ច្បាប់ប្រុស


នេះបទព្រហ្មគីតិ ពីព្រេងព្រឹទ្ធទុកទូន្មាន
ចែងចងជានិទាន ទុកគ្រាន់មើលជាច្បាប់ថ្មី។
ឲ្យអស់កូនចៅក្រោយ ស្ដាប់កុំឲ្យភ្លេចស្មារតី
ប្រដៅទាំងប្រុសស្រី យកទុកខ្លួនគ្រប់អាត្មា។
ធម្មតាកើតជាមនុស្ស ទោះស្រីប្រុសក្រណាស់ណា
ក្រគិតក្នុងចិន្ដា ឲ្យបានដឹងសមនិងគួរ។
នឹងអស់ញាតិសន្ដាន សោះគេមានពាក្យថាជួ
កុំឆ្មើងកុំតែងតួ ធ្វើកំប៉ោងកុំពាក្យធំ។
នឹងដើរដូចភុជង្គ ឲ្យឱនអង្គអាចបារម្ភ
ឲ្យត្រូវនឹងច្បាប់ក្រម គួរប្រតិបត្តិកុំឲ្យឆ្គង។
រៀនបទរៀនបាទចាស៎ កុំច្រឡាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គង​ពាក្យពេចន៍​គេ​ស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
គេស្ដីដើមជៀវជុំ ជំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
ស្លាម្លូស៊ីឲ្យច្រៀក កុំបីបៀកទាំងមូលមិញ
តូចធំឲ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ។
ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់
សំពត់ស្លៀកឲ្យខ្ជាប់ កុំឲ្យអាក្រាតក្រៅខ្លួន។
នឹងដេកកុំទ្រមក់ ឲ្យលង់លក់ក្រៅពីក្បួន
បើភ្ញាក់ឲ្យដឹងខ្លួន ឡើងអង្គុយកុំមាត់ខ្លាំង។
ប្រែប្រាណប្រុងវិញ្ញាណ ខ្លាចក្រែងមានចោរចិត្តខ្មាំង
ប្រួញប្រាណប្របជញ្ជាំង ជញ្ជូនទ្រព្យលួចយកចេញ។
បើឥតមោះមន្ទិល កុំឲ្យខ្ជិលដេកទៅវិញ
ភ្ញាក់ហើយឲ្យក្រោកចេញ រកជក់ថ្នាំស៊ីម្លូស្លា។
ទោះពេលពន់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា
កាំបិតខាងអាត្មា ឲ្យសិតទឹកដាក់ចុងជើង។
ប្រអប់ដាក់ទឹមស្មា ថ្វាយទេព្ពារក្សាយើង
ហើយឲ្យបំពក់ភ្លើង នៅក្រានក្រៅកុំឲ្យដាច់។
កុំឲ្យអស់រលីង រលត់ធេងហើយថាភ្លេច
សព្វថ្ងៃមើលកុំដាច់ កុំដើរយកពីផ្ទះគេ។
ថែទាំមើលជើងក្រាន ឲ្យឧសមានកុំទំនេរ
បង្កាត់បង្កើតកេរ្តិ៍ កុំប្រហែសឲ្យសូន្យសុង។
ប្រយ័ត្នក្រែងក្រងាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កម្ដៅអង្គ អុជបំភ្លឺមើលនេះនោះ។
មានកាលយប់ងងឹត ភ្លេចមិនគិតជួនកូនចុះ
គ្មានភ្លើងអុជចន្លុះ ក្រានរលុះរលត់ធេង។
រត់រកភ្លើងសស្រាក់ ព្រួយលំបាកតែខ្លួនឯង
ហេតុខ្ជិលពុំគិតក្រែង ក្រយប់ថ្ងៃព្រួយដើរឆ្ងាយ។
ហើយឲ្យថែទាំទឹក ទោះយប់ព្រឹកកុំគិតងាយ
ដងដាក់ក្អមរាត់រាយ សព្វពួច ពាងអាងអុង ធំ។
កុំឲ្យស្ងួតក្អមធេង អស់រលីងពីពាងធំ
គ្មានសោះនោះមិនសម ជួនក្រែងក្រងាយយប់ថ្ងៃ។
ទោះដើរទៅឆ្ងាយជិត កាន់កាំបិតកំដរដៃ
ក្រែងមានមែកឈើព្រៃ កាប់កាន់មកធ្វើអុស។
ជួនកាលក្រែងមានបន្លា មុតអាត្មាគ្រាន់ចាក់ជួស
ជាគ្រឿងគ្រប់មិនខុស ការសត្រូវទោះឆ្មាឆ្កែ។
ដើរព្រៃឲ្យមើលលើ ឃើញស្លឹកឈើជាបន្លែ
កាប់កាន់កុំដៃទេ អង្គុយគន់មើលឆ្វេងស្ដាំ។
ក្រែងមានឈើព្រៃងាប់ គួរកាច់កាប់យកជាថ្នាំ
ផ្ញើក្រានគ្រាន់ដណ្ដាំ បាយបានឆ្អិនឆាប់ដូចចិត្ត។
សោះស្រីស្រដីបាន បើអុសមានមិនព្រួយគិត
សព្វថ្ងៃប្រុងគំនិត ថែទាំទើបគង់របស់។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្ដួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើន ទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យមើលមុខៗ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចម្ការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់សព្វបន្លែ។
កុំខ្ជិលកុំច្រអូស ទៅងងូសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ទោះធ្វើស្រែចម្ការ ឲ្យឧស្សាហ៍មើលថែទាំ
កុំខ្ជិលកុំប្រចាំ ចបចូកជីកស្មៅវល្លិផង។
កុំឲ្យបង់កម្លាំង ទោះខែប្រាំងប្រើឲ្យដង
ទឹកទៅស្រោចស្រង់ផង ឲ្យលូតលាស់មានផ្លាផ្កែ។
ធ្វើការកុំគិតព្រួយ ខ្លួនឯងមួយកុំត្អូញត្អែរ
ខ្លាំងខ្សោយកុំឲ្យល្ហែ ខ្លាចតែនឿយហើយមិនធ្វើ។
ជាងយប់បិតឫស្សី ត្បាញជាល្អីតៅកញ្ជើ
កុំឲ្យស្រីស្ដីលើ ឥតអំពើធ្វើលេងទៅ។
កុំទុកដៃទទេ ជាងទំនេរបោចស្មៅព្រៅ
ខាងផ្ទះខាងលំនៅ ឲ្យវាលកាលកើតសុខា។
ឲ្យមានក្ដីបារម្ភ ធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
ដេកយប់ឲ្យរាំងទ្វារ ទ្រព្យជាៗប្រុងប្រយ័ត្ន
ត្រចៀកចាំកុំភ្លាត់ កុំភ្លេចចោលមិនដឹងខ្លួន។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើទៅជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចាប់ចុកឥតគេសម។
ទោះដើរមានដំណឹង ឲ្យរំពឹងគិតបារម្ភ
នឹងដើរៗឲ្យសម យប់ព្រលប់ឲ្យមាត់ក។
កុំស្ងៀមកុំស្ងាត់ពួន លបលាក់ខ្លួនខ្លាចមិនល្អ
ឲ្យមើលឲ្យមាត់ក ដើរឲ្យស្មោះសោះគេថា។
ទោះខ្លួនជាប៉ុន្មាន ពាក្យសន្ដានរែងមុសា
គេម៉ៃ មកអាត្មា តាមដំណឹងដំណើរខុស។
កូនអើយបាកុំធ្លោយ កុំធ្លាយឲ្យអាប់កេរ្តិ៍យស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀរប៉ោធួ កំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងគេនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។
ពីព្រឹកស្លៀកហូលជរ ល្ងាចស្លៀកសខ្វះចងក្បិន
ពីព្រឹកត្បកក្បាលចិន ល្ងាចមិនទាន់ចិនដាក់ខ្នោះ។
ជួនកាលវាចងជើង ព្យួរខ្ពស់ឡើងដាំក្បាលចុះ
ភ្នែកស្លឹងតឹងក្រញុះ វាទារប្រាក់ឲ្យបានឆាប់។
មើលមុខល្អមិនតិចអី មិនខ្មាសស្រីផ្សារឈរស្ដាប់
មុខមិញដូចគេស្ដាប់ មាត់ស្ញេញស្ញាញពេបកូនក្មេង។
ស្រែកថ្ងូរអេះអូយអឺយ អាចិកអើយអាណិតលែង
អញរកប្រាក់ឲ្យឯង ឲ្យអាចិកស្អែកនេះបាន។
ចិនឮព្រមស្រាយមក បណ្ដើររកប្រាក់សន្ដាន
តឹងទារទាល់តែបាន ទ្រព្យឲ្យទៅទើបវាលែង។
អ្នកអាយអ្នកអើយកុំ គួរបារម្ភរាល់តែល្បែង
កុំលកុំលូកលេង គួរឲ្យវាងឲ្យវៀរសោះ។
កុំឈរកុំឈប់ចិត្ត ក្រែងមិនអត់បង់កេរ្តិ៍កោះ
កុំល្បងល្បែងនោះសោះ គួរឲ្យដោះឲ្យដើរចេញ។
ច្បាប់នេះចាំរាល់ខ្លួន ទោះបងប្អូនមិត្តសម្លាញ់
ពឹងខ្លួនឯងឲ្យចេញ ធានាទ្រព្យគេយកទៅ។
ឯទ្រព្យបានទៅវា ឯងធានាស្រាប់តែនៅ
វាបានទ្រព្យយកទៅ ខ្លួនឯងនៅធានាស្រាប់។
ដល់គេមកតឹងទារ អ្នកធានាក៏បានឆាប់
មិនបានគេប្រចាប់ ទៅជាខ្ញុំព្រោះធានា។
ទោះបងប្អូនធុរៈ ក្រជំពាក់គេតឹងទារ
បើមានទ្រព្យជួយជា កុំធានាណា៎អ្នកអាយ។
កូនអើយចូរបាចាំ ឪពុកផ្ដាំកុំបីណាយ
ប្រយ័ត្នរាល់រូបកាយ កុំឲ្យភ្លេចពាក្យនេះណា។
មួយទៀតហៅឆ្កួតស្រី គួរកុំបីសេពកាមា
វាតែងទាញអាត្មា នាំវង្វេងភ្លេចបាបបុណ្យ។
ភ្លេចទានសីលសូន្យសោះ ភ្លេចឃ្នាងខ្នោះដល់ជីពជន្ម
ភ្លេចទោសភ្លេចទាំងគុណ ភ្លេចទាំងការកាន់រសាយ។
បង្កើតតែទុក្ខទោស បើបានសុខសឹងប្រែក្លាយ
បង្កើតក្ដៅក្រហាយ ឲ្យទាស់តែងខឹងនឹងគ្នា។
ចងទោសគុំគង្គួន មិនគិតខ្លួនខ្លាចមរណា
មានកាលក្មួយនិងមា គុំធ្វើគ្នាឲ្យសោះសូន្យ។
បង្កើតតែចិត្តធំ ចៅគំនុំនឹងជីដូន
ឯបងខឹងនឹងប្អូន ម្ដាយនិងកូនគុំធ្វើគ្នា។
រីខ្ញុំគុំកាប់ម្ចាស់ ឲ្យក្ដៅណាស់ក្នុងអង្គា
កើតទោសខឹងនឹងគ្នា ជាគំនុំពុំត្រាស្បើយ។
មានកាលគេដាក់ឃ្នាង វាមិនរាងចាលចិត្តឡើយ
លក់ព្នៃ ខ្ញុំគេហើយ មិនខ្លាចស្លាប់ដល់អាត្មា។
គេកាប់ដោតទាំងក្បាល មិនចេះចោលចិត្តឡើយណា
ភ្លេចខ្លួនសូន្យសោះណា នឹកតែត្រង់សេពសប្បាយ។
រីឯកាមកិលេស កុំប្រហែសគួរឲ្យណាយ
ស្អិតណាស់ណាអ្នកអាយ អ្នកអើយកុំគិតសង្ស័យ។
នេះឯងហៅឆ្កួតស្រី គួរកុំបីឲ្យអាល័យ
ចូរចងចាំសព្វថ្ងៃ ទុកទូន្មានអង្គអាត្មា។
អ្នកប្រាជ្ញលោកនិទាន ទុកទូន្មានរាល់រូបា
មួយហៅឆ្កួតសុរា នោះកុំផឹកវាស្រវឹង។
វានាំភ្លេចវិញ្ញាណ ភ្លេចសីលទានសោះសូន្យឈឹង
ផឹកហើយមិនដែលនឹង នាំចិត្តនោះឲ្យធំក្រៃ។
ឯខ្លួនឯងតូចទេ មើលទៅគេប៉ុនមេដៃ
កម្លាំងឯងស្មើនឹងចៃ មិនកោតគេតិចឡើយណា។
ក្អេងក្អាងពាក្យកក្អែ អួតពូកែបទបានស្រា
មិនមានខ្លាចនរណា ស្រដីកោងរកកលឈ្លោះ។
បញ្ជោរបញ្ចៀសផ្ដាស ជេរវាងវាសមិនចំឈ្មោះ
នាំហេតុតែខាងឈ្លោះ ឆ្លើយឆ្លងពាក្យឲ្យបានទាក់។
ប្រពន្ធឃើញឃាត់ទៅ ប្ដីមិនត្រូវថាកុំអ្នក
ឯងខឹងលោវាធាក់ ដោយចិត្តធំបទបានស្រា។
មានកាលជួនស្រវឹង ពុំមានដឹងខ្លួនឡើយណា
ដើរដួលដេកផ្កាប់ផ្ងារ ស្រាតសំពត់អស់ពុំដឹង។
គេឃើញអស់ខ្មាសខ្ញុំ ក្មេងជៀវ ជុំសើចទ្រហឹង
ដេកដូចគេស្លាប់ឈឹង ក្អែរក្អួតពាសពេញទាំងខ្លួន។
កំណើតអ្នកផឹកស្រា កុំអួតថាឯងនឹងនួន
ដឹងហើយស្រវឹងបួន ខ្លួនខ្សត់ទេអួតថាមាន។
អ្នកស្លូតទៅជាកាច ឯងអ្នកខ្លាចទៅជាហ៊ាន
ខុសត្រូវទៅបំពាន បំពុលខ្លួនឲ្យបានបាប។
នេះឯងហៅឆ្កួតស្រា ក្នុងធម៌ថាពៀរដរាប
អ្នកណាផឹកហើយបាប បង់កិត្តិយសពុំសួស្ដី។
គួរកុំសេពសុរា នាំអាត្មាឲ្យអប្រិយ
នឹងធ្លាក់ទៅអវចី នរករងទុក្ខវេទនា។
ហៃអស់ជនទាំងឡាយ កុំរាយមាយក្នុងអង្គា
ចូរស្ដាប់ច្បាប់នេះណា ទុកទូន្មានខ្លួនសព្វថ្ងៃ។
នេះឯងហៅឆ្កួតបី លោកស្រដីក្នុងធម៌ថ្លៃ
បើអ្នកណាមួយនៃ នឹងប្រាថ្នាដោយចំណង។
លោកចងជាឧបមា ឲ្យអ្នកណាមួយផ្ចិតផ្ចង់
យកដែកដុលបោះបង់ ក្នុងភ្លើងប្រាណឆេះច្រាលឆ្អៅ។
បើកាន់ដែកដែលដុត នោះមិនមុតមិនមានក្ដៅ
កាន់បាននោះទើបហៅ ចិត្តមុតមែនពិតគិតប្រាណ។
នោះទើបលោកឲ្យធ្វើ នូវអំពើទាំងបីបាន
ដោយធម៌បុរាណ លោកឧបមាដូច្នេះនា។
ចាត់ចែងតែងជាបទ ព្រហ្មប្រាកដកាលបិតា
ប្រដៅខ្ញុំនេះណា សព្វសេចក្ដីដូច្នេះនៃ។
កិច្ចកាព្យរាយរៀបរោះ ខ្ញុំនាមឈ្មោះបណ្ឌិត មៃ
គិតចងជាសេចក្ដី ប្រដៅជនចប់ម្ល៉េះហោង៕

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 26, 2016, in ច្បាប់ក្រម, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: