ច្បាប់​កេរ្តិ៍កាល


(បទព្រះហ្មគីតិ)

កេរ្តិ៍កាលពីព្រេងព្រឹទ្ធ—–សាងសុចរិតទៀងទុកនៅ
សេដ្ឋីផ្តាំប្រដៅ—–បុត្រសង្សារទុកក្រោយហោង។

កូនអើយកេរ្តិ៍មេបា—–ចូររក្សាគន់គិតគ្រង
ថែទាំចាំរួសរង—–ប្រុងប្រយ័ត្នប្រយោជន៍យូរ។

ធម្មតាអ្នកជាជាតិ—–កាលគេអាទិ៍ឲ្យគិតគូរ
កុំខ្ជិលដេកទទូរ—–ដល់ថ្ងៃរះពេញពន្លឺ។

តាក់តែងខ្ញុំកំដរ—–ចេញទៅរកធ្វើស្រែភ្លឺ
ចិញ្ចឹមគោក្របី—–រកខ្សែវល្លិ៍បោះក្រោលឃ្នង។

ធ្វើស្រែទិសទាំងប្រាំបី—–ខ្ញុំប្រុសស្រីចេញជួញផង
មើលផ្ទះស្រាស់របង—–វាំងចំណារគួររក្សា។

ឲ្យមានក្តីបារម្ភ—–ធ្វើស្រែកុំចោលចំការ
ដឹងដែកកាំបិតព្រា—–ទុកឲ្យជាកុំឲ្យបាត់។

ដេកយប់ឲ្យរាំងទ្វារ—–ទ្រាប់សម្រាលរៀបប្រយ័ត្ន
ចងទូកកុំឲ្យសាត់—–ផ្ទះបាក់បែកឆាប់ទល់ទ្រ។

សារពើទ្រព្យអ្វីៗ—–ប្រុងស្មារតីទុកឲ្យល្អ
ឩសទឹកស្រូវអង្ករ—–យកចេញចាយមានកំណត់។

កុំអាងមានទ្រព្យច្រើន—–កុំក្រវើនរកផ្គង់ផ្គត់
យកចាយៗដោយបទ—–ទោះនឹងទុកៗដោយខ្នាត់។

រទេះសេះដំរី—–រាប់បញ្ជីកុំឲ្យឃ្លាត
ខ្ញុំណាមានមារយាទ—–ទុកដាក់ដៃឲ្យរក្សា។

សប្បុរសយល់ដោយមុខស៊ុកគ្រលុកពេកពុំងារ
កំណាញ់ក្រៅតម្រា—–សោតសឹងអាប់ប្រយោជន៍យស។

រក្សាខ្លួនឲ្យរុង——រឿងឧត្តុង្គឧត្តមខ្ពស់
ប្រដាប់ដោយសក្តិយស—–ខ្លួនជាធំឲ្យថែធួន។

ឲ្យទានតាំងចិត្តស្មោះ—–កុំអាលោះអាល័យស្ងួន
ទ្រព្យនេះនឹងនាំខ្លួន—–ទៅបរលោកពុំសោះសូន្យ។

ទ្រព្យធនទោះថោកថ្លៃ—–កុំដាក់ដៃឲ្យថែកូន
នូវអស់ទាំងបងប្អូន—–អ្នកដទៃរក្សាតាង។

ទុកចិត្តខ្ញុំមើលដាក់—–ស្មើភ្នែកខ្វាក់ទាំងសងខាង
ឲ្យកូនគន់មើលតាង—–ស្មើភ្នែកម្ខាងពុំពេញពីរ។

ធ្វើអ្វីធ្វើឲ្យហើយ—–កុំទុកឡើយបង្កើតកិរ
សម្អាតអស់សរិល—–កុំឲ្យមានក្តីនិន្ទា។

ដំណេកដេកជាខ្នាត់—–ឲ្យសម្អាតសម្អាងជា
ទើបទេវតារក្សា—–ចម្រើនសុខស្រីសួស្តី។

គ្រឹះហាឲ្យផ្ចិតផ្ចង់—–កុំឲ្យផង់ផុយធូលី
ជម្រះបារបោសដី—–ឲ្យហ្មត់ហ្មងកើតសុខា។

អញ្ជុលទុកឲ្យគង់—–ប្រាក់ក្នុងថង់ទុកឲ្យជា
ប្រើខ្ញុំមើលមុខវា—–ទោះកាចជាមើលឲ្យស្តែង។

សារពើរួសរៀនរិះ—–ឲ្យចាំចេះៗចារចែង
ចង់គាប់ប្រើស្វះស្វែង—–រករៀនរិះសារពើក្តី។

សប្បុរសពេកចាញ់ធន—–នាទ៌ុជនចាញ់ឥន្រ្ទិយ
ប្រពន្ធល្អច្រើនចាញ់ប្តី—–ពាក្យច្រើនភូតចាញ់អាត្មា។

ឈើផ្លែច្រើនចាញ់ស្លឹក—–ត្រីច្រើនទឹកល្អក់ពុំជា
ទ្រព្យច្រើនព្រួយរក្សា—–ទ្រព្យតិចណាព្រួយរិះគិត។

ដេកយប់កុំដំអក់—–ឲ្យលង់់លក់ក្នុងសុចរិត
ខ្ញុំណាមានគំនិត—–គួរឲ្យគិតប្រណីវា។

ចងទូកបោះបង្គោល—–រិះរកថ្នោលពួរយុថ្កា
ការខ្យល់កាចពុំជា—–ក្រែងពានពារបោកបែកបាត់។

រៀនរិះសារពើក្តី—–ទោះស្រដីកាន់ពាក្យសត្យ
ចាំក្បួនចាំឲ្យស្ទាត់—–កុំអៀនព្រៀនសមពាក្យពោល។

ការក្រកុំគិតងាយ—–ការសម្ទាយជាកម្រោល
សន្សឹមកុំបំបោល—–ក្រែងពុំដល់ដូចប្រាថ្នា។

រៀនរិះរួសរវាំង—–ធ្វើស្រែប្រាំងស្រែវស្សា
ធ្វើស្រែមានចំណារ—–ធ្វើចំការចាររបង។

ផ្លូវវៀចកុំបោះបង់—–ផ្លូវណាត្រង់កុំដើរហោង
ដើរដោយផ្លូវគន្លង—–តម្រាយអ្នកចាស់បុរាណ។

ឆ្កែជាឲ្យបាយឆី—–ដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហាន—–កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ។

យល់តូចកុំអាលខំ—–ទោះយល់ធំកុំអាលស្រាយ
គិតក្តីកុំគិតងាយ—–មើលពិនិត្យពិនិច្ឆ័យ។

កូនអើយកេរ្តិ៍មេបា—–ចូររក្សាចាំសព្វថ្ងៃ
ទ្រព្យធននោះថោកថ្លៃ—–គួររក្សាកុំបីធ្លោយ។

ពាក្យនេះជាត្រកាល—–ជាខ្លឹមសារទៀងទុកឲ្យ
កូនចៅនៅឯក្រោយ—–តែងទូន្មានអង្គអាត្មា។

ថែទាំទើបគង់ទ្រព្យ—–រៀបរណ្តាប់ទុកទើ់បជា
ចាយវាយក្រៅតម្រា—–សឹងវិនាសធនធានផង។

បានមកទុកឲ្យគង់—–កុំឲ្យបង់បាត់បំណង
រៀនរិះរក្សាគ្រង—–យកចេញចាយដោយរដូវ។

ដឹងហាប់ឲ្យដឹងតុល—–ភ្នែកឲ្យយល់ទៀងត្រាជូ
គិតគ្រប់សព្វដោយផ្លូវ—–ក្តីចន្លោះកុំបីមាន។

ពាក្យនេះស្មើខ្លួនហើយ—–កូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទាន—–ជាសូរេចបណ្តាំហោង៕

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 26, 2016, in ច្បាប់ក្រម, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: