សុភាសិតទី៨០


ពាក្យលេងជួនពោលប្រាជ្ញា ពាក្យព្រាងមុសា ការគេដេញ

អួតខ្លួនតោងឃ្លាតពីខ្លៅចេញ ស្រឡាញ់ត្រូវថ្នមលោមមើលចិត្ត

អត្ថាធិប្បាយ

            នៅពេលខ្លះ កាលណាគេចង់ដឹងពីប្រាជ្ញានៃជនណាម្នាក់ គេច្រើននិយាយជន្ល លេងជននោះជារបៀបបង្អាប់បន្តុះឬលើកដំកើងខ្ពស់ហួសពីការពិត ឧទាហរណ៏ ដូចជា គេនិយាយទៅកាន់បុរសម្នាក់ឈ្មោះ  ម៉ុកដែលឥតទោសសោះ ថា :

–       យប់ម៉ិញនេះ គេឃើញម៉ុកឯងបណ្តើរកៀកើយស្រីម្នាក់នៅមាត់ស្ទឹង។ ម៉ុកមិនគួរ ក្បត់ប្រពន្ធខ្លួនសោះ!

            បើម៉ុកជាមនុស្សឆ្លាត គេមុខជារកទំនុកឆ្លើយដោះសារដ៏សមរម្យមិនខាន។ តែបើ គាត់ជាមនុស្សឥតប្រាជ្ញា គាត់មុខជាច្រឡោតខឹង ទទឹងទទែង ចំពោះពាក្យចោទប្រកាន់ នេះមិនលែង ។

 ” ពាក្យព្រាងមុសា ការគេដេញ”

             ការនិយាយរឿងមិនពិត រឿងដែលគ្មានមូនដ្ឋាន រឿងដែលនិយាយដោយស្មានគេ ហៅថា ” ពាក្យព្រាងឬ ពាក្យមុសា ” ជនណាម្នាក់ដែលចូលចិត្តនិយាយរឿងបែបនេះ ប្រាប់គេឯង ជននោះមុខជាត្រូវគេដេញដោលសួររកឫសគល់មិនខាន។បើសួរទៅ ហើយឆ្លើយលែងរួចជននោះ ខជា ” អស់តម្លៃ ” ហើយត្រូវគេកត់សំគាល់ថាជាមនុស្ស និយាយពាក្យមិនពិត គ្មានអ្នកណាជឿទៀតទេ ! ។

 ” អួតខ្លួនតោងឃ្លាតពីខ្លៅ​ចេញ “

             ” អួត ” គឺនិយាយលើកដំកើងខ្លួនឲ្យខ្ពស់ជាងអ្នកឯទៀតដើម្បីឲ្យគេកោតស្ងប់ស្ញែង តែតាមពិតខ្លួនមិនមានគុណសម្បត្តិ ដូចពាក្យនិយាយនោះទេ ។

            ក្នុងរឿងនេះ ចាស់ទុំ ប្រដៅថា ” បើចង់អួតក៏អួតទៅចុះឲ្យតែប្រាកដដូចដែលខ្លួន និយាយនោះ គឺថា ធ្វើខ្លួនយ៉ាងណាឲ្យឃ្លាតពី “ខ្លៅ” ដែលមានន័យថា កុំភ្លើ កុំល្ងង់” ។

            អួតជាអំពើមួយនាំមកនូវការស្អប់ខ្ពើម ជិនឆ្អន់ពីអ្នកដទៃ មិនបានទទួលលទ្ធផលអ្វី  សោះឡើយ។ មនុស្សអួត ភាគច្រើនជាមនុស្សមានការភ័យបារម្ភក្រែងគេដឹងពីភាពល្ងង់ ខ្លៅរបស់ខ្លួន ម៉្លោះហើយក៏ប្រើអំនួត ដើម្បីគ្របដណ្តប់រឿង អាថ៌កំបាំងដែលខ្លួនមាន នោះឲ្យជិត ។     

«ស្រឡាញ់ត្រូវថ្នមលោមមើលចិត្ត»

               ” ការស្រឡាញ់ ” ដែលអាចឋិតឋេរយឺនយូរទៅបានលុះត្រាស្គាល់ចិត្តគ្នាទៅ វិញទៅមកឲ្យច្បាស់ រួចហើយត្រូវចេះសម្រួលចិត្តថ្លើមរបស់ខ្លួនឲ្យស្របទៅតាមចិត្ត ថ្លើមរបស់មនុស្សដែលខ្លួនស្រឡាញ់នោះ ។

            ក្នុងទីនេះ លោកពោលសំដៅទៅលើរឿង ” ស្រឡាញ់ស្រីណាម្នាក់ ” ដែលខ្លួនចង់ យកមកធ្វើជាគូជីវិត ។ បើពិតដូច្នេះមែន ដើម្បីឲ្យគោលបំណងអាចនឹងសម្រេចត្រូវតែ ចេះថ្នមលោមមើលចិត្ត ។

            ចិត្តមនុស្សប្រាកដជាមិនដូចគ្នាទេ។ យើងមានចំណង់ខុសគ្នា មានជំនឿខុសគ្នា មានយោបល់ខុសគ្នា ហើយមានចិត្តវេគក៏ខុសគ្នាដែរ ខ្លះចូលចិត្តប្រៃ ខ្លះចូលចិត្តសាប ។

            បើស្រឡាញ់អ្នកណាម្នាក់ហើយបង្ខំអ្នកនោះឲ្យធ្វើអ្វីៗទាំងអស់ទៅតាមចំណង់ ចំណូលរបស់ខ្លួន ដំណើរនេះ មិនផ្តល់ជោគជ័យអ្វីឡើយ ។ តើគួរធ្វើយ៉ាងណា? ” ។គួរ ធ្វើតាមតម្រាយខាងលើគឺ ” ថ្នម លោម  មើលចិត្តឲ្យយល់ ” ។ រួចហើយផ្គាប់ចិត្តគេទៅ តាមចំណង់ចំណូលរបស់គេ ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 6, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: