>សុភាសិត ទី ១៣


>

ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី       បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត
ចង់បានសួគ៌ តោងកាន់សុចរិត      ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ
អត្ថាធិប្បាយ
             “ស្ងួន” មានន័យថា “បីបាច់, ថែរក្សា, ថ្នម”។ បើអ្នកស្រឡាញ់ខ្លួន ចង់ឲ្យរូបនៅមានសម្រស់ យូរយារ, អ្នកត្រូវតែប្រយ័ត្ន  “ចំណី”។ ព្រោះហេតុអ្វី? ព្រោះចំណីអាហារនេះហើយ ដែលផ្តល់សុខ-ទុក្ខ ដល់រូបកាយយើង ជាងបុព្វហេតុឯទៀតៗ។ ចំណី អាចធ្វើឲ្យយើងមានកម្លាំង, ឲ្យយើងរស់, ឲ្យយើងរីកចម្រើន, ឲ្យយើងមានពណ៌សម្បុរល្អ, ផ្តល់ប្រាជ្ញាប៉ាធី ។ល។
            ក្នុងពេលជាមួយគ្នានេះ, ចំណីអាចឲ្យយើងឈឺ÷ ចុកពោះ, រាក, មួល, ឈឺក្បាល, ពុល, ប្រកាច់, ឈឺក្រពះ, ខូចសួត, ខូចថ្លើម, ព្រឹលភ្នែក, ឈឺធ្មេញ, ខូចសម្ផស្ស, បាត់បង់រូបឆោម, បាត់បង់ប្រាជ្ញា, កោងកាច, ។ល។
            ដោយហេតុនេះ, បើអ្នកស្រឡាញ់ខ្លួន តោងប្រយ័ត្នចំណី។ មុននឹងបរិភោគនំចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន។ សុំអានសៀវភៅ ដែលណែនាំ យើងឲ្យយល់ពី “អាហារផ្តល់សុខភាព”។
            “បើស្រឡាញ់ស្រី ត្រូវស្ងួនចិត្ត” មិនខុសពីរឿង ស្ងួនចំណីនោះទេ។ ព្រះពុទ្ធសម្តែងថា÷ ខន្តី គឺការអត់ធ្មត់ ជាកម្លាំង -អាចនាំមកនូវជ័យជំនះ។ ខន្តី នាំឲ្យបានសុខ ។ល។
            បើអ្នកស្រឡាញ់ស្រី, តាមសម្លោកនេះ, អ្នកត្រូវតែមានខន្តី មានអំណត់-មិនខឹងនឹងប្រតិកម្មនានា ដែលកើតមានឡើង ដោយសារសកម្មភាពរបស់អ្នក ទៅលើនាងនោះទេ។ ជាធម្មតា, ស្ត្រី តែងមានការអៀនខ្មាស់ ហើយមិនងាយទទួលនូវការសុំស្នើសេចក្តីស្នេហា ដោយងាយៗនោះទេ។ ប្រតិកម្មនានា ដែលជួនកាល ប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរក “ទំនាក់ទំនង” ឃើញទេ។
            ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រី ឲ្យមានភាពទន់ភ្លន់, ទឹកចិត្តអាណិត, ខឹងឆាប់រសាយ ហើយស្រឡាញ់វាចាផ្អែម។ បើអ្នកស្រឡាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតប ដែលអាចធ្វើឲ្យអ្នកខឹង-តូចចិត្ត-អស់សង្ឃឹម។ តែកុំភ្លេចពាក្យបូរាណប្រដៅថា “ត្រូវស្ងួនចិត្ត” ដែលមានន័យថា ត្រូវកាន់ចិត្ត អត់ធ្មត់ កុំច្រឡោតខឹង ព្រោះតែសម្តីទ្រគោះនោះឲ្យសោះ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្តីព្យាយាម ដោយប្រើគ្រប់មធ្យោបាន នោះអ្នកនឹងបាន សម្រេចដូចបំណងនៅគ្រាអវសាន ។
            “ចង់បានសួគ៌ ត្រូវកាន់សុចរិត” បាសេចក្តីថា បើអ្នកចង់បានសេចក្តីសុខ សុភមង្គលដល់ខ្លួន និង គ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា៖ រក្សាសីល ៥ ជាដើម ។
            “ចង់សម្បូណ៌មិត្រ ត្រូវរកទ្រព្យ” ជាពាក្យងាយយល់។ មនុស្សយើង តែងមាននិន្នាការ ចង់រាប់អ្នកមានបណ្តាស័ក្តិ, ចង់ធ្វើមិត្រជាមួយអ្នកមានសម្បត្តិ ស្តុកស្តម្ភ។ ផ្ទុយទៅវិញ កាលណាជនណាម្នាក់ ធ្លាក់ខ្លួនក្ររហេមរហាមហើយ អ្នកផងមុខជាគេចចេញ មិនហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មានប្រយោជន៍អ្វី ដល់គេ ហើយវាអាចឲ្យមានការបង់ខាត ដោយសារការបុលខ្ចី ដែលមិនមានសង្ឃឹម ថាអាចនឹងសងវិញបាន។
            ហេតុនេះ បើអ្នកចង់សម្បូណ៌មិត្រ គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅជា អ្នកមាន”, នោះ មិត្រនឹងហូរចូលឯង -មិនបាច់ខំប្រឹករកទេ !

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: