Daily Archives: ខែកក្កដា 1, 2011

សុភាសិត ទី ៥៦

​​​​​​​​​​​​​                                               ដល់កំពង់លង់ទូក
អត្ថាធិប្បាយ
                 “កំពង់” គឺជាកន្លែងដែលទូកឬនាវាគ្រប់យ៉ាងចូលចត ដើម្បីឲ្យមនុស្សឡើងគោក ឬរើអីវ៉ាន់ចេញ ។
                 ” លង់ ” មានន័យថា  ” លិច ” ។
                 ជារឿងធម្មតា របស់មនុស្សដែលធ្វើដំណើរអស់រយៈវេលាដ៏យូរតែងទន្ទឹមទៅ ដល់ទីដៅឲ្យ បានឆាប់ដើម្បីចាប់ធ្វើកិច្ចការដែលគេត្រូវធ្វើ ។ ដំណើរតាមយន្តហោះ ក៏ ដូចជាដំណើរតាមរថយន្តឬនាវាដែរគឺមានការធុញទ្រាន់ តប់ប្រមល់ ចុករោយដៃជើង ។ល។ គេតែងទន្ទឹងជានិច្ច ។ កាលណាទៅដល់ទីដៅ (កំពង់) ច្រើន មានចលាចល ដូច ជា ក្រោកដើរ ប្រជ្រៀងគ្នា ស្ទុះស្ទាដើម្បីចេញឲ្យបានមុនអ្នកឯទៀត ។ ដំណើរនេះ បណ្តាលឲ្យទូកឃ្លោងហើយលិចលង់នៅពេលនោះ ។ ពាក្យនេះ គឺជាពាក្យឧបមាទៅ លើកិច្ចការជាច្រើន ផ្សេងទៀតដែលជួបនឹងក្តីអន្តរាយនៅគ្រាចុងក្រោយ ពីព្រោះខ្វះក្តី អំណត់ ។ ស្ទើរតែគ្រប់កិច្ចការ ចម្លាក់ សំណង់ មិត្រភាព និពន្ធ ។ល។ គឺជាកិច្ចការដែល ត្រូវមានអំណត់ ។ ប៉ុន្តែចិត្តមនុស្សយើងច្រើនតែ ” ចង់ចប់ ” ឲ្យបានឆាប់ ដើម្បីយកទៅ ប្រើការឲ្យទាន់ចិត្ត ។ ម៉្លោះហើយ គេច្រើនជួបនឹងក្តីអន្តរាយនៅពេល ដែលកិច្ចការនោះៗ ជិតមកដល់ទីបញ្ចប់ ។ ហេតុនេះ យើងគួរកុំភ្លេច ” ដល់កំពង់ លង់ទូក ” ។

សុភាសិត ទី ៥៥

ចិត្តមិនដាច់ធ្វើស្តេចមិនបាន

អត្ថាធិប្បាយ

 

            ដូចម្តេចដែលហៅថាចិត្តដាច់? ដូចម្តេចដែលហៅថាចិត្តមិនដាច់? នេះជាគន្លឹះ ពាក្យ ដែលយើងត្រូវយល់ជាមុន ។

             ” ចិត្តដាច់ ” មានន័យថា  ” បើសំរេចថាធ្វើអ្វីគេឥតរាថយទេ គេមុខជាធ្វើដូចគេថា ”  ។ ន័យមួយទៀតគឺបើគេសំរេចថាត្រូវយកជនណាម្នាក់ទៅធ្វើទោសតាមកំហុស គេឥតរា ថយទេគេនឹងធ្វើទោសដោយឥតត្រាប្រណី ទោះបីជននោះជាប់ជាសាច់សារ លោហិត ជិតប៉ុនណាក៏ដោយ។ចិត្តដាច់គឺចិត្តមិនមាន អាល័យ មិនអាសូរ មិនត្រាប្រណី យកច្បាប់ ជាធំ ។

            ចិត្តដែលផ្ទុយពីនេះ គេហៅថា ” ចិត្តមិនដាច់ ” ។ យ៉ាងណាមិញ ឧទាហរណ៏ ជន ណាម្នាក់ (ជាស្តេច  ជាប្រធានាធិបតី ជាមន្ត្រីមានអំណាច ។ល។ មិនអាចធ្វើទោសកូន ឬប្រពន្ធរបស់ខ្លួន ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដោយសារអាណិត ឬ ស្រឡាញ់ ឬ មួយ ដោយសារអ្នកនោះ ត្រូវជាសាច់ញាតិរបស់ខ្លួន  មនុស្សនេះ ឋិតនៅក្នុងប្រភេទ  ” ចិត្ត មិនដាច់ ” ដែលមិនអាចធ្វើ  ” ស្តេច ”  បានឡើយ ។ បើនៅចចេស អយុត្តិធម៌នឹង រីក សាយពេញនគរ ហើយលទ្ធផលចុងក្រោយ គឺ អសន្តិសុខ និង សង្គ្រាម ។

សុភាសិត ទី ៥៤

ភូតនូវហោរ ចោរនូវជាង

អត្ថាធិប្បាយ

 

            គឺជាពាក្យមួយ ដែលអ្នកផងតែងនិយាយប្រាប់គ្នាទៅវិញទៅមកនៅពេលណា ដែលគេ ឃើញជនណាម្នាក់មានទុក្ខហើយទៅរកគ្រូទាយមើល តើថ្ងៃណាទៅទើប ទុក្ខព្រួយនោះវារលាយទៅបាត់ទៅវិញ ។

            ទុក្ខព្រួយដែលកើតមានដល់មនុស្សយើងមានច្រើនបែបខុសៗគ្នា ប៉ុន្តែទុក្ខព្រួយ ដែលគេច្រើន  ” ពឹងហោរ ” ឲ្យជួយគន់ត គួរមើលឲ្យនោះ ភាគច្រើនទាក់ទង ទៅនឹង ៖

–       ប្តីឬប្រពន្ធបែកចិត្តទៅមានសាហាយថ្មីទៀត

–       រកស៊ីចេះតែខាត

–       មើលគូព្រេង តើនៅទិសខាងណា?

–       មានជម្ងឺ មិនចេះស្រាកសោះ តើខុសគ្រូខាងណា?

–       តើថ្ងៃណា ឆ្នាំណា ទើបរកស៊ីធូរ ។ល។

               ពាក្យហោរ កាលណានិយាយពីរឿងរ៉ាវដែលកើតមានក្នុងអតីតកាលច្រើន  ” ត្រូវ ” ទៅតាមដំណើរដែលកើតមានមក ។ ហេតុអ្វី? ពីព្រោះរឿងរ៉ាវរបស់មនុស្ស មិនសូវមាន ការប្លែកគ្នាប៉ុន្មានទេ ។ បើគេរៀនអំពីមនុស្សទាំង៤ប្រភេទឲ្យចេះច្បាស់  គេអាចទាយ មនុស្សណាម្នាក់មិនឲ្យខុសហើយធ្វើឲ្យអ្នកស្តាប់ កោតស្ងើច ជឿអស់មួយជីវិត ។

             សម្តី កាយវិការ សណ្តាប់ធ្នាប់  សំលៀកបំពាក់ លំនៅ  ដំណើរដើរ បែបបទនៃ ឥរិយាបថទាំង ៤ ទាំងអស់នេះ អាចប្រាប់ឲ្យដឹងថា តើមនុស្សនោះ ជាមនុស្សធុនណា? សប្បុរស? ឃោរឃៅ? ជួរជាតិ? មានពូជ? ឥតពូជ? ជាអាចារ្យ? ជាចោរ?

            មនុស្សដែលនៅក្នុងជំពូក  ” រាគចរិត ” ច្រើនមានលក្ខណៈ ដូចតទៅនេះ

–       កិច្ចការស្អាត មានរបៀប ត្រឹមត្រង់

–       ហ្មត់ចត់ មិនខ្ជីខ្ជា

–       មានកាមតណ្ហាច្រើន

–       ធ្វើអ្វីៗ ច្រើនថ្នម មិនក្តុងក្តាំង  មិនស្ទុះស្ទា

មនុស្សដែលមានភាពជាទោសចរិត ច្រើនមានដំណើរ ដូចតទៅនេះ ៖

–       ធ្វើអ្វីៗ ច្រើនរម៉ុងរម៉ាំង ក្តុងក្តាំង មិនចេះស្ងាត់

–       ឆាប់ខឹង មិនងាយត្រូវចិត្ត មិនងាយផ្គាប់

–       សំដីច្រើនថ្លោស មិនសូវចេះឈឺឆ្អាល យកអាសារអ្នកណាឡើយ

ឯមនុស្ស ដែលជាមោហចរិក ជាមនុស្សមានលក្ខណៈ ដូចខាងក្រោមនេះ ៖

–       មិនសូវមានរបៀបរៀបរយ ក្នុងកិច្ចការទូទៅ

–       ភ្លេចច្រើន

–       ធ្វើអ្វីៗ ច្រើនមិនដាច់ស្រេច ឡប់ឡែច្រើន

–       មិនសូវស្រើបស្រាលក្នុងកាមតណ្ហា ប៉ុន្មានទេ

–       ស្លៀកពាក់ ច្រើនមិនសូវសម

នេះជាសេចក្តីសង្ខេបស្តីពីចរិកធំៗ ទាំងបីរបស់មនុស្ស ។ គ្រូទាយច្រើនជាមនុស្សដែល យល់អំពីចរិកទាំងបីនេះ យ៉ាងស្ទាត់ជំនាញគឺថាគ្រាន់តែ ឃើញនិងឮសំដីអ្នកណាម្នាក់ គេអាចដឹងភ្លាមថាតើអ្នកនោះប្រកប ដោយចរិកណា រួច ហើយគេទាយទៅតាម នោះមិនសូវខុសឡើយ! ។

             ” ភូតនូវហោរ ” មានន័យថា ទំនាយដែលហោរបាននិយាយទាំងប៉ុន្មាននោះ ភាគ ច្រើនជាសំដីមិនពិត (ភូត) ជាសំដីស្មាន ជាសំដីផ្សែផ្សំទៅតាមលំនាំដែល គេបានដឹងខ្លះ មកហើយ ដើម្បីឲ្យអ្នកស្តាប់ ស្ងើចសរសើរថា  ” ឆុតណាស់ ” ។

             តាមការពិត មនុស្សម្នាក់ៗ រស់នៅក្នុងអវិជ្ជា គ្មានអ្នកណាអាចដឹងបានថា តើនឹង មានរឿងអាក្រក់ ល្អ កើតឡើងដល់យើងនៅថ្ងៃស្អែក អាទិត្យក្រោយខែក្រោយឆ្នាំ ក្រោយ។ល។ នោះបានទេ ។

 

សុភាសិត ទី៥៣

ស្ពានក៏បាក់ទឹកក៏ជ្រៅ

អត្ថាធិប្បាយ

            នៅពេលខ្លះជាពេលដែលមានភាពអាសន្នកើតឡើង យើងតែងស្វែងរកទីពឹង គឺថាខំប្រឹងរកមធ្យោបាយមកដោះស្រាយបញ្ហានោះ ។ តែជាអកុសល ងាកទៅខាង ណាក៏តោងមិនជាប់ បណ្តាលឲ្យខាតបាង់មិនបានសំរេចដូចបំណង ។ឮពាក្យខាង លើនេះ ដកស្រង់ចេញពីចម្រៀងរាំវង់ខ្មែរមួយបទ ជាចម្រៀងចាស់ ឈ្មោះបទ  ” ទទា យំឆ្លង ” មានលំនាំ ដូចតទៅ ៖

បទបូរាណខ្មែរ  ” ទទាយំឆ្លង ”

 ” ទទាយំឆ្លង ត្រយងបងអើយយំឆ្លើយ

សង្សារអូនអើយ ភ្លេចអូនហើយឬនៅ?

ទឹកហូរកាត់ខ្សាច់ ចិត្តអូនមិនដាច់អំពីប្រុសពៅ

ស្ពានក៏បាក់ទឹកក៏ជ្រៅ ធ្វើម៉េចបានទៅជួបគូសង្សារ  “

សុភាសិត ទី ៥២

ជង់មិនដែលភ្លេចកុក

អត្ថាធិប្បាយ

            ពាក្យនេះពោលសំដៅទៅលើ ” ការសងសឹក ” ឬ គំនុំដែលមនុស្សម្នាក់ប៉ុនប៉ងនឹង ធ្វើទៅលើមនុស្សម្នាក់ទៀត ។

            ” ជង់ ” គឺជាអន្ទាក់វាត់មួយបែប ដែលគេដាក់នៅទីណាមួយ សម្រាប់ទាក់កសត្វ ស្លាប ។ ” កុក ” សំដៅទៅលើមនុស្សដែលគេប៉ុនប៉ង ។

            មនុស្សណាម្នាក់ ដែលមានទឹកចិត្តឃោរឃៅ ដើរធ្វើអំពើផ្តេសផ្តាស លួចប្លន់កាប់ សម្លាប់ ប្រព្រឹត្តខុសក្នុងកាមជាមួយកូនឬប្រពន្ធគេ ។ល។ មនុស្សនោះ នឹងត្រូវគេស្អប់ ខ្ពើម ហើយនឹងត្រូវគេប៉ុនប៉ង សងសឹកមកលើ ។ ការប៉ុនប៉ងនេះជារឿងមួយដែលគេឥត ភ្លេចទេ ប្រសិនបើការប៉ុនប៉ងនោះ មិនទាន់ បានទទួលជោគជ័យ ។

            ចំណែកមនុស្សពាល ដែលសាងបាបកម្មនោះ ច្រើនភ្លេចខ្លួន ហើយឥតដឹងខ្លួនថា មានគេប៉ុនប៉ង បែបណាម៉្យាងនោះទេ ។ នេះគឺជារឿងធម្មតារវាងមនុស្ស ២ នាក់ ឬ ២ ក្រុម ដែលមានរឿងនឹងគ្នា ។ ថ្ងៃណាមួយ ការប៉ុនប៉ង ច្បាស់ជាបានសំរេចទៅតាម បំណងគ្រាន់តែឆាប់ឬយូរ ។

            ហេតុដូច្នេះ យើងម្នាក់ៗ មិនគួរសាងអំពើអាក្រក់ទេ ទោះបីតូចប៉ុនណាក៏ ដោយ ។

            នៅក្នុងរឿងព្រេង ដែលទាក់ទងនឹងតម្រាជីវិត គេបានលើកយករឿងជំលោះ រវាង ដំរីនិងចាបមកធ្វើជាឧទាហរណ៏ ។

            ដំរីមិនព្រមស្តាប់ការអង្វររបស់ចាបសោះ ហើយដើរជាន់កូនចាប់ស្លាប់ទៅ។ ចាប កើតគំនុំ ប៉ុនប៉ងសម្លាប់ដំរីចោល ដោយទៅចងមិត្រជាមួយសត្វឯទៀត ឲ្យមកចូលរួមធ្វើ សហការ។ ទីបំផុត ដំរីក៏ស្លាប់ដោយសារឧបាយកលរបស់ចាបដោយដើរទៅផុងជាប់ក្នុង ភក់ជ្រៅ រើខ្លួនមិនរួច ។

            បុរាណាចារ្យ បានប្រដៅថាយើងមិនត្រូវមើលងាយអ្នកឯទៀត ដែលមានសមត្ថ ភាពតូចជាង ក្រខ្សត់ឥតវិជ្ជា ។ល។ នោះទេ ។ យើងមិនត្រូវអាងវិជ្ជា អាងទ្រព្យ អាងលើ បុណ្យស័ក្តិធំ ហើយគិតថា  ” គ្មានអ្នកណា ហ៊ានប៉ះអញបាន ” យ៉ាងនេះទេ​ ។ មនុស្ស ណាម្នាក់ ទោះមានមហិទ្ធិឬទ្ធិខ្លាំងប៉ុនណាក៏ដោយ  បើត្រូវគេប៉ុនប៉ងបំបាត់អង្គហើយ ពិបាកនឹងគេចឲ្យរួចខ្លួនណាស់ ។ គួរចាំថា សូម្បីសត្វស្រមោច ក៏មានអាវុធសំរាប់ការ ពារខ្លួន និងប្រហារតបនៅពេលមានអាសន្នដែរ! ។

សុភាសិត ទី ៥១

ដូចទឹកលើស្លឹកឈូក

អត្ថាធិប្បាយ

            ពាក្យនេះ ច្រើននិយាយសំដៅទៅលើបញ្ហា ដែលនៅក្នុងស្ថានភាព ” អាសន្ន ” ដូច ជាក្នុងរឿងជម្ងឺ , ឬរឿងដែលអាចឲ្យទទួលជ័យជំនះ ឬបរាជ័យក្នុងរយៈវេលាតែមួយភ្លែត ឬមួយរំពេច ។

            គេអាចយករឿងណាមួយ ដែលឋិតនៅក្នុងសភាពមិនរឹង មិនរឹងប៉ឹងអាចប្រែ ក្រឡាស់ សជាខ្មៅ ឈ្នះជាចាញ់ ខុសជាត្រូវ ក្នុងរយៈពេលតែមួយភ្លែតទៅប្រៀបប្រដូច ជាមួយដំណក់ទឹកលើស្លឹកឈូក ។

            តាមធម្មជាតិ ទឹកមិនអាចជ្រាបទៅក្នុងស្លឹកឈូកបានទេ ។ បើគេសម្រក់ទឹកមួយ តំណក់ទៅលើស្លឹកឈូក ទឹកនោះនឹងក្លាយជាគ្រាប់ឃ្លីតូចមួយ មូលត្លុំរមៀលចុះរមៀល ឡើង កាលណាស្លឹកឈូករេតាមខ្យល់បក់ ។ ការរមៀលនោះប្រកបដោយ ភាពរអិល ងាយស្រួលរហ័ស គ្មានអ្វីដែលនាំឲ្យស្អិតសោះឡើយ ។ បើត្រូវខ្យល់បក់ខ្លាំងតែបន្តិច ដំណក់ទឹកនោះនឹងរមៀលទៅបាត់យ៉ាងលឿនបំផុត ។