ពុទ្ធប្រវត្តិសង្ខេប


 

រាជវង្ស កំណើត

ព្រះបាទសុទ្ធោទន រាជវង្សគោត្តម ព្រះរាជាបក្សសម្ព័ន្ធសាក្យៈ សោយរាជសម្បត្តិ នៅនគរកបិល ពស្តុ ព្រះអគ្គមហេសីព្រះនាមសិរិមហាមយា ជាបុត្រីព្រះរាជាបក្ស សម្ព័ន្ធ កោឌយៈ នៅនគរទេវទហៈជាប់ព្រំ ដែននគរកបិលពស្តុព្រះនាងសិរិមហាមយាទ្រង់បាន សុបិន្និមិត្តឃើញដំរីសមួយមានភ្លុក៦ចុះពីស្ថាន តុសិតហើយ ចូលមកក្នុងព្រះឧទរ ព្រះ នាង ផ្នែកខាងស្តាំទំនាយថាព្រះនាងនឹងមានរាជបុត្រ មួយព្រះអង្គប្រកបដោយ បុណ្យ បារមី យ៉ាងលើសលុប ខ្ពស់អស់សព្វសត្វទាំងពួង ។

តាមរឿងនិទានខ្លាះថា ទេវបុត្តសន្តុសិតយាងចុះពីឋានតុសិតមកចាប់ កំណើតក្នុង ផ្ទៃព្រះ នាង។ ព្រះ នាងសិរិមហាមយាទ្រង់ធ្វើដំណើរយាងទៅកាន់នគរទេវទហៈ ដើម្បី រៀប ចំប្រសូតបុត្រព្រោះតាមទំនៀមទម្លាប់ នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅ ប្រសូត្រ បុត្រ នៅនគរ ឬផ្ទះខាងភរិយា។ ព្រះនាង ទ្រង់ធ្វើព្រះរាជ ដំណើរ មកដល់ ព្រំ ដែននៃនគរ ទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅ ក្រោមសាលព្រឹក្ស ព្រះពុទ្ធ ទ្រង់ប្រសូត្រ នៅថ្ងៃសុក្រ១៥កើតពេញបូរណមីខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម

          ក្រោយពីព្រះរាជឳរសប្រសូតបានប្រាំថ្ងៃពិធីរៀបចំថ្វាយព្រះនាមថាសិទ្ធត្ថប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើង ដោយព្រាហ្មណ៍ ៨នាក់  ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថាបើព្រះរាជកុមារស្ថិតនៅជាក្សត្រព្រះអង្គនឹង បានជាស្តេចចក្រពត្តិ បើព្រះអង្គ ចេញសាងផ្នួសនឹង បានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេ ឈ្មោះកោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយ ថា ព្រះរាជកុមារ ប្រាកដជាបានត្រាស ប្រសូត្របាន៧ថ្ងៃ ព្រះ មាតា ព្រះនាង​សិរិ​មហា​មយា ទ្រង់សោយទីវង្គត់ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆា ព្រះនាង មហាបជាបតី​គោតមី បីបាច់រក្សាតមក។

រាជាភិសេក

          ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេច សុប្បពុទ្ធព្រះនាមពិម្ពាយសោធរាដែលជានារីល្អ លើសអស់សព្វនារីទាំងពួង។ ដោយ ចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបិតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ ចែងគ្រប់យ៉ាងដើម្បីឃាត់ឃាំងអោយព្រះសិទ្ធត្ថ ទ្រង់គង់នៅជាស្តេច ព្រះអង្គទ្រង់ចាត់ អោយគេសង់ប្រាសាទបីតំរូវទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវ រំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល

ទេពនិមិត្ត៤យ៉ាង

        ដោយចង់អោយព្រះសិទ្ធត្ថ បានជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍​ទាយទុកនោះ  ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺឬស្លាប់ អោយ ព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភីលៀងនៅក្នុងដំណាក់របស់ព្រះអង្គ មានសុទ្ធ សឹងយុវវ័យទាំងអស់។ការគង់នៅក្នុងរាជវាំងព្រះសិទ្ធត្ថ ទ្រង់សោយសុខ ដោយកាម លោកីយគ្រប់ប្រការ។

នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗភីលៀងអាមាត្យ ទាំងឡាយដេក លក់ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គ ទ្រង់មានការខ្វល់ខ្វាយ អផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញ ទៅក្រសាល ក្នុងឧទ្យាននាព្រះបរមរាជវាំងដែលព្រះអង្គទ្រង់បានជួបទេពនិមិត្ត ៤ប្រការដូច នេះ  ៖

១-ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួន ជាមនុស្សចាស់អោយ ទ្រង់ទត​ឃើញ ព្រះអង្គ​ក៏ទ្រង់សួរទៅសេនាមាត្យថានេះជាអ្វី? ពួកសេនាមាត្យក៏ទូល​ព្រះ​អង្គថាព្រះករុណា លោកម្ចាស់នេះគឺជា«មនុស្សចាស់»។

២-ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនឧទ្យានបានបន្តទៅមុខទៀតទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួនដោយអាការៈ រោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនា មាត្យទៀតថា ចុះនេះជាមនុស្ស យ៉ាងម៉េច?​ ពួកសេនាមាត្យក្រាបទូលថាព្រះករុណា លោកម្ចាស់ មនុស្សនេះកំពុងមានជំងឺ

៣-ទេពនិមិត្តជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនឧទ្យានបានមកនិមិត្តជាមនុស្ស កំពុងដេកស្លាប់ហើមស្អុយរលួយ គួរជាទីខ្ពើមរអើមក្រៃពេក ដោយ ព្រះអង្គមិនដែលទ្រង់ បានទតឃើញ ក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថាមនុស្ស យើង​តែង មានការបែកធ្លាយ រូបកាយ ស្លាប់យ៉ាងនេះ ព្រះករុណាលោកម្ចាស់។

៤-ទេពនិមិត្តជាអ្នកបួស  ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះ​សិទ្ធត្ថ   ទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណា ទៅលើរូបកាយ ដោយព្រះអង្គ​ឯងថា បណ្តា   រូបកាយនៃសត្វលោកទាំងឡាយនេះនឹងមានសភាវចាស់ ឈឺ និងឈានដល់ការ បែកធ្លាយស្លាប់ទៅវិញយ៉ាងនេះឯងហ្ន៎ តើមានថ្នាំឯ​ណាមាន​ផ្លូវឯណាគេចអោយ រួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិត​សង្វេគ​ដូចនេះទេពនិមិត្ត និមិត្ត ជាសមណអ្នកបួសយ៉ាងស្រគត់​ស្រគម​គួរជាទីជ្រះថ្លានៃសត្វ​លោកទាំងឡាយព្រះ អង្គទត ឃើញទៀតព្រះអង្គទ្រង់មានសទ្ធាពេញហទ្ឬយ ត្រេកអជា​ក្រៃពេកចំពោះសមណភេទ នេះ។

ការសាងផ្នួស

          ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើម រូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំង ហើយព្រះអង្គសព្វព្រះហឫទ័យ ដោះស្រាយបញ្ហា ជិវិត ដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មា សម្ពោធិញាណធម៌។ កណ្តាល រាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹង ទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិត បានចុះ មកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពារ និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកុំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជិះសេះរាជរដ្ឋជូន ដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង ។

ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរ ព្រះកេសា ហើយអធិដ្ឋានថា បើអាត្មាអញ នេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយ នៃអាត្មាអញនេះឈប់ ដុះតទៅទៀតចុះ អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាចព្រះកេសាទាំងឡាយឡើងទៅលើ អាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវ លោកក្នុងគ្រានោះទៅ។

កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធី ថ្វាយព្រះ នាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថ ចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយ សមណ ៤អង្គទៀត ចេញ​ទៅ​បួសតាម បំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ

ការសិក្សា និងទុក្ករកិរិយា

កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថគោត្ដម ទ្រង់បានចូលទៅ ធ្វើ ការ សិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថាអាឡារតាបស១ និង ឧទក តាបស១ ដោយយល់ថា ក្នុងសំណាក់តាបសទាំងពីរ ព្រះអង្គពុំ អាចស្វែង​រក​សម្មាសម្ពោធិញាណ នៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេច ព្រះទ័យ​លាចាកតាបស ទាំងពីរហើយ ស្វែងរកសច្ចៈធម៌ ដោយព្រះអង្គឯង វិញ។

ព្រះអង្គទ្រង់ធ្វើទុក្ករៈកិរិយា ការប្រតិបត្តិធម៌យ៉ាងតឹងរឹងធ្វើអោយមានការ ពិបាក  ដល់រូបកាយ យ៉ាងក្រៃលែង ដូចជាមានការអត់អាហារ រហូតរូបរាងកាយស្គាំស្គម ជាខ្លាំង ការ ប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សាព្រះអង្គក៏ នៅតែស្វែងរកសច្ចៈ ធម៌ ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិនថ្វាយអោយព្រះអង្គទ្រង់ បាន សន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញ ចាប់ ផ្តើម រិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេក គ្រាន់តែ​កេះទឹង ខ្សែ ពិន ដាច់ប៉ិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិនរៀប​ចំដាក់​ខ្សែពិនជាថ្មី ហើយរៀបរំ អោយ ត្រូវមិនតឹងពេកមិនអោយ  ធូពេកលុះរៀបចំបាន​ត្រូវ​ហើយ ទើបចាប់​ដេញ បានជា ភ្លេងយ៉ាងពិរោះថ្វាយ ព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ​គោត្ដម ទ្រង់​ពិចារណាប្រៀបធៀប ការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោល ឃើញថា ការធ្វើប្រតិប័ត្តអោយតឹងរ៉ឹង ពេក ក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិប័ត្ត តឹងរ៉ឹង ពេកធ្វើអោយដាច់ ក៏ជាហេតុមិន​អាចអោយព្រះអង្គ​ដឹងបានឡើយ។

លុះទ្រង់ពិចារណា ហេតុផលដូចនេះហើយ ទើបព្រះអង្គទ្រង់លះបង់ ការធ្វើ ទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ ។

បញ្ចវគិយ៍ភិក្ខុ ឃើញដូចនោះ ក៏គិតគ្នាថា ឱ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តី ព្យាយាមហើយ តើព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នា ឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក ។

ការត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិ  តា ម​បែប មជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់រដ្នមគធ ក្នុងស្រុក ពោធិគយា​ទ្រង់​យាង​ទៅដល់ មាត់ស្ទឹងនេរញ្ជរា ដ៏មានទឹកថ្លាគួរជាទីស្នាក់ អាស្រ័យនៃសមណ​ទាំងឡាយ ទ្រង់គង់នៅក្រោមដើម ពោធិព្រឹក្សមួយ ខាងលិចស្ទឹង បែរព្រះភ័ក្តទៅ​ទិសបូព៌ ទ្រង់យក​ស្បូវ​ភ្លាំង ដែលសាត្ថីយកុមារ ប្រគេន នៅតាមផ្លូវ ទៅក្រាលធ្វើជា​កំរាល​គង់ពីលើ មានសេចក្តី​ដំណាល​ថា រតនបល័្លង្គមួយ កំពស់១៤ហត្ថ ផុសទ្រព្រះអង្គ​ពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ ភ្នែន​ពែនព្រះបាទលើរតនបល្ល័ង្គ ដោយសុខស្រួលហើយ តាំងអារម្មណ៍ អធិដ្ឋានដោយអង្គ​ថា៖ «ស្បែកសរសៃ សាច់និងឈាមរបស់អាត្មាអញ ចូររីងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់​ដឹងទេអាត្មាអញនឹងមិន​ក្រោក​ចាកពី​រតនបល្ល័ង្គ នេះឡើយ»។

ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ ចាកនីវរណធម៌ទាំង​ឡាយ ហើយទ្រង់បានសំរេច ឈានជាលំដាប់។ ទ្រង់សញ្ជឹង គិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញា​ខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុង​ជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រឡំ នៃ​សញ្ញា​ខន្ធរបស់គេ មនុស្ស​ម្នាក់ៗ មានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀង​ទាត់ អ្វីៗដែលមិនមែន​របស់​ខ្លួន អនត្តាថាជារបស់ខ្លួនព្រះអង្គទ្រង់​បានបញ្ចេញអោយ​ឃើញនូវការយល់ដឹង​របស់​ព្រះ​អង្គ ចំពោះភាវៈខាងគំនិតប្រាជ្ញា ជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាចខឹង​ស្អប់ក្រអឺត​ក្រអាង​​ច្រណែនប្រច័ណ្ឌលោភនិងល្ងង់ខ្លៅជាដើម។

សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណា ដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់​ឆ្វេង​យល់​​យ៉ាងច្បាស់ថាប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។

ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និង​វែក​រកបុព្វហេតុ នៃសេចក្ដីពិត នៃស្ទឹងទាំង៥គឺ៖ ១​)រូបខន្ធ ២)វេទនាខន្ធ ៣)សញ្ញាខន្ធ ៤)សង្ខារខន្ធ ៥) វិញ្ញាណខន្ធ          ឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិន​ស្ថិត​ស្ថេរ អនិច្ចំ និងភាពមិន​មែនជារបស់ខ្លួនអនត្តា គឺចាកលក្ខខ័ណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌អនិច្ចំនិងអនត្តាទេ ក៏គ្មានអ្វី​អាច​កើតឡើងចំរើនលូតលាស់បានឡើយ។

ការផ្ចាញ់មារ

ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្ល័ង្គ ក្រោមពោធិព្រឹក្ស ទ្រង់បាន ផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹង ចោល តែព្រះសមណគោតមពុំមានការចាប់អារម្មណ៏ឡើយធ្វើ អោយនាងទាំងបីវិនាស អន្តរធានទៅ។

បន្ទាប់ពីទទួលបរាជ័យ ក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតម មកក្រុងមារ​នៅ តែមានចិត្តឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារ បានលែងកងទ័ព បិសាច កាច​សាហាវ តូចធំ ទាំងឡាយជាច្រើនអោយមកច្បាំង ដណ្តើមយកបល័្លង្គ ពីព្រះអង្គ​ទៀត។ មារជិះលើ ដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ) និមិត្តដៃមួយពាន់ កាន់នូវ គ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបាន​បញ្ចេញកងពលសេនាដ៏ច្រើន តាន់តាប់ មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេង​ស្តាំ កំរាស់១២យោជន៍ខាងលើ៩យោជន៍។

ទេវតាទាំងឡាយ ដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេច នាគកាឡបានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កង ពលមារមួយកងទៀត លើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើត ស្រែក​ប្រាប់ពលរេហ៍ ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើង​កុំចូលមកចំពីមុខ។

មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះ ដែលមានកំលាំងបោកបក់ភ្នំអោយរលំប តែខ្យល់នោះមិនបានធ្វើអោយ កំរើកសូម្បីតែជាយស្បង់ចីវរព្រះអង្គបន្តិចឡើយ។

មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុង​ពីគ្រប់​ទិស  ទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀត បៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយ ទៅជាគ្រឿងសក្ការបូជាព្រះ​អង្គទៅ​វិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែក​គំរាមថា៖ «នែសិទ្ធត្ថ!ចូរអ្នក ដើរចេញពីរតនបល្ល័ង្គ នេះភ្លាមទៅ រតនបល្លង្គនេះ​របស់យើង»។

ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា«ម្នាលមាររតនបល្ល័ង្គនេះកើត

មកមិនមែនសំរាប់រូបអ្នកទេគឺពិតជាកើតមកសំរាប់យើងដែលជាអ្នកបំពេញនូវបារមីទេតើអ្នកមិន មែន ជាអ្នកបំពេញបារមីទេចូរថយចេញភ្លាមទៅ។​នូវការយល់ដឹងរបស់ព្រះអង្គ​ចំពោះ​ភាវៈ​ខាង គំនិត ប្រាជ្ញា ជប្រភពនៃសេចក្តីទុក្ខដូចជាការភ័យខ្លាចខឹងស្អប់ក្រអឺតក្រអាង​ច្រណែនប្រច័ណ្ឌ លោភនិង ល្ងង់ខ្លៅជាដើម។

ក្រុងមាររិតតែខឹងខ្លាំងឡើងហើយក៏គ្រវែងចក្រាវុធដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធ   នោះ ក៏ក្លាយ ជាពិដានការពារព្រះអង្គទៅវិញឯក្រុម ពលមារ ដែលដកភ្នំគ្រវែងមកលើ​ព្រះ​អង្គ ពេលនោះដែ តែភ្នំទាំងនោះ ក្លាយជាកំរងផ្កា បូជាព្រះអង្គទៅវិញ។ ដោយទល់​គំនិតមិនដឹងនឹង រកអ្វីតទល់ យកឈ្នះលើព្រះអង្គបានមារសំលុតព្រះអង្គ​ថាតើព្រះអង្គ​មាន​ភស្តុតាង​គុណធម៌​អ្វីជាអាង។

​​​​​​​​​​​           ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់ តែអាត្មាអញតែម្នាក់​ប៉ុណ្ណោះ ទ្រង់ព្រះចិន្តា ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះ​ជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី?

ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់។  ចុះ សិទ្ធត្ថអែងវិញមានអ្វីជាសាក្សី។

ព្រះសមណគោតម ទ្រង់លើកព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវ ប្រាប់​ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារ ប្រថពីនេះហើយជាសាក្សីរបស់យើង។

មុទ្ររឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយក ព្រះធរណីធ្វើជា សាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយ កក្រើកឡើងទទួល ខ្លួនជា សាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់ នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គ ទ្រង់ ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិ ជាវេស្សន្តពោធិ សត្វគ្រា នោះ ដំរីគ្រីមេខលាដែលជាអតីតជាតិជានាគេននោះ ក៏អោន​ក្បាលលុតជង្គង់ក្រាបថ្វាយ បង្គំ ព្រះអង្គដោយគោរព ឬនាងគង្ហីង​ព្រះ​ធរណី​បានចេញ​មក ហើយយកដៃស្បូតសក់ ហូរចេញ ជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏ មហាមារ​អស់ជាច្រើនមហាមារ ឃើញដូច្នោះហើយក៏ ក្រាបថ្វាយបង្គំព្រះអង្គដោយ​សរសើរថា​«បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យ ដ៏អស្ចារ្យ  មែន យើងខ្ញុំព្រះករុណា សូមនមស្សការដោយគោរព»។

ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅ ថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់ សុំរាជបុត្រ នៅទីនោះ មកដល់​ដើម ពោធិព្រឹក្ស ព្រះនាង ទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធ ត្រេកអរប្រកបដោយ សទ្ធា​ជ្រះថ្លាជា ក្រៃពេក ហើយបានថ្វាយមធុ បាយាសឭដ៏ភាជន៍មាស ដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ ពូតមធុបាយាស ជា ៤៩ ពំនូត ហើយទ្រង់ សោយ ទ្រង់បានយក​ភាជន៍​មាសគ្រវែង​ចូលទៅ ក្នុងគង្គារដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនធ្វើ អោយនាគរាជដែល កំពុង ដេកលក់ភ្ញាក់ឡើងហើយប្រកាសថាឱ!មានព្រះពុទ្ធត្រាស់ដឹង​មួយអង្គទៀត ហើយតើ !៕

ព្រះសមណ គោតម បានត្រាស់ជាព្រះពុទ្ធ នៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។

បឋមទេសនា

        ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំង ឡាយណា ដែលដិតជាប់កាមអោយត្រាស់ដឹង បានឡើយតថាគតនឹងមិនធ្វើការប្រៀន ប្រដៅដល់សត្វលោក ដោយប្រការយ៉ាងនោះ ឡើយ។ គ្រានោះ សហម្បតីព្រហ្ម ជាឥសី លោកា ទ្រង់ចូលគល់ ព្រះសាស្តាឳនសិរសា លើកដៃបង្គំអារាធនា អោយព្រះអង្គ​ទ្រង់ប្រោស ប្រណីដល់សត្វនានា  ព្រះពុទ្ធក៏ទ្រង់អនុគោលយល់ព្រមទទួល​សំដែង​ធម៌ទេសនា អោយសត្វ លោកដោយករុណាតាំងពីពេលនោះមក។

ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសីចូលទៅព្រៃឥសីបទនមិគទាយវ័ជាទី ស្នាក់ អាស្រ័យនៃបញ្ចវគិយ៏ភិក្ខុ ភិក្ខុ ៥ អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពី  ចំងាយ​ក៏ជំនុំ ប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាម រលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែលព្រះ ពុទ្ធទ្រង់យាងមក ដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំ​និមន្តព្រះតថាគតដោយ​ជ្រះថ្លាក្រៃលែង ទៅវិញ។

ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែល ហៅថាបថម ទេសនាប្រោសដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះឯងតាំងពីពេលនោះមក មានមនុស្សជាច្រើន បានចូលទៅបួសរៀន ក្នុងសំណាក់ព្រះអង្គហើយ​បានសំរេចមគ្គ​ផល ទៅតាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់​សំណាក់ ព្រះបាទសុទ្ធោទនបិតា និងព្រះនាងពិម្ពាជាព្រះជយាព្រះនាងពិម្ពា ទ្រង់​បង្គាប់​អោយរាហុល បុត្រ ចូលទៅសុំចែកទ្រព្យសម្បត្តិពីសំណាក់បិតា ព្រះពុទ្ធក៏ទ្រង់បំបួស រាហុល ជាសាមណេរ តាំងពីពេលនោះមក។

ពុទ្ធកិច្ច

            ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖

-នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត

-នៅពេលរសៀលទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន

-នៅពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃទាំងឡាយ

-នៅពេលកណ្តាលអធ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ

-នៅពេលជិតភ្លឺ ទ្រង់ប្រមើលមើលសត្វដែលមាននិស្ស័យ និងឥតនិស្ស័យ។

ដាក់ព្រះជន្ម

          ពេលចេញវស្សាទី៤៥ក្នុងព្រះជន្មាយុ៨០ព្រះវស្សានាថ្ងៃ១៥កើតពេញបូណមី ខែមាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ដោយប្រាប់មារថា ព្រះអង្គនឹង​ចូល​បរិនិព្វានក្នុងរយះ​ពេល ៣ខែទៀត។

​​​​​​           ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺព្រះអានន្ទជាអ្នកបំរើ  ព្រះអង្គផ្ទាល់ កាល បើ​ដឹងថា ព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយយំ សោកស្តាយ អាយុ​សង្ខារ ព្រះអង្គយ៉ាង​ខ្លាំង ​មិនទាន់ចង់អោយព្រះអង្គ ចូល បរិនពា្វនឡើយ។

ការបរិនិពា្វន

                ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាត គ្រប់ទិស ទីហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួន​យ៉ាង​ខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូល​ទៅដល់ ព្រៃ សាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀង ទៅ ខាងស្តាំព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ។

ពេលបច្ឆឹមរាត្រី ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែល កើតមាន ហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំង ប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ»។ ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គ ក៏ទ្រង់រលត់ខន្ធក្នុង ពេលនោះទៅ។

ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគ.ស. ក្នុងព្រះជន្ម ៨០ឆ្នាំ។ 

កត់សំគាល់

ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ ៖

ទ្រង់ប្រសូត  ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។

ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា។

ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។

បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។

ចប់ពុទ្ធប្រវត្តិសង្ខេបតែប៉ុណ្ណេះ

 

 

 

 

 

 

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 18, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. មតិ​មួយ​.

  1. ព្រះគុណម្ចាស់ ចុុះមានឯកសារអ្វីដែលទាក់ទងនិងស្នាព្រះហស្ថរបស់ព្រះដែរ រឺ​ទេ?​​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: