេង គា ប៉ូឡូ។ ព្រះអង្គប្រសូត្រនៅឆ្នាំ គ.ស. ៤៦០ ក្នុងអាណាចក្រហ្វូណន ឬអាណាចក្រភ្នំ។សុគតនៅឆ្នាំ គ.ស.៥២៥ ក្នុងព្រះជន្មាយុ ៦៥ វស្សា នៅធម្មនិវេសន៍ហ្សូក្វានជិ ប្រទេសចិន។កាលក្មេង វ័យ កុមារសេងមាសតិបញ្ញាឈ្លាសវៃណាស់ មានចិត្ដគ្រង់និងអប់រំដោយព្រះសទ្ធម្មយ៉ាងល្អ បរិសុទ្ធ ពុំដែលបានបង្កសេចក្ដីទុក្ខលំបាកដល់មាតាបិតាដោយប្រការណាមួយ។

ព្រះភិក្ខុរូបនេះ មានរូបនិងគុណសម្បត្ដិដ៏អស្ចារ្យ ខ្ពស់សង្ហារ ញញឹមស្រស់ ព្រះទ័យពេញដោយមហាករុណា។ មានសីលាចារិកប្រកបដោយសតិនិងនាំមកនូវសទ្ធាជ្រះថ្លា។ សតិបញ្ញាពេញទៅដោយបញ្ញាណាណ។ ព្រះអង្គប្រៀបដូចជាព្រះពោធិសត្វមកសង្គ្រោះសត្វលោកឲ្យផុតពីអន្លង់នៃសេចក្ដីទុក្ខ។ ព្រះអង្គបានទេសន៍សម្ដែងប្រោសពុទ្ធបរិស័ទឲ្យបានឃើញនូវពន្លឺនៃឥស្សរភាពផ្លូវចិត្ដ។ គ្រប់ពាក្យសម្ដីចេញពីព្រះឱស្ឋធ្ងន់ទៅដោយអត្ថន័យ ជ្រៅទៅដោយមហាបញ្ញា។ ជាភិក្ខុដែលពេញទៅដោយមហាកតញ្ញូកត្ដវេទីចំពោះព្រះឧបជ្ឈាយ៍ និងគ្រូបាអាចារ្យដែលបានប្រទាននូវចំណេះចេះដឹងនិងដឹកនាំបដិបត្ដិនូវព្រះសទ្ធម្ម​។ ជាភិក្ខុខ្មែរមួយអង្គក្នុងសម័យនោះ ដែលចេះចាំនូវព្រះត្រៃបិដកយ៉ាងស្ទាត់ជំនាញមិនមិនត្រឹមតែព្រះអភិធម៌ប៉ុណ្ណោះទេ ព្រោះហេតុនេះទើបត្រូវបានចារិកក្នុងប្រត្ដិសាស្ដ្រ​លោកនូវកិត្ដិនាមថា តិបិតកៈ សង្ឃបាលថេរៈនៃហ្វូណន (Tipitaka Sanghapala Thera of Funa)។ ក្រៅពីនេះ គឺមានសមត្ថភាពខ្ពស់អាចនិយាយបានច្រើនភាសាយ៉ាងជំនាញ ក្រៅពីភាសាកំណើត មានដូចជា ភាសាបាលី សំស្ក្រឹត ភាសាសិង្ហលៈ(ស្រីលង្កា) និងភាសាចិន ជាដើម។ ព្រោះហេតុនោះ ត្រូវបានគេប្រទានងារថាបានសម្រេចនូវវិជ្ជាជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ក្នុងវិជ្ជាណាមួយនៃវិជ្ជា ៣ និងវិជ្ជា ៨ ជាពិសេសគឺនិរុត្ដិសមាបត្ដិ។

ព្រះភិក្ខុរូបនេះ ជាទីសទ្ធាជ្រះថ្លាចំពោះព្រះបាទកៅណ្ឌិន្យជយវរ្ម័នណាស់។បាន   សង្គ្រោះរាជញាតិវង្សានុវង្ស និងមហាប្រជានុរាស្ដ្រឲ្យភ្លឺដោយបញ្ញា ឃើញនូវវដ្ដចក្រសង្សារដែលអន្ទោលគ្មានទីបញ្ជប់។បានដឹកនាំឲ្យមហាជនបដិបត្ដិនូវសីល សមាធិនិងបញ្ញា។ ព្រោះហេតុនេះ ទើបព្រះបាទកៅណ្ឌិន្យជយវរ្ម័នប្ដូរសាសនាពីព្រាហ្មណ៍មកព្រះពុទ្ធសាសនាដោយគ្មានបន្ទិលសង្ស័យ ស្ទាក់ស្ទើរសូម្បីតិចតូច។ ព្រះអង្គបានចងក្រង ប្រែ រៀបរៀង និពន្ធនូវពុទ្ធវចនៈ ជាច្រើន ទុកជារតនសម្បត្ដិក្នុងព្រះពុទ្ធសាសនានិងអាណា   ចក្រ។

​          ព្រោះបញ្ញាដ៏អច្ឆរិយៈ គ្មានគូប្រៀប ទើបព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ននិងព្រះឧបជ្ឈាយ៍បានបញ្ជូនព្រះអង្គនិងសហធម្មិកមួយចំនួនទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសចិន ក្នុងរាជសម័យនៃចក្រពត្ដិវ៉ូ តី។

ក្នុងរយៈវេលា ១៧ ឆ្នាំ នៅប្រទេសចិន សង្ឃបាលោភិក្ខុ បានញ៉ាំងសទ្ធានិងសតិបញ្ញាឲ្យកើតឡើងចំពោះចក្រពត្ដិនិងញាតិវង្សានុវង្ស ព្រមទាំងប្រជានុរាស្ដ្រគ្រប់ស្រទាប់ ថ្នាក់។ ដើម្បីជាទីសិក្សានិងបដិបត្ដិនូវព្រះសទ្ធម្មដ៏បរិសុទ្ធ ដល់នូវបញ្ញាញាណនៃពុទ្ធៈ ព្រះអង្គនិងសហធម្មិកបានធ្វើការប្រែគម្ពីរព្រះត្រៃបិដកពីភាសាសំស្ក្រឹតមកជាភាសាចិន ព្រមទាំងគម្ពីរផ្សេង ៗ ទៀតជាច្រើន រាប់មិនអស់។ គម្ពីរទាំងនោះ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីព្រះត្រៃបិដក យើងបានឃើញមានគម្ពីរវិមុត្ដិមគ្គ ដែលនិពន្ធដោយព្រះអរហត្ដឧប្បតិស្សៈ។ ជាគម្ពីរនាំមកនូវប្រទីប បំភ្លឺនូវសតិបញ្ញាដល់ទ្វីបលោកចាប់ពីសម័យនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ដោយមហាករុណាទិគុណចំពោះប្រជាជនចិន ចក្រពត្ដិវ៉ូ ទីបានកសាងនូវរាជធម្មនិវេសន៍ សម្រាប់ជាទីគង់នូវចម្រើនធម៌ និងការិយាល័យប្រែគម្ពីរចំនួន ៥ កន្លែង។កន្លែងទាំងនោះ ដូចជា ជូគូឌិន ការិនឌិន ហ្សូក្វានជិ សេនានក្វាន់និងហ្វូណនក្វាង។

គម្ពីរវិមុត្ដិមគ្គនោះ បច្ចុប្បន្នត្រូវបានប្រែពីភាសាចិន មកជាភាសាអង់គ្លេសដោយ Rev.N.R.M.Ehara, Soma Thera,និង Kheminda Thera និងត្រូវបានប្រែពីភាសាមួយទៅភាសាមួយទៀតគ្មានទីបញ្ចប់។ ជាភព្វសំណាងនៃប្រទេសកម្ពុជា គម្ពីរនេះ ត្រូវបានប្រែជាភាសាខ្មែរដោយធម្មបណ្ឌិត ហេង មណីចិន្ដា។ ពន្លឺនៃសន្ដិភាព បញ្ញា និងមហាករុណាចំពោះសត្វលោកបានកើតឡើងហើយតាមរយៈគម្ពីរនេះ។

គម្ពីរនេះ ត្រូវបានផ្ដើមដោយគាថាថា

សីលំ សមាធិ បញ្ញា ច វិមុត្ដិ ច អនុត្ដារា

          អនុពុទ្ធា ឥមេ ធម្មា គោតាមេន យាសាស្សិនា។

ប្រែថា

   សីល សមាធិ បញ្ញា និងវិមុត្ដិ

គុណធម៌ទាំងនេះ បានកើតឡើងហើយ ពីព្រះពុទ្ធដ៏ឧត្ដម។

                        Virtue, concentration, wisdom and the peerless freedom,

                        To these verities awoke, Illustrious Gotama.

           ក្រៅពីសង្ឃបាលោភិក្ខុ នៅមានភិក្ខុមន្ដ្រសេនៈ និងភិក្ខុជាច្រើនអង្គទៀត ជាបន្ដបន្ទាប់ចូលទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសចិន។ ភិក្ខុទាំងនោះ ក្លាយជាធម្មទូតនាំនូវសន្ដិភាពរវាងពីប្រទេសគឺហ្វូណន និងចក្រពត្ដិវ៉ូ ទី។

នៅហ្វូណន ឬអាណាចក្រភ្នំ ព្រះបាទរុទ្រវរ្ម័ន ព្រះរាជបុត្រនៃព្រះបាទកៅណ្ឌិន្យវរ្ម័ន ទ្រង់មានព្រះទ័យប្រោសប្រណីចំពោះអាណាប្រជានុរាស្ដ្រដោយមហាករុណាដ៏បរិសុទ្ធ។ទ្រង់បាននាំមកនូវទឹកអម្រិតចំពោះមហាជនតាមរយៈព្រះសទ្ធម្មនៃសង្ឃបណ្ឌិត។ទ្រង់បាន​​បូជាកាយ ថ្វាយជីវិតចំពោះព្រះរតនត្រៃយ៍ ។ចិត្ដស្ថិតនៅក្នុងសីល សមាធិនិងបញ្ញា ។ទ្រង់សទ្ធាជ្រះថ្លាពេកក្រៃនូវព្រះបរមសារីរិកធាតុ(ព្រះកេសា ប្រវែង ៣ ម៉ែត្រ)នៃអង្គព្រះសម្មា សម្ពុទ្ធ។ តែអកុសល ព្រះបរមសារីរិកធាតុនេះ ត្រូវបានចក្រពត្ដិចិនសុំទៅប្រដិស្ថាននៅឯប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាក្នុងហ្វូណន ឬអាណាចក្រភ្នំនេះ ចម្រើនរុងរឿងណាស់ មានព្រះពុទ្ធរូបច្រើនអង្គ ធ្វើអំពីថ្ម សំរិទ្ធ ឈើ ជាដើម តាមរចនាបទនិងមុទ្រា នីមួយ ៗ ។ លោកអ៊ិត សុធា បានដកស្រង់ពាក្យរបស់លោកអៀន ហ៊ែរីស ថា ព្រះពុទ្ធរូប ៤០ អង្គ ត្រូវបានគេរកឃើញនូវភាគខាងក្រោមនៃទន្លេមេគង្គ និងតំបន់ជាច្រើនទៀតនៅប្រទេសសៀម។ តាមភស្ដុតាងមួយចំនួននៅក្បែរអង្គរបុរីវិញ យើងអាចដឹងថា ទីនេះ ជាទីកន្លែងដែលគេបានប្រារឰពិធីផ្សេង ៗ ដែលទាក់ទងនឹងព្រះពុទ្ធសាសនា។

ពីការសិក្សាខាងលើ យើងអាចសរុបបានថា ហ្វូណនឬអាណាចក្រភ្នំ ជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា ផ្សាយភាយនូវសន្ដិភាពនិងចំណងមិត្ដភាពរវាងប្រទេស។ព្រះភិក្ខុ សាមណេរ និងពុទ្ធបរិស័ទស្ថិតក្នុងត្រៃសិក្ខាយ៉ាងខ្ជាប់ខ្ជួន។

ឯកសារយោង

ព្រះពុទ្ធសាសនា ២៥០០ ,វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ,២៥៤៥

អ៊ិត សុធា, វប្បធម៌និងសង្គមខ្មែរ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,២០១៤

Arahant Upatissa, The Path of Freedom (Vimuttimagga),tran. By Rev.N.R.M. Ehara, Soma Thera, Khmeminda Thera, Buddhist Publication Society, Sri Lanka,1995.

ស្រាវជ្រាវដោយភិក្ខុយន់ សុធា

ចុះផ្សាយថ្ងៃទី​២ ខែមិនា ឆ្នាំ ២០១៦។ សូមសាសនាពុទ្ធរីកចំរើន សូមសុខសន្ដិភាពកើតមានដល់កម្ពុជរដ្ឋ។សូមបុណ្យកុសលកើតមានដល់ញាតិការទាំង ៧ សន្ដាន និងសព្វសត្វទូទាំងចក្រវាឡ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មីនា 2, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ស្រាវជ្រាវ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: