ច្បាប់​កូន​ចៅ​ល្បើក


១ នេះបទកាកគតិ៍ ទើបចងជាបទ ជាច្បាប់ទូន្មាន
តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ អ្នកប្រាជ្ញនិទាន
ប្រដៅបុត្រភ្ងា។
ហៃកូនពន្លក ស្ងួនអើយមាសយក បណ្ដាំបិតា
ឳពុកនេះចាស់ ឥតអ្វីអោយបា ស្ងួនអើយរក្សា
ពាក្យឳពុកនៅ។
ឱកូនកំសត់ រៀនអោនរៀនអត់ រៀនគិតក្នុងក្រៅ
រៀនអោនលំទោន កុំអោយហ្មងសៅ ដល់ខ្លួនកូនពៅ
កេរ្ដិ៍ដល់ឳពុក។
ដឹងឆ្លើយត្បិតដង កូនសើចរែងឆ្គង ត្បិតតែឳពុក
ទ្រព្យគង់ត្បិតស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់
ត្បិតឥតបើគិត។
៥ – ចំណេះទាំងឡាយ កិច្ចកលដោះស្រាយ ត្បិតតែគំនិត
ដឹងកិច្ចដឹងកល ដឹងឆ្ងាយដឹងជិត ដូចកលកាំបិត
កាប់ឆ្ការទំលាយ។
ល្មមទៅល្មមខាន ល្មមដើរបំពាន ពុំគិតក្រងាយ
ល្មមឈប់បង្អង់ ល្មមខាននូវអាយ ក្ដីក្រកុំស្រាយ
ក្ដីជាកុំធ្វេស។
សូវដើរកុំដេក សូវថប់កុំត្រេក សេចក្ដីប្រហែស
សូវខានកុំពារ ចចើងចចេស សូវចូលកុំចៀស
វាសរួចសឹមគូរ។
លឿនកុំបំបោល ពាក្យព្រេងកុំចោល ខឹងកុំអ៊ូទ្រូ
ស្រាយចេញអោយឆាប់ កុំអោយទុកយូរ សេចក្ដីមូទូ
មិនគិតខុសត្រូវ។
ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូហ៍
ទោះខឹងប៉ុន្មាន ធ្វើជាអោយគួរ តឹងគិតអោយធូរ
យូរគិតអោយឆាប់។
១០ -សេចក្ដីបំរុង ពាក្យដើមពាក្យចុង ប្រកាន់អោយខ្ជាប់
សូវនឿយអោយខ្លួន កុំអោយបង់ទ្រព្យ សូវបង់ក្ដីគាប់
កុំអោយខ្លួនស្លាប់។
សូវស្លាប់ទៅជា កុំបង់ធម្មា អិរិយាសីលគាប់
អោយគិតជញ្ជឹង រំពឹងអោយសព្វ ពាក្យស្លែងកុំស្អប់
ពាក្យគាប់អោយយក។
ចង់គង់អោយទុក ចង់បានក្ដីសុខ អោយស្វែងដើររក
ឃើញច្បាស់ធម៌ផង អោយយកខ្លួនជ្រក ក្ដីសោកមម៉ោក
អោយជៀសចេញឆ្ងាយ។
កូនអើយលោកិយ នេះអោយរៀនក្ដី រៀនច្បាប់ទាំងឡាយ
រៀនទាំងសំដី កុំបីរាយមាយ ក្ដីក្រក្ដីងាយ
ក្ដីគួរក្ដីសម។
ឱកូនពុំងា ធម្មតាអ្នកជា អោយរៀនថែទាំ
រៀនដាក់រៀនទុក រៀនរៀបរៀនចំ រៀនរកសន្សំ
លក់ចេញទិញចូល។
១៥ -មួយសោតអែច្បាប់ បើបានមានទ្រព្យ មនុស្សផងមកមូល
ពឹងពាក់ប្រាណណា បាយកប្រមូល សន្សំផ្សំចូល
យកមកជាគ្នា។
កូនអើយអែម្លប់ មនុស្សផងចូលឈប់ សំរាន្ដអាត្មា
ព្រៃឈើជាម្លប់ ត្រសុំសាខា ម្ដេចឡើយប្រែជា
ក្ដៅជ្រកពុំបាន។
មនុស្សផងរំលង រកម្លប់ទៀតហោង ចូលចតសំរាន្ដ
ម្លប់នោះត្រជាក់ ត្រសាក់ក្សេមក្សាន្ដ មនុស្សផងចូលថ្កាន
មិនមានហៅអាក់។
ឧបមាដូចទឹក ជ្រាលជ្រៅពន្លឹក ជាទីសំណាក់
មច្ឆោមច្ឆា ចេញចូលពឹងពាក់ ព្រោះទឹកត្រជាក់
មិនមានហ្មងសៅ។
ពុំគិតឡើយហោង ឯទឹកនោះផង ម្ដេចប្រែជាក្ដៅ
មច្ឆាទាំងឡាយ ព្រាត់ព្រាយរត់ទៅ រកទឹកទៀតនៅ
ពុំនាក់អាត្មា។
២០ -កូនអើយថាបើ បាឯងអាចធ្វើ ក្ដៅក្ដាត់មហិមា
ព្រៀងលានទាំងឡាយ គេនឹងនិន្ទា ដំនៀលដៀលថា
បាអែងពុំចេះ។
អាប់ឥតប្រាជ្ញា អាប់ទាំងឥរិយា យោបល់ចំណេះ
អាប់ទាំងមារយាទ អាប់ទាំងតំរិះ ត្បិតបាឯងនេះ
ពុំចេះរក្សា។
គណនាដូចទឹក កូនអើយបើល្គឹក ពុំមានមច្ឆា
មួយគ្រាន់ពន្លៀក នៅក្នុងគង្គា ពុំរាប់ហៅជា
ប្រសើរឡើយហោង។
មួយសោតអ្នកណា គេមកប្រាប់ថា ត្បិតបាធ្វើឆ្គង
បាគិតជញ្ជឹង រំពឹងដើមទង កុំបាតោតតូង
ក្អេងក្អាងពុំគាប់។
ទូកហួសកំពុង រាចែវបង្អង់ ថយមកចូលចាប់
ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់
ពុំបានឡើយណា។
២៥ -អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា
ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា
ថាហួសសេចក្ដី។
រីឯកង្កែប មុខដូចគេពេប ហាឡើងស្រដី
អួតអែងកំលាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍
ក៏អញពុំខ្លាច។
មួយសោតចចក ដកកក្ងក់ អួតអែងអំណាច
នឹងជ្រែកប្រឹថពី ទៅខាំនាគរាជ ដណ្ដើមយករាជ្យ
ភូមិភពនាគា។
រីឯអណ្ដើក វារឡើងរវើក មកអួតអាត្មា
ថាអញនឹងលោត រំលងបព្វតា ហេតុក្ដីមោហា
ពុំដឹងខុសគាប់។
រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់
អួតខ្លួនថាល្អ ដូចមាសទឹកដប់ រាងអញចំប្រប់
ដូចរាជសីហា។
៣០ -ហាឡើងមិនធ្យាន ស្ដីមិនប្រមាណ នឹងប្រាណអាត្មា
សូវអោនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ
សូវគប់កុំជះ។
ឱកូនពន្លក ច្បាប់នេះបាយក ស្ងួនកុំប្រហែល
ច្បាប់នេះប្រសើរ ហៅមហាវិសេស កូនអើយកុំធ្វេស
នឹងច្បាប់នេះណា។
មួយសោតឯល្បែង សប្បាយចង់លេង នេះឯងលោកថា
នឹងកើតទុក្ខក្រោយ នឹងបង់ទ្រព្យា នឹងកើតនិន្ទា
បង់មារយាទគាប់។
សប្បាយធ្វើស្រែ ​ ចំការជួញប្រែ នោះមានគេរាប់
សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់
សប្បាយយឺនយូរ។
មួយសោតឯស្រី ចេះលើកយសប្ដី ចេះគិតចេះគូរ
ចេះរៀបចេះចំ ចេះសមចេះគួរ អ្នកផងនឹងសួរ
រកឈ្មោះពុំខាន។
៣៥ នាងនេះឈ្មោះអ្វី មុខមាត់អប្រិយ សមជាអ្នកមាន
ម្លោះហើយនឹងកើត ទ្រព្យផងពុំខាន ព្រោះពាក្យសន្ដាន
ព្រេងលានគេទាយ។
រីឯពាក្យមនុស្ស ពុំដែលនឹងខុស ហួសពីទំនាយ
ពុំដែលនឹងផ្អៀង មិនជិតមិនឆ្ងាយ អ្នកផងទាំងឡាយ
គួរគិតកុំឆ្ងល់។
ពាក្យព្រេងលោកថា លោកមានឧបមា អោយគិតអោយយល់
ពាក្យលោកទំនឹម មិនមានអោយសល់ កូនអើយកុំឆ្ងល់
នឹងពាក្យនេះណា។
កុំអួតកុំអាង ដើរកុំមើលរាង មើលអង្គអាត្មា
កុំដើរផ្ទះគេ ហួសពេលវេលា កុំទៅធានា
ទ្រព្យគេទាំងឡាយ។
កុំដេកផ្កាប់មុខ កុំដើរពានថ្លុក ថាឯងសប្បាយ
មានទោសនឹងគេ កុំអោយនិយាយ ដើមគេនឹងក្លាយ
កើតជាទោសធំ។
៤០ – ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាអោបភ្នំ
ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្ងួរអួតផ្លុំ
ប៉ីពកយកខ្យល់។
ខ្វាក់ឆ្លុះកញ្ចក់ ដកកក្ងក់ ហាក់ឯងមើលយល់
ខ្វិនអួតនឹងផ្លោះ រំលងលើគល់ ទំពែករកកល
ចង់បានប្រេងលាប។
ក្ងែងចង់រាំ ក្រោកឡើងទន្ទាំ កែងកោងអោបឡាប
ថ្លង់ចង់ស្ដាប់ច្រៀង ផ្អៀងផ្អងទន់ទាប ដៃតូចខ្លួនទាប
ចង់ឈោងចាប់ផ្កាយ។
កូនអើយចូរស្ដាប់ ពាក្យនេះមហាគាប់ គ្រប់តួទាំងឡាយ
បាគិតរំពឹង ជញ្ជឹងអោយឆ្ងាយ កុំធ្វើរាយមាយ
នឹងច្បាប់នេះណា។
មួយសោតគេប្រាប់ ថាបាពុំគាប់ ទោសដល់អាត្មា
កុំបាភិតភាំង ស្លុតស្លាំងកាយា ប្រាណប្រុងឥរិយា
ស្មារតីអោយនឹង។
៤៥ – រិះរកគំនិត ជុំយោបល់គិត ទង់ទាញសន្ធឹង
ប្រាជ្ញាមួយកាត់ ចាត់ឡើងអោយដឹង ចំណេះមួយនឹង
ធ្វើហាក់មិនក្លឹក។
កូនអើយលោកថា ពាក្យលោកឧបមា ដូចគជសារសឹក
កាំភ្លើងដៃដុំ ពុំដែលនឹងក្លឹក ដេញដាលគគឹក
គគុកបោលចូល។
ធម្មតាអ្នកជា អ្នកមានប្រាជ្ញា សន្ដានត្រកូល
អោយគិតសញ្ជឹង រំពឹងអោយមូល ប្រាជ្ញាអោយចូល
ចងចាំទុកនៅ។
កុំអួតកុំអាង កុំភូតបំព្រាង កុំអោយចែចូវ
កុំកាច់កុំកិន រអែរអូវ កុំនាំពាក្យទៅ
ប្រាប់អោយកើតទោស។
កុំវេះកុំរៀន កុំបៀតកុំបៀន កុំស្ដីអោយមោះ
គ្នាបានជាខុស អោយមានសន្ដោស កុំហាអោយហួស
ជ្រួសពាក្យទៅមុន។
៥០ – ចូលសឹកកុំញោច ជំពាក់កុំបោច ខ្ជិលកុំចងពន្ធ
ជាគ្រូអាត្មា កុំអោយលោកអន់ សេចក្ដីទំងន់
សន្សឹមកុំបោល។
កុំអួតកំលាំង កុំអាងខ្លួនខ្លាំង រត់នឹងស្រមោល
កុំអាងជាធំ កុំងាយពាក្យពោល ពាក្យព្រេងកុំចោល
កុំថ្កោលទោសសង្ឃ។
កុំចោលផ្លូវវៀច កុំអាងអំណាច ដើរកាត់តំរង់
ក្រែងបង់អិរិយា សក្កាកុំគង់ លោកហៅថាល្ងង់
អាប់ឥតប្រាជ្ញា។
កូនអើយចូរស្ដាប់ ពាក្យមួយមហាគាប់ មានមិត្ដស្នេហា
អោយមើលមារយាទ មើលសព្វអិរិយា អោយដឹងថាជា
ជាកាចវៀចត្រង់។
អោយសមអោយសួន អោយល្មមនឹងខ្លួន អោយធួននឹងអង្គ
សឹមយកជាមិត្ដ ឋិតថេរដ៏លង់ ទៅមកតំរង់
ចេញចូលស៊ីចុក។
៥៥ – មិត្ដមួយសោតណា ទៅមកកាន់គ្នា បង្កើតអោយសុខ
មិត្ដមួយអោយទោស បង្កើតជាទុក្ខ មិត្ដមួយអោយឆុក
អោយបង់ទ្រព្យា។
មិត្ដមួយបង្ហិន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា
ចុះឡើងមិនអាក់ នឹងហិនអាត្មា កូនអើយលោកថា
អសារបង់ទ្រព្យ។
ឱកូនពិសី កូនប្រុសកូនស្រី ស្ងួនអើយបាស្ដាប់
ទំនឹមទំនង គន្លងផ្លូវច្បាប់ ទុកជាសណ្ដាប់
នៃនរជនជាតិ។
មួយសោតលោកថា រិកក្នុងអាត្មា មានបីពុំឃ្លាត
មួយស៊ីមួយដេក មួយដើរជាខ្នាត ស៊ីឥតមារយាទ
ពុំត្រូវសណ្ដាប់។
ដើរឥតបើគិត ដើរឥតគំនិត ហៅខុសនឹងច្បាប់
ដេកដល់ថ្ងៃរះ ហៅឥតគំនាប់ ចង្រៃអភ័ព្វ
នឹងអាប់អាត្មា។
៦០ – នឹងស្វែងរកទ្រព្យ ចង្រៃអភ័ព្វ មិនអោយជំនា
អោយកើតតែទុក្ខ អោយបង់ទ្រព្យា នឹងរកភរិយា
ហាក់ដូចគេណាយ។
ព្រោះក្ដីអភ័ព្វ ចង្រៃនូវអព មង្គលទាំងឡាយ
ចូលក្នុងអាត្មា មិនមានទៅឆ្ងាយ ជ្រាបជ្រៅក្នុងកាយ
ក្នុងអង្គអាត្មា។
ទោះប្រុសទោះស្រី បើមានរិកបី ដូចច្បាប់លោកថា
រិកដេករិកដើរ រិកស៊ីអាហារ ជាអ្នករក្សា
អិរិយាមារយាទ។
ខ្លាចមេខ្លាចបា ទោះបីធ្វើការ មិនមានអោយឃ្លាត
ទោះបីនឹងសើច នឹងលេងមានខ្នាត ជាអ្នកសង្វាត
ខ្មីឃ្មាតធ្វើការ។
អ្នកផងទាំងឡាយ ទោះជិតទោះឆ្ងាយ គេយល់អិរិយា
គេយល់ចំណេះ ជាអ្នករាបសា គេចង់ចងជា
ពន្ធយកជាញាតិ។
៦៥ – មានខ្សត់ពុំគិត យកតែគំនិត ឥរិយាមារយាទ
អោយចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត
រក្សាទ្រព្យា។
រីម្ដាយឳពុក នឹងបានលើកមុខ ដោយកូនពុំងា
អស់ទាំងបងប្អូន ជីដូនជីតា ម្ដាយមីងនូវមា
សឹងស្រួចចូលចិត្ដ។
ត្បិតកូនសុភាព ជាអ្នករាបទាប ត្រូវនឹងគំនិត
គ្រប់អស់បងប្អូន ទោះឆ្ងាយទោះជិត សឹងបានដូចចិត្ដ
ដូចដួងចិន្ដា។
៦៨ – កូនអើយចូរស្ដាប់ ចូរចាំអោយខ្ជាប់ ទុកក្នុងអាត្មា
ទំនឹមទំនង គន្លងឧបមា ទើបចងប្រែជា
ជាបទព្រហ្មគិតិ។
១ កូនអើយស្ងួនតែមួយ ទុកជាត្រួយត្រូលគំនិត កូនអើយមាសតាំងចិត្ត តាំងចរិតគិតកុំឆ្ងល់។
ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ។
ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនក្នុងផ្ទះស៊ីម្នាក់ឯង។
បានហើយចង់បានទៀត ខំឆ្លៀតបៀតមិនគិតក្រែង មើលយល់តែខ្លួនឯង មិនយល់គេឯទៀតផង។
៥ នឹងស៊ីចង់ពិសា ខ្ជិលទំពារឲ្យហ្មត់ហ្មង យល់នាមថាជាមង យល់ឯជងថាជាកួយ។
យល់តាថាជីដូន យល់ឯកូនថាជាក្មួយ យល់ពីរថាជាមួយ យល់ឯព្រួយថាជាសុខ។
យល់ទោសថាជាគុណ យល់ឯបុណ្យថានរក យល់ល្អថាអាក្រក់ យល់លាមកថាជាផ្កា។
ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា យល់គជាថាកណ្តុរ។
នេះពាក្យលោកពីព្រេង អ្នកណាឈ្វេងប្រាជ្ញាយល់ ឃើញថ្លុកកុំថាថ្នល់ ក្រែងកំហល់កំហុសមាន។
១០ អ្នកប្រាជ្ញកាន់ពាក្យទៀង កុំឲ្យល្អៀងពាក្យបុរាណ កុំដើរផ្លូវបំពាន ពាក្យអ្នកចាស់លោកដៀលថា។
ពាក្យនេះពីព្រេងព្រឹទ្ធ គួរឲ្យគិតពិចារណា កុំអួតអាងអាត្មា ថាចំណេះចំណាំមាន។
ដេកយប់កុំដេកយូរ ខ្លាចក្តីទូជ៌នដល់ប្រាណ បើស៊ីកុំតាមឃ្លាន មើលប្រមាណអស់គ្នីគ្នា។
លើកដាក់តាមកម្លាំង កុំកើចខ្លាំងឈឺដល់ស្មា ប្រើគេប្រើឲ្យជា កុំសសន់រាន់សៅដៅ។
ទោះដើរកុំរួសរាន់ គិតឲ្យគ្រាន់សឹមដើរទៅ កុំឲ្យអាប់អាស្រូវ កើតដំនៀលដល់អាត្មា។
១៥ កុំយល់ឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា កុំអាងតែប្រាជ្ញា ចោលក្បួនច្បាប់លោកព្រេងនាយ។
ស្រដីឲ្យស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងគិតឲ្តឆ្ងាយ យល់លង្វែកសព្វនានា។
ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លា ពាក្យព្រេងលោកឧបមា គិតត្រង់ណាធ្វើឲ្យបាន។
កាន់កពស់ឲ្យខ្ជាប់ ខ្លាចក្រឡាប់ខាំឯប្រាណ អូសទូកកុំឲ្យល្អាន ទឹកថ្លាសោតកុំឲ្យល្អក់។
ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសោះសា។
២០ យល់តូចកុំអាលខំ គួរសន្សំយកជាគ្នា បានច្រើនកុំអាលពារ សន្សឹមតិចៗរៀងទៅ។
អ្នកមានរក្សាខ្សត់ ដូចសម្ពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
អ្នកខ្ពស់រក្សាទាប ដោយសភាពធម៌បុរាណ អ្នកឆ្អែតរក្សាឃ្លាន នាអ្នករុងរក្សាឆ្មារ។
រក្សាទៅមកវឹង ឥតកំដឹងអស់អម្បាល ចំណេរចេរកាន់កាល ដូចរបងស្រាស់បន្លា។
កុំឆីឆ្អែតតែឯង មិនគិតក្រែងអស់គ្នីគ្នា គេឃ្លានក្នុងផ្ទៃផ្សា ឲ្យឆីរ៉ាបានឆ្អែតផង។
២៥ កុំមានចិត្តលលើ ពឹងក្រពើឲ្យចម្លង កុំកាប់ឧសរបង វាំងចំណារឯអាត្មា។
មានទូកឲ្យមានថ្នោល មានបង្គោលមានយុថ្កា ទាំងពួរទាំងច្រវា ជើងចែងណ៎ាឲ្យសព្វគ្រប់។
ប្រយ័ត្នក្រែងព្យុះខ្យល់ បក់បោកដល់នឹងទល់ទប់ ប្រយ័ត្នប្រយោជន៍គ្រប់ ទើបហៅជាក់ជាគំនិត។
ពាក្យព្រេងគិតគួរចាំ ដូចបណ្តាំបណ្តៅចិត្ត ពាក្យព្រេងគួរឲ្យគិត គិតរំពឹងឲ្យគ្រប់គ្រាន់។
ពាក្យនេះជាសណ្តាប់ ទុកជាច្បាប់ទៀងជាក់ស្បាន់ ពាក្យនេះជាកំណាន់ កំណត់នៅពុំឃ្លាតឃ្លា។
៣០ តែងតពាក្យទៅទៀត កុំបៀនបៀតអ្នកព្រឹទ្ធា កុំសង់ផ្ទះបៀតធ្លា ស្រីសាធារណ៍ពុំគង់ទ្រព្យ។
ស្រីស្រាលខ្លៅប្រច័ណ្ឌ ស្តីជញ្ជាន់ថាពុំគាប់ ពាក្យនេះឥតគេរាប់ ពាលរែងស្អប់ពាក្យមេបា។
ប្រឡែងរែងច្រើនឈ្លោះ ពាក្យទ្រគោះច្រើនគេថា កំណាញ់កើតនិន្ទា នឹងសាធារណ៍ពុំគង់ទ្រព្យ។
កូនកាចរែងចាញ់ម្តាយ ពាក្យពាយងាយគេរែងស្អប់ ខ្ចីទ្រព្យគេកញ្ជប់ រកគេទៀតគេថាគ្មាន។
អ្នកទាបរែងស្អប់ខ្ពស់ ត្បិតពឹងយសគេពុំបាន អ្នកខ្សត់ស្អប់អ្នកមាន ត្បិតពុំបានឲ្យពឹងទ្រព្យ។
៣៥ អ្នកខ្លៅរែងស្អប់ចេះ ត្បិតតម្រិះគិតគំនាប់ អ្នកខុសរែងស្អប់គាប់ ត្បិតគេរាប់តែអ្នកត្រូវ ។
ពាក្យនេះអស់ម្ល៉េះហើយ កូនចៅអើយយកទុកទៅ គ្រាន់បានប្រៀនប្រដៅ តកូនចៅផៅសន្តាន។
ពាក្យនេះស្មើខ្លួនហើយ កូនចៅអើយចូរចាំប្រាណ អស់អាថ៌ឱវាទទាន ជាសូរេចម្ល៉េះឯងហោង។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 26, 2016, in ច្បាប់ក្រម, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: