សុភាសិតទី២៦
សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា
អត្ថាធិប្បាយ
នេះជាពាក្យប្រៀនប្រដៅកូនចៅក្នុងរឿង”ធ្វើបុណ្យឬធ្វើទាន”ដក់ស្រង់ចេញពីសាស្ត្រាច្បាប់កេរ កាល ។
បើយើងតាំងខ្លួនជាមនុស្សសប្បុរស : អាណិតអាសូរអ្នកដទៃជួយទំនុកបំរុងអ្នក ខ្សត់ខ្សោយ ។ល។ នោះត្រូវឲ្យមានកំរិត មានព្រំសីមា កុំចេះតែប៉ាតណាប៉ាតណី ។ គួរពិនិត្យមើលជាមុន ហើយ ពិចារណាថា តើគួរឲ្យគួរជួយឬមិនគួរ ។ ហេតុអ្វី? ព្រោះ អំណោយ ដែលយើងឲ្យចំពោះមនុស្សដែលមិន គួរឲ្យ វាអាចផ្តល់ លទ្ធផលមិនល្អដល់ អ្នកឲ្យនិងអ្នកទទួល ។ យ៉ាងណាមិញ បើយើងឲ្យស្រាទៅ មនុស្ស ប្រមឹក វានឹងជួយឲ្យមនុស្សនោះ កាន់តែប្រមឹកខ្លាំងតទៅទៀត នាំផលអាក្រក់ដល់កូន ប្រពន្ធរបស់ គាត់ នោះ ។ បើយើងឲ្យប្រាក់ទៅមនុស្សម្នាក់ដែលត្រូវការប្រាក់នោះយកទៅលេងល្បែងវា អាចនឹងជួយ មនុស្សនោះ ឲ្យកាន់តែហិនហោចខ្លាំងថែមទៀត ព្រោះល្បែងគឺជាអំពើ អបាយមុខ ។
” ស៊ុកគ្រលុក ” មានន័យថាឥតសណ្តាប់ធ្នាប់ ខ្ជីខ្ជា កញ្ជះកញ្ជាយ ច្របូកច្របល់។
ជនណាម្នាក់ ដែលជាមនុស្សប្រកបដោយទឹកចិត្តសប្បុរសគ្មានព្រំប្រទល់គឺថា គ្មានរបៀបរៀបរយ ខ្ជីខ្ជាគ្មានយល់មុខ ហើយត្របូកច្របល់ ប៉ាតណាប៉ាតណីដែលគេ ឲ្យឈ្មោះ ស៊ុកក្រលុកនោះ ជននោះ លោកចាត់ទុកថា “ពុំជា” បានសេចក្តីថា ” មុខជា ឈឺហើយ ! ” ។
ហេតុនេះ គួរយល់ថា កិច្ចការអ្វីក៏ដោយ តែងមានព្រំសីមា ដែលជាកម្រិតសម្រាប់ គ្រប់កិច្ចការ ។ ការស្គាល់នូវព្រំសីមា មិនខុសពីការបង់អំបិលទៅក្នុងសម្លនោះទេ ។ រឿងលំបាក ត្រង់ចំណុចថា តើត្រូវបង់ប៉ុន្មាន ដើម្បីឲ្យសម្លនោះឆ្ងាញ់ ។
Posted on ខែមិថុនា 13, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0