>សុភាសិតទី១០២


>

ឃើញឈើពុកកុំដាក់គូទលើ ឬថាឃើញឈើពុកកុំដាក់គូទអង្គុយលើ
អត្ថាធិប្បាយ
            ” ឈើពុក ” ពោលសំដៅទៅលើមនុស្សទន់ខ្សោយ,ឥតវិជ្ជា,ក្រខ្សត់,តោកយ៉ាក ,ខោមិនខោ អាវ​មិនអាវ , មនុស្សបាតផ្សារ ឬថាជាមនុស្សកាកសង្គម ។
            ជាការធម្មតារបស់មនុស្សលោក ,កាលណាមានភាពខុសគ្នា ផ្នែកទ្រព្យសម្បត្តិវិជ្ជា ពូជពង្ស ឋានៈ បុណ្យស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង  អ្នកមានច្រើនមើលងាយអ្នកក្រ , អ្នកចេះ មើលងាយអ្នកល្ងង់ , អ្នកមានស័ក្កិធំមើលងាយអ្នកស័ក្តិតូច ។ល។
            ការមើលងាយ ឬ ការប្រកាន់ មិននាំមកនូវសេចក្តីសុខទេ , ព្រោះមនុស្ស ដែលត្រូវគេមើលងាយ​នោះ ​កើត​ក្តីក្តៅក្រហាយហើយរកឧបាយកលសងសឹកត្រឡប់មកវិញ​ នៅពេលណាមួយ ដែលគេអាច​ធ្វើកើត ។
            ការប៉ុនប៉ង ឬសេចក្តីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ ទៅលើជនណាម្នាក់ច្រើនបានសម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា “ជង់មិនដែល ភ្លេចកុកទេ , មានតែកុកទេ ដែលភ្លេចជង់!” ។
            បុរាណាចារ្យរបស់ខ្មែរ ប្រដៅថា “សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះ ល្ងង់ ក្រ អប្បឥតវិជ្ជា​ពូជត្រកូលទាប” ឲ្យសោះ ។ មនុស្សម្នាក់ៗដែល ព្រះអាទិទេពបង្កើតឲ្យមានជារូបរាងមកនោះ ទោះបីជារូប​រាង​បែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារខ្លួនដែរ ។ សូម្បីរុក្ខជាតិនិងសត្វតូចធំ ក៏មានអាវុធ សំរាប់​ការពារសន្តិសុខ ,ដូចជា កូលាបមានបន្លា , សង្អារ​ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់ ចេះខាំនិងទិច ។
            នៅក្នុងរឿងព្រេងមួយ ដែលជារឿងប្រៀនប្រដៅមនុស្ស កុំឲ្យមើលងាយ អ្នកតូចតាចជាងខ្លួន , បានលើកយករឿង ” ចាបនិងដំរី ” មកនិទាន ។ ដំរីដើរទៅ ជាន់កូនចាបស្លាប់អស់ ។ ចាបខឹង បានទៅធ្វើ​ការទាក់​ទងជាមួយសត្វឯទៀត ហើយទីបំផុតបានធ្វើឲ្យដំរីនោះស្លាប់ ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។
            ហេតុនេះ គួរយើងចាំថា ” ឃើញឈើពុក កុំដាក់គូទអង្គុយលើ ” ក្រែងលោមានទុក្ខដល់ខ្លួន នៅថ្ងៃណាមួយ ! ។

(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 24, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ