សុភាសិតទី ២០


“ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា យល់សេះថាជាលា  យល់គជា ថាកណ្តុរ”

អត្ថាធិប្បាយ

–       ស្បង់ : សំពត់ដែលព្រះសង្ឃស្លៀក ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់

–       នេត្រា : ភ្នែក

–       លា : សត្វលា ស្រដៀងសេះ តែតូចជាង

–       គជា (អានថា គុច-ជា) : ដំរី

           សម្លោកនេះ និយាយពីចរិតរបស់មុស្ស នាសតវត្សទី ១៩ និងទី ២០ ហើយនិង សតវត្ស​បន្ត​បន្ទាប់​ទៅ​មុខ ។

           តាមទម្លាប់ ឬ ប្រពៃណី ដែលមានមកពីបូរាណ  ជាប្រពៃណីត្រឹមត្រូវនោះបើអ្នក ណាម្នាក់ស្លៀក​ស្បង់​ (ទៅបួស) គេត្រូវតែកោរសក់ចេញ ទើបពេញលក្ខណ៍ជាអ្នកបួស ។

           “កោរសក់” ក្នុងទីនេះ មិនត្រឹមតែមានន័យថា “កោរសក់ក្បាល” ចេញនោះទេគឺមាន ន័យ​វែង​ឆ្ងាយ​ជាង​នេះទៅទៀត៖

–       លះបង់នូវតណ្ហាទាំង ៤ គឺ  រាគៈ លោភៈ ទោសៈ និងមោហៈ

–       លាចាកជីវិតលោកិយ ទៅកាន់ឧត្តមភេទ ជាអ្នកដឹកនាំគ្រហស្ថឲ្យកាន់សីល ដើម្បី​ទទួល​នូវ​ភាព​សុខ​សាន្ត ក្នុងសង្គម ។

        នេះជារឿងដើម នៃអ្នកបួស ដែលត្រឹមត្រូវ តាមវិន័យនៃព្រះពុទ្ធសាសនា។ លុះមក​ដល់​សម័យ​បច្ចុប្បន្ន​​នេះ មនុស្សភាគច្រើនដែលទៅស្លៀកស្បង់នោះ ធ្វើផ្ទុយ ពីវិន័យ ឬ ច្បាប់ដើមរបស់ព្រះពុទ្ធ។ គេ​ស្លៀកស្បង់ ដើម្បីបំភ័ន្តភ្នែក ទាក់ទាញយក លាភសក្ការៈ ពីពុទ្ធសាសនិកដែលល្ងង់ខ្លៅ មិនយល់ថា តើ “បួសនោះ ​ប្រាកដជា បួសមែនទេនឬមួយ ក៏បួសតែសំបកក្រៅ មិនព្រមកោរសក់ឲ្យស្អាតផងសោះ?” ។

–       ឆ្លុះកញ្ចក់ ធ្មេចនេត្រា: មានន័យដូចគ្នានឹងពាក្យខាងលើ គឺថា ជាពាក្យឧបមា។យើង ឆ្លុះ​កញ្ចក់ មើលមុខខ្លួនយើង ក្រែងមានប្រឡាក់អ្វីមួយមិនស្អាត។ តែបើពេលឆ្លុះនោះបែរ ជា​បិទ​ភ្នែកទៅ​វិញ តើអាចមើលឃើញ មុខបែបណាឬទេ?

          អត្ថន័យពេញលេញ នៃពាក្យនេះ គេចង់និយាយថា សម័យនេះ មានមនុស្សមួយ ចំនួនធំ មិន​ព្រម​យល់​​ថា តើខ្លួនជាជនថ្នាក់ណា? ជាមនុស្សដែលអ្នកផង ស្រឡាញ់រាប់ អាន? ជាមនុស្សកំរោល ឃោរឃៅ? ជាអ្នកចេះ?​ ជាអ្នកល្ងង់?។ល។គេតាំងខ្លួនជាអ្នកចេះ ជាអ្នកដឹកនាំ ហើយទីបំផុត​បាន​ទទួល​នូវ​មហន្តរាយ​ដល់ប្រទេស និងប្រជារាស្ត្រវេទនា ខ្លោចផ្សាព្រោះតែ “ល្ងង់” ហើយមិនព្រម ទទួលថា ល្ងង់ មិន​ព្រមបើក​ភ្នែក មើលមុខខ្លួន នៅក្នុងកញ្ចក់ ។

–       “យល់សេះ ថាជាលា”: ជាសម្តីបញ្ជាក់នូវទិដ្ឋិរបស់មនុស្សបច្ចុប្បន្ន ដែល​មាន​ភាព​ច្របូក​ច្របល់ វិលវល់ក្នុងចិត្តលែងស្គាល់ខុស ត្រូវ ល្អ អាក្រក់ ស ខ្មៅ អស់រលីងហើយ លែង​ស្គាល់​ម៉ែ ឪ លែង​ស្គាល់គ្រូ បា អាចារ្យ ឆ្អិនក្បាល ស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ។ល។

–       ” យល់គជា ថាកណ្តុ ” មានន័យដូចពាក្យខាងលើ, គឺថាមនុស្សឥលូវ មានការ​យល់​ច្រឡំ​ធំណាស់ មើលឃើញដំរី ហើយយល់ថា មិនមែនដំរីទេ, គឺជាសត្វកណ្តុរទៅវិញ។ យ៉ាងណា​មិញ ដូច​ជា​គ្រា​បច្ចុប្បន្ននេះ មនុស្សដែលគ្មានវិជ្ជា ឬ មានបន្តិចបន្តួចច្រើនជា មនុស្សអួតអាង លោត​ហក់ វាយឫក ធ្វើហាក់ខ្លួនទើបនឹងប្រឡងចេញពីសាលាជាន់ ខ្ពស់ណាមួយ តែតាមពិត គឺជា​មនុស្ស “ប៉ោត” សុទ្ធសាធ។ មនុស្សធុននេះ អាចទាក់ ទាញអ្នកឯទៀត ឲ្យយល់ច្រឡំថាជា “អ្នក​ចេះ” រួចត្រូវគេលើក តម្កើង ដោយជឿទៅលើ ភាពក្អេងក្អាងនោះ។

          ចំណែកអ្នកចេះដឹងពិតប្រាកដ ច្រើនជាមនុស្សសុភាពរាបសា មិនចេះអួតអាង មិន ចេះ​ព្រោក​ប្រាជ្ញ​បែក​ពពុះមាត់ គ្មានខ្លឹមសារអ្វីសោះនោះទេ។ អាកប្បកិរិយានេះ នាំ មនុស្សភាគច្រើន យល់ច្រឡំ ថា​ជា​មនុស្ស “គ្មាន​ដឹងអ្វីសោះ” រួចហើយ គេទុកមនុស្ស នេះដែលជាមនុស្ស “គជា” ពិតៗ ថាជា​កណ្តុរ​ទៅ​វិញ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 12, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: