>សុភាសិតទី១១៦


>

កុំទុកចិត្តប្រទេស កុំទុកចិត្តអភិនេស្ក្រម៍ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ
ស្តាប់ពាក្យបរិយាយ បណ្តាំមេជី
អត្ថាធិប្បាយ
            នេះជាពាក្យកំណាព្យស្រង់ចេញពីច្បាប់ឈ្មោះ រាជនេតិ តែងដោយព្រះរាជសម្ភារ ។
            មុននឹងធ្វើអត្ថាធិប្បាយ យើងគួររៀនពាក្យខ្លះដែលជាគន្លឹះសម្រាប់ជួយឲ្យងាយយល់នូវសម្តីទាំងអស់នេះ ដូចតទៅ៖
       បរទេស : មនុស្សដទៃក្រៅពីខ្លួនយើង ក្រៅពីគ្រួសារយើង ក្រៅពីសង្គមយើង ក្រៅពីជាតិយើង
       អភិនេស្ក្រម៍ (អានថា អាក់ភិនេស) : អ្នកបួស បព្វជិត គ្រប់សាសនាទាំងអស់;
       អភិប្រាយ (អានថា អាក់ភិប្រាយ) : សម្តីព្រោកប្រាជ្ញ វោហារ ជួនរណ្តំហូរដូចទឹក
       ប្រើទំ : ខ្លួនជាអ្នកតូចតាច អង្កាច់អង្កោចហើយកាន់ឫកពាធ្វើហាក់ជាអ្នកចេះជាអ្នកចាត់ការ ឬជាអ្នកមុខអ្នកការក្នុងពិធីអ្វីមួយដែលគេមិនបានចាត់តាំងខ្លួនសោះ
       មេជី : ស្ត្រីមានវ័យចាស់ កោរសក់ស្លៀកពាក់លឿងឬពណ៌សហើយកាន់សីល១០ជានិច្ចច្រើននៅជាមួយព្រះសង្ឃក្នុងវត្តដើម្បីប្រព្រឹត្តធម៌ ។ជួនកាលយើងហៅ យាយជី
ច្បាប់រាជនេតិប្រដៅកូនចៅខ្មែរឲ្យចាំជានិច្ចនូវរឿងសំខាន់បួនប្រការដែលជាំរឿងទាក់ទងងអាយុជីវិតរបស់ខ្លួនរបស់គ្រួសារខ្លួនរបស់សង្គមខ្លួនជាតិខ្លួននិងប្រទេសរបស់ខ្លួន ដូចតទៅនេះ៖
កុំទុកចិត្តបរទេស : គួរចាំថាអ្នកណាក៏ដោយដែលចូលមកជួយយើង បើគេមិនបានចំណេញអ្វីពីយើងទេ គេប្រាកដជាំមិនបង្ខាតពេលវេលារបស់គេទេ ។ ព្រះវេស្សន្តរដែលហ៊ានចំណាយទ្រព្យទាំងឃ្លាំង រហូតដល់លះបង់ប្រពន្ធនិងកូនឲ្យទៅតាជូជកព្រាហ្មណ៏ ។ល។ ក៏ព្រោះតែចង់បានចំណេញអ្វីមួយមកវិញដែរគឺ ចង់ធ្វើជាព្រះពុទ្ធ
នៅក្នុងលោកនេះ មានមនុស្សតិចណាស់ដែលមានសន្តានស្មោះត្រង់កាន់សច្ចៈ សុចរិត យុត្តិធម៌ ពិតប្រាកដ ជួយគេដោយគ្មានបំណង ចង់ទាក់ទាញយកផលកម្រៃមកដាក់ហោប៉ៅខ្លួន។ ដោយហោចណាស់ គេចង់បានឈ្មោះល្បីថាជាអ្នកជួយ ជាមនុស្សសប្បុរស ជាអ្នកសាសនា ជាអ្នកបួស ។ល។
ដោយហោចនេះ គួរយល់ថាជំនួ្ ឬ អំណោយខ្លះ គឺជា នុយសម្រាប់ស្ទូចយកអ្វីមួយពីយើង ។ យើងត្រូវតែប្រុងប្រយ័ត្ន កុំទុកចិត្តទាំងស្រុង កាលណា បរទេស ណាម្នាក់ យកអ្វីមួយមកឲ្យយើងធ្វើឫកពាស្រគត់ស្រគំ រម្យទមដាក់យើង។សុំកុំអាលអរ ក្រែងលោ ជាប់សន្ទូចរបស់គេ ! ។
នៅក្នុងវប្បធម៌អាមេរិកាំង ឬជនជាតិអឺរ៉ុបភាគច្រើន គេធ្វើអំណោយទៅវិញទៅមកនៅពេលបុណ្យគ្រិស្ទស្មាស់ (Christmas)។អំណោយដែលធ្វើក្រៅពី ពេលនេះមានដូចជាសម្រាប់បុណ្យថ្ងៃកំណើតនិងអាហ៏ពិពាហ៏។បើស្រាប់តែនៅស្ងៀមហើយយើងយកអ្វីមួយទៅឲ្យគេ នឹងសួរយើងថាហេតុអ្វីបានជាអ្នកឲ្យខ្ញុំ?​។
កុំទុកចិត្តអភិនេស្ក្រម៍ : ខ្មែរភាគច្រើនឲ្យតែឃើញអ្នកណាកោរសក់ ស្លៀកពាកស្បង់ចីពរ ពណ៌លឿ ធ្វើឫកស្រគត់ស្រគំ រុយទំមិនបក់ បើកភ្នែកតូចៗ ដូចព្រះពុទ្ធរូបក្នុងព្រះវិហារ ។ល។ តែងនាំគ្នាគោរព ថ្វាយបង្គំប្រគេនចង្ហាន់ នំចំណីទាំងថាសហើយនាំគ្នាជឿទាំងស្រុងថាជា អ្នកបួស ស្វែងរកមោក្ខធម៌ ពិតប្រាកដដោយមិនចាំបាច់សួររកឫសគល់ប្រវត្តិរូបអ្វីទាំងអស់ ។
មនុស្សជាច្រើនដែលមិនមែនជាអ្នកបួសសោះហើយក្លែងធ្វើជាអ្នកបួសដើម្បីស្វែងរកលុយកាក់ ទ្រព្យសម្បត្តិ ក្នុងនាមជា ព្រះសង្ឃ។ តាមការពិត មនុស្សនោះជាសត្វលាដែលពាក់ស្បែកខ្លា ជាស្វាពាក់ម្កុដសោះ !
នៅសហរដ្ឋ ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នអ្នកបួសនិងវត្តតូចតាចជាច្រើនដែលឋិតនៅពាសពេញឥតមានសង្ឃនាយកណាមួយចាំជួយណែនាំតម្រង់ផ្លូវឲ្យត្រូវតាមគន្លងព្រះពុទ្ធសាសនាសោះឡើយ ។វត្តភាគច្រើនឋិននៅក្នុងភាពឯករាជ្ គ្មានអ្នកណាត្រួតអ្នកណាទេ ។ម៉្លោះហើយ ការប្រព្រឹត្តខុ គ្រប់បែបយ៉ាងក៏លាន់ឮទៅគ្រប់ទិសទី , ដូចជា ៖
       ធ្វើគ្រូទា មើលរាសីឡើចុះ មើលគូព្រេង
       ​ប្រើមន្តស្នេហ៍ដើម្បីដាក់ប្តីឬ ប្រពន្ធដែលរត់ចោលខ្លួនទៅមានថ្មីទៀត
       ស្តោះផ្លុំ រំដោះគ្រោះ តម្លើងរាសី ពួកស្រីៗដោយឱនឈ្ងោកមាត់ ទៅជាប់នឹងក្បាលស្រី
       ដើរស្រោចទឹកប្រោះព្រំ ធ្វើកន្សែងយ័ន្តតាមហាងខ្មែរចិនយួនខ្លះដើម្បីឲ្យរកស៊ីមានបាន ចំណេញឆាប់ ។ល។
មានមនុស្សជាច្រើន ដែលគេស្គាល់ថាជាមនុស្សខ្វះការសិក្សា ចេះអានអក្សរខ្មែរ ថ្នាក់ប្រកបមានកូន មានប្រពន្ធ ប្រមឹក រស់នៅមិនចុះសម្រុងគ្នាជាមួយគ្រួសាររួតទៅបួសបានទទួលការថ្វាយបង្គំ ប្រណម្យ        អញ្ជលីពីយាយាតាឯទៀត បាយស្រាប់ សម្លស្រាប់ ទឹកភ្លើងស្រាប់ អាសនៈស្រាប់ ក៏តាំងជិះសេះ លែងដៃបណ្តោយ គ្មានធ្វើការអ្វីសោះ គិតតែពី ឆាន់ហើយ សឹង ! សឹងហើយឆាន់ ។ ត្រង់ណាទៅដែលហៅថា ផ្សាយព្រះពុទ្ធសាសនា នោះ? នៅត្រង់ សូត្រធម៌ ម៉ា ម៉ា យកលុយផ្ញើលួចលាក់ទៅប្រពន្ធដើម ឬ ស្រីកំណាន់ ដែលរង់ចាំ តែបោកនោះឬ ?​ ។
មានរឿងអាក្រក់ៗ ជាងនេះទៅទៀត ដែលធ្វើឡើងដោយអ្នកបួសក្លែងក្លាយនៅក្នុងសហរដ្ឋជាមនុស្សពាល ជាចោរ ជាមេបោកប្រាស ជាអ្នកលួចកូនប្រពន្ធគេ ក្នុងនាមព្រះសមណគោតម បរមគ្រួរបស់យើង ដែលមិនបានបង្រៀនមេរៀនថោកទាបនេះម្តងណាសោះ ។ ដោយហេតុនេះហើយ បានជាច្បាប់រាជ នេតិ ទូន្មានថា កុំទុកចិត្តអភិនេស្ក្រម៍ ។ លោកចង់បំភ្លឺយើងថា មិនមែនអ្នកបួសទាំងអស់ ប្រាកដជាអ្នកបួសមែនទែន នោះទេ ។ គួរតាមដានឲ្យបានវែងឆ្ងាយ ពិនិត្យឲ្យជាក់ តើប្រវត្តិរូបមនុស្សនោះ បែបណាខ្លះ? រៀនសូត្រថ្នាក់ណា? មកពីស្រុកទេសណា?បួសនៅវត្តណា?បួសពីអង្កាល់? ពិនិត្យមើលចរិកលក្ខណៈ ។ល។
ខ្ញុំនៅចាំបានពាក្យប្រៀបប្រដៅរបស់លោកគ្រូខ្ញុំដែលតែងរំលឹកថា៖ តើដែលហៅថាលោកសង្ឃនោះ នៅត្រង់ណា? នៅត្រង់ស្លៀកពាក់ស្បង់ចីពរ ពណ៌លឿង? ត្រង់កោរសក់? ឬនៅត្រង់អត់បាយល្ងាច? សុំឆ្លើយ !
លោកគ្រូបញ្ជាក់ថា៖ សុំកុំច្រឡំ ស្បង់ចីពរមានលក់នៅហាង អ្នកណាក៏ទិញយកមកប្រើបានដែរ ចំណែកកោរសក់ សាសន៏ចាមកោរស្ទើរទាំងអស់គ្នា តើមានអ្វីអស្ចារ្យ? រីឯរឿងអត់បាយល្ងាចវិញ ពួកឆ្កែវត្ត ក៏អត់បាយល្ងាចដែរ មានអ្វីគួរឲ្យកោត?
នេះជាសម្តីរបស់ព្រះគ្រូធម្មបញ្ញា ស្មោញសំរិទ្ធិ ជាចៅអធិការវត្តសិរីបុទុម (អន្ទង់ស) ស្រុកកងមាស , ខេត្តកំពង់ចាម ដែលបានទទួលអនិច្ចធម្ម សម័យសម្លាប់រង្គាល (សម័យ ប៉ុល ពត) ១៩៧៥១៩៧៩ ។
– ” កុំទុកចិត្តអភិប្រាយ  មនុស្សខ្លះមានវោហារ ព្រោកប្រាជ្ញនិយាយបែកជាអូរហូរជាស្ទឹង ហាក់ដឹងសព្វគ្មានចន្លោះត្រង់ណា ។ អ្នកផងអង្គុយស្តាប់ច្រហមាត់ស្ទើរតែភ្លេចដកដង្ហើម។ ប្រយ័ត្ន! មនុស្សប្រភេទនេះ ភាគច្រើនបានត្រឹមតែនិយាយចោល និយាយឲ្យគេកោតសរសើរ ឯសាច់ការវិញស្មើនឹងសូន្យ ។ ហេតុនេះ គួរប្រយ័ត្នមិនគួរទុកចិត្ត អភិប្រាយខ្លាំងពេកទេ ។
– “ ប្រើចាស់ លែងទំពាក្យនេះ បង្កប់អត្ថន័យ ក្នុងភាពអាថ៌កំបាំង ។ ប្រើចាស់ គឺ កាន់ឫកខ្ពស់ ហួសពីកំពស់របស់ខ្លួន ដូចជា៖ មិនចេះ ហើយធ្វើជាចេះ មិនមែនជានាយក ហើយធ្វើហាក់ជានាយក ត្រួតគេឯង មិនត្រូវអង្គុយជួរមុខសោះ ហើយទៅអង្គុយត្រង់នោះ ដែលជាកន្លែងគេរៀបទុក សម្រាប់ជនពិសេស មានឋានៈខ្ពស់ ។
លែងទំ មានន័យថាអស់យស ចុះថោក អស់តម្លៃ ។
នៅក្នុងប្រពៃណីខ្មែរក៏ដូចប្រពៃណីអន្តរជាតិ ភាគច្រើនដែរនៅក្នុងរឿងអង្គុយ ។​ តាមធម្មតា កាលណាមានពិធីអ្វីមួយ គេតែងរៀបចំកន្លែងសម្រាប់ភ្ញៀវតូច ធំ ។ អ្នកមុខ អ្នកការត្រូវអង្គុយជួរមុខ ឯជួរបន្ទាប់ គឺសម្រាប់មនុស្សដែលមានឋានៈរង (ថ្នាក់បន្ទាប់) ជួរខាងក្រោយសម្រាប់មនុស្សសាមញ្ញ ។
មុននឹងអង្គុយត្រូវសួរខ្លួនឯងថា តើអាត្មាអញជាភ្ញៀវថ្នាក់ណា? រួចហើយត្រូវទៅអង្គុយឲ្យត្រូវទៅតាមឋានៈខ្លួន។​ បើមិនធ្វើដូច្នេះទេ គឺថាខ្លួនជាភ្ញៀវសាមញ្ញសោះ ហើយបែរទៅជាអង្គុយក្នុងជួរអ្នកមុខអ្នកការ  ពេលនោះហើយត្រូវ អស់ទំ ព្រោះត្រូវគេដេញឲ្យចុះចេញពីកន្លែងនោះ ទៅអង្គុយខាងក្រោយ វិញ ។
តាមទំនៀមខ្មែរ ក្នុងរឿងអង្គុយពេលមានពិធីបុណ្យណាមួយបើយើងមិនដឹង អ្វីទាំងអស់គួរអង្គុយជួរកណ្តាលឬជួរក្រោយ ។ រង់ចាំឲ្យគេហៅសិន សឹមរំកិលខ្លួនទៅជួរមុខ ។ នេះគឺជាភាពថ្លៃថ្នូរ ។ផ្ទុយទៅវិញ​ ភាពថោកទាបនៅត្រង់គេបណ្តេញពីខាងមុខ​ ឲ្យត្រឡប់ទៅក្រោយវិញ! ។ នេះជាន័យរបស់ពាក្យថា ប្រើចាស់លែងទំ
ពាក្យប្រដៅទាំងប៉ុន្មាន​ ដែលរៀបរាប់មកនេះ គឺពាក្យបរិយាយ (បណ្តាំ) របស់ដូនជី ចំពោះជនណាដែលចង់បង្កើនការចេះដឹងរបស់ខ្លួន ទៅកាន់ភាពថ្លៃថ្នូរ ផុតពីការបោកប្រាស់នានា ដែលតែងកើតមានជារឿយៗ ។

(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 26, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: