សោភ័ណភាពដោយការចែករំលែកមេត្ដាចិត្ដ


ដោយភិក្ខុយន់ សុធា (សុវណ្ណថេរោ)​​  Sothea Yon       พระสุเธีย สุวณฺณเถโร (ยนต์)

IMG_1440

ជាសេចក្ដីចាំបាច់ណាស់ ដែលមនុស្សយើងត្រូវចេះសង្រ្គោះគ្នា ចែករំលែកគ្នា​ដោយ​មេត្ដា​ចិត្ដនូវអ្វីដែលយើងអាចជួយគេបាន ដូចជាទ្រព្យសម្បត្ដិមួយចំនួន ឬផ្ដល់នូវសេចក្ដីស្និទ្ធ​ស្នាល ,មិត្ដភាព ,ស្នាមញញឹម, ភាពកក់ក្ដៅ ជាដើម។ទាំងនេះ សុទ្ធតែធ្វើអោយ​សង្គមខ្មែរយើង រិតតែមានសុន្ទ្រីភាពនិងសោភ័ណភាពជាទ្វេរ និងជាសង្គម​ដែលគួរ​អោយរស់នៅ​ជាទីបំផុត ពីព្រោះមនុស្សក្នុងសង្គមស្គាល់នូវពាក្យថាសង្គ្រោះ និងមនុស្សធម៌, មិនរើសអើង, ប្រកាន់វណ្ណៈ ជាដើម។

ការចែករំលែករបស់បុគ្គល​មួយចំនួនហាក់ដូចជាមិនប្រកបដោយសេចក្ដីពេញចិត្ដ, រីករាយ, ធ្វើដោយកំហឹងទោសៈ,ចង់បានមុខមាត់ ឬព្រោះតែខ្មាស់អៀន ជាដើម។ រឿងនេះបានកើតឡើងចំពោះប្អូនប្រុសរបស់ខ្ញុំ។ថ្ងៃមួយខ្ញុំ ត្រៀម ចេញដំណើរ​ពីស្ថានីយរថយន្ដខេត្ដសៀមរាប«បុរីសៀងណាំ» ដើម្បីធ្វើដំណើរទៅកាន់ ប្រទេស​ជិតខាង។កំពុងរង់ចាំការចេញដំណើរ ខ្ញុំបានចូលទៅកាន់កន្លែងស្រស់ស្រូប អាហារ​ពេលព្រឹកមួយកន្លែងនៅពីមុខស្ថានីយរថយន្ដ។ កំពុងតែស្រស់ស្របអាហារ ស្រាប់តែមានអ្នកសុំទានស្រ្ដីវ័យចំណាស់ម្នាក់លើកដៃសំពះសុំទាន។រំពិចនោះ ប្អូន ប្រុស របស់ខ្ញុំបានដកយកនូវលុយកាត់បន្ដិចបន្ដួចទៅជូនគាត់។ស្ដ្រីវ័យចំណាស់សុំទាននោះ លើកដៃសំពះអរគុណ តែប្អូនប្រុសរបស់ខ្ញុំហាក់ដូចជាមិនយកចិត្ដទុកដាក់នូវការ លើកដៃសំពះអរគុណបន្ដិចសោះ។ ជាឱកាសល្អ ខ្ញុំបានបង្រៀនប្អូនប្រុសម្នាក់នេះ អោយចេះការបរិចាគ ចែករំលែកដោយមេត្ដាចិត្ដ ផ្ដល់ស្នាមញញឹមនិងលើកដៃសំពះ តប ​ព្រមទាំងផ្ដល់កំលាំងចិត្ដដល់ជនអ្នកសុំទាន អោយមានការតស៊ូក្នុងឆាកជីវិត​បន្ដទៀត ព្រោះសាច់រឿងនៃល្ខោនជីវិតនេះមិនចេះចប់ នឹងមានការជួបឧបសគ្គរាប់ រយជំពូក ម្យ៉ាងទៀតពុំមែនព្រោះតែគាត់មានវ័យចំណាស់ជាងនោះទេ  តែជាការ​ទំលាក់ចុះនូវអស្មិមានៈ ផ្នត់គំនិតអវិជ្ជមានមួយចំនួន។

ការពិតទៅ, ប្រជាជនខ្មែរយើងមួយភាគតូច ច្រើនមានទស្សនៈគំនិតថា «ជនសុំទាន មួយចំនួនមានអវយវៈគ្រប់បរិបូណ៌មិនគួរនឹងមកសុំទាន, គួរប្រកប​អាជីព​បាន​ដោយ​កំលាំង​កាយខ្លួនឯង, មួយចំនួនទៀតថា សុំទានបានមកហើយយកទៅលែងល្បែង ផឹកស្រា ជាដើម។ បើសិនជាយើងតាំងចិត្ដនឹងអោយគេទៅហើយ, មិនគួរឡើយនឹងស្ដាយ ទ្រព្យសម្បត្ដិឬលុយកាក់បន្ដិបន្ដួច, ហើយវាមិនស្នើរនឹងលុយកាត់ដែលខ្លួនរកបានមក​យកទៅប្រើក្នុងផ្លូវមិនល្អ ដូចជា ទិញបារី, ផឹកស្រា, លែងល្បែង, ស្រីញី ជាដើម។ សូមប្ដូរគំនិតចាស់ចុះ និងងាក់មើលនូវស្នាមញញឹម,សេចក្ដីត្រូវការរបស់អ្នកខ្វះខាតផង។​

ការណែនាំប្អូនប្រុស បានទទួលនូវលទ្ធិផលជាវិជ្ជមាន ដោយប្អូនប្រុសប្រាប់ថា ចាប់ពីថ្ងៃនោះមក ភាពក្រអឹតក្រទូម, ភាពរឹងត្អឹង, ការប្រកាន់ខ្លួន, ភាពគ្រាន់បើ បានធ្លាក់ចុះ ព្រមទាំងចេះឱនលំទោន, ផ្ដល់ស្នាមញញឹមដល់អ្នកសុំទាន, គេប្រាប់ថា បានដកយកនូវលុយកាក់ជួនអ្នកសុំទានព្រមទាំងលើកដៃសំពះតប តែប្លែក ព្រោះមាន មនុស្សជាច្រើនឈរមើលគេ។តើជាការប្លែកឬនៅពេលដែលយើងលើកដៃសំពះតបអ្នកសុំទាន?។

វាមិនជាប្លែកទេ ការពិតយើងមានការលើកដៃសំពះ ដូចជាជួយរបស់របរ, នំចំណីសាច់ លុយកាក់, សំលៀកបំពាក់ដល់លោកឪពុកអ្នកម្ដាយ ចាស់ទុំ ឬព្រះសង្ឃ ជាដើម យើង សុទ្ធតែលើកដៃសំពះបុគ្គលទាំងនោះ ។តើយើងចាត់ទុកថាខុសគ្នាព្រោះតែសីលគុណ ឬជាញាតិរបស់ខ្លួនឬ?  ។វាជាផ្នត់គំនិតចាស់ៗ ដែលយើងទទួលបានមកពីគ្រប់មជ្ឈដ្ឋាន ទាំងខាងក្នុងនិងខាងក្រៅ។ ដូច្នេះ សូមយើងទាំងអស់គ្នាប្ដូរយកគំនិតថ្មី ងាកមកសាង មិត្ដភាពដ៏ល្អចំពោះមនុស្សជនដែលនៅជុំវិញដោយមិនប្រកាន់វណ្ណៈ និងពណ៌សម្បុរ ជាដើម តែសូមចាត់ទុកថាដូចជាញាតិដែលរួមសុខ រួមទុក្ខក្នុងពិភពលោកនេះចុះ។

ហេតុការណ៍មួយទៀតដែលគួរនឹងលើកយកមកនិទានក្នុងពេលនេះ គឺក្រោយពីខ្ញុំ បានបង្រៀនដល់យុវសិស្សនិងសាមណេរចំនួន ៣៦០ រូប ក្នុងកម្មវិធី «អប់រំសីលធម៌ និងចរិយាធម៌តាមមាគ៌ាព្រះពុទ្ធសាសនា» រវាងថ្ងៃទី១៥ – ២៥ ខែឧសភា ២៥៥៧  ក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប ជាពិសេសក្នុងថ្ងៃទី២២ខែឧសភា ២៥៥៧   បានបង្រៀន«​សាង​មិត្ដភាព​ថ្មីនិងស្នាមញញឹមដោយការចែករំលែក»។ ក្រោយ​ពី​រំសាយពីការបង្រៀន ប្រហែលជាមួយម៉ោងកន្លងផុតទៅ ស្រាប់តែមានជនអ្នក​សុំ​ទាន​ពិការម្នាក់ចូលសុំទាន សិស្សជាយុវតីឬសីលវន្ដីបានបែងចែករំលែកនូវលុយកាក់ (បច្ច័យ)របស់ខ្លួនព្រមទាំងផ្ដល់នូវស្នាមញញឹមដល់ជនអ្នកសុំទានយ៉ាងកក់ក្ដៅ។ នេះ ជាសមិទ្ធផលកើតចេញពីការបន្ដុះគ្រាប់ពូជនៃសេចក្ដីមេត្ដារបស់យើងចំពោះយុវជនខ្មែរ ហើយតទៅ ប្រទេសខ្មែរនឹងមានគ្រាប់ពូជនៃសេចក្ដីមេត្ដាចិត្ដរីកដុះសាយភាយគ្រប់​ទីកន្លែង។

ដូច្នេះ គ្រាន់តែការបែងចែករំលែកនូវរបស់បន្ដិចបន្ដួច ឬស្នាមញញឹមនៃមិត្ដភាព អាចកាត់បន្ថយភាពក្រីក្រ ឬជួយទុរគតជនអោយមាននូវសេចក្ដីសង្ឃឹម និងសាងនូវ​កល្យាណ​​មិត្ដកាន់តែច្រើនទៀត។​

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 2, 2013, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: