បណ្ណសារចំណាត់ក្រុម៖ ការអប់រំ

សំឡាញ់បែកសឺ

និពន្ធដោយភិក្ខុយន់ សុធា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤។រក្សាសិទ្ធ។

mo-fish

សូមម្ចាស់ទឹកដី            ជួយជាសក្សី                យើងពីរអង្គា

ជាមិត្ដសំឡាញ់                        មិនក្បត់ចិត្ដគ្នា              ទោះរងវេទនា

ជួយគ្នាផុតគ្រោះ។

 

ជាពាក្យសច្ចារបស់ស្វានិងត្រីក្នុងខណៈពេលដែលពួកគេទាំងពីរជួបគ្នានិងបានចងជាមិត្ដភាព។គេទាំងពីរបានបណ្ដុះនូវគុណធម៌ សេចក្ដីស្រលាញ់ និងមិត្ដភាពនឹងគ្នា។ស្វាតែងតែរកចំណីណាល្អ ឲ្យត្រីស៊ី ចំណែកឯត្រីក៏ដូចគ្នាដែរ។ពីមួយថ្ងៃទីមួយថ្ងៃ មិត្ដភាពរបស់គេទាំងពីររិតតែប្រសើរឡើង ៗ ជាហេតុធ្វើឲ្យគេទាំងពីរមិនអាចខ្វះគ្នាបានឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ។

 

សំឡាញ់ ! !  ឯងនៅឯណា ?
ជាសំរែករបស់គេទាំងពីរស្រែករកគ្នា ក្នុងគ្រាទឹកទន្លេឡើងធំ ថែមទាំងមានខ្យល់ព្យុះផងដែរ។ គេទាំងពីរត្រូវខ្យល់បំបែកឲ្យឃ្លាតឆ្ងាយពីគ្នា តែពួកគេមិនដែលភ្លេចនូវពាក្យសំដីដែលបានសច្ចាទុក។

ស្វា

ជួយផង ! ! !

ស្វាស្រែករកជំនួយក្នុងស្ថានភាពអស់កំលាំង និងក្ដីសង្ឃឹម ព្រមទាំងបណ្ដែតខ្លួនលើផ្ទៃទឹក ដែលគ្មានកោះត្រើយជាទីពឹង។ត្រីលឺសំរែកស្វែងរកជំនួយគិតថាពិតជាមិត្ដសំឡាញ់របស់ខ្លួន ទើបរួសរាន់ ម្នីម្នាដោយហែលមករកកន្លែងសំរែក ប្រទះឃើញស្វាកំពុងបណ្ដែតខ្លួន គេត្រេកអរណាស់បានជួបមិត្ដរយឆ្នាំ គេបានយកច្រមុះទូលទ្រូងស្វាឲ្យផុតពីទឹក ហែលដោលនាំមករហូតមកដល់ព្រៃមានដើមឈើធំល្មមជាទីពឹងបាន។

 

អាយុជីវិតរបស់ស្វាត្រូវបានសង្គ្រោះផុតពីមរណភ័យ គេសែនត្រេតអរណាស់ ដើម្បីតបស្នងគុណ មិត្ដសំឡាញ់ គេអញ្ចើញត្រីឡើងដើមឈើជាមួយគេ ចំណែកឯត្រីវិញ ក៏សប្បាយចិត្ដនូវពេលបាន សង្គ្រោះមិត្ដ ព្រមឡើងដោយសុខតែចិត្ដ។

 

សំឡាញ់ឯងសំរាកទីនេះបន្ដិចសិនចុះ !

 

ស្វាគិតថា មិត្ដរបស់គេប្រហែលជាអស់កំលាំងណាស់ហើយមើលទៅ ទើបឲ្យមិត្ដសម្រាកលើទ្រនំ របស់ខ្លួន ដោយខ្លួនចេញទៅស្វែងរកចំណី។ក្នុងខណៈពេល ដើរបេះផ្លែឈើជាចំណីនោះ គេត្រេតអរផង សប្បាយចិត្ដផង ញញឹមផង ក្នុងចិត្ដមានតែមិត្ដសំលាញ់ គេគិតថាចំណីដែលគេរកបាន អាចជួយឲ្យមិត្ដរបស់គេមានកំលាំងឡើងវិញ។

ពុទ្ធោ ! មិត្ដសំឡាញ់របស់គេ បាត់បង់ជីវិតទៅហើយ នៅពេលដែលគេបានត្រលប់មកកាន់ទ្រនំវិញ។ គេសោកស្ដាយណាស់ គេផ្ដល់នូវសំរែកដ៏ទុក្ខក្រៀមក្រំ ទ្រហឹងអឺងកងពេញព្រៃព្រឹក្សា។

 

 

*** តើរឿងខ្លឺនេះចង់និយាយអំពីអ្វី?

សូមជួយបកស្រាយ  ដាក់ចំណងជើងអត្ថបទ  និងកែសម្រួល

 

 

 

 

ព្រះរស

ដោយភិក្ខុយន់ សុធា/Sothea Yon/ พระสุเธีย สุวณฺณเถโร

Kahour and Hearng

 

ហួរនិងប្អូនទាំងបីនាក់

នៅពេលដែលប្រជាជនទូទាំងប្រទេសកំពុងសប្បាយរីករាយក្នុងការជួបជុំគ្រួសារនិងបានប្រារឰពិធីស្រង់ទឹកព្រះ នាឆ្នាំថ្មីនេះ ហួរនិងហ៊ាង អង្គុយអោបជើងផ្អែកនឹងសរសេរ ខណៈពេលហុងនិង ម៉ាប់អង្គុយផ្អែកទ្វារនាមាត់ជណ្ដើរក្នុងខ្ទមកំសត់មួយ ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។

“នឹកចិកនិងម៉ែ ,ឆ្នាំថ្មីហើយ ម៉េចគាត់មិនមោក៍ !”ហុងអាយុ ៥ ឆ្នាំអង្គុយអោបប្អូនឈ្មោះម៉ាប់ បន្លឺសំលេងឡើង។

 

រំពិចនោះ ហួរជាបងស្រីអាយុ ១៦​ ឆ្នាំ ក្រោកឡើងដើរមកពរប្អូនប្រុសពៅនិងដឹកដៃហុងចូលក្នុង ដោយទឹកភ្នែក ភាពស្រូតស្រងាត់ និងមិនមាត់ស្ដី។ការពិត ហួរដឹងថាឪពុក និងម្ដាយរបស់គេមិនអាចនឹងត្រលប់មកវិញ ព្រោះក្រោយពីចែកផ្លូវគ្នាហើយ ម្ដាយរបស់គេមានគ្រួសារថ្មី ចំណែកឪពុករបស់គេដើរទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ហើយក៏បាត់ដំណឹងសូន្យឈឹង។

 

ហ៊ាងអាយុ១៤ ឆ្នាំក្រោកឡើងដើរទៅយកខោអាវថ្មីដែលទិញកាលពីពីរឆ្នាំមុន ពាក់ឲ្យហុង ក្នុងខណៈពេលទឹកភ្នែករបស់គេធ្លាក់មករលីងរលង ៗ និយាយលួងលោមប្អូនទាំងសំលេងអួលដើមកថា “ ម៉ែមកថ្ងៃនេះម៉ែនឹងទិញនំឆ្ងាញ់ ៗ សំលៀកបំពាក់ថ្មី ៗ ឲ្យអាអូន ណ៎ះ !“។

OLYMPUS DIGITAL CAMERA

ពួកគេទាំងពីរនាក់ដឹកដៃប្អូន ៗ ទៅឈរមើលផ្ទះអ្នកជិតខាងដែលកំពុងប្រារឰពិធីស្រង់ទឹកព្រះរស ដោយក្ដីសប្បាយរីករាយ មួយអន្លើដោយសំលេងដន្ដ្រីបន្លឺឡើង ស្ដាប់ទៅគួរឲ្យកន្ដ្រាក់ដៃជើង(រាំ)។ ហួរឃើញទិដ្ឋភាពបែបនោះក៏ខ្សិបខ្សួលក្នុងចិត្ដដោយទឹកភ្នែកស្រក់មិនឈប់ គេគិតថា ចូលឆ្នាំថ្មីនេះ ពួកគេគួរតែបានជួបជុំឪពុកម្ដាយ ញាតិមិត្ដ និងបានសំលៀកបំពាក់ថ្មី ៗ ដើរលេងចូលឆ្នាំនឹងគេ។ ហួរនាំប្អូន ៗ ត្រលប់មកខ្ទមវិញ។ អង្គុយបត់ជើង អុជធូបមួយសសៃមុខធាតុជីតារបស់គេដែលទើបតែអនិច្ចកម្មទៅ រួចហើយនាំគ្នាអង្គុយបត់ជើង ក្រាបសំពះជីដូនដែលកំពុងដេកឈឺ ដោយមិនដឹងថាអព្ភូតហេតុ(ជា)កើតឡើងចំពោះគាត់ពេលណា។ពួកគេយកកន្សែងផ្នួតទឹកជួតខ្លួនជីដូនរបស់គេ និងចាត់ចែងបាយ ម្ហូបដែលសុំពីផ្ទះជិតខាងដល់ជីដូន នៅសល់ប៉ុន្មានពួកគេនាំគ្នាហូប។នេះ ជាម្ហូបអាហារឆ្ងាញ់បំផុត ដែលគេទទួលបាន នាពេលចូលឆ្នាំថ្មីនេះ។

bunthin5

ឆ្នាំថ្មីនេះ ហួរនិងប្អូន ៗ របស់គេមិនបានទៅលេងវត្ដ មិនមានសំលៀកបំពាក់ថ្មី ៗ មិនមានហ្ហូបឆ្ងាញ់ ៗ ហូប មិនបានជួបជុំឪពុកម្ដាយ  មិនបានធ្វើបុណ្យបង្សុកូល មិនបានស្រង់ទឹកព្រះបានត្រឹមតែជួតខ្លួនជីដួនដោយកន្សែងដែលឪពុករបស់គេបានបន្សល់ទុក។

ស្នេហ៍កម្មឆ្នាំថ្មី  

ដោយភិក្ខុយន់ សុធា /Sothea Yon/ พระสุเธีย สุวณฺณเถโร

car

រតនានិងរំដួលបានចងសម្ព័ន្ធមេត្រីស្នេហ៍កាលពីរៀននៅថ្នាក់វិទ្យាល័យ។ពួកគេទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រក្នុងសកលវិទ្យាល័យមួយក្នុងក្រុងសៀមរាប។ពួកគេសន្យានឹងគ្នាថានឹងរៀបអាពាហ៍ពិពាហ៍ក្រោយពីចូលឆ្នាំថ្មីហើយ (៣០ មេសា)។

 

ថ្ងៃនេះ រតនាបានជួនរំដួលមកកំសាន្ដអង្គរសង្រ្កាន្ដ ដោយធ្វើដំណើរចេញពីស្រុកបាគង សំដៅឆ្ពោះមកក្រុងអង្គរ។រវាងធ្វើដំណើរ រតនាបានសន្យាថា៖

“បងនឹងថែរក្សារំដួលដោយចិត្ដភក្ដី សូមទឹកដីមេត្ដាជាសក្សី ទោះមានឧបសគ្គអ្វី បងស៊ូក្ស័យដើម្បីរំដួល សូមអរគុណព្រះជាម្ចាស់ដែលបានប្រទានរំដួលមួយទងនេះ”។

 

ក្រោយពីបានលឺសំដីសច្ចាដូច្នេះ រំដួលតបថា “សូមឲ្យសច្ចវាចានេះក្លាយជាការពិត” ក្នុងពេលដែលចិត្ដរបស់រំដួលរសាប់រសល់ ច្របូកច្របល់លាយឡំនឹងក្ដីសប្បាយរីករាយ ញញឹមផង អរផង រហូតទឹកភ្នែកស្រក់មិនដឹងខ្លួន។

 

មកដល់ផ្លូវបែកមុខប្រាសាទបាគង រតនាបានយកប្រអប់ពណ៌ក្រហមអាថ៌កំបាំង ពីហោប៉ៅអាវបង្ហាញរំដួលព្រមទាំងផ្ដល់នូវស្នាមញញឹមឲ្យរំដួលដោយងាក់ក្រោយ ស្រាប់តែ

“បងប្រយ័ត្ន ! “ សំលេងរបស់រំដួល ។

 

ពុទ្ធោអើយ ! រតនាខ្ទាត់ទៅម្ខាង រំដួលទៅម្ខាង។ ឡានពីរប្រជែងគ្នាបុកអ្នកទាំងពីរយ៉ាងមួយទំហឹង។រតនាត្រូវបានដល់ខ្យល់មួយរំពេចនោះ ចំណែកឯរំដួលត្រូវផុតដង្ហើមនៅពេល ឡានសង្គ្រោះបន្ទាន់ដឹកមកដល់មន្ទីរពេទ្យបង្អែកសៀមរាប។

mary1

ក្នុងហោប៉ៅរបស់រតនាគេប្រទះឃើញនូវប្រអប់ពណ៌ក្រហមអាថ៌កំបាំងនិងលិខិតមួយច្បាប់ ការពិត ជាជញ្ជៀនមាស ចំណែកឯលិខិតនោះ មានចំណារចារថា “សូមឲ្យព្រះអង្គធំ ក្នុងអង្គរជាសាក្សី ខ្ញុំស្មោះរំដួលលុះក្ស័យ គ្មានថ្ងៃប្រែចិត្ដ”។ក្នុងកាបូបដៃរបស់រំដួលគេប្រទះឃើញប្រអប់ពណ៌មាសមួយរចនាដោយផ្ការំដួលពីលើ និងលិខិតមួយច្បាប់ ក្នុងប្រអប់នោះ ជានាឡិកាពណ៌មាស ម៉ាករ៉ាដូ(RADO)ចំណារជាអក្សរថា”រំដួលសៀមរាប“ ចំណែកលិខិតមួយច្បាប់មានសេចក្ដីថា “ សេចក្ដីស្រលាញ់របស់រំដួល ប្រៀបដូចទ្រនិចនាឡិកា រាល់វិនាទី អូនស្រលាញ់បង“។​

 

ការពិត ពួកគេទាំងពីរមានបំណងនឹងប្រគល់នូវប្រអប់អាថ៌កំបាំងនូវមុខព្រះធំក្នុងប្រាសាទអង្គរវត្ដ ព្រោះទីកន្លែងនោះ ជាកន្លែងដំបូងដែលគេទាំងពីរបានជួបគ្នា តែកម្មលិខិត បានកំណត់ឲ្យគេទាំងពីរលាចាកលោកទាំងអាយុនៅវ័យក្មេងដោយគ្រោះថ្នាក់ចរាចរណ៍។​

 

*** ការធ្វើដំណើរដោយការបើកបរត្រូវចាំបាច់ក្នុងការគោរពច្បាប់ចរាចរណ៍ មានស្មារតី(សតិ)រឹងមាំ និងវៀសចាកនូវសេចក្ដីធ្វេសប្រហែស(ប្រមាទ)ព្រមទាំងគ្រឿងស្រវឹង។

 

ក្នុងពេលបើកបរ បើអ្នកខ្វះស្មារតី ធ្វេសប្រហែស និងសេពនូវគ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៍នឹងកើតមានជាពុំខាន។ ខ្ញុំមានបំណងល្អចំពោះអ្នក។ ខ្ញុំត្រូវបាត់បងប្អូនជាទីស្រលាញ់ដល់ទៅបីនាក់ព្រោះតែគ្រោះថ្នាក់ចរាចរណ៍។

 

 

 

 

បរិចាគថ្លើមដើម្បីអ្នកម្ដាយ

ដោយភិក្ខុយន់សុធា/Sothea Yon/พระสุเธีย สุวณฺณเถโร

7

កុមារាឈើន សៀវថៀន អាយុ ៧ ខួបកើតជំងឺមហារីកខួរក្បាល ។ម្ដាយរបស់ឈើនឈ្មោះចូវលូ អាយុ៣៤ឆ្នាំកើតរោគថ្លើម(ត្រូវដូរថ្លើមថ្មីទើបអាចរស់បាន)។ អ្នកទាំងពីរបានផ្ដល់កំលាំងចិត្ដឲ្យគ្នាទៅវិញទៅមកក្នុងរយះពេលស្នាក់នៅមន្ទីរពេទ្យ។
ឈើន តាមការវិនិច្ឆ័យរបស់ពេទ្យឃើញថាមិនអាចនឹងរស់នៅបានយូរទោះស្ថិតនៅក្រោមការថែរក្សារបស់ពេទ្យ ២៤ ម៉ោងក៏ដោយ ចំណែកឯម្ដាយរបស់គេក៏ស្ថិតនៅក្រោមការមើលខុសត្រូវរបស់ពេទ្យយ៉ាងជិតដិតជាទីបំផុតដែរ។
លូ យួនសៀវដែលត្រូវជាម្ដាយរបស់ចូវលូបានប្រាប់កូនស្រីថា ឈើនមិនអាចនឹងរស់នៅបានយូរទេ តែម្ដាយ(ចូវលូ) អាចរស់នៅបានយូរបើសិនបានផ្ដាស់ប្ដូរថ្លើមថ្មី។នាងបដិសេធចំពោះសំណើរនេះ នាងថាសុខចិត្ដខ្លួនស្លាប់ដើម្បីកូនហើយនាងបានស្នើរពេទ្យឲ្យវះកាត់ខួរក្បាលរបស់នាងដើម្បីកូន តែពេទ្យមិនអាចធ្វើបានព្រោះអាចនឹងគ្រោះថ្នាក់ដល់ជីវិតពីរ។
ឈើនបានលឺដូច្នេះ ក៏សូមសេចក្ដីមេត្ដាពីម្ដាយឲ្យវះកាត់យកថ្លើម របស់ខ្លួនដើម្បីព្យាបាលម្ដាយ ព្រោះឈើនគិតថាជាវិនាទីចុងក្រោយ ដែលគេអាចតបស្នងសងគុណម្ដាយរបស់គេ។

ភត្រាទាំងទ្វេររបស់នាងលូពេញទៅដោយទឹកនេត្រា ទោះជាបដិសេធយ៉ាងណា ក៏មិនអាចឈ្មះ សេចក្ដីមេត្ដាដែលកូនរបស់ខ្លួនសុំនោះទេ នាងសម្រេចចិត្ដទាំងទឹកនេត្រាហូរគ្មានឈប់ ហើយនាងមានសតិសារជាថ្មីថា កូនរបស់នាង នឹងឃ្លាតទៅសែនឆ្ងាយក្នុងប៉ុន្មានវីនាទីខាងមុខនេះ រាង្គកាយ អវយវៈនឹងស្ដូកស្ដឹង គ្មានធ្វើចលនាហើយរកប្រយោជន៍គ្មាន បើសិនជាបើវះកាត់ ចិត្ដវិញ្ញាណ និងអវយវៈមួយចំនួននឹងនៅជាមួយខ្លួននាងជារៀងរហូត គឺកូនរបស់នាងនៅតែជាកូនរបស់នាងដដែល។

ថ្ងៃទី២ មេសា ឆ្នាំ ២០១៤ ពេទ្យបានធ្វើការវះកាត់ថ្លើមរបស់ឈើន មកផ្ដល់ឲ្យម្ដាយរបស់គេស្របពេលដែលដង្ហើមវិនាទីចុងរក្រោយរបស់ឈើនរលត់ទៅយ៉ាងស្ងប់ជាទីបំផុត ចំណែកឯម្ដាយរបស់ឈើនក៏មានជីវិតរួសរានសារជាថ្មី ឯថ្លើមម្ខាងទៀតពេទ្យយកទៅជួយសង្គ្រោះអ្នកជំងឺបានពីរនាក់ទៀត ដូច្នេះ ឈើនបានជួយសង្គ្រោះមនុស្ស៣នាក់ឲ្យមានជីវិតរួសរានរហូតមកដល់ថ្ងៃនេះ។

តើអ្នកក្នុងនាមជាកូនបានធ្វើអំពើល្អដល់ឪពុកម្ដាយរបស់ខ្លួនហើយឬនៅ បើនៅ ត្រូវប្រញាប់ឡើង ជីវិតនេះខ្លីណាស់ មិនទៀង តែទៀងតែនឹងស្លាប់ប៉ុណ្ណោះ។

ធុតង្គភិក្ខុនិងការដឹងគុណ

ដោយភិក្ខុយន់សុធា/Sothea Yon/พระสุเธีย สุวณฺณเถโร

ธุดงค์
ក្រោយពីបានបួសមិនបានប៉ុន្មានថ្ងៃភិក្ខុមួយអង្គក៏សម្រេចចិត្ដកាន់យកនូវធុតង្គធម៌។ត្រាច់ចរពីទៅកន្លែងមួយទៅកន្លែងមួយឆ្ពោះទៅកាន់ទិសឦសាន្ដនៃប្រទេសថៃអស់រយះពេលជិត ២០ ឆ្នាំ។ថ្ងៃមួយ ញោមប្រុសញោមស្រីដែលត្រូវជាឪពុកម្ដាយបង្កើតមានបញ្ហាសុខភាពជាទំងន់។ញតិសន្ដានព្យាយាមស្វែងរកគ្រប់ទិសទីតែមិនឃើញទើបសម្រេចចិត្ដបំបួសក្មួយប្រុសដោយក្នុងគោលបំណងដើម្បីស្វែងរកឪពុកមារបស់ខ្លួនព្រោះមានជំនឿថាមានតែលោកធុតង្គដូចគ្នាទើបអាចរកគ្នាឃើញ។

 

ក្រោយពីបួសបីវស្សា ភិក្ខុជាក្មួយក៏នៅតែរកមិនឃើញទើបសម្រេចចិត្ដត្រលប់មកកាន់ស្រុកកំណើតតែមុននឹងត្រលប់មកវិញបានផ្សព្វផ្សាយពត៌មានទៅកាន់គ្រប់ទិសទីនៃមណ្ឌលធុតង្គធម៌។
ច្រើនឆ្នាំក្រោយមក ភិក្ខុធុតង្គធម៌មួយអង្គមានស្បង់ចីវរដាច់រយីរយាក់ជ្រីញជ្រួញ មានសភាពស្គមស្កាំងលេចចេញពីព្រៃជាមួយនឹងបាត្រឆ្ពោះទៅកាន់ភូមិមួយដើម្បីបិណ្ឌបាត្រដោយកិរិយាសង្រួមបំផុត។គាប់ជួនបានជួបនឹងភិក្ខុចំណាស់មួយអង្គបានផ្ដល់ពត៌មានទាក់ទងនឹងញោមបង្កើត។

 

ក្រោយពីឆាន់ហើយ ភិក្ខុមួយអង្គនេះបានរៀបចំនូវបរិក្ខាន(ឧបករណ៍ប្រើប្រាស់របស់អ្នកបួស)ដោយដំណើរឆ្ពោះទៅកាន់ស្រុកកំណើតរបស់ខ្លួន ។ការធ្វើដំណើរថ្មើរជើងត្រូវប្រើពេលវេលាជិតមួយខែទើបដល់ ដោយភិក្ខុរូបនេះបានអដិដ្ឋានសូមឲ្យសេចក្ដីសុខចម្រើនកើតមានដល់អ្នកមានគុណទាំងពីរ។

 

ភិក្ខុរូបនេះមានសេចក្ដីតក់ស្លុតនិងសង្វេគជាទីពន់ពេកពេលដែលបានឃើញនូវសភាពពិតនៃអ្នកមានគុណទាំងពីររបស់ខ្លួន ដែលដេកស្កូកស្ដឹងស្គមស្កាំងនៅសល់តែស្បែកហើយនឹងឆ្អឹងគ្មានបុគ្គលឯណាជួយថែរក្សា។មិនបង្អន់យូរភិក្ខុរូបនេះបានបោកគក់សំលៀកបំពាក់បោសច្រាសសំអាតកន្លែងស្នាក់អាស្រ័យដែលជាខ្ទមស្បូវកំសត់របស់ញោមទាំងពីរមួយអន្លើដោយការគត់ច្របាច់ ជួតសំអាត រកថ្នាំសង្កូវព្យាបាលចំណែកពេលព្រឹកត្រូវចរទៅបិណ្ឌបាត្រដើម្បីយកម្ហូបអាហារ(ចង្ហាន់)មកជួនញោមទាំងពីរបរិភោគ គាប់ជួនមានថ្ងៃខ្លះខ្លួនឯងត្រូវដាច់ចង្ហាន់ក៏មាន។មានពេលតិចតួចណាស់សម្រាប់ការបដិបត្ដិធម៌ ព្រោះត្រូវថែរក្សាលោកទាំងពីរដោយយកចិត្ដទុកដាក់បំផុត។
អ្នកស្រុកមានសេចក្ដីចំលែកចិត្ដនៅពេលឃើញភិក្ខុរូបនេះបិណ្ឌបាត្រហើយត្រាច់ចរទៅកាន់ខ្ទមស្បូវតូចមួយហើយមិនចេញក្រៅទើបប្ដឹងទៅកាន់អជ្ញាធរមូលដ្ឋានឲ្យតាមដាននិងសង្កេតការណ៍។ក្រោយពីតាមដានមួយរយះទើបដឹងថាបុគ្គលដែលនៅក្នុងខ្ទមនោះជាមាតាបិតារបស់ភិក្ខុរូបនោះអ្នកស្រុកទើបជួយខ្នះខ្នែងថ្នាំសង្កូវ និងតំលៃព្យាបាល តែឥតប្រយោជន៍ព្រោះជំងឺនេះមិនអាចនឹងថែរក្សាឲ្យជាបាន ដូចដើម។
ភិក្ខុរូបនេះតាំងចិត្ដជាទ្វេរដើម្បីថែរក្សាលោកមានគុណទាំងពីរដោយដៃរបស់ខ្លួនដោយផ្ដល់នូវគតិធម៌ថាគ្មានគុណធម៌ឯណាដែលក្រៃលែងជាងការបំរើមាតាបិតារបស់ខ្លួនឡើយ។

ឆ្នាំថ្មីកម្មខ្ញុំ

ដោយភិក្ខុយន់សុធា/Sothea Yon/พระสุเธีย สุวณฺณเถโร

violence
ខ្ទមស្បូវកំសត់មួយខ្នងដាច់ស្រយាល់ពីផ្ទះផងគ្នានៃភូមិមួយនៅមិនឆ្ងាយពីប្រាសាទអង្គរវត្ដប៉ុន្មានមានក្មេងចំនួន៤ នាក់ និងជីដូនម្នាក់អាយុជាង ៧០ឆ្នាំកំពុងស្វិតស្វាញដៃជើងក្នុងកិច្ចការដំណាំរបស់ខ្លួន។
កូនប្រុសច្បងអាយុ ១៥ ឆ្នាំនាមប្រាកដថាវាសនាជាអ្នកទទួលភារកិច្ចធ្ងន់ស្រាលគ្រប់យ៉ាងក្រោយពីឪពុកម្ដាយចែកឋានទៅ។ដើម្បីជីដូននិងប្អូន ៗ ជាទីស្រលាញ់បានសុខសាន្ដវាសនាមិនរើសអើងនឹងការងារអ្វីទាំងអស់ ដោយគេសំគាល់ថាការងារឲ្យលុយ ៗ ឲ្យនូវបាយនិងអាយុជីវិតរបស់ជីដូននិងប្អូន ៗ របស់គេ។
មុនចូលឆ្នាំថ្មីប្រហែលជាពីរថ្ងៃ មានបុរសមា្នក់នាមមិនប្រាដកបានប្រាប់ឲ្យវាសនាទៅយកកញ្ចប់ឥវ៉ាន់អាថកំបាំងនៅមាត់ផ្លូវជិតឡានមួយ។កំពុងតែដើរឆ្ពោះទៅកាន់កញ្ចប់ឥវ៉ាន់នោះ វាសនាគិតក្នុងចិត្ដចំពោះថ្លៃឈ្លួលថា៖
“ល្ងាចនេះ លោកយាយ និងអាអូន ៗ នឹងបានបាយហូបឆ្ងាញ់ជាមិនខាន”។
នៅពេលដែលវាសនាលីកញ្ចប់ឆ្ងាយពីឡានប្រហែលជា១០០ម៉ែត្រ មានសំលេងបន្លឺឡើងថា៖
ចោរ ! ចាប់ចោរ ! ជួយផង !។
វាសនាមិនចំណាប់អារម្មណ៍សំលេងទាំងនោះទោះបីឃើញ និងលឺក៏ដោយគេគិតថាប្រហែលជាពុំមែនគេ គ្រាន់តែគេងាក់ក្រោយបន្ដិចស្រាប់តែកណ្ដាប់ដៃជើងពាល់ត្រូវខ្លួនប្រាណរបស់គេយ៉ាងដំណំ។គេមានអារម្មណ៍ហាក់ដូចជាឈឺដោយសំលេងស្រែកថា អូយ !!! ម្ដេចមកវាយខ្ញុំ?
“អាចោរ ! ក្មេងសោះ ហ៊ានលួចគេផង”ម្ចាស់កញ្ចប់និងអ្នកជិតខាងបន្លឺសំលេងឡើង មួយអន្លើដោយការវាយដំ ជេរស្ដីបន្ទោស។
វាសនាទើបដឹងខ្លួនថា គេគឺជាចោរពុំមែនអ្នកដទៃឡើយខុសចិត្ដចំពោះបុរសម្នាក់ដែលកុហក់គេ។ស្ថិតក្នុងស្ថានការណ៍បែបនោះទោះបីខំព្យាយាមពន្យល់អ្នកទាំងនោះក៏ឥតប្រយោជន៍ទើបគេទ្រាំទទួលយកនូវកម្មលិខិតនោះទាំងក្ដីឈឺចាប់។មិនត្រឹមតែប៉ុណ្ណោះខ្លួនគេត្រូវចាប់ឡើងបុស្ដិ។
ក្រោយពីអាជ្ញាធរកត់ត្រានូវហេតុការណ៍សំនុំបែបបទ ហើយ វាសនាសុំត្រលប់ទៅកាន់ខ្ទមរបស់គេ តែត្រូវហាមឃាត់ដោយប៉ូលីសព្រោះអាការៈរបស់គេពេលនេះធ្ងន់ធ្ងរណាស់ ជាំពេញខ្លួន មាត់ត្រូវហើមថ្ងាសត្រូវបែកហូរឈាមនិងភ្នែកជាំ។គេត្រូវសំរាកក្នុងប៉ុស្ដិមួយយប់ដើម្បីបឋមព្យាបាល។
ក្នុងខណៈពេលសម្រាក់នោះ គេនឹកដល់បណ្ដាំលោកឪពុកអ្នកម្ដាយថា៖ “បើអត់ពីពុកនិងម៉ែ កូនត្រូវមើលថែលោកយាយនិងប្អូន ៗ ឲ្យបានល្អផង”។រំពេចនោះគេនឹកដល់លោកយាយនិងប្អូន ៗ របស់គេ “ លោកយាយបានអីពិសារហើយនៅ ចុះ អាអូន ៗ ”។ការពិត គេដឹងស្រាប់ហើយថា ក្នុងខ្ទមគ្មានអ្វីទេ។គេរកព្រឹកដើម្បីល្ងាច។ដូច្នេះជីដូននិងប្អូនរបស់គេត្រូវដេកអ់តបាយមួយយប់។

គេគិតថាលុយដែលគេរកបានថ្ងៃមុនដោយកំលាំងញើសឈាម នឹងជួនលោកយាយកាត់សំលៀកបំពាក់ថ្មីឲ្យប្អូន ៗ ទៅលេងវត្ដក្នុងឆ្នាំថ្មីនេះនិងបង្សុកុលឲ្យពុកម៉ែ តែពេលនេះ លុយទាំងនោះត្រូវអស់ពីហោប៉ៅព្រោះត្រូវគេចោទថា លុយទាំងនេះកើតឡើងពីការលួចឆ្មក់ បោកប្រាសគេ។

ព្រឹកឡើង វាសនាដើរសំដៅទៅកាន់ខ្ទមកំសត់ដោយអាការៈយ៉ាងទារុណទុរាបំផុត។លោកយាយរបស់គេអង្គុយមាត់ជណ្ដើរពេញមួយយប់ដើម្បីរង់ចាំគេដោយទឹកមុខស្លេកស្លាំងព្រោះអត់ងងុយនិងអត់បាយផង ចំណែកឯប្អូន ៗ របស់គេទាររករបស់ស៊ី។
វាសនាបានត្រឹមតែបង្ហូរទឹកភ្នែក លាក់នូវភាពឈឺចាប់និងរឿងរាងដែលកកើតឡើងក្នុងខ្លួនមិនឲ្យជីដូននិងប្អូនដឹង។

ទឹកចិត្ដប្អូនប្រុស

By ភិក្ខុយន់ សុធា/Sothea Yon / พระสุเธีย สุวณฺณเถโร

OLYMPUS DIGITAL CAMERA

ធី(ធឿន វុឌ្ឍី) ជាយុវភិក្ខុមួយអង្គមានដើមកំណើតនៅខេត្ដសៀមរាបត្រូវបានទទួលស្គាល់ថាជាបញ្ញាវ័ន្ដ មានសីលធម៌ ការលះបង់និងទទួលខុសត្រូវខ្ពស់។យុវភិក្ខុអង្គនេះបានលះបង់កំលាំងកាយ និងកំលាំងចិត្ដដើម្បីបង្អោនខ្លួនបំរើការងារសង្គមដោយទឹកចិត្ដបរិសុទ្ធនិងស្មោះត្រង់។

 

ថ្ងៃនេះធីមានទឹកមុខស្រងូតស្រងាត់ ក្រៀមក្រោះ ស្នាមញញឹមផ្ទុកដោយក្ដីទុក្ខកង្វល់។ “សង្ឃឹមតិចតួចណាស់” សំលេងរអួល និងញ័របានបន្លឺឡើង។

 

យើងពិតជាមិនដឹងន័យចំពោះថេរដីការបស់ធីនោះទេ ព្រោះអារម្មណ៍របស់ពួកយើងផ្ដោតទៅលើអង្គរសង្ក្រាន្ដ។ការពិតធីផ្ដល់សញ្ញាឲ្យយើងដឹងថា បងប្រុសកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកក្នុងស្ថានភាពដែលពិបាកនឹងនឹកស្មានដល់។

 

ថ្ងៃទី១៤ មេសា ធីបានរួមសកម្មជាមួយនឹងយើងដូចសព្វមួយដង តែមិនបញ្ចេញនូវភាពរួសរាយ សូម្បីបន្ដិច បន្ទាប់មកធីក៏សុំត្រលប់ទៅកាន់ទីលំនៅដើមវិញ ចំណែកឯពួកយើងបន្ដសកម្មភាពទៀត។យើងនឹកស្មានក្នុងចិត្ដថាធីនឹងសម្រាក់នៅឯកុដិ តាមពិតធីទៅមន្ទីរពេទ្យ។

 

នៅមន្ទីរពេទ្យ ពួកយើងចូលទៅសួរសុខទុក្ខញាតិរបស់យើងនៅវេលាប្រហែលជាម៉ោង ១១ យប់។ នៅតាមបង្អូច យើងសង្កេតឃើញយុវភិក្ខុមួយអង្គកំពុងមមាញឹកក្នុងការថែរក្សាអ្នកជំងឺ ដែលនៅជាប់នឹងបន្ទប់ញាតិរបស់យើង។យើងចូលទៅ ពុទ្ធោ ! យុវភិក្ខុនោះជាវុឌ្ឍី ដែលជាមិត្ដរួមការងាររបស់យើង។ស្ថិតក្នុងស្ថានភាពនោះ យើងមិនបានសួរដេញដោលអ្វីទេ ក្រៅពីចិត្ដតក់ស្លុក រន្ធត់ មួយអន្លើដោយក្ដីសង្វេគចិត្ដបំផុត។

អារម្មណ៍របស់ខ្ញុំពោរពេញទៅដោយភាពច្របូកច្របល់ លាយឡំដោយទឹកភ្នែកស្រក់មិនដឹងខ្លួនពេលឃើញ​ធីធ្វើសំអាតបរិវេណប្រដាប់ដង្ហើម(ច្រមុះ) ទឺកមូទ ទឹកមាត់ លាមក ផ្ដូរសំលៀកបំពាក់ ច្របាច់ដៃជើង ដាក់ស៊ីរូម និងបញ្ចូលអាហារតាមបំពង់ខ្សែចូលច្រមុះរបស់បងប្រុស។គ្រាន់តែដប់ថ្ងៃសោះ បងប្រុសត្រូវស្រកទំងន់អស់ជាងពាក់កណ្ដាល។ពេលនេះ ទើបយើងយល់ពាក្យធីថា“សង្ឃឹមតិចតួចណាស់”។

OLYMPUS DIGITAL CAMERA

កិច្ចការគ្រប់សព្វរបស់អ្នកជំងឺស្ថិតលើការទទួលខុសត្រូវរបស់ធីទាំងស្រុង ពេលល្ងាចរហូតដល់ភ្លឺ ធីអង្គុយ(គង់)យាមនិងថែរក្សាបងប្រុសដោយយកចិត្ដទុកដាក់ មិនធ្វេសប្រហែសសូម្បីបន្ដិច ពេលព្រឹកធីត្រូវចូលទៅធ្វើការនៅសមាគមជីវិតនិងក្ដីសង្ឃឹម និងម៉ោង ៥ ល្ងាចជាពិធីករប្រចាំវិទ្យុ១០០.៥ ក្នុងកម្មវិធីព្រះពុទ្ធសាសនានិងសង្គម។

បងប្អូនរបស់ធីមានពេលតិចតួចណាស់ដើម្បីមកថែរក្សាអ្នកជំងឺ ពីព្រោះឪពុកម្ដាយ(ញោមប្រុសញោមស្រី)របស់ធីក៏មានបញ្ហាសុខភាពជាធម្ងន់ដូចគ្នានៅឯផ្ទះដែរ។នាពេលចូលឆ្នាំថ្មីនេះ ធីត្រូវបែងចែកពេលវេលារបស់ខ្លួនគឺពេលល្ងាចរហូតដល់ភ្លឺត្រូវអង្គុយថែរក្សាបងប្រុសនៅមន្ទីរបង្អែកសៀមរាប ចំណែកពេលព្រឹករហូតដល់ល្ងាចត្រូវធ្វើដំណើរទៅថែរក្សាញោមទាំងពីរនៅឯស្រុកកំណើត(ស្រុកជីក្រែង)។

 

ខ្លួនខ្ញុំផ្ទាល់ បានកោតសរសើរនូវទឹកចិត្ដប្រកបដោយការដឹងគុណខ្ពស់និងការលះបង់របស់ធី ចំពោះការបំពេញតួនាទីជាកូនល្អរបស់លោកអ្នកមានគុណទាំងពីរ ជាប្អូនល្អរបស់បងប្រុស ជាយុវសង្ឃគំរូក្នុងកិច្ចសាសនានិងសង្គម។

 

យើងជាក្រុមការងារនិងមិត្ដភក្រមិនបានជួយអ្វីច្រើនក្រៅពីផ្ដល់កំលាំងចិត្ដ លើកទឹកចិត្ដ និងសួមគុណបុណ្យព្រះរតនត្រ័យជួយថែរក្សាញោមទាំងពីរនិងបងប្រុសឲ្យបានជាសះស្បើយ ព្រមសន្យាថាជាមិត្ដជិតដិតបំផុតរបស់ធីគ្រប់ពេលវេលា។

 

ព្រះមេគណខេត្ដសៀមរាបចូលរួមរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស

By យន់ សុធា /Sothea Yon / พระสุเธีย สุวณฺณเถโร

OLYMPUS DIGITAL CAMERA

ព្រះសុមង្គលសីលាចារ្យ ឥន្ទកេសរោ ពេជ្រ សន ព្រះមេគណខេត្ដសៀមរាប កាលពីថ្ងៃទី១៦ បាននិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្ដេចអគ្គមហាសង្ឃរាជាធិបតីទេព្យ វង្សគម្រប់ ៨២ ព្រះវស្សា នៅវត្ដឧណ្ណាលោម រាជធានីភ្នំពេញ។

ក្នុងឱកាសមហានខក្ខត្ដឫក្សដ៏បវរនេះ ព្រះមេគណខេត្ដសៀមរាប បានថ្វាយបង្គំ និងថ្វាយ​​នូវចតុបច្ច័យសម្ដេចអគ្គមហាសង្ឃរាជាធិបតីព្រមទាំងសំណេះសំណាល គ្នាច្រើនអន្លើក្នុងន័យកល្យាណមិត្ដដ៏កត់ក្ដៅ ជិតស្និត និងការដឹងគុណ ទទឹមនឹងនោះ ព្រះមេគណ ខេត្ដសៀមរាប បានថ្វាយសុមង្គលពរជ័យដល់សម្ដេចអគ្គមហាសង្ឃរាជាធិបតី ដោយ រៀបរាប់បរមីទាំងឡាយក្នុងខេត្ដសៀមរាបបានអភិបាលថែរក្សាសម្ដេចមានព្រះជន្មាយុយឺនយូរដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានិងកម្ពុជរដ្ឋ។សម្ដេចអគ្គមហាសង្ឃរាជាធិបតីទ្រង់សព្វព្រះហឫទ័យចំពោះការថ្វាយព្រះពរបែបបុរាណនេះណាស់ជាពិសេសគឺបរមីព្រះអង្គ ៨០ ហត្ថបាពួន។

សូមជម្រាបផងដែរថាសម្ដេចអគ្គមហាសង្ឃរាជាធិបតីទេព វង្ស ទ្រង់មានព្រះរាជកំណើតក្នុងទឹកដីសៀមរាប ដូច្នេះទ្រង់មានព្រះហឫទ័យរីករាយ ព្រះភក្ដ្រញញឹម ស្រស់ស្រាយពេលដែលឃើញនិងសន្ទនាជាមួយព្រះមេគណខេត្ដសៀមរាប។

 

ពត៌មានដោយភិក្ខុយន់ សុធា Sothea Yon

 

សង្ឃស័ព្ទៈពាក្យថា អាត្មា

By យន់ សុធា /Sothea Yon/พระสุเธีย สุวณฺณเถโร /


អាត្មា (ន) ស្មើនឹង អត្ដា (មកពីពាក្យថាអត្ដ) មានន័យថាខ្លួន ប្រើសម្រាប់ព្រះសង្ឃគឺស្មើនឹងពាក្យថា«ខ្ញុំ» ដោយភាសាខ្មែរចូលចិត្ដប្រើភ្ជាប់នាមនឹងសព្វនាម គឺ«ខ្លួនខ្ញុំ»។ មនុស្សទូទៅប្រើក្នុងនាមអត្ដទត្ថបុគ្គលគឺយករួចតែខ្លួន ដូចពាក្យថា «យកអត្មាមិនរួចផង ទៅជួយអ្នកម្ដេចកើត» ជួនកាលឧទានស័ព្ទ «អាត្មាអញអើយ ម្ដេចក៏កម្មម្លេះ !»។


អត្ដន័យ
១.«អត្មា» សំដៅលើការមានខ្លួនជាទីពឹង ដូចពាក្យថា«អត្ដាហិ អត្ដនោ នាថោ»។ ពឹងលើសមត្ថភាពខ្លួនឯង ចំណេះចេះដឹង នឹងទង្វើគ្រប់ប្រភេទដើម្បីនឹងបានផលគាប់ប្រសើរ។
២. «អត្មា» ដោយមកពីពាក្យថា«អត្ដា» ខ្មែរចូលចិត្ដប្រើពាក្យថា«អញ» ដែលអាចមានន័យក្នុងពួកកិលេសមួយក្រុម គឺពួកមានៈ ស្មើនឹងភាសា បរទេសថា Ego ។ ព្រះសំដែងថាការប្រកាន់«អត្ដាថាខ្លួន»នេះ មានតែនាំមកនូវទុក្ខ ការបោះចោល ឬទម្លាក់ចោលនូវអត្ដា នាំមកនូវសុខ។

ដូច្នេះ តាមការសង្កេត ព្រះសង្ឃថ្នាក់ជាន់ខ្ពស់ និងអស់លោកអ្នកធំមួយចំនួន មិនចូលចិត្ដស្ដាប់ការចូលរួមមតិរបស់ផងគ្នាព្រោះត្រូវមានៈមកបិតបាំង«អញ»។ ព្រោះតែ«អញ» ទើបជាតិ សាសនាត្រូវប្រឈម មុខនឹងគ្រោះថ្នាក់ គឺសេចក្ដីទុក្ខ។ ដើម្បីដោះស្រាយបញ្ហា យើងចាំបាច់រំលត់នូវពាក្យថា«អត្មា ,អញ» ដោយការ បណ្ដុះមេត្ដាធម៌នឹងគ្នា មិនយូរនឹងឆាប់ ប្រទេសយើងនឹងបានសុខសាន្ដ ដូចក្នុងន័យទី១ គឺមានខ្លួនជាទីពឹង។ ពឹងលើការចូលរួមទាំងអស់គ្នាក្នុងការបញ្ចេញនូវសមត្ថភាព ចំណេះចេះដឹងដោយគុណភាព និងគុណធម៌។

 

 

ការប្រើអំពើហិង្សាក្នុងសង្គមខ្មែរៈគ្រោងការអប់រំ

ដោយភិក្ខុយន់ សុធា

ការប្រើអំពើហិង្សា

សូមចុចទីនេះ ដើម្បីប្ដូរជាភាសាអង់គ្លេស

ការប្រើអំពើហិង្សាក្នុងប្រទេសកម្ពុជាមានលក្ខណៈផ្សេងពីគ្នាដោយច្រើនអន្លើ ការប្រើអំពើហិង្សាទាំងនោះ ទោះស្ថិតក្នុងរូបភាពណា ក៏សុទ្ធតែនាំមកនូវវិបត្ដិផ្នែកគ្រួសារនិងសង្គម ផលនៃការប៉ះទង្គិចច្រើននិងតិចប៉ុណ្ណោះ។

vio

ដើម្បីចូលរួមដោះស្រាយបញ្ហានៃការប្រើអំពើហិង្សា ខ្ញុំបានប្រើពុទ្ធវិធី ដោយណែនាំឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីផលប៉ះទង្គិច នៃការប្រើអំពើហិង្សា និងវិធីដោះស្រាយប្រកបដោយសុក្រិតភាពបំផុត។ពុទ្ធវិធីនោះគឺណែនាំឲ្យប្រជាពលរដ្ឋបានយល់ដឹង និង បដិបត្ដិតាមសីលប្រាំ។ ការរក្សាសីលប្រាំនោះ គឺនាំមកនូវសន្ដិភាព សេចក្ដីសុខក្នុងគ្រួសារនិងសង្គម។ ការប្រើវិធីនេះ បាននាំ នូវឧបករណ៍ទាន់សម័យ ដូចជាស្លៃដ៍ (Projector)​មកជាជំនួយ ដោយជ្រើសរើសខ្សែភាពយន្ដ និងរូបភាពមួយចំនួនដែលស៊ី ជំរៅក្នុងការប្រើអំពើហិង្សានិងវិធីការដោះស្រាយ។ការចុះបេសកម្មនេះ មានទាំងពេលថ្ងៃនិងពេលល្ងាច ដោយពេលថ្ងៃចុះអប់រំ ដល់សិស្សតាមបណ្ដាសាលាផ្សេង ៗ ចំណែកពេលល្ងាចចុះអប់រំប្រជាពលរដ្ឋតាមភូមិនីមួយ ៗ។

family

ការចូលរួមក្នុងកិច្ចការនេះ ខ្ញុំបានចំណាយពេល ៤ ខែ ដោយកំណត់ទិសដៅគឺឃុំឫស្សីលក និងឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។ ក្នុងការបិតវគ្គ​ ខ្ញុំបានសរសេររឿងល្ខោននិយាយឈុតខ្លឺ រឿង «គ្រួសារខ្ញុំៈ ករណីការប្រើអំពើហិង្សាក្នុងគ្រួសារ» ។ រាល់ឈុត ឆាកនីមួយ ៗ សុទ្ធតែបង្ហាញឲ្យឃើញនូវការប្រើអំពើហិង្សាក្នុងគ្រួសារ ការប្រើគ្រឿងញៀន និងការឆក់ប្លន់ ជាដើម ក្រៅពីនេះ បានបង្ហាញឲ្យឃើញនូវវិធីដោះស្រាយ ប្រកបដោយសន្ដិវិធី និងបញ្ញាបំផុត។​ រឿងនេះ បានសំដែង​ជួនទស្សនីកជនមើលក្នុងថ្ងៃបុណ្យអុំទុក អកអំបុក សំពះព្រះខែ ត្រូវនឹងថ្ងៃទី ១៦​ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយ សិស្សសាលាពីអនុវិទ្យាល័យឫស្សីលក និងវិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន សម្ព័នភាព ឃុំសង្វើយ ស្រុកជីក្រែង ខេត្ដសៀមរាប។ ការសំដែងនេះ បានបង្ហាញឲ្យឃើញផងដែរទាំងសេចក្ដីសប្បាយនិងសារសំខាន់របស់វា មានមនុស្សរាប់រយនាក់ចូលមកទស្សនា និងលើកទឹកចិត្ដ។

តាមការវាយតំលៃ ឃើញថា ប្រជាជនទាំងពីរឃុំ បានយល់ដឹងច្រើនអំពីការប្រើអំពើហិង្សាក្នុងគ្រួសារនិងផលប៉ះទង្គិចរបស់វា ព្រម ទាំងបានដំណើរជីវិតតាមគោលការណ៍ប្រាំយ៉ាង ឬហៅថាសីលប្រាំ។ គុណភាពជីវិតក្នុងគ្រួសារ និងសង្គមរិតតែប្រសើរជាទ្វេរ។

គម្រោងការអប់រំផ្នែកការប្រើអំពើហិង្សាក្នុងគ្រួសារនឹងមានបន្ដជាហូរហែរពីភូមិមួយទៅភូមិមួយ គ្មានទីបញ្ចប់ ដើម្បីឲ្យសង្គមបានរិតតែយល់ដឹងអំពីផលប៉ះទង្គិចនៃការប្រើអំពើហិង្សា និងវិធីដោះស្រាយ ប្រកប ដោយសន្ដិវិធីនិងមានប្រយោជន៍ជាទីបំផុត។

ខ្ញុំថាអស់លោកនឹងគាំទ្ររាល់គម្រោងការដែលខ្ញុំបានធ្វើដើម្បីសង្គមនិងសាសនា។ រាល់គម្រោងសុទ្ធតែត្រូវចំណាយថវិកាមួយចំនួនធំ។

បើអស់លោកមានបំណងគាំទ្រ និងឧបត្ថម្ភសូមមេត្ដាទាក់ទងតាមរយះ

ភិក្ខុយន់ សុធា

Tel: +8558867866061

Email: svakhumtocam@gmail.com

Facebook. https://www.facebook.com/sothea.yon

Sites: http://mcuubu.wordpress.com/

http://svakhum.wordpress.com/

តាមដាន

Get every new post delivered to your Inbox.

Join 4,754 other followers