សន្ដិសុខនិងសេចក្ដីសុខក្នុងសហគមន៍


ដោយភិក្ខុ យន់ សុធា (Sothea Yon) พระสุเธีย สุวณฺณเถโร

ចុចទីនេះដើម្បីអានភាសាអង់គ្លេសនិងភាសាថៃ

ទាញយកឯកសារ Download it

https://www.facebook.com/sothea.yon

IMG_3743

ជារៀងរាល់ថ្ងៃខ្ញុំតែងតែចំណាយពេលដ៏មានប្រយោជន៍ដើម្បីចូលរួមសកម្មភាពសង្គម ជាពិសេសគឺអប់រំសីលធម៌និងផ្សព្វផ្សាយសាសនា ដើម្បីនាំ​មក​នូវ​សេចក្ដី​សុខនិងសេចក្ដីចំរើនដល់សង្គម ដូចក្នុងករណីថ្ងៃនេះជាដើម (ថ្ងៃទី៥ ខែកក្ដដា ព.ស.២៥៥៧/២០១៣) នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។​

ប្រជាជននៅទីនេះពុំសូវសប្បាយចិត្ដព្រោះតែមានឧបទ្ទវហេតុកើតឡើងជាញយ ៗ​ ដូចជាគ្រោះថ្នាក់ចរាចរ ជាហេតុបណ្ដាលអោយមានមនុស្សស្លាប់ មិនត្រឹមតែប៉ុណ្ណោះ មានអំពើហិង្សា និងក្មេងទំនើងរីកដុះដាលពាសពេញភូមិឃុំ ជាហេតុ​អសន្ដិសុខ​និង​សណ្ដាប់ធ្លាប់ក្នុងសង្គម។

ដើម្បីលើកទឹកចិត្ដនិងផ្ដល់ស្នាមញញឹមដល់ពួកគេសារជាថ្មីនោះ ខ្ញុំបានលើកគោលធម៌មួយ មានឈ្មោះថា«បដិរូបទេសវាសៈ» ដែលប្រែថាការសិ្ថតនៅក្នុងប្រទេសដ៍សមគួរ ឬភូមិឃុំសុវត្ថិភាព​និងសន្ដិសុខ។​

។​

IMG_3746

ការរស់នៅក្នុងប្រទេសដ៏សមគួរក្នុងន័យនេះ គឺសំដៅទៅលើភូមិ ឃុំ ឬសហគមន៍សុវត្ថិភាព មានសណ្ដាប់ធ្លាប់ ពុំមានអំពើអសីលធម៍កើតឡើងដោយផ្ដោតអារម្មណ៍ទៅលើចំនុចមួយ​ចំនួន ដូចជា៖

១.ស្គាល់តំលៃនៃវប្បធម៌

ជាទូទៅ ប្រទេសខ្មែរ ជាប្រទេសដែលមាននូវសម្បត្ដិវប្បធម៌ដ៏ប្រពៃនិងថ្លៃថ្លូ ហើយសម្បត្ដិវប្បធម៌នេះនាំមកនូវសេចក្ដីសុខ សេចក្ដីចំរើននិងចំណងមេត្រីក្នុងសង្គម ដូចក្នុងករណី ការបដិសណ្ឋារកិច្ច ជាដើម។ ប្រជាជនតែងតែ​មានការប្រាស្រ័យ​ដោយ​ពាក្យ​នាំ​មកនូវមិត្ដភាព ភាពជិតស្និទ្ធរវាងញាតិមិត្ដ ឬអ្នកដែលនៅភូមិផងរបងគ្នា ផ្ដល់នូវស្នាមញញឹមប្រកបដោយមិត្ដភាព និងជំនឿទុកចិត្ដ ដូចជាពាក្យថា« សួស្ដី, ជំរាបសួរ ,អរុណសួស្ដី, បាទ, ចាស, តើលោកឬអ្នកសុខសប្បាយជាទេ? » ជាដើម។

ពាក្យទាំងនេះរិតតែធ្វើអោយភូមិឃុំ ឬសហគមន៍មានបដិស័ម្ពន្ធរវាងគ្នាកាន់តែប្រសើរ នឹងអាចជួយគ្នាទៅវិញទៅមកក្នុងហេតុចាំបាច់ ហើយក៏អាចកាត់បន្ថយនូវអំពើហិង្សា ឬអសន្ដិសុខមួយចំនួនដែរ

២.គោរពច្បាប់ប្រទេសជាតិ

ការគោរពច្បាប់នេះ សំខាន់ណាស់ផងដែរ ។វាធ្វើអោយសង្គមមានសណ្ដាប់ធ្លាប់ របៀបវិន័យល្អក្នុងសង្គម , ចេះគោរពសិទ្ធិគ្នាទៅវិញទៅមក នឹងមានចេះក្រែងចិត្ដគ្នាផងដែរ។ ការគោរពច្បាប់នេះ មិនថាជាច្បាប់អ្វីទេ បើគោរពបានទាំងអស់រិតតែប្រសើរ នឹងរិតតែនាំមកនូវ របៀបសណ្ដាប់ធ្នាប់កាន់តែល្អឡើង តែសម្រាប់ការធ្វើគោចរ ឬធ្វើដំណើរ​វិញ ក្រៅពីត្រូវមានសេចក្ដីមិនប្រមាទ និងសតិហើយនោះ ត្រូវគោរពច្បាប់​ចរាចរ​អោយ​បាន​ខ្ជាប់​​ខ្ជួនជាទីបំផុត មិនថាអ្នកបើកបរឬអ្នកធ្វើដំណើរដោយថ្មើរជើងនោះទេ។  ពាក្យបូរាណថា«ហ៊ានតែប្រមាទ អាយុខ្លី»។

៣.គោរពច្បាប់សីលធម៌

ពាក្យថា«សីលធម៌» នេះមានសារសំខាន់ណាស់ ហើយក៏ចាំបាច់ណាស់ដែរ បើបាត់សីលធម៌ហើយនោះ ប្រទេសជាតិ ឬសង្គមនីមួយ ៗ ក៏ពុំមាននូវសន្ដិសុខ ឬរបៀបសណ្ដាប់ធ្លាប់ អំពើទំនើងកម្មនឹងកើតឡើងជាទ្វេរទោះបីជាមានច្បាប់ដែលចែងក្នុងរដ្ឋ​ធម្មនុញ្ញ ក្រិត អនុក្រិត រាប់ម៉ឺនមាត្រាក៏ដោយ។ ហេតុដែលនាំមកនូវទំនើងកម្ម,ហិង្សា ,គ្រោះថ្នាក់ចរាចរ និងអំពើផ្សេង ៗ ទៀត សុទ្ធតែបណ្ដាលមកអំពីការមិនគោរនូវច្បាប់សីល​ធម៌ ដូចជាសីលធម៌ក្នុងការបើកបរ សីលធម៌ក្នុងការធ្វើដំណើរ សីលធម៌សម្រាប់ការរកស៊ី សីលធម៌សម្រាប់នយោបាយ វិនិយកទុក ជាដើម។

សីលធម៌សម្រាប់ភូមិឃុំ ឬសហគមន៍នោះ គ្រាន់តែគោរពតាមសីលប្រាំ ក៏គិតថាគ្រប់ គ្រាន់ណាស់ទៅហើយ ៗ នឹងធ្វើអោយភូមិឃុំ មាននូវសុវត្ថិភាព សេចក្ដីសុខ សេចក្ដីចំរើន គ្មាននូវអំពើទំនើងកម្មផ្សេង ៗ កើតឡើង ដូចជា៖

១.វៀរចាកនូវការប្រើអំពើហិង្សា ឬទណ្ឌកម្មគ្រប់ប្រភេទមិនថាប្រព្រឹត្ដិទៅលើកាយ ឬប៉ះទង្គិចដោយវាចានិងចិត្ដក្ដី តែរាល់សកម្មភាពដែលព្រឹត្ដិកម្មឡើងប្រកបដោយសេចក្ដី មេត្ដា និងមិត្ដភាព ដូចជាក្នុងករណីបើកបរ ជាដើម ពុំមែនដោយសារអំណាច ទឹកប្រាក់ តំណែងយសសក្ដិ ​នោះទេ គ្រោះថ្នាក់ចរាចរពុំសំគាល់ថាអ្នកមានអ្នកក្រ បើហ៊ានតែប្រមាទ ឬបើកបរដោយទំនើងចិត្ដ ឬមិនមើលឆ្វេងស្ដាំ សេចក្ដីអន្ដរាយនិងការបាត់បង់នឹងកើតមាន​ឡើង។ ម្យ៉ាងទៀត ទំនើងកម្មដែលបង្កហេតុតាមភូមិឃុំនីមួយ ៗ នោះ ភាពច្រើន គឺក្រុមយុវជនតែម្ដង ពួកគេខ្វះការអប់រំ សេពគប់នូវមិត្ដភត្រមិនល្អនិងគ្រឿងស្រវឹង   ពួកគេហ៊ានលើកដៃឬប្រើកំលាំងបាយទៅលើជនមួយចំនួនដែលពុំមានទោសកំហុសអ្វីឡើយ ហើយក៏ពុំបានពាក់ព័ន្ធនឹងរឿងអសីលធម៌នេះផងដែរ។

២.វៀរចាកការកាន់យកនូវទ្រព្យសម្បត្ដិដែលគេមិនបានអោយដោយការឬវាចា តែប្រកបការងារដោយសុចរិតទៀងត្រង់ មិនគោង ឬលោភលន់ គេងប្រវ័ញ្ច ពុករលួយ ជាដើម។ ការងារណាដែលសុចរិត សុទ្ធតែមានតំលៃនិងនាំមកនូវសេចក្ដីសុខដល់ខ្លួន និងគ្រួសារ សង្គម។​មិនត្រឹមតែប៉ុណ្ណោះ ក៏ត្រូវស្គាល់អំពីតំលៃនៃការចាយទ្រព្យសម្បត្ដិផង ដែរ។​

៣.វៀរចាកការផិតក្បិតគូស្វាមីភរិយា ឬចាប់ចំរិតប្រពន្ធកូនគេ ។ សីលធម៌ចំនុចនេះ សំខាន់ណាស់ហើយកើតឡើងស្ទើរតែពាសពេញភូមិឃុំនីមួយ ជាហេតុធ្វើអោយបែកបាត់ និងប្រើអំពើហិង្សាក្នុងគ្រួសារកើតឡើង មិនតែប៉ុណ្ណោះក៏បណ្ដាលអោយមានជនរងគ្រោះ មួយចំនួនធំ ដូចជា ក្មេងកំព្រា ,បាត់បង់តំលៃជីវិត (ក្មេងស្រីត្រូវគេចាប់រំលោភ) ,កើតជំងឺឆ្លង ឬជំងោះអេដស៍ជាដើម។ ដូច្នេះដើម្បីចៀសវាងឬទុបស្កាត់នូវគ្រោះដ៏មហន្ដនេះបាន ម្នាក់ ៗ ត្រូវស្វាមីភក្រ ស្មោះត្រងរវាងដៃគូ ឬស្វាមីភរិយា ផ្ដល់ភាពកត់ក្ដៅ និងទំនុបចិត្ដរវាងគ្នា។

៤.វៀរចាកការនិយាយពាក្យកុហក់ រុះរាយឥតប្រយោជន៍ ញុះញង់ បំបែកបំបាក់ ក្បាលចេញកន្ដុយចូល។ តាមពត៌មានមួយចំនួនបានចែងអោយដឹងថា ភូមិឃុំមួយចំនួន វិញ បែកបាក់សាមគ្គីគ្នា មិននិយាយរកគ្នា ទាំងនេះមកពីការញុះញង់ និងការបំបែកបំបាក់គ្នា ជាហេតុធ្វើអោយយុវជនមិនអាចនឹងទៅលេងទៅភូមិមួយទៀតបាន ហើយពេលណាជួបគ្នា ពួកគេមានតែតំឡើងសាច់ដុំដាក់គ្នា។នេះហើយឫទ្ធិនៃការញុះញង់ បំបែកបំបាក់គ្នា។ផ្ទុយទៅ​វិញ និយាយពាក្យណាជាពាក្យនាំមកនូវសាមគ្គី មិត្ដភាព ពាក្យជាប្រយោជន៍ ផ្សះផ្សារគ្នា សង្គមនឹងមានការរីកចំរើនក្នុងមួយកំរិតទៀត។

៥.វៀរចាកប្រើទឹកស្រវឹង គ្រឿងញៀន។ សីលធម៌ចំនុចនេះសំខាន់ណាស់ដែរ ព្រោះអំពើអសីលធម៌ និងខ្វះសតិស្មារតីគ្រប់គ្រងសុទ្ធតែបណ្ដាលមកអំពីការមិនរក្សានូវ​សីលធម៌ចំនុចទី៥នេះតែម្ដង។ដូចឃើញស្រាប់ហើយក្នុងបច្ចុប្បន្ននេះ មិនថាយុវជន ទេ សូម្បីចាស់ហើយក៏ជាទំនើងដែរ សមនឹងពាក្យថា«ទំនើងចាស់មិនអន់ជាងក្មេង»។ ពេលស្រវឹងហើយ បង្កហេតុអាស្រូវច្រើនយ៉ាង  ដូចជាហ៊ានប្រើកំលាំងហិង្សាក្នុងគ្រូសារ ឬអ្នកជិតខាង,ឆក់ប្លន់ទ្រព្យសម្បត្ដិអ្នកដទៃ,ចាប់រំលោភប្រពន្ធកូនគេ,និយាយបំបែកបំបាក់គេ ជាដើម ។មិនប៉ុណ្ណោះសោត អ្នកលេងគ្រឿងញៀន បណ្ដាលអោយមានការប៉ះទង្គិចយ៉ាង​ខ្លាំងចំពោះសណ្ដាប់​ធ្លាប់​សង្គម និងសុខភាពខ្លួន។គ្រឿងញៀនបំផ្លាញអ្វី ៗទាំងអស់ មិនរើសមុខ ទីបំផុតជាប់គុកច្រវាក់ ឬស្លាប់ក៏មាន។

ដូច្នេះ សរុបទៅឃើញថា ដើម្បីអោយភូមិឃុំមានសុវត្ថិភាពទៅបាន លុះត្រាគោរព អនុវន្ដ តាមចំនុចទាំងបីដូចបានពោលពីខាងលើ គឺ

១.គោរពតំលៃវប្បធម៌ជាតិ

២.គោរពច្បាប់ប្រទេសជាតិ

៣.គោរពច្បាប់សីលធម៌។

សូមអោយសេចក្ដីសុខ សន្ដិសុខ និងសុវត្ថិភាពកើតមានដល់ភូមិឃុំយើងទាំងអស់គ្នា។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 6, 2013, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: