ចលនាថ្មីរបស់ព្រះសង្ឃនិងនយោបាយៈ មុននិងក្រោយពេលបោះឆ្នោតឆ្នាំ ២០១៣


Neo- Movement of Buddhism and Politic: Before – Post National Election 2013.

ដោយភិក្ខុ យន់ សុធា (Sothea Yon) พระสุเธีย สุวณฺณเถโร

https://www.facebook.com/sothea.yon

ក្នុងរយះមុន ក្នុងខណៈពេល និងក្រោយពេលបោះឆ្នោតមក យើងបានសង្កេត​ឃើញនូវចលនានិងវប្បធម៌ថ្មីកើតឡើង ជាពិសេសគឺចលនារបស់ព្រះសង្ឃទាក់​ទងនិង​នយោ    បាយ។

មានសំនួរនឹងចំលើយជាច្រើនបានកើតឡើងពីបណ្ដាសង្គម ដោយសំនួរ​ចំលើយ​​​​​​ទាំង​នោះ ដោយសរុបទៅគឺមានតែពីរពាក្យតែប៉ុណ្ណោះ «គួរនឹងមិនគួរ»​។​ពាក្យទាំងពីរនេះ ទោះបីជាសម្រេចចិត្ដយកមួយណាក៏ដោយ ក៏គិតថា​ប្រហែល​ជាយឺតពេលទៅហើយ ព្រោះព្រះសង្ឃពេលនេះ​កំពុងដើរ​តួនាទី​សំខាន់ក្នុងនយោបាយ។

3F17C69B-D114-4188-B6B0-520896EB9782_w443_r1_cy2

១› ចលនាមុនពេលបោះឆ្នោត

ចលនាថ្មី(Neo-Movement) យើងបានឃើញជាក់ស្ដែងមួយពេលបោះឆ្នោត មានព្រះសង្ឃមួយចំនួនតូច (អាចធំ) បានចូលរួមដើរក្បួនដង្ហើគណៈបក្ស ដែលខ្លួនចូលចិត្ដ មួយចំនួនទោះបីមិនបានចូលរួម ប៉ុន្ដែគាំទ្រ និងបញ្ចេញ​យោបល់​ដោយ​ទាក់ទងគ្នាតាមបណ្ដាញហ្វេសប៊ុក ស្កាយ ទូរស័ព្ទ និងវិទ្យុ មួយចំនួន។ អ្វីគួរអោយភ្ញាក់ផ្អើលនោះ គឺព្រះសង្ឃមួយ​ចំនួនបានសន្ទនាក្រុមក្នុង​ហ្វេស​ប៊ុកដោយលើកយកនូវគោលនយោបាយរបស់គណៈបក្សរបស់ខ្លួន ព្រមទាំង​ទាក​ទាញ​នូវមិត្ដភក្ដិអោយចូលរួមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ព្រះសង្ឃដែល​មានសិស្សគណនិងមានអំណាចបានបង្កើតគណៈបក្សដោយខ្លួនឯង ដូចករណី គណៈបក្ស សញ្ជាតិខ្មែរ គឺមានព្រះសង្ឃមួយរូបជាប្រធានបក្ស។

ព្រះសង្ឃមួយចំនួនដើម្បីចូលរួមសកម្មក្នុងក្បួរដង្ហែរប្រកាសរកសំលេងគាំទ្រនេះ ក្រៅពីរួមក្បួនដង្ហែរ បានប្រើវិទ្យុ ទូរទស្សន៍ និងហ្វេសប៊ុកទាញយកប្រជាប្រិយភាព ដូចករណី ប្រើសញ្ញាគណៈបក្ស លេខបួន គឺតំណែងអោយទិសទាំងបួន ឬ អរិសច្ចទាំងបួន ឬព្រហ្មវិហារធម៌ទាំងបួន ចំណែកលេខ ប្រាំពីរ មិនដឹងថាចង់មានន័យដូចម្ដេច? ផ្ទុយទៅវិញ ចំណែកលេខប្រាំពីរ ព្រះសង្ឃខ្លះ ថា ជានិមិត្ដរូបនៃការត្រាស់ដឹង បានដល់ពោជ្ឃង្គទាំងប្រាំពីរ ចំពោះលេខបួនបានដល់ អបាយមុខ និងអគតិធម៌ទាំងបួន។ នេះជាចនលា​ដែល​កើត​ឡើង​ក្នុង​ខេត្ដសៀមរាប។

តើនេះជាចលនាថ្មីទេ ?  ចំលើយ ប្រហែលជាមែន ហើយក៏មិនមែន វាជាចលនា​មួយ​ស្ថិតនៅលើដានចាស់ ព្រោះចលនាបែបនេះធ្លាប់កើតមកយូរហើយ ៗ មាន​ព្រះសង្ឃមួយចំនួនតួចត្រូវបានលើកតំកើងថាជាកំពូលនៃមហាវីរជនផ្នែកចលនា។ បើវិភាគតាមទស្សនទាននានា យើងអាចហៅព្រះសង្ឃ​ក្នុងសម័យនោះ​ថា«ព្រះសង្ឃជាតិនិយម» ព្រោះចលនានោះគឺដើម្បីប្រទេសជាតិ តែក្រោយ​ពីរដ្ឋប្រហារសម្ដេចព្រះនរោត្ដម សីហនុ មក ចលនាមួយបានកើតឡើង ដែលគួរ​អោយកត់សំគាល់ នោះគឺចលនាបក្សនិយម។ ព្រះសង្ឃត្រូវបានក្រុមអ្នកនយោ​បាយទាញយកប្រជាប្រិយភាព ជាឧបករណ៍ ជាឈ្នាន់ផ្នែកនយោបាយ។ចលនាបែបនេះបានរីកសាយមកដល់សម័យក្រឡាប់ចក្រ សប្រែជាខ្មៅ «ខ្មែរក្រហម» ហើយកំពុងជះឥន្ធិពលយ៉ាងខ្លាំងមកបច្ចុប្បន្ននេះ។

តើអាចហៅបានទេថាការចូលរួមដង្ហែរគណៈបក្សជាការដើមតាមគន្លងនៃព្រះពុទ្ធជាម្ចាស់?

វប្បធម៌របស់ព្រះពុទ្ធសាសនាគឺការដើរធម្មយាត្រាដើម្បីប្រកាសនយោបាយសន្ដិភាព ដល់អស់មនុស្សបានយល់ដឹង នឹងនាំយកនូវគោលនយោបាយសន្ដិភាពនេះមកអនុវត្ដអោយកើត​ប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។​ ហើយម្យ៉ាងទៀតសោត វប្បធម៌នេះបានបង្ហាញផងដែរអំពីការ​ផ្សព្វផ្សាយសាសនា ឬអាចហៅបានថា«សាសនាផ្សារភ្ជាប់នឹងសង្គម»។

ផ្ទុយទៅវិញ ការដើរក្បួនដង្ហែរគណៈបក្ស ដើម្បីប្រកាសនិងបង្ហាញអំពី​គោលនយោបាយ ដើម្បីបានសំលេងការគាំទ្រអំពីសំណាក់ប្រជាជនតាមលក្ខណៈ​ប្រជាធិបតេយ្យ។ តើព្រះសង្ឃចាំបាច់ចូលរួមទេ? រវាងធម៌វិន័យនិងសិទ្ធិជាជម្រើសសម្រាប់ព្រះ សង្ឃ និងអ្នកគាំទ្រព្រះសង្ឃអោយចូលរួម។ ទោះជាយ៉ាងណាក៏ដោយរាល់ការចូលរួម ព្រះសង្ឃ នឹងបាត់បង់នូវការសង្រួមឥន្ទ្រីយ៍ ហើយអកុសលមូលទាំងឡាយនឹងកើតមានឡើង មិនត្រឹមតែ​ប៉ុណ្ណោះអគតិបានកើតឡើងព្រម ៗ គ្នាផងដែរ។

នេះជាចំនុចមួយ ដែលមានចរន្ដញ័រ ហើយពិបាកនឹងរេរាំង ឬទប់ស្កាត់ ព្រោះគ្រប់ ចនលាតែងតែមានផលប៉ះទង្គិច គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ។ សំនួរសួរបន្ដទៀតថា​ តើព្រះសង្ឃគួរនៅស្ងៀមនឹងចលនាសង្គមនយោបាយទេ? យើងនឹងធ្វើការវិភាគនៅពេល​ក្រោយ​ចំពោះ​បញ្ហានេះ។

២.ចលនាក្នុងពេលបោះឆ្នោត

ក្នុងពេលបោះឆ្នោត តាមការសង្កេត និងការសន្ទនាបានឃើញថា ព្រះសង្ឃ មានសេចក្ដីសោមនស្សរីករាយក្នុងពេលចូលរួមបោះឆ្នោតនាថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ ២០១៣។ ព្រះសង្ឃមួយចំនួនបានធ្វើដំណើរទៅកាន់ស្រុកកំណើររបស់ខ្លួនដើម្បីប្រើសិទ្ធរបស់គេ តែមួយចំនួនខកចិត្ដមិនអាចប្រើសិទ្ធិរបស់គេព្រោះតែពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។​ ព្រះសង្ឃដែលខកចិត្ដពុំបានប្រើសិទ្ធក្នុងការបោះ​ឆ្នោត មានសេចក្ដីសោកស្ដាយ មិនត្រឹម​តែ​ប៉ុណ្ណោះ បានរអ៊ូមិនពេញចិត្ដនឹងការរៀបចំរបស់គណៈកម្មការជាតិរៀបចំបោះឆ្នោត។ មួយចំនួន បានបង្ករអោយមានរឿងអាស្រូវកើតឡើងដូចករណីក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ ខ័ណ្ទមានជ័យ រាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃក្នុងខេត្ដសៀមរាប និងបាត់ដំបង វិញ បាន​ត្រឹម​តែ​ខ្សិបខ្សៀវគ្នាថាត្រូវតែ«ប្ដូរ» នោះមានន័យថា គេបានផ្ដល់​សញ្ញា​ក្នុង​ការ​សម្រេច​ចិត្ដ​រួម​គ្នា ហើយ​ជ្រើសរើសយកនូវគណៈបក្ស​ដែលខ្លួនពេញចិត្ដ។

ព្រះសង្ឃក្នុងខេត្ដសៀមរាប ហាក់ដូចជាមានសេចក្ដីចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះហេតុការណ៍កើតឡើងក្នុងថ្ងៃបោះឆ្នោត ជាពិសេសចំនុចទាំងឡាយរួមមានៈ

១.ការបន្លំឈ្មោះបោះឆ្នោត

២.ជនបរទេសចូលមកបោះឆ្នោត

៣.បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត

៤.ទឹកថ្នាំសម្រាប់ផ្ដិតម្រាមដៃអាចលាងបានក្នុងរយះពេលមិនដល់ប្រាំនាទី។

ទោះជាយ៉ាងណាក៏ដោយ ចលនាតាមវត្ដនីមួយ ៗ ហាក់ដូចជាស្ងាត់ ទៅវិញ ពុំមានព្រឹត្ដិកម្មអ្វីគួរអោយកត់សំគាល់ ក្រៅពីសង្ងំស្ដាប់សំលេង​ការ​ប្រកាស់​លទ្ធផល​បណ្ដោះ​អាសន្ន​តាមវិទ្យុ និងទូរទស្សន៍។

៣.ក្រោយពីបោះឆ្នោត

ការិយាល័យបោះឆ្នោតមួយចំនួនត្រូវបានប្រកាសលទ្ធផលការបោះឆ្នោត តាមការកំណត់របសគណៈកម្មការជាតិរៀបចំបោះឆ្នោត។ ព្រះសង្ឃទាំងក្នុងខេត្ដសៀមរាប និងខេត្ដបាត់ ក៏ដូចជាព្រះសង្ឃទូទាំងប្រទេស​ ហាក់បីដូចជាមានភាពរសាំរសុះ ។ មួយចំនួនចូល​មើល​លទ្ធផល​និងការបញ្ចេញយោបល់​តាមបណ្ដាញហ្វេសប៊ុក មួយចំនួនទៀតប្រើទូ​រស័ព្ទ​សួរ​រក​គ្នា ខ្លះទៀត ចាំស្ដាប់ការប្រកាសតាមវិទ្យុអាស៊ីសេរី។

ព្រះសង្ឃក្នុងក្រុងសៀមរាប បានឈរមើលគណៈកម្មការ​រាប់សន្លឹកឆ្នោត​ដោយ​សេចក្ដី​ចាប់​អារម្មណ៍ខ្លាំងបំផុត មួយចំនួនបានបញ្ចេញសំលេងអប់អរ​នូវ​គណៈបក្ស​ដែល​ខ្លួន​បានពេញ​ចិត្ដទទួលនូវសំលេងពីប្រជាពលរដ្ឋ។

ក្រោយពីរាប់សន្លឹកឆ្នោត តាមពាក្យសំដីរបស់ព្រះសង្ឃមួយចំនួន បានដឹងថា គណ់ៈបក្សលេខប្រាំពីរទទួលសន្លឹកឆ្នោតច្រើន ហើយនឹងឈ្នះក្នុងអាណ័ត្ដិនេះ តែត្រូវខកចិត្ដ ព្រោះលទ្ធផលត្រូវផ្សាយជាបណ្ដោះអាសន្នពីសំណាក់ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់មន្ដ្រីជាន់ខ្ពស់មួយ រូបថាគណៈបក្សប្រជាជនកម្ពុជាបានទទួលសំលេង ៦៨ អាសនៈ ចំណែកសង្គ្រោះជាតិបានត្រឹម តែ ៥៥ អាសនៈ។

លទ្ធផលមិនជាផ្លូវការនេះ ធ្វើអោយចលនាព្រះសង្ឃបានកើតឡើងជាថ្មី នោះគឺព្រះសង្ឃមួយចំនួនត្រូវបានចេញទៅក្រៅវត្ដដើម្បីពិភាក្សាគ្នារាល់ជុំវិញការបោះឆ្នោត និងលទ្ធផលបោះឆ្នោត។មួយចំនួនបានបញ្ចេញយោបល់ទាក់ទងនឹងការបង្កើតរដ្ឋាភិបាលចំរុះ ដោយបែងចែកតំណែងរដ្ឋមន្ដ្រី និងតំណែងផ្សេង ៗ ទៀត។ មួយចំនួនបានបញ្ចេញ យោបល់ ទាក់ទងនឹងការសរសេររបាយការណ៍ជួនថ្នាក់លើអោយដឹងអំពីវត្ដមានព្រះសង្ឃក្នុងការបោះ ឆ្នោត ចំណែកមួយចំនួនទៀត ត្រូវទទួលគំនាបអោយស្រង់ឈ្មោះព្រះសង្ឃដែលបោះឆ្នោតអោយ គណៈបក្សរបស់ខ្លួន និងគណៈបក្សផ្សេងទៀត។

ចំនុចត្រង់នេះ ធ្វើអោយព្រះសង្ឃមួយចំនួនបានព្យាករណ៍ទុកថា «តទៅអនាគត ការអនុញ្ញាតិអោយព្រះសង្ឃចូលរួមប្រើសិទ្ធបោះឆ្នោត នឹងមិនមាន» ព្រោះព្រះសង្ឃវ័យក្មេងមាន ជំរើសរបស់ខ្លួនហើយ។

៤.ព្រះសង្ឃគួរនឹងមិនគួរចូលរួមបោះឆ្នោត

1095073_429626430484364_1228828368_n

ចំនុចពីរមានទំងំរៀងខ្លួន ។ទស្សនទាននានាបានផ្ដល់យោបល់ថា«ព្រះសង្ឃគួរ» ព្រោះអាស្រ័យច្បាប់រដ្ឋធម្មនុញ្ញដែលបានចែងថា«ប្រជាជនខ្មែរទាំងពីរភេទមានសិទ្ធិស្មើរគ្នា»។អ្នកខ្លះថា ព្រះសង្ឃក៍ជាមនុស្សដូចជាប្រជាជនទូទៅដែរ ត្រូវប្រើសិទ្ធរបស់ខ្លួនក្នុងនាមជា​ប្រជាពល​រដ្ខ។អ្នកខ្លះថា ព្រះសង្ឃមិនគួរនឹងចូលរួមទេ គួរជាកណ្ដាល មិនប្រកាន់បក្សនិយម  គួរដើរតាម គោលនយោបាយ(ធម៌វិន័យ)របស់សាសនា។

ក្នុងចំនុចនេះ យើងអាចវាយតំលៃថា៖

១. ព្រះសង្ឃក្នុងនាមប្រជាពលរដ្ឋក្នុងប្រទេសត្រូវតែប្រើសិទ្ធរបស់ខ្លួន។

២. ព្រះសង្ឃត្រូវប្រកាន់ខ្ជាប់តាមធម៌វិន័យ គឺជាកណ្ដាល មិនលំអៀង បក្សនិយម ។

នេះជាបញ្ហាស្មុគស្មាញពីរក្នុងពេលតែមួយ ហើយត្រូវអោយសម្រេចចិត្ដកាន់យក​តែម្ខាង។

បញ្ហាបែបនេះ ពុំមែនទើបតែកើតឡើងទេ តាមពិតបានកើតឡើងហើយក្នុងសម័យ​ពុទ្ធកាល ដូចក្នុងករណីការវិវាទគ្នារវាងព្រះសង្ឃ ចលនារបស់ភិក្ខុទេវត្ដ និងការឈ្លោះ​គ្នារវាង​ព្រះញាតិ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។​​

ចលនាទាំងនេះ សុទ្ធនាំមកនូវផលប៉ះទង្គិចយ៉ាងខ្លាំងដល់សង្គម និងសាសនា។ តែទីបំផុត ព្រះពុទ្ធជាម្ចាស់បានសម្រេចចិត្ដជ្រើសរើសផ្លូវកណ្ដាលក្នុងការដោះស្រាយ​បញ្ហា​ទាំង​នេះ ដោយ​សន្ដិវិធីបំផុត។

គោលនយោបាយដោះស្រាយរបស់ព្រះពុទ្ធជាម្ចាស់ផ្អែកទៅលើចំនុច ៣ យ៉ាង គឺ

១ អោយសិទ្ធិស្មើរគ្នា មិនប្រកាន់បក្សពួក តែមានសេចក្ដីសុចរិត ស្មោះត្រង់ បង្ហាញ នូវឆន្ទះនិងសមត្ថភាពរបស់ខ្លួន ចំនុចនេះ ហៅថា «សីល»។​

២. ត្រូវមានចិត្ដអំណត់អត់ធន់ មានភាពសុក្រិត ចិត្ដនឹងថ្កល់មិនលំអៀងព្រោះអគតិ ណាមួយ ចិត្ដឆ្ពោះទៅរកសេចក្ដីបរិសុទ្ធ ចំនុចនេះហៅថា«សមាធិ»។

៣. រាល់បញ្ហាកើតឡើង ត្រូវមានសុភវិនិច្ឆ័យ ,​ហេតុផលច្បាស់លាស់ ចំនុចនេះហៅថា «បញ្ញា»។

ម្យ៉ាងទៀត រាល់ការសម្រេចចិត្ដរបស់ព្រះអង្គ ឈរលើចំនុចសំខាន់ ៗ ដូចជា៖

១.ដើម្បីប្រយោជន៍សុខដល់សព្វសត្វទាំងបច្ចុប្បន្ននិងអនាគត

២.ដើម្បីប្រយោជន៍សុខដល់ព្រះញាតិ

៣.ទ្រង់បំពេញប្រយោជន៍តាមតួនាទីរបស់ព្រះអង្គ។

ការសម្រេចចិត្ដខាងលើ បើផ្អៀងទៅលើចំនុចណាមួយហើយនោះ ផលប៉ះទង្គិចនឹង​កើត​ឡើង​ជាមិនខាន ហើយចលនាផ្សេងនឹងកើតតាមមានដែរ។ ​

តើព្រះសង្ឃគួរមានជំរើសបែបណា គួរដើរតាមអណាចក្រ ឬពុទ្ធចក្រ?

ការសម្រេចចិត្ដរបស់ព្រះសង្ឃគួរឈរលើផ្លូវកណ្ដាល មិនប្រកាន់បក្សពួកនិយម ហើយ តួនាទីសំខាន់របស់ព្រះសង្ឃគឺផ្ដល់សតិនិងបញ្ញាដល់បរិស័ទ្ធរបស់ខ្លួនអោយស្គាល់អំពី​តំលៃ​ជីវិតរស់នៅ ដែលប្រាសចាកការប្រើអំពើហិង្សា ផ្សព្វផ្សាយនូវមេត្ដាធម៌​និង​សន្ដិភាព​អោយកើតមានក្នុងសង្គម។

ដូច្នេះ និមិត្ដរូបព្រះសង្ឃបានបញ្ជាក់អោយឃើញច្បាស់ហើយថា«ជាកណ្ដាល» «សាមគ្គី»«សតិនិងបញ្ញា» មិនត្រឹមតែប៉ុណ្ណោះក្នុងបារចនាជាតិថា«ជាតិ សាសនា ព្រះមហាក្សត្រ»។

សាសនានៅចំនុចកណ្ដាលរវាង «ជាតិ» និង«សាសនា»។ ដូច្នេះ មិនចាំបាច់លើកយក​ហេតុផលផ្សេងមកអធិប្បាយ ព្រោះហេតុផលតែប៉ុណ្ណេះក៏គ្រប់គ្រាន់ណាស់ទៅហើយ។

សូមថ្លែងអំណរគុណចំពោះព្រះសង្ឃច្រើនរូបដែលបានផ្ដល់ពត៌មាននិងសូមអភ័យទោសចំពោះការមិនអាចនឹងបញ្ចេញឈ្មោះបាន។​

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 14, 2013, in ជីវិតតាមទស្សនៈព្រះធម៌, ស្រាវជ្រាវ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: