ការគ្រប់គ្រងព្រះសង្ឃក្នុងសម័យពុទ្ធកាល


buddha

សង្ឃាភិបាលក្នុងសម័យពុទ្ធកាល Sangha Administration in Buddha time

ក្រោយពីត្រាស់ដឹងរយៈ ២ ខែមក ព្រះពុទ្ធជាម្ចាស់បានត្រាស់សម្ដែងនូវបឋមទេសនាដំបូងដល់បញ្ចវគ្គីភិក្ខុ។ ពេលនោះ អញ្ញាកោណ្ឌិញ្ញៈបានសម្រេចនូវធម៌ជាន់ខ្ពស់។ ទ្រង់បានផ្ដល់នូវភិក្ខុឧប្បសម្បទាដល់អញ្ញាកោណ្ឌិញ្ញៈដំបូងគេថា អ្នកចូរជាភិក្ខុមកចុះ ធម៌ដែលយើងសម្ដែងល្អមកហើយ ចូរអ្នកបដិបត្ដិព្រហ្មចារីយ៍ដើម្បីធ្វើទីបំផុតនៃទុក្ខ

ពីមួយថ្ងៃទៅមួយថ្ងៃចំនួនសមាជិកកាន់តែកើតឡើងច្រើនៗ ទាំងព្រះសង្ឃនិងគ្រហស្ថ ទាំងនេះ ព្រោះអ្វីដែលទ្រង់សម្ដែងមានទស្សនៈវិស័យច្បាស់លាស់ ដែលភាសាបាលីហៅថា ចក្ខុមា ដោយទិសដៅគឺធ្វើទីបំផុតនៃទុក្ខ ភាសាបាលីហៅថាចិត្ដោវិមុត្ដិ។

៩ ខែមកដល់ ព្រះអង្គបានត្រាស់សម្ដែងនូវធម្មនុញ្ញ (ឱវាទបាតិមោក្ខ) ដល់បរិស័ទរបស់ព្រះអង្គ នៅខែមាឃ ដោយមានព្រះអរហន្ដចំនួន ១២៥០ អង្គចូលរួម។ ក្រោមពីមហាសមាជនេះ ព្រះអង្គបានប្រគល់តួនាទីឲ្យព្រះសង្ឃមើលការខុសត្រូវទាំងពួងទាក់ទងនឹងព្រះពុទ្ធសាសនា ទាំងការផ្ដល់សេវាកម្មសង្គម ការគ្រប់គ្រង និងការដោះស្រាយអធិករណ៍(បញ្ហា)។ ការប្រគល់តួនាទីដល់សង្ឃមើលការខុសត្រូវនេះហៅថាសង្ឃាធិបតេយ្យ។ព្រះសង្ឃទាំងនោះសុទ្ធតែជំនាញ(ឯកទគ្គកម្ម) លើតួនាទីរបស់ខ្លួន ដូចជា ព្រះសារីបុត្រ ជាអនុប្រធានទី១ បន្ទាប់ពីព្រះពុទ្ធជាម្ចាស់ (ប្រៀបបានទៅនឹងឧបនាយករដ្ឋមន្ដ្រីទី១ ក្នុងប្រទេសដែលគ្រប់គ្រងដោយមានប្រព័ន្ធព្រះមហាក្សត្រ) មើលការខុសត្រូវផ្នែកសិក្សាធិការ (ក្រសួងអប់រំ) គឺអប់រំដោយយកធម្មវិន័យជាគោលការណ៍ ព្រះមោគ្គលាន ជាអនុប្រធានទី២ (ឧបនាយករដ្ឋមន្ដ្រីទី២ ) មើលការខុសត្រូវផ្នែកគ្រប់គ្រង (ក្រសួងមហាផ្ទៃ) ចំណែកព្រះអានន្ទ ជាលេខាផ្ទាល់របស់ព្រះពុទ្ធអង្គ។ទិន្នន័យទាំងឡាយទាំងពួងត្រូវបានកត់ត្រាទុកយ៉ាងល្អ រួមទាំងឯកសារចេញនិងឯកសារចូល។ ព្រោះសមាជិកកើតឡើងទ្វេដង បញ្ហាកើតឡើងកាន់តែច្រើន ព្រះពុទ្ធអង្គបានប្រគល់តួនាទីឲ្យព្រះសង្ឃនិងគ្រហស្ថចូលរួមដោះស្រាយបញ្ហារួមគ្នា គឺពុទ្ធបរិស័ទទាំង ៤ មានភិក្ខុ ភិក្ខុណី ឧបាសកនិងឧបាសិកា។ ការប្រគល់តួនាទីឲ្យមើលការខុសត្រូវនេះ ហៅថាវិមជ្ឈការ ដោយព្រះពុទ្ធអង្គផ្ទេរអំណាចឲ្យពុទ្ធបរិស័ទមើលការខុសត្រូវទាំងពួង ដោយឲ្យការងារទាំងនោះមានតម្លាភាព គណនេយ្យភាព កាត់បន្ថយនូវអធិករណ៍លើគោលការទាំង ៧ ចំនុច។ ជាឧទាហរណ៍ ពីការសិក្សាយើងឃើញថា ព្រះមហាកស្សប្បៈ មើលការខុសត្រូវធុតង្គ ដោយប្រៀបធៀងក្នុងសម័យនេះ តំណែងស្មើនឹងរដ្ឋមន្ដ្រីប្រចាំក្រសួងបរិស្ថាន ហើយព្រះអង្គក៏ជាឧត្ដមប្រឹក្សាជាន់ខ្ពស់មានឋានៈធៀបស្មើនឹងព្រះពុទ្ធអង្គក្នុងនាមជាព្រះមហាថេរដែលក្រិតក្រមដោយធម្មវិន័យ។ ក្រៅពីនេះ យើងឃើញមានព្រះឧប្បលៃយ៍និងភិក្ខុណីបដាចារាមើលការខុសត្រូវផ្នែកព្រះ វិន័យគឺរបៀបសណ្ដាប់ធ្លាប់ ព្រះបុណ្ណមន្ដានីនិងចិត្ដគហបតីឧបាសកជាមើលការខុសត្រូវផ្នែកអប់រំ (សម្ដែងធម៌) ជាដើម។ ដើម្បីសម្រិតសម្រាងក្នុងការជ្រើសរើសបុគ្គលិក ឬសមាជិកចូលមកថ្មី ទ្រង់បានប្រគល់តួនាទីនេះឲ្យព្រះសង្ឃមើលការខុសត្រូវទាំងថ្នាក់កណ្ដាល(មជ្ឈការ)និងថ្នាក់តំបន់ (វិមជ្ឈការ) តាមរយៈញ្ញត្ដិចតុត្ថកម្ម តាមរយៈព្រះឧបជ្ឈាយ៍។សមាជិកមកថ្មីត្រូវបានអប់រំលើគោលការណ៍ត្រៃសិក្ខា គឺសីល សមាធិនិងបញ្ញា។ ព្រះសង្ឃនិងគ្រហស្ថដែលទទួលបានអប់រំ អ្នកខ្លះបានសម្រេចជាព្រះអរហន្ដ ជាសិក្ខបុគ្គល អ្នកខ្លះជាអសិក្ខបុគ្គល ជាបថុជនធម្មតា។

បញ្ហានិងដំណោះស្រាយ

        ក្នុងសម័យពុទ្ធកាល យើងសិក្សាសង្កេតឃើញមានបញ្ហានិងដំណោះស្រាយក្នុងកិច្ចការសង្ឃាភិបាល ទាំងនេះគឺ៖

បញ្ហា

តាមរយៈការសិក្សា យើងសង្កេតឃើញបញ្ហាជាច្រើនបានកើតឡើង ដោយបញ្ហាទាំងនោះ រួមមាន៖

វិវាទាធិករណ៍ គឺបញ្ហាឬវិវាទកើតឡើងការប្រព្រឹត្ដិធម្មវិន័យ ដូចជាចោទថា នោះមិនមែនជាធម្មវិន័យ ព្រះពុទ្ធទ្រង់មិនបានបញ្ញតិឬអនុញ្ញាតិ ជាអាបត្ដិតូចធំ ការឈ្លោះគ្នា ការប្រើពាក្យសម្ដីមិនសមរម្យដាក់គ្នា ការប្រើសំពាធផ្សេង ៗ ជាដើម។ ក្រៅពីនេះ គឺអកុសលកម្មទាំងពួង ដូចជាការមិនគោរពព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានសេចក្ដីក្រោធ លោភ រង្វង់ រមិលគុណ កំណាស់ ឫស្យា អម្នួត មាយា ការយល់ខុស ជាដើម។

អនុវាទាធិករណ៍គឺ ការចោទបញ្ហាដោយសីលវិបត្ដិ។ ការចោទប្រកាន់នោះ ទាក់ទងនឹងការប្រព្រឹត្ដិរបស់សង្ឃសមាជិក ដូចជាសីលវិបត្ដិ អាចារវិបត្ដិ ទិដ្ឋិវិបត្ដិ ឬអាជីវវិបត្ដិ ជាដើម។ ក្រៅពីនេះ គឺអកុសលកម្មទាំងពួងដែលបានពោលមកហើយក្នុងវិវាទាធិករណ៍ ដោយរួមផ្សំនឹងការប្រកាន់ពូជពង្សវង្សត្រកូល (ពូជសាសន៍) រូបសម្បត្ដិនិងពណ៌សម្បុរ ជាដើម។

អាបត្ដាធិករណ៍គឺការចោទបញ្ហាដោយអាបត្ដិតូចធំទាំងពួង។ជាការចោទប្រកាន់ទាំងទងនឹងអាបត្ដិ(សេចក្ដីប្រព្រឹត្ដិខុស)នូវអាបត្ដិទាំង ៥ កង (អាបត្ដាធិករណ៍) និងអាបត្ដិទាំង ៧ កង (អាបត្ដាធិករណ៍) ជាដើម។ ក្រៅពីនេះ គឺសុមដ្ឋានាបត្ដិ ទាំង ៦ ដែលជាមូលហេតុនៃអាបត្ដិ ដូចជា អាបត្ដិដែលកើតឡើងដោយផ្លូវកាយ តែមិនកើតឡើងដោយផ្លូវវាចានិងចិត្ដ អាបត្ដិដែលកើតឡើងដោយផ្លូវវាចា តែមិនដោយផ្លូវកាយនិងចិត្ដ អាបត្ដិដែលកើតឡើងដោយកាយនិងវាចាតែមិនដោយចិត្ដ អាបត្ដិកើតឡើងដោយកាយនិងចិត្ដតែមិនកើតឡើងដោយវាចា អាបត្ដិដែលកើតឡើងដោយវាចានិងចិត្ដតែមិនដោយផ្លូវកាយ និងអាបត្ដិដែលកើតឡើងដោយផ្លូវកាយ វាចា និងចិត្ដ។

កិច្ចាធិករណ៍ គឺការចោទបញ្ហាដោយកិច្ចការសង្ឃ។ជាការចោទប្រកាន់ទៅលើការបដិបត្ដិតាមតួនាទីរបស់សង្ឃដែលជាករណីយកិច្ច ដោយប្រើអបលោកនកម្ម ញត្ដិកម្ម ញត្ដិទុតិយកម្ម និងញត្ដិចត្តុត្ថកម្ម។

ដំណោះស្រាយ

ដើម្បីដោះស្រាយបញ្ហា ឬរម្ងាប់អធិករណ៍ដែលកើតឡើងឲ្យមានប្រសិទ្ធភាព ព្រះអង្គបានកំណត់គោលការណ៍ក្នុងវិន័យមហាវគ្គ ដូចជា៖

សម្មុខាវិន័យ គឺរម្ងាប់បញ្ហាដោយព្រះសង្ឃ ប្រជុំដោះស្រាយ ពិចារណាលើពាក្យបណ្ដឹងទាំងដើមចោទនិងចុងចោទតាមរយៈធម្មនុញ្ញ(ធម្មវិន័យ)។

យេភុយ្យសិកា គឺដោះស្រាយបញ្ហាដោយព្រះសង្ឃ ខាងណាទទួលសម្លេងបានច្រើន ខាងនោះឈ្នះ វិធីនេះហៅម្យ៉ាងទៀតថាសង្ឃាធិបតេយ្យ។

តិណវត្ថារកៈ គឺដោះស្រាយបញ្ហាដោយឲ្យគូករណីទាំងពីរ សម្រុះសម្រួលគ្នា ដោយប្រគល់ឲ្យអ្វីម្យ៉ាង(សំណង) ទាំងនេះដើម្បីមិនឲ្យបញ្ហាកាន់តែចលាចលទ្វេដង។

ក្រៅពីនេះ គឺនៅមាន ដូចជា៖

សតិវិន័យ ដោយដើមចោទជាក្រុមអសិក្ខបុគ្គល អាចជាភិក្ខុឬភិក្ខុណី ឬជាឧបាសក ឧបាសិកាចោទលើព្រះអរហត្ដដែលជាចុងចោទ។ ដោយសង្ឃឃើញថាដើមចោទពុំមានមូលគ្រប់គ្រាន់ក្នុងការចោទប្រកាន់ដូច្នោះ ទើបការចោទនោះត្រូវបានរម្ងាប់ដោយសង្ឃប្រកាស។

អមូឡ្ហវិន័យ គឺរម្ងាប់បញ្ហាសម្រាប់អ្នកដែលជាសះស្បើយពីរោគឆ្កួត។ដោយសមាជិកសង្ឃណាមួយឆ្កួតបានប្រព្រឹត្ដិនូវអាបត្ដិណាមួយដោយពុំមានសតិគ្រប់គ្រង ក្រោយពីជាសះស្បើយ សង្ឃប្រកាសការចោទប្រកាន់របស់ដើមចោទជាមោឃៈ។

តស្សបាបិយសិកា ដាក់ទណ្ឌកម្មលើសមាជិកណាមួយដែលមិនព្រមទទួលកំហុសក្រោយពីកាត់សេចក្ដីយ៉ាងយុត្ដិធម៌។សមាជិកសង្ឃដែលប្រពឹត្ដអសីលធម៌ ផ្ដល់ចម្លើយមិនត្រឹមត្រូវ យកខុសជាត្រូវ យកត្រូវជាខុស ឲ្យសេចក្ដីត្រលប់ទៅត្រលប់មក ព្យាយាមយករួចខ្លួន ទោះត្រូវដាស់តឿនច្រើនដងក៏មិនព្រមកែខ្លួន។

បដិញ្ញាណករណៈ សារភាពតាមកំហុស។ ដោយសមាជិកសង្ឃដែលបានប្រព្រឹត្ដខុស ក្រោយពីវិនិច្ឆ័យហើយ ឃើញនូវមូលដោយចុងចោទព្រមទទួលកំហុស ហើយព្រមកសាងខ្លួន(កែខ្លួន)ឡើងវិញ។

ឆ្លងតាមរយៈការសិក្សាខាងលើ យើងអាចសរុបបានថា ការគ្រប់គ្រងក្នុងសម័យពុទ្ធកាល ព្រះពុទ្ធអង្គដឹកនាំគណៈសង្ឃដោយខ្លួនព្រះអង្គឯងក្នុងនាមជាធម្មរាជា។ក្នុងដំណាក់ដំបូងនៃការគ្រប់គ្រងនេះ ព្រះសង្ឃជាសមាជិសុទ្ធតែបានសម្រេចនូវវិជ្ជាជាន់ខ្ពស់ពោលយ៉ាងហោចណាស់គឺសោតាបដិមគ្គ។ការគ្រប់គ្រងបែបនេះ ហៅថាអត្ដាធិបតេយ្យ តែក្នុងន័យសីលធម៌និយម​(Moralism) ឬវិជ្ជមានដែលផ្ទុញពីការគ្រប់គ្រងដោយប្រព័ន្ធគុម្មុយនិស្ដ(Communism) ឬអំណាចនិយម(Authorizenism) ឬជាធររាជ (Tyrannism)។ ក្នុងដំណាក់កាលទី ២ ចំនួនព្រះសង្ឃបានកើតឡើងច្រើន ទាំងសិក្ខនិងអសិក្ខបុគ្គល ដើម្បីឲ្យព្រះសង្ឃជាចំណែកមួយនៃការដោះស្រាយបញ្ហានិងការផ្សព្វផ្សាយនូវព្រះធម៌ដែលជាគោលសន្ដិភាព ព្រះពុទ្ធអង្គបានប្រគល់តួនាទីឲ្យសង្ឃគ្រប់គ្រងតាមបែបសង្ឃាធិបតេយ្យ។ការ​គ្រប់ គ្រងបែបនេះ អាចចាត់ទុកថាលោកាធិបតេយ្យ(Worldly ruling) ដែលយើងសម័យនេះហៅថាប្រជាធិបតេយ្យ (Democracy)ដោយរំពឹងទៅលើគោលការណ៍ផ្សេង ៗ ដោយពិចារណាលើអំណាចជារបស់ប្រជាជន(Popular sovereignty) សិទ្ធិសេរីភាព(Liberty) សមធម៌(Equality) និតិរដ្ឋ(Rule of law) និងសម្លេងភាគច្រើន(Majority rule) ។ ទោះទ្រង់សរសើរការគ្រប់គ្រងបែបលោកាធិបត្យយ៉ាងណាក៏ដោយ ក៏ទ្រង់បន្ថែមគោលការណ៍គ្រប់គ្រងមួយទៀតដើម្បីចៀសវាងនូវសេចក្ដីប្រមាទដោយអំណាចនៃលោកធម៌គ្របសង្កត់។គោលការណ៍​គ្រប់គ្រងថ្មីនេះ ហៅថាធម្មាធិបតេយ្យ ដោយកំណត់យកធម្មវិន័យដែលជាធម្មនុញ្ញមកជាត្រីវិស័យក្នុងការអនុវត្ដបដិបត្ដិ ព្រោះហេតុនោះ មុននឹងបរិព្វាន ព្រះអង្គឆ្លើយតបនឹងព្រះអានន្ទឲ្យគោរពបដិបត្ដិនូវព្រះធម៌ដែលជាធម្មនុញ្ញ។

សូមអានបន្ដប្រព័ន្ធការគ្រប់គ្រងព្រះសង្ឃកម្ពុជាក្នុងសម័យផ្សេង ៗ

ស្រាវជ្រាវដោយភិក្ខុយន់ សុធា អនុបណ្ឌិតព្រះពុទ្ធសាសនា

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 25, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ស្រាវជ្រាវ. Bookmark the permalink. 1 មតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: